ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ ចុះជួបសំណេះសំណាលជាមួយ អាជ្ញាធរស្រុកពញាឮ និងស្រុកមុខកំពូល ខេត្តកណ្តាល
11-08-2026 22:28
(កណ្តាល)៖ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល) ដឹកនាំដោយលោក ម៉ម ប៊ុន នាង ប្រធានក្រុម បានចុះជួបសំណេះសំណាលដាច់ដោយឡែកពីគ្នាជាមួយក្រុមប្រឹក្សាឃុំ ស្មៀនឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ នៅស្រុកពញាឮ និងស្រុកមុខកំពូល ខេត្តកណ្តាល សរុបចំនួន ២១២នាក់ នាថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២៦។ក្នុងឱកាសនោះ លោក ម៉ម ប៊ុននាង បាននាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, លោក អ៊ុច បូររិទ្ធ អនុប្រធានទី១ និងលោកបណ្ឌិត ធន់ វឌ្ឍនាអនុប្រធានទី២ ព្រឹទ្ធសភា ជូនអាជ្ញាធរ និងប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ព្រមទាំងជម្រាបជូនអង្គពិធីសំណេះសំណាល នៅចន្លោះសម័យប្រជុំលើកទី៥ និងលើកទី៦នេះថា ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បានកំពុងបំពេញមុខងារតំណាង ការពារសិទ្ធិ និងផលប្រយោជន៍ជូនក្រុមប្រឹក្សាឃុំ ដែលជាអង្គបោះឆ្នោត និងប្រជាពលរដ្ឋ តាមរយៈការផ្សព្វផ្សាយអំពីច្បាប់ និងអនុក្រឹត្យមួយចំនួនពាក់ព័ន្ទនឹងតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ ដើម្បីពង្រឹងសមត្ថភាពបន្ថែមក្នុងការអភិវឌ្ឍមូលដ្ឋាន និងការផ្តល់សេវាសាធារណៈកាន់តែល្អប្រសើរថែមទៀត។
ជាកិច្ចបន្ត លោកស្រីបណ្ឌិត ចាន់ សុទ្ធាវី លេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ និងជាប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃព្រឹទ្ធសភា បានធ្វើបទបង្ហាញអំពី «តួនាទីរប ស់ឃុំ សង្កាត់ ក្នុងការចុះបញ្ជីដោយអនុលោមតាមសេចក្តីសម្រេចរបស់តុលាការ និងការជួយសម្រុះសម្រួលវិវាទនៅតាមមូលដ្ឋាន» ជូនក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀនឃុំសង្កាត់ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ក្នុងគោលបំណងពង្រឹងការអនុវត្តច្បាប់ឱ្យកាន់តែមានប្រសិទ្ធភាព សំដៅធានាការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋ ព្រមទាំងពង្រឹងសមត្ថភាពរបស់អាជ្ញាធរមានសមត្ថកិច្ចក្នុងការផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរថែមទៀតជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
នៅក្នុងឱកាសនៃការធ្វើបទបង្ហាញនោះ លោកស្រីបណ្ឌិត ក៏បានគូសបញ្ជាក់យ៉ាងច្បាស់អំពីបទប្បញ្ញត្តិច្បាប់ ដែលពាក់ព័ន្ធទាំងអស់ក្នុងការដោះស្រាយនូវរាល់បញ្ហានីមួយៗ ដែលបានលើកឡើងដោយអ្នកចូលរួម និងទទួលបាននូវការថ្លែងអំណរគុណចំពោះលោកជំទាវបណ្ឌិតពីអ្នកចូលរួម ដោយហេតុថា ប្រធានបទនៃបទឧទ្ទេសនាម គឺឆ្លើយតបទៅនឹងតម្រូវការនៃការអនុវត្តជាក់ស្តែង ដែលបានជួបប្រទះនៅតាមមូលដ្ឋានរបស់អាជ្ញាធរមានសមត្ថកិច្ចក្នុងការបំពេញតួនាទីបម្រើប្រជាពលរដ្ឋ។
