ប្រធានកិត្តិយសនៃសមាគមអភិរក្សដំរីអៃរ៉ាវត្តា, រដ្ឋមន្ត្រី នេត្រ ភក្ត្រា អំពាវនាវឱ្យរួមគ្នាការពារដំរី ដើម្បីមរតកធម្មជាតិ និងអត្តសញ្ញាណខ្មែរ

13-08-2026 11:37

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានកិត្តិយសនៃសមាគមអភិរក្សដំរីអៃរ៉ាវត្តា បានអំពាវនាវដល់សាធារណជន និងសប្បុរសជនទាំងអស់ ឱ្យរួមគ្នាការពារ និងវិនិយោគលើការអភិរក្សសត្វដំរី ដើម្បីធានាអនាគតនៃមរតកមានជីវិតរបស់កម្ពុជា។

ការអំពាវនាវបែបនេះរបស់ប្រធានកិត្តិយសនៃសមាគមអភិរក្សដំរីអៃរ៉ាវត្តា បានធ្វើឡើងនៅយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ក្នុងឱកាសលោកអញ្ជើញចូលរួមជាសហអធិបតីភាពក្នុង «រាត្រីសមោសរដើម្បីអភិរក្សសត្វដំរី» ដែលរៀបចំឡើងដើម្បីរៃអង្គាសថវិកាទ្រទ្រង់កិច្ចការអភិរក្ស។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ព្រះអង្គម្ចាស់ អ្នកអង្គម្ចាស់ លោក លោកស្រី សប្បុរសជន ដៃគូអភិរក្ស ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ និងមិត្តភក្តិដែលស្រឡាញ់សត្វដំរី ជាច្រើនរូបទៀត។

រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងថា រាត្រីនេះ មិនមែនគ្រាន់តែជារាត្រីនៃការជួបជុំ និងសមោសររបស់យើងប៉ុណ្ណោះទេ។ រាត្រីនេះ គឺជារាត្រីនៃ ក្តីស្រឡាញ់ ក្តីសង្ឃឹម និងការទទួលខុសត្រូវរួម ចំពោះជីវិតមួយប្រភេទ ដែលបានរស់នៅជាមួយព្រៃឈើ ជាមួយមនុស្ស និងផ្សារភ្ជាប់យ៉ាងជ្រាលជ្រៅជាមួយប្រវត្តិសាស្ត្រ វប្បធម៌ និងអរិយធម៌ខ្មែររាប់ពាន់ឆ្នាំមកហើយ។ ជីវិតនោះ គឺ «សត្វដំរី»

ក្នុងនាមជាប្រធានកិត្តិយសនៃសមាគមអភិរក្សដំរីអៃរ៉ាវត្តា រដ្ឋមន្ត្រី នេត្រ ភក្ត្រា ពិតជាមានកិត្តិយស និងសេចក្តីសោមនស្សរីករាយដែលបានឃើញលោក លោកស្រី សប្បុរសជន និងមិត្តភក្តិទាំងអស់ មកជួបជុំគ្នានៅទីនេះ ក្រោមបុព្វហេតុរួមមួយ គឺរួមគ្នាថែរក្សា ការពារ និងធានាឱ្យសត្វដំរីបន្តរស់រាន និងបន្តពូជនៅលើទឹកដីកម្ពុជា។ សម្រាប់កម្ពុជា ដំរីមិនមែនគ្រាន់តែជាសត្វមួយប្រភេទនោះទេ។ ដំរីគឺជាមរតកមានជីវិតរបស់យើងទាំងអស់។

រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្ថែមថា រូបភាពដំរីត្រូវបានឆ្លាក់នៅលើថ្មប្រាសាទបុរាណខ្មែរ។ ដំរីមានវត្តមានក្នុងប្រវត្តិសាស្ត្រ ក្នុងវប្បធម៌ ក្នុងជំនឿ និងក្នុងជីវភាពរស់នៅរបស់ប្រជាជនយើងតាំងពីបុរាណកាល។ ជាពិសេស សម្រាប់សហគមន៍ជនជាតិដើមភាគតិចមួយចំនួន ដំរីមិនមែនត្រឹមតែជាសត្វចិញ្ចឹមទេ ប៉ុន្តែជាផ្នែកមួយនៃគ្រួសារ ប្រពៃណី ជំនឿ និងទំនាក់ទំនងដ៏ជ្រាលជ្រៅរវាងមនុស្ស និងធម្មជាតិ។ ដូច្នេះ ការបាត់បង់ដំរី មិនមែនគ្រាន់តែជាការបាត់បង់សត្វមួយប្រភេទទេ។

