Fresh Exclusive: តើរដ្ឋាភិបាលអនុទិន កំពុងបង្កើតអ្វីដល់ប្រវត្តិសាស្ត្រថៃ? (Video inside)

11-08-2026 17:38

(ភ្នំពេញ)៖ សកម្មភាពរបស់រដ្ឋាភិបាលក្រុងបាងកក ពាក់ព័ន្ធនឹងជម្លោះព្រំដែនជាមួយកម្ពុជា កំពុងបង្កើតសំណួរជាបន្តបន្ទាប់ មិនត្រឹមតែពីសហគមន៍អន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែសូម្បីតែពីអ្នកជំនាញ បញ្ញវន្ត និងអ្នកសារព័ត៌មានថៃខ្លួនឯង។ តើអ្វីដែលរដ្ឋាភិបាលអនុទិនអះអាងថា ជាការការពារអធិបតេយ្យភាពនៅថ្ងៃនេះ នឹងត្រូវប្រវត្តិសាស្ត្រថៃ កត់ត្រាយ៉ាងដូចម្តេចនៅថ្ងៃអនាគត?

Fresh Exclusive មានអត្ថបទអត្ថាធិប្បាយស៊ីជម្រៅមួយ ក្រោមចំណងជើងថា៖ «តើរដ្ឋាភិបាលអនុទិន កំពុងបង្កើតអ្វីដល់ប្រវត្តិសាស្ត្រថៃ?»

នៅលើសកលលោកនេះ រដ្ឋាភិបាលមួយអាចជ្រើសរើសរបៀបដឹកនាំប្រទេសរបស់ខ្លួនបាន ប៉ុន្តែមិនអាចជ្រើសរើសដោយខ្លួនឯងដោយបង្ខំប្រវត្តិសាស្ត្រ ត្រូវតែសរសេរ លុបចោលកំហុសរបស់ខ្លួន ដើម្បីឱ្យប្រែក្លាយជាទង្វើដ៏ត្រឹមត្រូវនោះបានឡើយ។

ថ្ងៃនេះ រដ្ឋាភិបាលលោក អនុទិន ឆានវីរៈគុល អាចអះអាងប្រាប់ប្រជាជនខ្លួនឯងថា ការដាក់លួសបន្លា របាំងកុងតេណ័រ ការបិទព្រំដែន ឬការដាក់កម្លាំងយោធាលើភូមិរបស់អ្នកស្រុកខ្មែរតាមតំបន់ជាយដែនភាគខាងលិច ថាជាការការពារអធិបតេយ្យភាពរបស់ថៃ ឬថាជាវិធានការដើម្បីសន្តិសុខជាតិ។

ប៉ុន្តែនៅពេលសកម្មភាពទាំងនោះ រងការថ្កោលទោស និងរិះគន់យ៉ាងខ្លាំងក្លាពីសហគមន៍អន្តរជាតិ និងសូម្បីតែពីអ្នកជំនាញ បញ្ញវន្ត និងអ្នកសារព័ត៌មានថៃខ្លួនឯង រដ្ឋាភិបាលអនុទិនបែរជាឆ្លើយតបថា ការរិះគន់ទាំងនោះ មិនបានឆ្លុះបញ្ចាំងការពិតគ្រប់ជ្រុងជ្រោយនោះទេ។
ទោះជាយ៉ាងណា មានសំណួរមួយដែលរដ្ឋាភិបាលណាក៏មិនអាចគេចផុតបាន៖ គឺនៅពេលកន្លងផុតទៅ១០ឆ្នាំ ២០ឆ្នាំ ឬ៥០ឆ្នាំទៀត តើប្រវត្តិសាស្ត្រថៃ នឹងកត់ត្រាសម័យរដ្ឋាភិបាលអនុទិនថា ជាសម័យ ដែលបានការពារអធិបតេយ្យភាពដោយច្បាប់ និងការទូត ឬជាសម័យនៃការបំរើអារម្មណ៍ជាតិនិយមជ្រុល និងការប្រើអំណាចបំពានច្បាប់ ដោយបានរុញឱ្យប្រទេសថៃ មកប្រឈមមុខនឹងវិបត្តិមនុស្សធម៌ សំណួរផ្លូវច្បាប់ និងការធ្លាក់ចុះនៃកត្តាសីលធម៌របស់ខ្លួននៅលើឆាកអន្តរជាតិ?

