ម៉ូដែលអភិបាលកិច្ចចិន៖ ការប្រកួតប្រជែងទ្រឹស្តី និងជម្រើសគំរូថ្មី នៃរដ្ឋបាលសាធារណៈសកល

11-08-2026 17:56

(ភ្នំពេញ)៖ លោកបណ្ឌិត កៅ មុយថង អ្នកស្រាវជ្រាវពីទំនាក់ទំនងកម្ពុជា-ចិន បានលើកឡើងថា ការវិវឌ្ឍនៃប្រព័ន្ធអភិបាលកិច្ចរបស់ចិន ពីប្រទេសដែលធ្លាប់បានឆ្លងកាត់វិបត្តិសេដ្ឋកិច្ច និងនយោបាយដ៏ធ្ងន់ធ្ងរ មកជាមហាអំណាចសេដ្ឋកិច្ចធំជាងគេទីពីរលើពិភពលោក និងជាប្រភពនៃនវានុវត្តន៍ផ្នែករដ្ឋបាលសាធារណៈ គឺជាដំណើរដ៏វែងឆ្ងាយដែលប្រកបដោយលក្ខណៈពិសេស ខុសប្លែកពីគំរូអភិបាលកិច្ចរបស់លោកខាងលិច។

ដើម្បីឆ្លើយតបទៅនឹងសំណួរថា ហេតុអ្វីបានជាអភិបាលកិច្ចចិន ត្រូវបានគេមើលឃើញថាជា «ជម្រើសគំរូថ្មី» (New Paradigm Option) លោកបណ្ឌិត កៅ មុយថង លើកបង្ហាញនូវចំណុចសំខាន់ៗចំនួន៣ គឺទីមួយ ការវិភាគលើរបត់នៃការកែទម្រង់អភិបាលកិច្ចរបស់ចិន ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ១៩៥០។ ទីពីរ ការប្រៀបធៀបគំនិតផ្តួចផ្តើមកែទម្រង់ទាំងនោះទៅនឹងបទពិសោធន៍របស់បណ្តាប្រទេសផ្សេងៗ។ និងទីបី ការស្វែងយល់ពីចំណុចខុសប្លែកគ្នារវាងគំរូអភិបាលកិច្ចចិន និងគោលការណ៍ «ការគ្រប់គ្រងសាធារណៈបែបថ្មី» (New Public Management - NPM) របស់លោកខាងលិច។

ក្នុងនាមជាអ្នកស្រាវជ្រាវពីទំនាក់ទំនងកម្ពុជា-ចិន លោកបណ្ឌិត កៅ មុយថង បានឲ្យដឹងដែរថា ការសិក្សាអំពីការកែទម្រង់រដ្ឋបាលសាធារណៈនៅប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសអន្តរកាល (ប្រទេសដែលកំពុងផ្លាស់ប្តូរពីប្រព័ន្ធគ្រប់គ្រងចាស់ទៅប្រព័ន្ធថ្មី ទាំងផ្នែកសេដ្ឋកិច្ច និងស្ថាប័នដឹកនាំ) គឺផ្តោតសំខាន់លើការកសាងស្ថាប័នឱ្យរឹងមាំ ជាពិសេសលើការគ្រប់គ្រងថវិកា ហិរញ្ញវត្ថុ ធនធាន មនុស្ស និងបទប្បញ្ញត្តិនានា។ អ្នកជំនាញតែងតែសិក្សាពីការកែទម្រង់ក្នុងក្រុមប្រទេសទាំងពីរនេះឱ្យ ដាច់ដោយឡែកពីគ្នា។ កន្លងមកការស្រាវជ្រាវភាគច្រើន តែងបានធ្វើឡើងដោយការប្រៀបធៀបរវាងប្រទេសជឿនលឿនប៉ុណ្ណោះ ប៉ុន្តែពុំសូវមានការប្រៀបធៀបរវាងប្រទេសដែលមានកម្រិតអភិវឌ្ឍន៍ខុសគ្នាខ្លាំងនោះទេ។ លើសពីនេះ អ្នកជំនាញក៏បានព្រមានថា ការចម្លងតាមគំរូដើមនៃការគ្រប់គ្រង សាធារណៈបែបថ្មី (NPM) ពីប្រទេសជឿនលឿន ទៅអនុវត្តនៅប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេស អន្តរកាល គឺជារឿងប្រថុយប្រថាន និងមានហានិភ័យបរាជ័យខ្ពស់។

