អ្នកស្រាវជ្រាវច្បាប់អន្ដរជាតិ៖ តើកិច្ចព្រមព្រាង «Mecca Joint Defence Agreement» រវាង អារ៉ាប៊ីសាអូឌីត តួកគី និងប៉ាគិស្ទាន មានន័យយ៉ាងណាចំពោះអ៊ីស្រាអែល?
12-08-2026 18:43
(ភ្នំពេញ)៖ អ្នកស្រាវជ្រាវច្បាប់អន្ដរជាតិ លោក ទិត ប៉ារូស បានថ្លែងមកកាន់បណ្ដាញព័ត៌មាន Fresh News ថា សណ្តាប់ធ្នាប់ពិភពលោក និងភូមិសាស្ត្រនយោបាយសាកលក្នុងទសវត្សរ៍ឆ្នាំ២០២៦ កំពុងតែឈានចូលដល់សម័យកាលអន្តរកាលដ៏គ្រោះថ្នាក់បំផុត និងមានភាពស្មុគស្មាញបំផុតក្នុងប្រវត្តិសាស្ត្រសម័យទំនើប។ ពិភពលោកដែលធ្លាប់តែត្រូវបានគ្រប់គ្រងក្រោមឥទ្ធិពលឯកតោភាគី ឬភាពលេចធ្លោផុតលេខនៃមហាអំណាចសហរដ្ឋអាមេរិក ចាប់ផ្តើមបែកបាក់ និងវិវត្តខ្លួនយ៉ាងឆាប់រហ័សទៅជាប្រព័ន្ធពហុប៉ូល ដែលក្នុងនោះមហាអំណាចកម្រិតមធ្យម និងបណ្តារដ្ឋក្នុងតំបន់ចាប់ផ្តើមងើបឈរឡើង ដើម្បីទាមទារសិទ្ធិអំណាច និងកំណត់វាសនាសន្តិសុខរបស់ខ្លួនដោយមិនបាច់រង់ចាំការបញ្ជា ឬការអនុញ្ញាតពីទីក្រុងវ៉ាស៊ីនតោន ឬប្រទេសធំៗនៅលោកខាងលិចទៀតឡើយ។
ការប្រែប្រួលដ៏ធំបែបនេះ មិនមែនកើតឡើងត្រឹមតែមួយយប់នោះទេ ប៉ុន្តែវាគឺជាលទ្ធផលនៃការសន្សំសំចៃនូវភាពមិនទុកចិត្តគ្នា ការផ្លាស់ប្តូរយុទ្ធសាស្ត្រយោធា និងជាពិសេសគឺការផ្ទុះឡើងនៃវិបត្តិសង្គ្រាមឈ្លានដែលបង្កឡើងដោយ សហរដ្ឋអាមេរិក-អ៊ីស្រាអែល ដែលបានបើកការវាយប្រហារផ្លូវអាកាសទៅលើសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ និងបានសម្លាប់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ និងមន្ដ្រីយោធាជាច្រើន, ការវាយប្រហារ និងការរំលោភបំពានរដ្ឋអធិបតេយ្យរភាពនេះ បានបង្កឱ្យមានការឆ្លើយតបយ៉ាងសន្ធោសន្ធៅ និងការវាយបកយ៉ាងខ្លាំងក្លាពីសំណាក់កងវរសេនាធំ និងកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ( IRGC ) ទៅលើមូលដ្ឋានទ័ព និងផលប្រយោជន៍យុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកក្នុងតំបន់ ដែលជាកាតាលីករុញច្រានឱ្យតំបន់មជ្ឈិមបូព៌ា និងអាស៊ីខាងត្បូងធ្លាក់ចូលទៅក្នុងភ្នក់ភ្លើងសង្គ្រាមយ៉ាងសន្ធោសន្ធៅ ព្រមទាំងនាំទៅរកការរៀបចំផែនទីសម្ព័ន្ធភាពយោធាថ្មីដែលមិនធ្លាប់មានទាល់តែសោះក្នុងប្រវត្តិសាស្ត្រសម័យទំនើប។