*បញ្ហាបង្កើតដោយអនុទិន មានទំហំធំជាងជម្លោះដី
នេះជាសំណួរដែលកាន់តែពិបាកមិនឆ្លើយ ព្រោះការរិះគន់លើគោលនយោបាយព្រំដែនរបស់រដ្ឋាភិបាលអនុទិន មិនមែនចេញតែពីកម្ពុជាទៀតទេ។

សំឡេងពីអង្គការសហប្រជាជាតិ ស្ថាប័នអន្តរជាតិ និងសូម្បីតែអ្នកជំនាញ បញ្ញវន្ត និងអ្នកសារព័ត៌មានថៃខ្លួនឯង កំពុងបង្កើតសំណួរមួយដូចគ្នា៖ តើក្នុងការព្យាយាមបង្ហាញភាពរឹងមាំលើបញ្ហាអធិបតេយ្យភាព រដ្ឋាភិបាលថៃ កំពុងបង្កើតតម្លៃអ្វី ដែលប្រទេសថៃនឹងត្រូវខាតបង់នៅថ្ងៃអនាគត?

ប្រវត្តិសាស្ត្រ មិនកត់ត្រាត្រឹមថា នរណាកាន់កាប់ដីបានប៉ុន្មានម៉ែត្រ ឬទាហានណាឈរនៅទីតាំងណាទេ។ ប្រវត្តិសាស្ត្រ ក៏កត់ត្រាផងដែរថា តើអំណាចនោះត្រូវបានប្រើដោយរបៀបណា, តើប្រជាពលរដ្ឋស៊ីវិល បានរងផលប៉ះពាល់យ៉ាងដូចម្តេច, តើច្បាប់ត្រូវបានគោរពឬអត់ និងតើប្រទេសមួយ បានរក្សាភាពគួរឱ្យជឿជាក់របស់ខ្លួននៅចំពោះមុខពិភពលោក បានយ៉ាងដូចម្តេច។

*ហេតុអ្វីអនុទិនបដិសេធការរិះគន់ ខណៈសាក្សីអន្តរជាតិកំពុងចោទសួរ?
បញ្ហាព្រំដែនកម្ពុជា–ថៃ មិនមែនមានតែរឿងបង្គោលព្រំដែន ផែនទី ឬកម្លាំងយោធាប៉ុណ្ណោះទេ។ នៅពីក្រោយខ្សែព្រំដែននោះ មានមនុស្ស និងជីវិតមនុស្សដែលកំពុងរងផលប៉ះពាល់។

មានគ្រួសារដែលបានចាកចេញពីផ្ទះដោយសារសង្គ្រាម។ មានផ្ទះសម្បែង និងទ្រព្យសម្បត្តិដែលរងការខូចខាត។ មានសហគមន៍ ដែលត្រូវបានបំបែក។ ហើយមានប្រជាពលរដ្ឋកម្ពុជារាប់ម៉ឺននាក់ ដែលនៅមិនទាន់អាចវិលត្រឡប់ទៅរស់នៅកន្លែងដែលពួកគេធ្លាប់ហៅថា «ផ្ទះ»។

បញ្ហានេះកាន់តែទទួលបានការចាប់អារម្មណ៍ នៅពេលលោក Thomas Andrews អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ បានលើកយកផលប៉ះពាល់លើប្រជាពលរដ្ឋចេញពីការជជែកត្រឹមតែអំពីជម្លោះព្រំដែន មកដាក់ក្នុងក្របខណ្ឌសិទ្ធិមនុស្ស និងមនុស្សធម៌។

