ក្រសួងមហាផ្ទៃ ណែនាំដល់រដ្ឋបាលខេត្តកំពង់ឆ្នាំង ឱ្យចាត់វិធានការជាបន្ទាន់ លើមន្ត្រីទាំងឡាយណា ដែលគប់គិតគ្នា អនុវត្តគម្រោងមូលនិធិ របស់រដ្ឋបាលឃុំទឹកហូត ដែលបង្គោល និងអំពូលសូឡា តម្លៃរហូតដល់៨លានរៀល ក្នុង១ដើម

12-08-2026 18:06

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ថ្មីៗនេះ មានការផ្សព្វផ្សាយតាមបណ្តាញសារព័ត៌មាន និងបណ្តាញសង្គមនានាជាច្រើន ពាក់ព័ន្ធភាពមិនប្រក្រតី នៃដំណើរការរៀបចំ និងអនុវត្តគម្រោងមូលនិធិរបស់រដ្ឋបាលឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលបង្គោល និងអំពូលសូឡាមានតម្លៃរហូតដល់ ៨,០០០,០០០រៀល ក្នុង១ដើម ដែលតម្លៃនេះខ្ពស់ជាង តម្លៃទីផ្សារហួសហេតុ។

តាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦នេះ បានឲ្យដឹងទៀតថា ពាក់ព័ន្ធនឹងករណីនេះ កន្លងមក អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានចាត់មន្ត្រីជំនាញឱ្យចុះពិនិត្យស៊ើបអង្កេតស្រាវជ្រាវ ដោយរកឃើញមានភាពមិនប្រក្រតី នៃដំណើរការរៀបចំនិងអនុវត្តគម្រោង មូលនិធិរបស់រដ្ឋបាលឃុំចំនួន៥នៃខេត្តកំពង់ឆ្នាំង ក្នុងនោះក៏មានរដ្ឋបាលឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងផងដែរ។

ផ្អែកលើមូលដ្ឋាននេះ ក្រសួងមហាផ្ទៃ បានធ្វើការណែនាំដល់រដ្ឋបាលខេត្តកំពង់ឆ្នាំង ឱ្យចាត់វិធានការជាបន្ទាន់លើមន្ត្រីទាំងឡាយណា ដែលមានការពាក់ព័ន្ធគប់គិតគ្នា ក្នុងការរៀបចំ និងអនុវត្តគម្រោងមូលនិធិឃុំ ទាំង៥ខាងលើ មិនបានត្រឹមត្រូវតាមគោលការណ៍ច្បាប់និងនីតិវិធីកំណត់ ដោយត្រូវចាត់វិធានការវិន័យឬ ទណ្ឌកម្មឱ្យបានម៉ឺងម៉ាត់បំផុតស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សាធារណជន ទាំងអស់ ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការតាមដាន និងវាយតម្លៃជាប់ជាប្រចាំលើកិច្ចការអភិវឌ្ឍ មូលដ្ឋាន កត្តានេះបានជួយពង្រឹងភាពម្ចាស់ការ ស្វ័យភាព តម្លាភាព គណនេយ្យភាពនិងសមត្ថភាព ឆ្លើយតបរបស់រដ្ឋបាលឃុំ សង្កាត់ចំពោះតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាននីមួយៗ សំដៅរួមចំណែកក្នុងការអភិវឌ្ឍតាមបែបប្រជាធិតេយ្យនៅមូលដ្ឋានប្រកបដោយចីរភាពនិងសមធម៌សង្គម៕