ការផ្ទុះឡើងនៃសង្គ្រាមឈ្លានរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានក្លាយជាកាតាលីករដ៏មានឥទ្ធិពលបំផុតក្នុងការកាត់ផ្តាច់ខ្សែយុទ្ធសាស្ត្រចាស់ៗ និងបង្កើតជាការពិតថ្មីមួយនៅលើសមរភូមិអន្តរជាតិ ជាពិសេសរដ្ឋអ៉ារាប់ មានអារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម កាតា គុយវ៉ែត អូម៉ង់ បារ៉ែន ហ្សកដានី អេហ្សីប ពោលប្រទេសអារ៉ាប់ដែលជាប្រទេសដែលភាគច្រើនជាសម្ព័នមិត្តរបស់សហរដ្ឋអាមេរិក និងមានមូលដ្ធានទ័ពរបស់អាមេរិចនភទីនោះផងដែរ, ប្រទេសអារ៉ាប់បានដឹងយ៉ាងច្បាស់ថាអាមេរិកមិនអាច ការពារពួកកគេពីការវាយប្រហារពីសំណាក់អីរ៉ង់បានទេ ព្រោះអាមេរិកផ្ដោតសំខាន់លើការការពារអីស្រាអែល ជជាងប្រទេសណាណាទាំងអស់ បន្ទាប់ពីការវាយប្រហារឆ្លើយឆ្លងគ្នាយ៉ាងសាហាវឃោរឃៅទៅលើហេដ្ឋារចនាសម្ព័ន្ធយោធាស្នូលមូលដ្ឋានទ័ពក្នុងតំបន់។
ទោះបីជាមានកិច្ចខិតខំប្រឹងប្រែងពីសំណាក់បណ្តាប្រទេសពាក់ព័ន្ធក្នុងការចរចាស្វែងរកបទឈប់បាញ់ ឬកាកិច្ចព្រមព្រាង «អនុស្សរណៈយោគយល់ US-IRAN » បណ្តោះអាសន្នក្តី ប៉ុន្តែភ្លើងសង្គ្រាមមិនត្រូវបានពន្លត់ឡើយ ដោយសារតែភាគីមិនឆន្ទៈពិតប្រាកដ និងដោយសារតែការវាយបកតាមរយៈកងជីវពលប្រដាប់អាវុធ និងបណ្តាញសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ដែលរាយប៉ាយពាសពេញតំបន់។ ការបិទខ្ទប់ និងការវាយប្រហារលើនាវាពាណិជ្ចកម្មឥតឈប់ឈរនៅច្រកសមុទ្រ « «Strait of Hormuz » និង «សមុទ្រក្រហម » មិនត្រឹមតែជាវិបត្តិក្នុងតំបន់មជ្ឈិមបូព៌ាប៉ុណ្ណោះទេ ប៉ុន្តែវាបង្ករឲ្យមានភាពរអាក់រអួលដល់សរសៃឈាមសេដ្ឋកិច្ចសកលយ៉ាងខ្លាំង។ ច្រកសមុទ្រនេះជាផ្លូវទឹកដឹកជញ្ជូនប្រេងកាត និងទំនិញអន្តរជាតិដ៏សំខាន់បំផុតមួយនៅលើពិភពលោក ការរាំងស្ទះបានបង្កឱ្យមានផលវិបាកធ្ងន់ធ្ងរ៖
- វិបត្តិថាមពលសកល៖ ការកើនឡើងថ្លៃប្រេងឥន្ធនៈ និងហ្គាសធម្មជាតិយ៉ាងគំហុក ដែលអូសទាញឱ្យតម្លៃទំនិញប្រើប្រាស់ និងថ្លៃដឹកជញ្ជូនទូទាំងពិភពលោកហក់ឡើងខ្ពស់ខ្លាំង។