លោកបណ្ឌិត កៅ មុយថង នឹងពិនិត្យមើលការកែទម្រង់រដ្ឋបាលនៅប្រទេសចិនដែលជាប្រទេសមានបរិបទនយោបាយ និងសេដ្ឋកិច្ចខុសប្លែកពីគេ តែមិនព្យាយាមពន្យល់ថា ការកែទម្រង់នៅចិន គឺជាគំរូនៃការគ្រប់គ្រងសាធារណៈបែបថ្មី (NPM) នោះឡើយ។ សម្រាប់លោកបណ្ឌិតគោលបំណងពិតប្រាកដនៃសិក្សានេះ គឺចង់ឈ្វេងយល់ថា ទោះបីជាចិន និងប្រទេសប្រជាធិបតេយ្យជឿនលឿនមានលក្ខណៈខុសគ្នាច្រើនយ៉ាងណាក៏ដោយ តើ ការកែទម្រង់រដ្ឋបាលរបស់ពួកគេមានចំណុចរួម ឬលំនាំទូទៅខ្លះដែរឬទេ ហើយបើគ្មានទេ តើអ្វីជា ចំណុចខុសគ្នាផ្លាស់ប្តូរខ្លាំង។

ការសិក្សាពីករណីប្រទេសចិន នឹងធ្វើឱ្យយើងយល់ថា តើប្រទេសកំពុងអភិវឌ្ឍន៍អាច «លោត រំលង» (Leapfrog) ការកែទម្រង់បែបបុរាណ ហៅថាគំរូ Weberian ទៅចាប់យកការគ្រប់គ្រងបែបថ្មី (NPM) តែម្តងបានដែរឬទេ។ យើងមិនមែនសិក្សាដើម្បីមើលពីការចម្លងគោលនយោបាយ (Policy Transfer) ពីប្រទេសមួយទៅប្រទេសមួយនោះទេ។ ប៉ុន្តែយើងចង់ស្វែងរកចំណុចរួមនៃការកែទម្រង់ រដ្ឋបាល ដើម្បីមើលថាតើវាមានគំរូទូទៅដែលអាចប្រើប្រាស់ជាសកលបានដែរឬទេ ដោយយកករណី ប្រទេសចិនមកធ្វើជាឧទាហរណ៍។

១. ប្រវត្តិនៃការកសាងប្រព័ន្ធអភិបាលកិច្ចចិន

ការកសាងអភិបាលកិច្ចរបស់ចិនត្រូវចែកចេញជា ៤ដំណាក់កាលសំខាន់ៗ៖ ដំណាក់កាលទី១ គឺការកសាងគ្រឹះស្ថាប័ន និងសាធារណរដ្ឋប្រជាមានិត (១៩៤៩–១៩៧៨) ដែលគេបានរៀបចំរចនាសម្ព័ន្ធរដ្ឋបាលមជ្ឈការ (Centralized Planned Administration) និងការ បង្កើតស្ថាប័នរដ្ឋបាលតាមគំរូសូវៀត។ ផ្តោតជាសំខាន់លើការបង្រួបបង្រួមជាតិ និងការរៀបចំរដ្ឋបាល ថ្នាក់មូលដ្ឋាន។

ដំណាក់កាលទី២ គឺផ្លាស់ប្តូរទម្រង់ និងបើកទូលាយ (១៩៧៨–១៩៩២) ដែលបានចាប់ផ្តើម ដោយលោក តេង សៀវពីង (Deng Xiaoping) តាមរយៈគោលនយោបាយ «កែទម្រង់ និងបើក ទូលាយ» (Reform and Open-door policy)។ នេះជាដំណាក់កាលដែលនាំឱ្យមានការបែកចែក អំណាចរវាងបក្សនិងរដ្ឋ ព្រមទាំងវិលទៅរកប្រព័ន្ធគ្រប់គ្រងផ្អែកលើលទ្ធផលសេដ្ឋកិច្ច (Economic Pragmatism)។