ប៉ុន្តែការឆ្លើយតបរបស់ថៃ បែរជាព្យាយាមទាញការពិភាក្សាត្រឡប់ទៅរកបញ្ហាអធិបតេយ្យភាព ដោយអះអាងថា ប្រជាពលរដ្ឋកម្ពុជាមួយចំនួន បានរស់នៅក្នុងតំបន់ដែលថៃចាត់ទុកថាជាដែនដីរបស់ខ្លួន ចាប់តាំងពីសម័យជំរំជនភៀសខ្លួននៅចុងទសវត្សរ៍ឆ្នាំ១៩៧០។

ត្រង់នេះហើយ ដែលអ្នកសារព័ត៌មាន និងអ្នកស្រាវជ្រាវថៃ លោក ស៊ូផាឡាក់ កាន់ចាណាក់ ឃុនឌី Suphalak Ganjanakhundee បានចង្អុលបង្ហាញភាពខុសគ្នាដ៏សំខាន់មួយ៖ បញ្ហា «អធិបតេយ្យភាព» និងបញ្ហា «មនុស្សធម៌» មិនមែនជាសំណួរតែមួយឡើយ។

រដ្ឋមួយមានសិទ្ធិការពារការទាមទារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន។ ប៉ុន្តែការទាមទារនោះ មិនអាចធ្វើឱ្យសំណួរអំពីជីវិត សុវត្ថិភាព និងសិទ្ធិរបស់មនុស្ស ដែលរងផលប៉ះពាល់ដោយសង្គ្រាម បាត់ចេញពីការពិភាក្សាបានឡើយ។

នេះជាចំណុចដែលរដ្ឋាភិបាលអនុទិន ត្រូវប្រឈមនឹងសំណួរដ៏ពិបាកមួយ៖ បើថៃអះអាងថា ខ្លួនកំពុងការពារអធិបតេយ្យភាព តើហេតុអ្វីការការពារអធិបតេយ្យភាពនោះ ត្រូវធ្វើឱ្យសំណួរអំពីមនុស្សដែលមិនអាចវិលត្រឡប់ទៅផ្ទះរបស់ខ្លួន ក្លាយជាបញ្ហាដែលត្រូវបដិសេធ ឬបង្វែរចេញ? អធិបតេយ្យភាពអាចជាបញ្ហារវាងរដ្ឋនិងរដ្ឋ។ ប៉ុន្តែមនុស្សធម៌ គឺជាបញ្ហារបស់មនុស្ស។

*នៅពេលការឆ្លើយដោះសាររបស់អនុទិន ជាសំណួររបស់ពលរដ្ឋថៃខ្លួនឯង
អ្វីដែលគួរឱ្យរដ្ឋាភិបាលអនុទិន ត្រូវពិចារណាខ្លាំងបំផុត ប្រហែលមិនមែនជាការរិះគន់ពីកម្ពុជានោះទេ។ អ្វីដែលគួរឱ្យពិចារណាជាងនេះ គឺការរិះគន់ និងការចោទសួរពីជនជាតិថៃខ្លួនឯង។

អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខថៃ លោក Surachart Bamrungsuk ថ្មីៗនេះ បានរិះគន់យ៉ាងខ្លាំងចំពោះការគ្រប់គ្រងបញ្ហាព្រំដែនរបស់រដ្ឋាភិបាលថៃ រហូតប្រើពាក្យ «ស្វាដោះសំណាញ់» ដើម្បីពណ៌នាអំពីស្ថានភាព ដែលការព្យាយាមដោះស្រាយបញ្ហា អាចបែរជាធ្វើឱ្យបញ្ហាកាន់តែស្មុគស្មាញ។

សាស្ត្រាចារ្យ Akaraphong Khamkhun ក៏បានលើកសំណួរអំពីការយល់ដឹងលើប្រវត្តិសាស្ត្រ និងជម្លោះព្រំដែននៅក្នុងសង្គមថៃ ដោយព្រមានពីគ្រោះថ្នាក់នៃការមើលបញ្ហាស្មុគស្មាញនេះ តាមរយៈទស្សនៈជាតិនិយមតែមួយជ្រុង។