- ការខូចខាតខ្សែសង្វាក់ផ្គត់ផ្គង់៖ កប៉ាល់ដឹកទំនិញ និងនាវាប្រេងធំៗត្រូវបង្ខំចិត្តប្តូរផ្លូវវាង ដែលធ្វើឱ្យរយៈពេលនៃការដឹកជញ្ជូនកាន់តែយូរ និងចំណាយកាន់តែច្រើនទ្វេដង។
- ភាពតានតឹងហិរញ្ញវត្ថុអន្តរជាតិ៖ បណ្តាប្រទេសនាំចូលថាមពលធំៗ រួមទាំងបណ្តាប្រទេសក្នុងទ្វីបអាស៊ី និងអឺរ៉ុប ប្រឈមមុខនឹងអតិផរណា និងសម្ពាធសេដ្ឋកិច្ចយ៉ាងខ្លាំង ដែលជំរុញឱ្យពួកគេត្រូវស្វែងរកប្រភពថាមពលជំនួស និងពន្លឿនការបង្កើតយុទ្ធសាស្ត្រការពារសន្តិសុខសមុទ្រដោយខ្លួនឯង។
ក្នុងបរិបទដ៏តានតឹង និងពោរពេញដោយគ្រោះថ្នាក់នេះ សង្គ្រាមរវាងមហាអំណាច និងអ៊ីរ៉ង់ បានក្លាយជារឿងដ៏ជូរចត់មួយសម្រាប់រដ្ឋអារ៉ាប់ស៊ុននី( GCC Country ) ជាពិសេសគឺព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ដែលគេបានមើលឃើញយ៉ាងច្បាស់ថាទទួលបានឆ័ត្រសន្តិសុខ និងការធានាការពារពីសហរដ្ឋអាមេរិក មិនមែនជាជញ្ជាំងដែកដ៏មានសុវត្ថិភាព និងភាពប្រាកដប្រជាដូចការគិតទៀតនោះទេ ភាពស្ទាក់ស្ទើរ ការប្តូរគោលនយោបាយតាមការផ្លាស់ប្តូររដ្ឋបាលនៅទីក្រុងវ៉ាស៊ីនតោន និងការខ្វះសមត្ថភាពក្នុងការទប់ស្កាត់ការគំរាមកំហែងផ្ទាល់ដល់អធិបតេយ្យភាពរបស់រដ្ឋអារ៉ាប់ បានបង្កើតជាអារម្មណ៍អន់ចិត្តយ៉ាងខ្លាំងរវាងរដ្ឋអារ៉ាប់ និងសហរដ្ឋអាមេរិច ។ ភាពអសន្តិសុខនេះហើយ ដែលបានក្លាយជាកម្លាំងរុញច្រានដ៏ខ្លាំងក្លាបំផុត ជំរុញឱ្យបណ្តារដ្ឋមូស្លីមស៊ុននីធំៗសម្រេចចិត្តបោះបង់ចោលការរង់ចាំជំនួយពីបរទេស ហើយងាកមកចាប់ដៃគ្នាកសាងស្ថាបត្យកម្មសន្តិសុខផ្ទាល់ខ្លួន ដែលជាចំណុចចាប់ផ្តើមនៃការបង្កើតកិច្ចព្រមព្រៀងការពារជាតិក្រុងម៉ាកាដ៏ល្បីល្បាញ « Mecca Joint Defence Agreement » ។
* កិច្ចព្រមព្រៀងការពារជាតិ « Mecca Joint Defence Agreement » មានអនុភាពបែបណាក្នុងតំបន់
កិច្ចព្រមព្រៀងការពារជាតិក្រុងម៉ាកា ដែលត្រូវបានចុះហត្ថលេខាយ៉ាងផ្លូវការក្នុងទម្រង់ជាសន្ធិសញ្ញាការពារជាតិត្រីភាគីរវាង «អារ៉ាប៊ីសាអូឌីត តួកគី និងប៉ាគិស្ទាន» ត្រូវបានគេមើលឃើញថាជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏ធំបំផុតមួយ ដែលមានទម្ងន់នយោបាយ និងយោធាស្មើនឹងការបង្កើតអង្គការ nato ឥស្លាមមិនធ្លាប់មានពីមុនមក