ដំណាក់កាលទី៣ ជាដំណាក់កាលវិជ្ជាជីវូបនីយកម្ម និងអភិបាលកិច្ចទីផ្សារ (១៩៩៣–២០១២)។ នៅក្នុងដំណាក់កាលនេះ ប្រទេសចិនបានធ្វើទំនើបកម្មរដ្ឋបាលសាធារណៈ ដើម្បីឆ្លើយតប ទៅនឹងការអភិវឌ្ឍ «សេដ្ឋកិច្ចទីផ្សារសង្គមនិយម» និងការត្រៀមខ្លួនចូលជាសមាជិកអង្គការពាណិជ្ជ កម្មពិភពលោក (WTO) កាលពីឆ្នាំ២០០១។ សមិទ្ធផល និងការកែទម្រង់សំខាន់ៗ មានដូចជា បាន ដាក់ឱ្យអនុវត្ត «ច្បាប់មន្ត្រីរដ្ឋការ» (Civil Service Law) ក្នុងឆ្នាំ២០០៥ ដើម្បីលើកកម្ពស់សមត្ថភាព ជំនាញ និងតម្លាភាពនៃប្រព័ន្ធគ្រប់គ្រងមន្ត្រីរាជការ។ ការច្របាច់បញ្ចូលក្រសួង-ស្ថាប័នតូចៗឱ្យទៅជា «មហាក្រសួង» ដើម្បីកាត់បន្ថយភាពជាន់គ្នានៃសមត្ថកិច្ច និងបង្កើនប្រសិទ្ធភាពក្នុងការធ្វើសេចក្តី សម្រេចចិត្ត។ ការកាត់បន្ថយនីតិវិធីស្មុគស្មាញ (Red Tape) ដើម្បីបង្កើតបរិយាកាសអំណោយផល ដល់ការវិនិយោគ និងពាណិជ្ជកម្ម។
ដំណាក់កាលទី៤ គឺការធ្វើទំនើបកម្មអភិបាលកិច្ច និងយុគសម័យថ្មី (២០១២–បច្ចុប្បន្ន) ដែល ជាយុគសម័យថ្មីនៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ក្រោមការដឹកនាំរបស់លោក ស៊ី ជិនពីង ដែលបាននាំមកការលើកកម្ពស់ «ការធ្វើទំនើបកម្មប្រព័ន្ធ និងសមត្ថភាពអភិបាលកិច្ចរដ្ឋ» ផ្តោតលើ ភាពស្អាតស្អំរដ្ឋបាលឌីជីថល និងការបង្កើត «ម៉ូដែលចិន» (China Model/Chinese Path to Modernization) ដើម្បីឆ្លើយតបនឹងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយសកល។

ការវិវឌ្ឍទាំង៤ដំណាក់កាលនេះ បានផ្លាស់ប្តូរចិនពី «រដ្ឋបាលគ្រប់គ្រងតាមផែនការ» ទៅជា «រដ្ឋបាលអភិវឌ្ឍន៍ទីផ្សារ» និងឈានមកដល់ «រដ្ឋបាលឌីជីថលបែបទំនើប» នាពេលបច្ចុប្បន្ន។

២. តើចិនបានកែទម្រង់រដ្ឋបាលលើទិដ្ឋភាពសំខាន់ៗអ្វីខ្លះ?

ការកែទម្រង់រដ្ឋបាលសាធារណៈចិន (Public Administration Reform) សំខាន់ៗរួមមាន៖

ក. ការធ្វើបរិយាបន្ន និងសម្រួលរចនាសម្ព័ន្ធស្ថាប័ន (Institutional Restructuring)៖ ប្រទេសចិនបានកាត់បន្ថយក្រសួង-ស្ថាប័នដែលមានមុខងារជាន់គ្នា ដោយបង្កើត «មហាក្រសួង» (Super-Ministries) ដើម្បីគ្រប់គ្រងវិស័យធំៗឱ្យមានឯកភាពគ្នា ដូចជា ការបង្កើតក្រសួងធនធានធម្មជាតិ និង ក្រសួងអេកូឡូស៊ីនិងបរិស្ថាន)។ ជាមួយគ្នានេះ ចិនក៏បានកាត់បន្ថយជាន់ថ្នាក់រដ្ឋបាលការិយាល័យធិប តេយ្យស្មុគស្មាញ (Administrative Delayering) តាមរយៈការធ្វើវិមជ្ឈការ និងប្រតិភូកម្មអំណាច សម្រេចចិត្តមួយចំនួនទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ (Decentralization & Delegation of Power) ដើម្បីបង្កើនល្បឿន និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ។