បន្ទាប់មក លោក ម៉ម ប៊ុននាង ប្រធានក្រុម បានផ្សព្វផ្សាយអំពី អនុក្រឹត្យលេខ ៧៦ អនក្រ.បក ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ស្តីពី “ការរៀបចំ និងការប្រព្រឹត្តទៅនៃមូលនិធិភាតរភាព” ដើម្បីឆ្លើយតបនឹងបញ្ហា ដែលក្រុមប្រឹក្សាឃុំ សង្កាត់បានលើកឡើងពាក់ព័ន្ធនឹងការវិភាជថវិកាជូនថ្នាក់ក្រោមជាតិនៅមានកម្រិត។
លោកប្រធានក្រុម បានគូសបញ្ជាក់ថា ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាល បានដាក់ចេញនូវអនុក្រឹត្យនេះ គឺសំដៅធានាសមធម៌ នៃការអភិវឌ្ឍមូលដ្ឋាន និងបង្កើនលទ្ធភាពគ្រប់គ្រាន់ដល់រដ្ឋបាល ក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងការអភិវឌ្ឍមូលដ្ឋាន និងការផ្តល់សេវាសាធារណៈកាន់តែល្អប្រសើរ និងប្រកបដោយតម្លាភាព។ បន្ថែមពីនេះ ដើម្បីអភិវឌ្ឍធនធានមនុស្សនៅតាមមូលដ្ឋានឯកឧត្តមប្រធានក្រុម បានប្រកាសផ្តល់អាហាររូបករណ៍តាមរយៈការចុះអនុស្សរណៈ នៃការយោគយល់គ្នារវាងគណៈកម្មការទី១០ ព្រឹទ្ធសភា ជាមួយវិទ្យាស្ថានបញ្ញាឌីជីថលកម្ពុជា (E-school) ចំនួន ១០០កន្លែង សម្រាប់ឃុំនីមួយៗ ដែលមានបំណងបន្តការសិក្សាវគ្គចំណេះដឹងទូទៅ ជំនាញបច្ចេកទេស និងភាសាផ្សេងៗ តាមប្រព័ន្ធអនឡាញ ដើម្បីសម្រួលដល់យុវជន យុវនារីអាចមានលទ្ធភាពបន្តការសិក្សារបស់ខ្លួន។ ក្រៅពីនេះ ឯកឧត្តមប្រធាន បានលើកឡើងអំពីបញ្ហាព្រំដែនកម្ពុជា-ថៃ ថ្មីៗនេះថា ប្រទេសកម្ពុជាទទួលបានជោគជ័យផ្នែកការទូតជាជំហ៊ានៗ តាមរយៈថ្នាក់ដឹកនាំកម្ពុជា ស្ងាត់ តែមិនស្ងៀម បានបន្តចូលរួមកិច្ចប្រជុំអន្តរជាតិនានា នៅតាមបណ្តាប្រទេសផ្សេងៗ ដើម្បីបកស្បែកមុខថៃ ប្តឹងទៅអន្តរជាតិអំពីការឈ្លានពានពីភាគីយោធាថៃមកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា។
ជាលទ្ធផល កិច្ចប្រជុំសភាប្រើភាសាបារាំងជិត១០០ប្រទេស បានចេញសេចក្តីសម្រេចអំពាវនាវឱ្យភាគីថៃគោរពអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ហើយគណៈកម្មាធិការបេតិភណ្ឌពិភពលោក ដែលមានសមាជិក ១៦២ប្រទេស បានប្រជុំអនុម័តថ្កោលទោសចំពោះប្រទេសថៃ លើការបំផ្លាញ «សម្បត្តិបេតិកភណ្ឌពិភពលោក» (ប្រាសាទព្រះវិហាររបស់កម្ពុជា) ដោយតម្រូវឱ្យភាគីថៃទទួលខុសត្រូវស្របតាមច្បាប់អន្តរជាតិ។
ជាកិច្ចបញ្ចប់ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បានឧបត្ថម្ភអំណោយជូនក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទាំងអស់ដោយម្នាក់ៗទទួលបានភេសជ្ជៈ អំណោយរបស់មូលនិធិចែក រំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េចំនួន១កញ្ចប់ និងថវិកាមួយចំនួន ដោយចំណា យ ថវិកាសរុបទាំងអស់ចំនួន ១៥,៨៧៨,០០០រៀល៕




