ផ្អែកលើស្មារតីនៃកិច្ចព្រមព្រៀងនេះ ភាគីហត្ថលេខីទាំងបីបានយល់ព្រមចងសម្ព័ន្ធភាពគ្នាយ៉ាងជិតស្និទ្ធបំផុត ដោយប្រកាន់យកនូវគោលការណ៍រួមគ្នាមួយយ៉ាងច្បាស់ថា ការវាយប្រហារបណាមួយដែលកើតឡើងប្រឆាំងនឹងរដ្ឋសមាជិកណាមួយ ត្រូវចាត់ទុកថាបានវាយប្រហារប្រឆាំងនឹងរដ្ឋទាំងបី គោលការណ៍នេះគឺជាការចម្លងយុទ្ធសាស្ត្រការពារគ្នាដោយសមូហភាព ប៉ុន្តែត្រូវបានសម្របសម្រួលឱ្យត្រូវទៅនឹងបរិបទភូមិសាស្ត្រនយោបាយរបស់ពិភពឥស្លាមស៊ុននី ដោយមិនពឹងផ្អែកលើលោកខាងលិច, ប្រទេសអេស្សីបត្រូវបានរាយការណថាជារដ្ឋបន្ទាប់ក្នុងកិច្ចព្រមព្រាងនេះផងដែរ។
ភាពខ្លាំងនៃ «កិច្ចព្រមព្រៀងក្រុងម៉ាកា» គឺការបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមកយ៉ាងល្អឥតខ្ចោះនូវសសរស្តម្ភយុទ្ធសាស្ត្រទាំងបី ដែលមិនធ្លាប់មានរដ្ឋណាមួយអាចប្រមូលផ្តុំបានពីមុនមករួមមាន៖
- អារ៉ាប៊ីសាអូឌីត ដើរតួនាទីជាម៉ាស៊ីនសេដ្ឋកិច្ច និងជាអ្នកផ្តល់មូលធនហិរញ្ញវត្ថុដ៏មហិមាសម្រាប់ទ្រទ្រង់រាល់គម្រោងស្រាវជ្រាវ អភិវឌ្ឍន៍ និងការផលិតសព្វាវុធទ្រង់ទ្រាយធំ។
- តួកគី ចូលរួមចំណែកយ៉ាងសកម្មបំផុត ដោយយកមកនូវបច្ចេកវិទ្យាយន្តហោះគ្មានមនុស្សបើក ឬដ្រូនពិឃាតកម្រិតខ្ពស់ ប្រព័ន្ធមីស៊ីលការពារដែនអាកាសទំនើបៗ និងសមត្ថភាពផលិតសព្វាវុធដែលបានឆ្លងកាត់ការពិសោធន៍យ៉ាងជោគជ័យក្នុងសមរភូមិពិតប្រាកដ។
-ប៉ាគិស្ទាន នាំយកនូវកងទ័ពដែលមានបទពិសោធន៍ជោគជាំក្នុងការប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងផ្សេងៗ ក៏ដូចជារដ្ឋឥស្លាមតែមួយគត់ដែលមាន «ខែលការពារនុយក្លេអ៊ែរ» ក្នុងដៃ ដែលធ្វើឱ្យប្លុកការពារជាតិនេះមានទម្ងន់អំណាចនៅលើឆាកអន្តរជាតិ ជាពិសេសប្រទេសអីស្រាអែល។
ការបង្កើតឡើងនូវប្លុកការពារជាតិនិកាយ ស៊ុននីដ៏មានឥទ្ធិពលនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងបានបង្កើតជាការព្រួយបារម្ភកម្រិតអតិបរិមាសម្រាប់រដ្ឋាភិបាល «ទីក្រុងទែលអាវីវ ( អីស្រាអែល )» និងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់មូសាដរបស់អ៊ីស្រាអែល។ សម្រាប់ប្រទេសអ៊ីស្រាអែល ដែលធ្លាប់តែរក្សាបាននូវឧត្តមភាពយោធាដាច់គេ ដោយមានការជួយគាំទ្រឥតងាករេ ពីសំណាក់មហអំណាចសហរដ្ឋអាមេរិច និងមានឧត្តមភាពយោធាខ្ពស់បំផុតក្នុងតំបន់មជ្ឈិមបូព៌ា។ ការមានវត្តមានរបស់សម្ព័ន្ធភាពយោធាថ្មីដែលមានទាំងលុយ បច្ចេកវិទ្យា និងអំណាចនុយក្លេអ៊ែររបស់ប៉ាគិស្ទាននៅពីក្រោយខ្នង គឺជាការគំរាមគំហែងដោយផ្ទាល់ដល់ប្រទេស ចង់មិនចង់អ៊ីស្រាអែលលែងជាកម្លាំងយោធាតែមួយគត់ដែលមានសិទ្ធិអំណាចពេញលេញក្នុងការសម្រេចចិត្តលើសន្តិសុខក្នុងតំបន់ទៀតហើយ ព្រោះការលេចឡើងនៃកិច្ចព្រមព្រាង ម៉ាកាបានបង្កើតជា «កំពែងយុទ្ធសាស្ត្រ» ព័ទ្ធជុំវិញខ្លួន ដែលសុទ្ធតែជាប្រទេសដែលស្ដិតក្នុងគោលដៅក្នុងគម្រោងការ «The Greater Isreal » ដែលជាមហិច្ចតារបស់អីស្រាអែលក្នុងការវាយកាប់កាប់ទឹកដីអារ៉ាប់ទាំងមូល។
មិនតែប៉ុណ្ណោះ ការកកើតឡើងនៃកិច្ចព្រមព្រៀងការពារជាតិក្រុងម៉ាកាក៏បានជះឥទ្ធិពលយ៉ាងអវិជ្ជមាន និងបានធ្វើឱ្យដំណើរការធម្មតាកម្មនៃទំនាក់ទំនងការទូតរវាងរដ្ឋអារ៉ាប់ និងអ៊ីស្រាអែល ក្រោមរូបភាពនៃ «កិច្ចព្រមព្រៀងអ័ប្រាហាំ - Abraham Accords» ត្រូវធ្លាក់ចូលទៅក្នុងភាពរអាក់រអួល និងប្រឈមនឹងភាពអសកម្ម។ មុនពេលមានសន្ធិសញ្ញានេះ អ៊ីស្រាអែលមានក្តីសង្ឃឹមយ៉ាងមុតមាំថា ខ្លួនអាចទាក់ទាញអារ៉ាប៊ីសាអូឌីតឱ្យចូលរួមក្នុងបណ្តាញទូតសេដ្ឋកិច្ចដើម្បីរួមគ្នាទប់ទល់នឹងឥទ្ធិពលរបស់អ៊ីរ៉ង់។ ប៉ុន្តែជាមួយនឹងការងាកមកចងសម្ព័ន្ធភាពយោធាជាមួយបងប្អូនមូស្លីមរបស់ខ្លួន អារ៉ាប៊ីសាអូឌីតបានបញ្ជូនសារយ៉ាងច្បាស់ថា ផលប្រយោជន៍សន្តិសុខជាតិរបស់ខ្លួនត្រូវតែផ្អែកលើការសាមគ្គីគ្នាក្នុងពិភពឥស្លាមជាជាងការធ្វើសម្បទាននយោបាយជាមួយអ៊ីស្រាអែល។ ស្ថានការណ៍នេះបានបង្ខំឱ្យអ៊ីស្រាអែលត្រូវប្រញាប់ប្រញាល់ស្វែងរកដៃគូយុទ្ធសាស្ត្រថ្មីៗ និងបង្កើតអ័ក្សសម្ព័ន្ធភាពឆ្លងតំបន់ ដូចជាការការពង្រឹងទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយប្រទេសឥណ្ឌា និងបណ្តារដ្ឋក្នុងសមុទ្រមេឌីទែរ៉ាណេ ដើម្បីស្វែងរកកម្លាំងទប់ទល់នឹងឥទ្ធិពលដែលកំពុងកើនឡើងយ៉ាងឆាប់រហ័សនៃរួបរួមគ្នារបស់រដ្ឋឥស្លាមនៅក្នុងតំបន់។
* ហេតុអ្វីតួកគីចាំបាច់ចុះកិច្ចព្រមព្រាងនេះ ទោះខ្លួនជាសមាជិក NATO រួចទៅហើយ?