ខ. ប្រព័ន្ធគណនេយ្យភាពមន្ត្រីរាជការ (Meritocratic Cadre System)៖ ការឡើងតំណែង របស់មន្ត្រីចិន មិនមែនផ្អែកលើការបោះឆ្នោតប្រជាប្រិយភាពឡើយ ប៉ុន្តែផ្អែកលើប្រព័ន្ធគុណាធិប តេយ្យ (Performance-based Meritocracy) ដែលមាន KPIs ជាក់លាក់ ដូចជា អត្រាកំណើន សេដ្ឋកិច្ចក្នុងតំបន់ កាត់បន្ថយភាពក្រីក្រ និងគ្រប់គ្រងបរិស្ថានជាដើម។ ការដាក់ចេញនូវប្រព័ន្ធនេះ ក៏មានយុទ្ធនាការប្រឆាំងអំពើពុករលួយជាប្រព័ន្ធ (Anti-Corruption Campaigns) ទាំងថ្នាក់លើ (ខ្លា) និងថ្នាក់ក្រោម (រុយ) ដើម្បីស្តារទំនុកចិត្ត និង ពង្រឹងការអនុវត្តច្បាប់រដ្ឋបាល។

គ. អភិបាលកិច្ចឌីជីថល (Digital & Smart Governance)៖ កសាងរដ្ឋបាលឆ្លាតវៃ (Smart Government & AI) តាមរយៈការប្រើប្រាស់ Big Data, Cloud Computing, និង AI ដើម្បីផ្តល់សេវាសាធារណៈ ឧទាហរណ៍ កម្មវិធីរដ្ឋបាលតាមទូរស័ព្ទដៃដែល អនុញ្ញាតឱ្យប្រជាជនស្នើសុំលិខិតបទដ្ឋានផ្សេងៗដោយមិនបាច់ជួបមុខមន្ត្រីផ្ទាល់នោះទេ។ មន្រ្តីអាច ប្រើប្រាស់ប្រព័ន្ធទិន្នន័យដើម្បីតាមដាន និងវាយតម្លៃការអនុវត្តច្បាប់របស់ក្រុមហ៊ុន អាជីវកម្ម និង ស្ថាប័ន។

៣. ហេតុអ្វីបានជាគេចាត់ទុកអភិបាលកិច្ចចិនជា «ជម្រើសគំរូថ្មី» សម្រាប់សកលលោក?

គំរូរដ្ឋបាលសាធារណៈសកលបែបបុរាណភាគច្រើនផ្អែកលើ «គំរូលោកខាងលិច» (Western Liberal Democratic Model) ឬ Western Public Management (NPM)។ ប៉ុន្តែគំរូចិន (Chinese Model) បានបង្ហាញនូវជម្រើសមួយផ្សេងទៀតដោយសារ៖

ក.លទ្ធផលជាក់ស្តែង (Performance Legitimacy)៖ ចិនបានបង្ហាញថា រដ្ឋបាលដែលដឹកនាំ ដោយបក្សតែមួយ អាចធ្វើឱ្យប្រជាជនជាង ៨០០ លាននាក់ចេញពីភាពក្រីក្រ និងអភិវឌ្ឍសេដ្ឋកិច្ចបាន លឿនបំផុត ដោយមិនចាំបាច់ធ្វើតាមទម្រង់ប្រជាធិបតេយ្យសេរីលោកខាងលិច។