ហើយថ្មីៗចុងក្រោយនេះ លោក ស៊ូផាឡាក់ កាន់ចាណាក់ឃុនឌី (Suphalak Ganjanakhundee) អ្នកសារព័ត៌មាន និងអ្នកស្រាវជ្រាវថៃ បានចោទសួរដោយផ្ទាល់អំពីភាពមិនស៊ីសង្វាក់គ្នានៃការពន្យល់របស់ក្រសួងការបរទេសថៃ ជាពិសេសការយកបញ្ហាអធិបតេយ្យភាព មកឆ្លើយតបនឹងសំណួរមនុស្សធម៌ និងការប្រើព័ត៌មានដែលលោកយល់ថាមិនមានមូលដ្ឋានគាំទ្រគ្រប់គ្រាន់។

នៅពេលការរិះគន់មកពីគូវិវាទ រដ្ឋាភិបាល អាចចាត់ទុកវាថាជាការឃោសនា ឬជាការការពារផលប្រយោជន៍របស់ភាគីម្ខាងទៀត។ ប៉ុន្តែនៅពេលអ្នកជំនាញ បញ្ញវន្ត អ្នកសារព័ត៌មាន និងពលរដ្ឋរបស់ប្រទេសខ្លួនឯង ចាប់ផ្តើមសួរសំណួរលើបញ្ហាដូចគ្នា ការបដិសេធដោយគ្រាន់តែដាក់ស្លាកថា «ការឃោសនា» ឬ «សំឡេងរបស់សត្រូវ» លែងជាចម្លើយដែលមានទម្ងន់គ្រប់គ្រាន់ទៀតហើយ។

ផ្ទុយទៅវិញ សំឡេងរិះគន់ពីខាងក្នុងសង្គមថៃទាំងនេះ កំពុងបង្កើតសំណួរមួយ ដែលធំជាងជម្លោះជាមួយកម្ពុជាទៅទៀតថា៖ តើរដ្ឋាភិបាលអនុទិនកំពុងការពារប្រវត្តិសាស្ត្ររបស់ថៃ ឬកំពុងបង្កើតទំព័រមួយ ដែលពលរដ្ឋថៃខ្លួនឯង នឹងត្រូវត្រឡប់មកចោទសួរនៅថ្ងៃអនាគតម្តង ទៀត?

*អំណាចយោធាអាចគ្រប់គ្រងទីតាំង ប៉ុន្តែមិនអាចសរសេរច្បាប់ដោយខ្លួនឯងបានឡើយ
មានភាពខុសគ្នាដ៏សំខាន់មួយរវាង «ការកាន់កាប់ទីតាំងជាក់ស្តែង» និង «សិទ្ធិអធិបតេយ្យភាពដែលមានមូលដ្ឋានផ្លូវច្បាប់»។ កម្លាំងយោធាអាចដាក់លួសបន្លា អាចដាក់របាំងកុងតេណ័រ អាចបិទផ្លូវ អាចគ្រប់គ្រងការចេញចូល និងអាចឈរជើងនៅលើទីតាំងណាមួយបាន។ ប៉ុន្តែអំណាចយោធា មិនអាចធ្វើឱ្យតំបន់ដែលនៅមានជម្លោះព្រំដែន ក្លាយទៅជាដែនដីស្របច្បាប់របស់ភាគីណាមួយដោយស្វ័យប្រវត្តិបានឡើយ។

នេះហើយជាមូលហេតុដែលការអះអាងថា ប្រជាពលរដ្ឋកម្ពុជាជា «អ្នកឈ្លានពាន» លើដីដែលស្ថានភាពព្រំដែន នៅតែជាប្រធានបទត្រូវដោះស្រាយ ត្រូវការមូលដ្ឋានច្បាប់ អង្គហេតុ និងឯកសារដែលអាចទប់ទល់នឹងការត្រួតពិនិត្យបាន។ ការប្រកាសឯកតោភាគីរបស់រដ្ឋមួយ មិនអាចជំនួសដំណើរការកំណត់ព្រំដែន និងយន្តការដោះស្រាយវិវាទបានទេ។

ហើយប្រវត្តិសាស្ត្រក៏មិនសួរត្រឹមថា «តើទាហានរបស់អ្នកណាដែលឈរនៅទីនោះក្នុងឆ្នាំ២០២៦?» នោះដែរ។ ប្រវត្តិសាស្ត្រនឹងសួរបន្តថា៖ តើការឈរនៅទីនោះមានមូលដ្ឋានអ្វី? ផែនទីណាត្រូវបានយកមកប្រើ? សន្ធិសញ្ញាណា បានកំណត់ព្រំដែន?

តើមានកិច្ចព្រមព្រៀងអ្វីខ្លះរវាងភាគីទាំងពីរ? តើយន្តការព្រំដែនដែលភាគីទាំងពីរបានទទួលស្គាល់កំណត់យ៉ាងដូចម្តេច? ហើយសំខាន់បំផុត តើច្បាប់អន្តរជាតិផ្តល់ទម្ងន់ដល់អំណះអំណាងរបស់ភាគីណា? ត្រង់នេះហើយ ដែលអំណាចយោធាត្រូវជួបជាមួយអំណាចរបស់ឯកសារ សន្ធិសញ្ញា និងច្បាប់។

កម្លាំងយោធាអាចបង្កើតការគ្រប់គ្រងជាក់ស្តែងនៅលើដីបានក្នុងរយៈពេលមួយ ប៉ុន្តែការគ្រប់គ្រងជាក់ស្តែង មិនមែនមានន័យដោយស្វ័យប្រវត្តិថា បានបង្កើតសិទ្ធិអធិបតេយ្យភាពស្របច្បាប់នោះទេ។

*អនុទិន កំពុងប្រយុទ្ធក្នុងសមរភូមិមួយដែលកាំភ្លើងមិនអាចឈ្នះបាន
ការប្រឈមរបស់រដ្ឋាភិបាលអនុទិន កំពុងកាន់តែធំឡើង ព្រោះជម្លោះនេះបានផ្លាស់ចេញពីសមរភូមិតាមព្រំដែន ចូលទៅក្នុងស្ថាប័ន និងការពិភាក្សានៅលើឆាកអន្តរជាតិហើយ។

បញ្ហាជនភៀសសឹក ត្រូវបានលើកឡើងក្នុងក្របខណ្ឌមនុស្សធម៌ និងសិទ្ធិមនុស្ស។ ការខូចខាតបេតិកភណ្ឌវប្បធម៌ បាននាំឱ្យមានការរំលឹកពីកាតព្វកិច្ចការពារទ្រព្យសម្បត្តិវប្បធម៌ក្នុងពេលមានជម្លោះប្រដាប់អាវុធ។ ចំណែកជម្លោះព្រំដែនវិញ កំពុងនាំទៅរកសំណួរអំពីផែនទី សន្ធិសញ្ញា ឯកសារប្រវត្តិសាស្ត្រ និងយន្តការច្បាប់ ដែលភាគីពាក់ព័ន្ធត្រូវប្រើដើម្បីដោះស្រាយវិវាទ។

ក្នុងពេលជាមួយគ្នានេះ ការពន្យល់របស់រដ្ឋាភិបាលថៃ ក៏កំពុងត្រូវបានពិនិត្យ និងចោទសួរ មិនត្រឹមតែពីកម្ពុជាទេ ប៉ុន្តែពីតួអង្គអន្តរជាតិ និងសូម្បីតែអ្នកជំនាញ បញ្ញវន្ត និងអ្នកសារព័ត៌មានថៃខ្លួនឯង។
នេះហើយជាសមរភូមិមួយដែលរថក្រោះ យន្តហោះចម្បាំង លួសបន្លា ឬរបាំងកុងតេណ័រ មិនអាចធានាជ័យជម្នះបាន។

ព្រោះវាមិនមែនជាសមរភូមិដណ្តើមយកទីតាំងទៀតទេ។ វាជា «សមរភូមិជាក់ស្តែង» ដែលត្រូវប្រយុទ្ធដោយអង្គហេតុ ឯកសារ ច្បាប់ ភាពស៊ីសង្វាក់នៃអំណះអំណាង និងការទទួលខុសត្រូវចំពោះមនុស្សដែលរងផលប៉ះពាល់ពីជម្លោះ។

នៅទីបំផុត សំណួរដែលរដ្ឋាភិបាលអនុទិនត្រូវប្រឈម មិនមែនមានតែសំណួរពីកម្ពុជា ឬសហគមន៍អន្តរជាតិឡើយ។ វាក៏ជាសំណួរដែលពលរដ្ឋថៃខ្លួនឯងអាចត្រូវសួរទៅកាន់រដ្ឋាភិបាលរបស់ពួកគេថា៖ តើរដ្ឋាភិបាលអនុទិនចង់បន្សល់ទុកកេរដំណែលអ្វី សម្រាប់ប្រទេសថៃ និងមនុស្សជំនាន់ក្រោយ?