ចំណុចដ៏គួរឱ្យចាប់អារម្មណ៍ និងស្មុគស្មាញបំផុតមួយទៀតនៅក្នុងស្ថាបត្យកម្មសន្តិសុខថ្មីនេះ គឺការចូលរួមរបស់សាធារណរដ្ឋតួកគី ដែលជាសមាជិកដ៏មានអំណាចរបស់អង្គការណាតូ ទៅក្នុងកិច្ចព្រមព្រៀងការពារជាតិក្រុងម៉ាកា ប្រទេសតួកគី ជាកម្លាំងយោធាសំខាន់មួយនៅក្នុងអង្គការណាតូ បែរជានាំមុខគេក្នុងការបង្កើត និងដឹកនាំប្លុកការពារជាតិក្រៅក្របខ័ណ្ឌលោកខាងលិចបែបនេះ បានធ្វើលិចចេញឱ្យឃើញពីការធ្លាក់ចុះយ៉ាងខ្លាំងនៃទំនុកចិត្តរបស់តួកគីទៅលើមហាអំណាចអឺរ៉ុប និងសហរដ្ឋអាមេរិក។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តួកគីបានប្រឈមមុខនឹងភាពរកាំរកូសជាច្រើនជាមួយសម្ព័ន្ធមិត្តណាតូ ជុំវិញបញ្ហាយុទ្ធសាស្ត្រក្នុងតំបន់ ការគាំទ្រដល់ក្រុមសកម្មប្រយុទ្ធក្នុងតំបន់មួយចំនួនដែលតួកគីចាត់ទុកថាជាការគំរាមកំហែង និងការរារាំងការលក់យន្តហោះចម្បាំង F-35 ទំនើបៗរបស់សហរដ្ឋអាមេរិកជាដើម។ ភាពយឺតយ៉ាវរបស់ណាតូក្នុងការការពារផលប្រយោជន៍ស្នូលរបស់តួកគី បានធ្វើឱ្យមេដឹកនាំតួកគីមើលឃើញពីភាពចាំបាច់ដាច់ខាតក្នុងការស្វែងរកស្វ័យភាពយុទ្ធសាស្ត្រដោយខ្លួនឯង ដោយមិនត្រូវស្ថិតក្រោមការត្រួតពិនិត្យ ឬការរឹតត្បិតពីទីក្រុងវ៉ាស៊ីនតោនទៀតឡើយ។ មួយវិញទៀតតួកគីនេះ កំពុងមានភាពតាន់តឹងជាមួយប្រទេសអីស្រាអែល ដោយមានអ្នកវិភាគច្រើនបាន លើកឡើងថាតួកគី និអេហ្សីបជាប្រទេសបន្ទាប់ពីអីរ៉ង់ សម្រាប់ផែនការ «The greater Isreal» ។
ជាងនេះទៅទៀត ការចូលរួមរបស់តួកគីក្នុងកិច្ចព្រមព្រៀងក្រុងម៉ាកាក៏បានបង្ហាញពីមហិច្ឆតានយោបាយដ៏ធំធេងក្នុងការស្តារឥទ្ធិពលប្រវត្តិសាស្ត្ររបស់ខ្លួនឡើងវិញក្នុងពិភពឥស្លាម តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាយោធា និងឧស្សាហកម្មដ្រូនជាឧបករណ៍ការទូតដ៏មានអានុភាព។ ធម្មនុញ្ញរបស់អង្គការណាតូ មាត្រា៥ ផ្តោតជាចម្បងលើការការពារតំបន់អឺរ៉ុប-អាត្លង់ទិក និងការទប់ទល់នឹងការគំរាមកំហែងពីសំណាក់រុស្ស៊ី ប៉ុន្តែវាមືនបានការពារផលប្រយោជន៍ផ្ទាល់របស់តួកគីនៅមជ្ឈិមបូព៌ា និងអាស៊ីខាងត្បូងឡើយ។ ដូច្នេះ ការបង្កើតកិច្ចព្រមព្រៀងក្រុងម៉ាកា គឺជាមធ្យោបាយដ៏ឆ្លាតវៃមួយរបស់តួកគីក្នុងការបំពេញចន្លោះប្រហោងសន្តិសុខក្នុងតំបន់ផ្ទាល់ខ្លួនដោយមិនចាំបាច់លាឈប់ពីសមាជិកភាពណាតូឡើយ ព្រោះច្បាប់អន្តរជាតិផ្តល់សិទ្ធិឱ្យរដ្ឋអធិបតេយ្យអាចបង្កើតកិច្ចព្រមព្រៀងការពារខ្លួនទ្វេភាគី ឬត្រីភាគីបន្ថែមដើម្បីការពារបូរណភាពទឹកដីរបស់ខ្លួន។