ខ. គំរូ «រដ្ឋមានសមត្ថភាពខ្ពស់» (Developmental & Capable State)៖ ចិនបង្កើតតុល្យភាព រវាង «ទីផ្សារសេរី» និង «ការរៀបចំផែនការរដ្ឋដ៏រឹងមាំ» (State-led Capitalism) ដែលអនុញ្ញាតឱ្យ រដ្ឋអាចអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងគោលនយោបាយរយៈពេលវែង ដូចជា ផែនការប្រាំឆ្នាំ ដោយគ្មានការរអាក់រអួលដោយសារការផ្លាស់ប្តូររដ្ឋាភិបាលតាមអាណត្តិ។

គ. ការបត់បែន និងការធ្វើពិសោធន៍គោលនយោបាយ (Policy Experimentation)៖ អភិបាល កិច្ចចិនប្រើប្រាស់យុទ្ធសាស្ត្រ «សាកល្បងថ្នាក់មូលដ្ឋាន មុននឹងអនុវត្តថ្នាក់ជាតិ» (Crossing the river by feeling the stones) ដែលអនុញ្ញាតឱ្យរដ្ឋបាលកាត់បន្ថយហានិភ័យនៃបរាជ័យគោល នយោបាយ។

ឃ. ការទាក់ទាញដល់ប្រទេសកំពុងអភិវឌ្ឍន៍ (Global South Alternative)៖ ប្រទេសជាច្រើន នៅអាស៊ី អាហ្វ្រិក និងអាមេរិកឡាទីន មើលឃើញថា «គំរូអភិបាលកិច្ចចិន» បាននាំមកនូវស្ថិរភាព នយោបាយ ការអភិវឌ្ឍសេដ្ឋកិច្ចលឿន និងការរក្សាបាននូវអធិបតេយ្យភាពជាតិ ដោយមិនចាំបាច់ ទទួលយកលក្ខខណ្ឌនយោបាយពីស្ថាប័នហិរញ្ញវត្ថុលោកខាងលិច។

ជារួម៖ «ការកែទម្រង់រដ្ឋបាលចិន» មិនមែនជាការចម្លងតាមគំរូលោកខាងលិចនោះទេ ប៉ុន្តែជា ការធ្វើទំនើបកម្មតាមលក្ខណៈពិសេសរបស់ចិន (Modernization with Chinese Characteristics) ដែលផ្លាស់ប្តូរពីប្រព័ន្ធគ្រប់គ្រងបែបផែនការ ទៅជារដ្ឋបាលឌីជីថល ផ្អែកលើសមត្ថភាព និងលទ្ធផល ជាក់ស្តែង ហើយវាបានក្លាយជាជម្រើសគំរូថ្មីមួយ (Alternative Paradigm) ក្នុងការពិភាក្សាអំពី អភិបាលកិច្ចសាធារណៈសកលនាសតវត្សរ៍ទី២១ នេះ។

៤. ភាពខុសគ្នារវាង «គំរូចិន» និង «គំរូលោកខាងលិច»

ប្រទេសលោកខាងលិចប្រើ NPM ដើម្បីធ្វើឯកជនភាវូបនីយកម្ម (Privatization) និង លុប បំបាត់បទប្បញ្ញត្តិ (Deregulation)។ ប៉ុន្តែចិន មិនមែនធ្វើ Deregulation ទេ។ គេធ្វើ «នីតិរដ្ឋ» (Rule of Law) វិញ។ ចិនបង្កើតច្បាប់ និងបទបញ្ជាដើម្បីគ្រប់គ្រងទីផ្សារ និងទប់ស្កាត់ការប្រើប្រាស់អំណាច តាមចិត្តរបស់មន្ត្រី។

រីឯកែទម្រង់ចិនជា «គំរូកូនកាត់» គឺម្ខាងប្រើប្រាស់ទ្រឹស្តីរដ្ឋបាលបែបបុរាណ Weberian Model (ពង្រឹងសមត្ថភាពមន្ត្រី នីតិរដ្ឋ នីតិវិធីច្បាស់លាស់ គុណាធិបតេយ្យ) និងម្ខាងទៀតប្រើប្រាស់ «ទ្រឹស្តី ទីផ្សារ» របស់ NPM។ ប៉ុន្តែទោះបីជាមានការធ្វើវិមជ្ឈការសេដ្ឋកិច្ច ឬការខ្ចីបទពិសោធន៍ល្អៗ (Best Practices) ពីអន្តរជាតិយ៉ាងណាក៏ដោយ ក៏ការកែទម្រង់ទាំងនោះ គឺមិនដែលប៉ះពាល់ដល់អំណាច សម្រេចចិត្តចុងក្រោយរបស់បក្សកុម្មុយនីស្តចិនឡើយ។