តើវានឹងជាកេរដំណែលនៃរដ្ឋាភិបាលមួយ ដែលបានការពារផលប្រយោជន៍ជាតិដោយច្បាប់ ការទូត និងប្រាជ្ញា ឬជាកេរដំណែលនៃសម័យកាលមួយ ដែលបានធ្វើឱ្យប្រទេសថៃប្រឈមនឹងសំណួរអំពីការគោរពច្បាប់ គោលការណ៍មនុស្សធម៌ និងភាពគួរឱ្យជឿជាក់ រហូតធ្វើឱ្យកិត្តិយសដែលមនុស្សជំនាន់មុនបានកសាងទុក ត្រូវប្រឈមនឹងការចោទសួរដោយសារសកម្មភាពមិនល្អរបស់រដ្ឋាភិបាលថៃជំនាន់នេះ?

*សេចក្តីសន្និដ្ឋាន៖ តើរដ្ឋាភិបាលអនុទិនកំពុងសរសេរប្រវត្តិសាស្ត្របែបណា?
គ្រប់រដ្ឋាភិបាល សុទ្ធតែចង់ឱ្យប្រវត្តិសាស្ត្រចងចាំខ្លួនថា បានការពារប្រទេសជាតិ។ ប៉ុន្តែប្រវត្តិសាស្ត្រ មិនត្រូវបានសរសេរដោយសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលតែមួយទេ។ វាត្រូវបានសរសេរដោយឯកសារ ផែនទី ច្បាប់ សាក្សី រូបភាព ផ្ទះដែលរងការខូចខាត បេតិកភណ្ឌដែលរងគ្រោះ និងជីវិតរបស់មនុស្ស ដែលត្រូវបានបង្ខំឱ្យចាកចេញពីទីលំនៅ។ វាក៏ត្រូវបានសរសេរដោយសំឡេងរបស់មនុស្សដែលហ៊ានសួររដ្ឋាភិបាលខ្លួនឯងផងដែរ។

ដូច្នេះ សំណួរដែលគួរឱ្យទីក្រុងបាងកកត្រូវគិត មិនមែនត្រឹមថា «តើថៃអាចឈ្នះកម្ពុជាក្នុងការប្រកួតប្រជែងរឿងព្រំដែននេះដោយរបៀបណា?» ទេ។

សំណួរដែលធំជាងនេះគឺ៖ នៅពេលមនុស្សជំនាន់ក្រោយបើកមើលទំព័រប្រវត្តិសាស្ត្រឆ្នាំ២០២៥ និង២០២៦ តើពួកគេនឹងឃើញរដ្ឋាភិបាលអនុទិន ជារដ្ឋាភិបាលដែលបានការពារផលប្រយោជន៍ជាតិដោយច្បាប់ និងប្រាជ្ញា ឬជារដ្ឋាភិបាលដែលបានអនុញ្ញាតឱ្យជាតិនិយមជ្រុល ជម្លោះព្រំដែន និងការប្រើអំណាច បន្សល់ស្នាមរបួសដ៏អាម៉ាស់នៅក្នុងប្រវត្តិសាស្ត្រថៃ?

រដ្ឋាភិបាលអនុទិន អាចជាអ្នកបង្កើតព្រឹត្តិការណ៍នៅថ្ងៃនេះ ប៉ុន្តែប្រវត្តិសាស្ត្រទេ ដែលជាអ្នកវិនិច្ឆ័យកេរដំណែលរបស់រដ្ឋាភិបាលនេះ នៅថ្ងៃស្អែក៕