រដ្ឋមន្ដ្រី ប៉េង ពោធិ៍នា អញ្ជើញធ្វើជីវមាត្រដំបូងគេ ដើម្បីបើកយុទ្ធនាការជំរឿនមន្ត្រីជាក់ស្តែង នៅក្រសួងសាធារណការ និងដឹកជញ្ជូន ដែលជាក្រសួងទី២០
12-08-2026 16:09
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦នេះ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញធ្វើជីវមាត្រដោយផ្ទាល់ខ្លួន ដើម្បីបើកដំណើរការយុទ្ធនាការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង នៅក្នុងរចនាសម្ព័ន្ធក្រសួងសាធារណការ និងដឹកជញ្ជូន។
យុទ្ធនាការដ៏មានសារៈសំខាន់នេះ មានរយៈពេល ៣ថ្ងៃពេញ ដោយចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ខណៈក្រសួងសាធារណការ និងដឹកជញ្ជូន គឺជាក្រសួង-ស្ថាប័នទី២០ ដែលបានដំណើរការយុទ្ធនាការជំរឿនមន្ត្រីជាក់ស្តែងនាពេលនេះ។
នៅក្នុងដំណើរការជំរឿននេះ គណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង ត្រូវបានដឹកនាំដោយលោក សុខ សប្បាយណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ តំណាងលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានចុះពិនិត្យ និងតាមដានដំណើរការការងារនេះដោយផ្ទាល់ ដើម្បីធានាបាននូវភាពត្រឹមត្រូវ តម្លាភាព និងគណនេយ្យភាពខ្ពស់បំផុត។
បន្ទាប់ពីការធ្វើជីវមាត្ររបស់លោករដ្ឋមន្ត្រី ដំណើរការជំរឿននេះត្រូវបានបន្តអនុវត្តចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងបុគ្គលិកជាប់កិច្ចសន្យាទាំងអស់ ដែលកំពុងបំពេញការងារជាក់ស្តែង នៅតាមអង្គភាពចំណុះទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន។
ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាគ្រប់រូបនៃក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវតម្រូវឱ្យបង្ហាញខ្លួនផ្ទាល់ ដើម្បីធ្វើការស្កែនទម្រង់មុខ ស្កែនខ្ចៅដៃ និងផ្ទៀងផ្ទាត់ឯកសារសម្គាល់ខ្លួនផ្លូវការ ដូចជាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងកាតសម្គាល់ខ្លួនមន្ត្រីរាជការជាដើម ដោយមិនអនុញ្ញាតឱ្យមានការធ្វើជំនួសគ្នានោះឡើយ។
ជាមួយគ្នានេះ ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ និងក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានអំពាវនាវដល់មន្ត្រីរាជការទាំងអស់ ត្រូវចូលរួមបំពេញកាតព្វកិច្ច និងសហការជាមួយក្រុមការងារបច្ចេកទេស ឱ្យបានគ្រប់ៗគ្នា ដើម្បីឱ្យយុទ្ធនាការជំរឿននាពេលនេះ ទទួលបានជោគជ័យស្របតាមផែនការដែលបានកំណត់៕