ក្នុងន័យនេះ កំណែទម្រង់រដ្ឋបាលសាធារណៈរបស់ប្រទេសចិន មិនមែនជាការ «លោតផ្លោះ» (Leapfrog) ដោយចម្លងតាម ឬផ្លាស់ប្តូរភ្លាមៗទៅរកគំរូរដ្ឋបាលបែបលោកខាងលិច ឬការគ្រប់គ្រង សាធារណៈបែបថ្មី (NPM) ទាំងស្រុងនោះឡើយ។ ផ្ទុយទៅវិញ វាគឺជាដំណើរការនៃការវិវត្តសន្សឹមៗ និងតាមដំណាក់កាល (Incrementalism) ដែលត្រូវបានលៃលក និងកំណត់ទម្រង់យ៉ាងយកចិត្តទុក ដាក់ក្រោម «លក្ខណៈពិសេសតាមបែបផែនចិន»។

ម្យ៉ាងទៀត ការសម្រេចចិត្តលើទិសដៅ និងល្បឿន នៃកំណែទម្រង់នេះ ត្រូវបានជំរុញដោយកត្តាចម្បងពីរដើរទន្ទឹមគ្នា៖ ទីមួយ សម្ពាធសារពើពន្ធ និង ប្រសិទ្ធភាពសេដ្ឋកិច្ចដែលត្រូវកាត់បន្ថយចំណាយចរន្តរបស់រដ្ឋ កាត់បន្ថយទំហំជាក់ស្តែងរដ្ឋបាល និង បង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ដើម្បីទ្រទ្រង់ការលូតលាស់សេដ្ឋកិច្ចទីផ្សារ។ ទីពីរ រក្សាស្ថិរភាពនយោបាយផ្ទៃក្នុង រក្សាតួនាទីដឹកនាំរបស់បក្សកុំមុយនីស្តចិន និងការពង្រឹងសមត្ថភាពគ្រប់គ្រងរដ្ឋ ដើម្បីធានាបាននូវសន្តិសុខ ស្ថិរភាពសង្គម និងការអភិវឌ្ឍប្រកបដោយចីរភាព។

ដំណាក់កាលកែទម្រង់បន្តបន្ទាប់ពីឆ្នាំ១៩៩៨ (Post-1998 Reforms) ដំណាក់កាលកែទម្រង់ បន្ទាប់ពីឆ្នាំ១៩៩៨ គឺត្រូវបានធ្វើឡើងរៀងរាល់៥ឆ្នាំម្តង គឺស្របតាមអាណត្តិនៃមហាសន្និបាតបក្ស កុំមុយនីស្តចិន និងសភាប្រជាជនជាតិ គឺមាននៅក្នុងឆ្នាំ២០០៣, ២០០៨, ២០១៣, ២០១៨, និង ឆ្នាំ២០២៣។

១. GOR ឆ្នាំ២០០៣ គឺផ្តោតជាសំខាន់លើការរៀបចំស្ថាប័នគ្រប់គ្រងទីផ្សារ និងហិរញ្ញវត្ថុ ក្រោយពេលចិនចូលជាសមាជិក WTO ក្នុងឆ្នាំ២០០១។ កំណែទម្រង់បាននាំមកនូវលទ្ធផលសំខាន់ៗ ដូចជា បង្កើត SASAC (គណៈកម្មាធិការត្រួតពិនិត្យនិងគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ) ដើម្បីគ្រប់គ្រង សហគ្រាសរដ្ឋ (SOEs) ឱ្យមានវិជ្ជាជីវៈ។ បង្កើត CBRC (គណៈកម្មាធិការគ្រប់គ្រងធនាគារចិន) និង SFDA (ស្ថាប័នចំណីអាហារ និងឱសថ) ដើម្បីគ្រប់គ្រងសុវត្ថិភាពទីផ្សារ។