ទោះបីជាកិច្ចព្រមព្រៀងការពារជាតិក្រុងម៉ាកាមានសក្តានុពល និងអំណាចខ្លាំងក៏ដោយ ក៏ការអនុវត្តជាក់ស្តែងនៅលើដីមិនមែនជាដំណើរការដែលរលូន និងគ្មានឧបសគ្គនោះឡើយ។ បញ្ហាប្រឈមបច្ចេកទេស និងភស្តុភារកម្មដ៏ធំបំផុតគឺការធ្វើសន្តិសុខកម្ម និងការបង្រួបបង្រួមស្តង់ដារបច្ចេកវិទ្យាយោធាដែលខុសប្លែកគ្នាស្រឡះរវាងប្រព័ន្ធណាតូដែលតួកគីកំពុងប្រើប្រាស់ ប្រព័ន្ធការពារជាតិរបស់អារ៉ាប៊ីសាអូឌីតដែលពឹងផ្អែកលើបច្ចេកវិទ្យាអាមេរិក និងសមត្ថភាពនុយក្លេអ៊ែររបស់ប៉ាគិស្ទាន។ ការរួមបញ្ចូលគ្នានូវប្រព័ន្ធទាំងនេះទាមទារឱ្យមានការបង្កើតស្ថាប័នសម្របសម្រួលសន្តិសុខរួមមួយ និងការបង្កើតមូលនិធិការពារជាតិរួមដែលមានទឹកប្រាក់រាប់ពាន់លានដុល្លារ ដើម្បីធានាថាការស្រាវជ្រាវ និងការអភិវឌ្ឍសព្វាវុធមិនត្រូវរងការរំខាន ឬការដាក់ទណ្ឌកម្មពីមហាអំណាចខាងក្រៅ។
បន្ថែមពីលើឧបសគ្គបច្ចេកទេស ប្លុកត្រីភាគីនេះក៏ត្រូវប្រឈមមុខនឹងការរារាំង និងយុទ្ធនាការបំផ្លិចបំផ្លាញពីសំណាក់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់បរទេស ជាពិសេសគឺ «ម៉ូសាដ » របស់អ៊ីស្រាអែល និងទីភ្នាក់ងារស៊ើបការណ៍របស់សហរដ្ឋអាមេរិក ដែលតែងតែព្យាយាមប្រើប្រាស់គ្រប់មធ្យោបាយដើម្បីបំបែកបំបាក់សាមគ្គីភាព និងបណ្តុះការមិនទុកចិត្តគ្នារវាងអារ៉ាប៊ីសាអូឌីត តួកគី និងប៉ាគិស្ទាន ជាពិសេសពិភពមូស្លីមតែម្ដង។ ដើម្បីយកឈ្នះលើបញ្ហាប្រឈមទាំងនេះ ភាគីទាំងបីត្រូវតែរក្សាបាននូវភាពស្មោះត្រង់ខាងយុទ្ធសាស្ត្រ និងផ្តោតអារម្មណ៍ទៅលើការទប់ទល់នឹងការគំរាមកំហែងរួម ដែលចេញពីសង្គ្រាមរវាងសហរដ្ឋអាមេរិក-អ៊ីរ៉ង់ និងការប្រែប្រួលឥតឈប់ឈរនៃភូមិសាស្ត្រនយោបាយសកល។ ការធ្វើសមយុទ្ធយោធារួមគ្នាជាប្រចាំនៅសមុទ្រក្រហម និងមហាសមុទ្រឥណ្ឌា គឺជាភស្តុតាងបញ្ជាក់ពីការពិតដែលថា សម្ព័ន្ធភាពនេះមិនមែនគ្រាន់តែជាការសរសេរលើក្រដាសនោះទេ ប៉ុន្តែវាគឺជាកម្លាំងយោធាពិតប្រាកដដែលត្រៀមខ្លួនរួចជាស្រេចក្នុងការការពារផលប្រយោជន៍សមាជិករបស់ខ្លួន។
សរុបសេចក្តីមក ព្រឹត្តិការណ៍ទាំងមូលនៃការផ្ទុះឡើងនៃសង្គ្រាមរវាងសហរដ្ឋអាមេរិក-អ៊ីរ៉ង់ និងការបង្កើតឡើងនូវកិច្ចព្រមព្រៀងការពារជាតិក្រុងម៉ាកា បានគូសវាសយ៉ាងច្បាស់នូវទំព័រប្រវត្តិសាស្ត្រថ្មីមួយនៃពិភពលោក ដែលអំណាចឯកតោភាគីបានបញ្ចប់ ហើយយុគសម័យនៃពហុប៉ូលអំណាចបានចាប់ផ្តើមយ៉ាងពេញលេញ។