២. GOR ឆ្នាំ២០០៨ បាននាំមកនូវការបង្កើត «មហាក្រសួង» (Super-Ministry Reform) គឺដើម្បីដោះស្រាយថែមទៀតនូវបញ្ហាស្ថាប័នជាន់ភារកិច្ចគ្នា និងបង្កើនប្រសិទ្ធភាពសម្រេច ចិត្ត។ កំណែទម្រង់បាននាំមកនូវលទ្ធផលសំខាន់ៗដូចជា ច្របាច់បញ្ចូលក្រសួងតូចៗឱ្យទៅជា មហា ក្រសួងធំៗចំនួន៥ ដូចជា ក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានវិទ្យា (MIIT), ក្រសួងដឹកជញ្ជូន, និងក្រសួងបរិស្ថាន។

៣. GOR ឆ្នាំ២០១៣ បាននាំមកនូវការបន្ធូរបន្ថយអាជ្ញាប័ណ្ណ និងសម្រួលរដ្ឋបាល ដើម្បីកាត់ បន្ថយការជ្រៀតជ្រែករបស់រដ្ឋក្នុងកិច្ចការក្រុមហ៊ុន ដោយបានបាននាំមកនូវលទ្ធផលសំខាន់ៗ ដូចជា លុបបំបាត់ និងផ្ទេរអំណាចសម្រេចចិត្ត លើអាជ្ញាប័ណ្ណរដ្ឋបាលរាប់រយប្រភេទ ទៅឱ្យថ្នាក់ក្រោមជាតិ និងទីផ្សារ។ រំលាយក្រសួងផ្លូវដែកទៅក្នុង ក្រសួងដឹកជញ្ជូន និងបង្កើតស្ថាប័នចំណីអាហារ-ឱសថថ្នាក់ជាតិធំជាងមុន។

៤. GOR ឆ្នាំ២០១៨ បាននាំមកនូវទំនើបកម្មស៊ីជម្រៅ អាណត្តិលោក ស៊ី ជិនពីង គឺជាការរៀបចំរចនាសម្ព័ន្ធអភិបាលកិច្ចដ៏ស៊ីជម្រៅ និងធំជាងគេបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រទំនើបរបស់ចិន ដោយប្តូរទិសដៅពីការកែទម្រង់សម្រួលរដ្ឋបាលធម្មតា ទៅជាការរៀបចំរចនាសម្ព័ន្ធអំណាចឡើងវិញ។ ទីមួយ ការធ្វើសមាហរណកម្មស្ថាប័នបក្ស-រដ្ឋ ដោយលុបបំបាត់របាំងរវាងស្ថាប័នបក្ស និងស្ថាប័ន រដ្ឋបាលស៊ីវិល (ក្រសួង-ស្ថាប័ន) ច្របាច់បញ្ចូល ឬដាក់ស្ថាប័នរដ្ឋឱ្យស្ថិតក្រោមការបញ្ជាផ្ទាល់របស់ គណៈកម្មាធិការមជ្ឈិមបក្ស។ ពោលគឺ «បក្សដឹកនាំលើគ្រប់វិស័យ» ដើម្បីធានាបាននូវបញ្ជាការ ឯកភាព សង្គតិភាព និងប្រសិទ្ធភាពក្នុងការអនុវត្តគោលនយោបាយ។ ទីពីរ បង្កើត «គណៈកម្មាធិការ ត្រួតពិនិត្យមជ្ឈិម» (National Supervisory Commission - NSC) ដែលជាស្ថាប័នធម្មនុញ្ញ មានសមត្ថកិច្ចក្នុងការត្រួតពិនិត្យ និងស៊ើបអង្កេតលើមន្ត្រីសាធារណៈគ្រប់កម្រិត (រួមទាំងមន្ត្រីមិនមែនជា សមាជិកបក្ស) គឺខុសពីមុន ដែលការត្រួតពិនិត្យធ្វើឡើងតែលើសមាជិកបក្សតាមរយៈស្ថាប័ន CCDI។ ទីបី ការធ្វើទំនើបកម្មលើការគ្រប់គ្រងបរិស្ថាន និងធនធាន ដើម្បីប្រមូលផ្តុំអំណាចគ្រប់គ្រងដីធ្លី ព្រៃ ឈើ ប្រភពទឹក និងការរៀបចំដែនដីមកក្រោមស្ថាប័នតែមួយ។ បង្កើតក្រសួងអេកូឡូស៊ី និងបរិស្ថាន ដើម្បីពង្រឹងការអនុវត្តច្បាប់បរិស្ថាន ការត្រួតពិនិត្យការបំពុល និងការឆ្លើយតបទៅនឹងការប្រែប្រួល អាកាសធាតុ ស្របតាមទស្សនវិទ្យារបស់ចិន «អារ្យធម៌អេកូឡូស៊ី» (Ecological Civilization)។ ទីបួន បង្កើតក្រសួងគ្រប់គ្រងគ្រោះមហន្តរាយ និងក្រសួងកិច្ចការអតីតយុទ្ធជន (Veterans Affairs) ដើម្បីពង្រឹងការឆ្លើយតបនឹងគ្រោះមហន្តរាយ និងរក្សាស្ថិរភាពសង្គម។