ជាច្រើនទសវត្សរ៍មកហើយ អ៊ីស្រាអែលតែងតែរស់រានមានជីវិត និងរក្សាបាននូវអំណាចត្រួតត្រាផ្តាច់មុខក្នុងតំបន់ អាស្រ័យលើឧត្តមភាពយោធាដាច់ខាត (Qualitative Military Edge) ក្រោមការធានា និងគាំទ្រយ៉ាងពេញទំហឹងពីសហរដ្ឋអាមេរិក។ ប៉ុន្តែ វត្តមាននៃសម្ព័ន្ធភាពយោធាថ្មីដែលប្រមូលផ្តុំទាំងមូលធនហិរញ្ញវត្ថុដ៏មហិមារបស់អារ៉ាប៊ីសាអូឌីត បច្ចេកវិទ្យាយន្តហោះដ្រូន និងមីស៊ីលដ៏ទំនើបរបស់តួកគី ព្រមទាំងខែលការពារនុយក្លេអ៊ែររបស់ប៉ាគិស្ទាន បានបំបែកបាក់តុល្យភាពអំណាចនេះជាស្ថាពរ។ អ៊ីស្រាអែលលែងជាតួអង្គតែមួយគត់ដែលមានសិទ្ធិអំណាចពេញលេញក្នុងការកំណត់សន្តិសុខតំបន់ទៀតហើយ ព្រោះបច្ចុប្បន្នប្រទេសនេះត្រូវប្រឈមមុខនឹងមហាកំពែងយុទ្ធសាស្ត្រដែលព័ទ្ធជុំវិញខ្លួន។
មិនតែប៉ុណ្ណោះ ភាពជាដៃគូថ្មីនេះបានធ្វើឱ្យកិច្ចព្រមព្រៀងអ័ប្រាហាំ និងក្តីសង្ឃឹមរបស់អ៊ីស្រាអែលក្នុងការទាក់ទាញអារ៉ាប៊ីសាអូឌីតឱ្យចូលរួមក្នុងសម្ព័ន្ធភាពទូតប្រឆាំងអ៊ីរ៉ង់ ត្រូវធ្លាក់ក្នុងភាពរអាក់រអួលយ៉ាងខ្លាំង ព្រោះរីយ៉ាដបានជ្រើសរើសការសាមគ្គីក្នុងពិភពមូស្លីមជំនួសឱ្យការធ្វើសម្បទាននយោបាយជាមួយអ៊ីស្រាអែល។ ស្ថានការណ៍នេះបានបង្ខំឱ្យរដ្ឋាភិបាលទីក្រុងទែលអាវីវ និងទីភ្នាក់ងារមូសាដ ត្រូវបង្ខំចិត្តរុះរើ និងកែសម្រួលយុទ្ធសាស្ត្រការទូត ក៏ដូចជាការការពារជាតិយ៉ាងប្រញាប់ប្រញាល់បំផុត ដោយត្រូវពន្លឿនការស្វែងរកដៃគូយុទ្ធសាស្ត្រឆ្លងតំបន់ថ្មីៗ ដូចជាការការពង្រឹងទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយប្រទេសឥណ្ឌា និងបណ្តារដ្ឋក្នុងសមុទ្រមេឌីទែរ៉ាណេ ដើម្បីទប់ទល់នឹងការបាត់បង់អំណាច និងធានាថាខ្លួននៅតែអាចរស់រានមានជីវិតក្នុងបរិយាកាសភូមិសាស្ត្រនយោបាយដ៏គ្រោះថ្នាក់នេះ។
ចំណែកឯសម្រាប់ពិភពឥស្លាមស៊ុននី ការបង្រួបបង្រួមគ្នារវាងមហាសេដ្ឋកិច្ចអារ៉ាប៊ីសាអូឌីត បច្ចេកវិទ្យាតួកគី និងកម្លាំងនុយក្លេអ៊ែរប៉ាគិស្ទាន គឺជាការប្រកាសយ៉ាងដាច់អហង្ការថា អនាគត និងសន្តិសុខរបស់ពួកគេនឹងត្រូវកំណត់ និងការពារដោយខ្លួនឯង ដោយមិនបាច់ពឹងផ្អែក ឬរង់ចាំការអាណិតអាសូរពីមហាអំណាចលោកខាងលិចណាមួយទៀតឡើយ ដែលនេះគឺជាការផ្លាស់ប្តូរសណ្តាប់ធ្នាប់អំណាចសធំបំផុតនៅក្នុងសតវត្សរ៍ទី២១នេះ៕