៥. កំណែទម្រង់រដ្ឋបាល ឆ្នាំ២០២៣ ជាកំណែទម្រង់យុទ្ធសាស្ត្រឌីជីថល បច្ចេកវិទ្យា និងហិរញ្ញវត្ថុ គឺអនុលោមតាម «ផែនការកែទម្រង់ស្ថាប័នបក្ស និងរដ្ឋ» (Plan for Reforming Party and State Institutions) ខែមីនា ឆ្នាំ២០២៣ដែលបានធ្វើឡើងក្នុងបរិបទដែលប្រទេសចិនប្រឈមមុខនឹង ការកើនឡើងនៃសម្ពាធប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងបច្ចេកវិទ្យាសកល ព្រមទាំងតម្រូវការ ទប់ស្កាត់ហានិភ័យជាប្រព័ន្ធក្នុងវិស័យហិរញ្ញវត្ថុផ្ទៃក្នុង។ តាមរយៈកំណែទម្រង់នេះ ប្រទេសចិនបាន ដាក់ចេញទិសដៅយុទ្ធសាស្ត្រស្វ័យភាព និងភាព ម្ចាស់ការលើផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (Self-Reliance in Sci-Tech) លែងពឹងពាក់លើបច្ចេក វិទ្យាបរទេស និងពង្រឹងសមត្ថភាពច្នៃប្រឌិតដោយ ខ្លួនឯង។ ប្រមូលផ្តុំអំណាចគ្រប់គ្រងទិន្នន័យ និងសន្តិសុខទិន្នន័យជាតិឱ្យស្ថិតក្រោមស្ថាប័នតែមួយ។ បង្រួមស្ថាប័នត្រួតពិនិត្យហិរញ្ញវត្ថុ ដើម្បីកាត់បន្ថយចន្លោះប្រហោងនៃច្បាប់ និងបង្កើនប្រសិទ្ធភាពនៃ ការអនុវត្តបទប្បញ្ញត្តិ។

ជារួមប្រសិនបើយើងពិនិត្យមើលរូបភាពរួម ការផ្លាស់ប្តូរទស្សនវិស័យនៃកំណែទម្រង់ គិតពីឆ្នាំ ១៩៥២ ដល់បច្ចុប្បន្នគឺ ទីមួយ សម័យមុន (១៩៥២-១៩៩៨) ផ្តោតលើ «ទំហំរដ្ឋបាល» (ការកាត់បន្ថយបុគ្គលិក ការបង្រួមក្រសួង និងការដោះស្រាយបន្ទុក «បាយអធិរាជ») និងទីពីរ សម័យក្រោយ (២០០៣-បច្ចុប្បន្ន) ផ្តោតលើ «សមត្ថភាព និងគុណភាពអភិបាលកិច្ច» (Governance Capacity) ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ការគ្រប់គ្រងទិន្នន័យ និងការឆ្លើយតបនឹងបម្រែបម្រួលសេដ្ឋកិច្ចសកល៕