ជាមួយគ្នានេះដែរ ប្រធានកិត្តិយសនៃសមាគមអភិរក្សដំរីអៃរ៉ាវត្តា បានបន្តថា វាគឺជាការបាត់បង់ផ្នែកមួយនៃ ធម្មជាតិ ប្រវត្តិសាស្ត្រ វប្បធម៌ និងអត្តសញ្ញាណរបស់យើង។ ហេតុនេះការអភិរក្សដំរី មិនមែនជាការអភិរក្សសត្វតែមួយប្រភេទឡើយ។ វាគឺជាការអភិរក្ស មរតកមានជីវិតរបស់កម្ពុជា សម្រាប់មនុស្សជំនាន់នេះ និងជំនាន់ក្រោយ។

រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា នៅពេលយើងនិយាយអំពីសត្វជិតផុតពូជ យើងតែងតែឮព័ត៌មានអំពីការថយចុះ ការបាត់បង់ទីជម្រក និងការគំរាមកំហែង។ ប៉ុន្តែសម្រាប់កម្ពុជា យើងក៏មាន ដំណឹងល្អ និងក្តីសង្ឃឹម។ លទ្ធផលនៃការសិក្សាហ្សែនលើសត្វដំរីអាស៊ីនៅភាគខាងជើងប្រទេសកម្ពុជា ដែលត្រូវបានចេញផ្សាយដោយអ្នកជំនាញអភិរក្សនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ បានផ្តល់សញ្ញាវិជ្ជមានអំពីស្ថានភាពសត្វដំរីនៅតំបន់សិក្សា និងបានបង្កើនក្តីសង្ឃឹមសម្រាប់ការស្តារឡើងវិញនៃប្រភេទសត្វដ៏កម្រនេះ។

រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានឱ្យដឹងថា បច្ចុប្បន្ន ដំរីអាស៊ីនៅក្នុងព្រៃកម្ពុជាត្រូវបានប៉ាន់ប្រមាណថាមានប្រមាណចន្លោះពី ៤០០ ទៅ ៦០០ក្បាល ដែលភាគច្រើនរស់នៅក្នុងតំបន់ព្រៃធំៗ រួមមាន តំបន់ជួរភ្នំក្រវាញ តំបន់ខ្ពង់រាបខាងជើងទន្លេសាប និងតំបន់ខ្ពង់រាបភាគខាងកើត ជាពិសេសខេត្តមណ្ឌលគិរី។ ចំណែកដំរីស្រុកនៅកម្ពុជា ត្រូវបានប៉ាន់ប្រមាណថាមានប្រមាណជាង ៧០ក្បាលប៉ុណ្ណោះ។ តួលេខទាំងនេះប្រាប់យើងពីរឿងពីរយ៉ាងក្នុងពេលតែមួយ។

សមាគមអភិរក្សដំរីអៃរ៉ាវត្តា កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាសុខុមាលភាពដំរី រក្សាចំណេះដឹងប្រពៃណីរវាងមនុស្ស និងដំរី ព្រមទាំងបង្កើតលក្ខខណ្ឌឱ្យដំរីអាចបន្តពូជបាន។ ថវិកាដែលទទួលបានពីរាត្រីសមោសរនេះ នឹងជួយទ្រទ្រង់ការផ្តល់ចំណី ការថែទាំសុខភាព ការងារពេទ្យសត្វ ការតាមដាន និងគាំទ្រការបន្តពូជ ការថែរក្សាទីជម្រក និងការអប់រំផ្សព្វផ្សាយ។ ការអភិរក្សពិតប្រាកដ គឺធ្វើឱ្យដំរីមានជំនាន់បន្ទាប់ ហើយរាល់កំណើតដំរី គឺជាក្តីសង្ឃឹមថ្មីមួយសម្រាប់ការអភិរក្ស។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានអំពាវនាវឱ្យគ្រប់ភាគី កុំត្រឹមតែស្រឡាញ់ ឬអាណិតដំរី ប៉ុន្តែត្រូវប្រែក្លាយក្តីស្រឡាញ់នោះទៅជាសកម្មភាពជាក់ស្តែង តាមរយៈការវិនិយោគលើការអភិរក្ស ដើម្បីធានាថា កូនចៅខ្មែរជំនាន់ក្រោយនឹងនៅតែបានឃើញដំរីមានជីវិត រស់នៅក្នុងព្រៃកម្ពុជា និងបន្តរស់នៅជាមួយសហគមន៍ និងប្រពៃណីរបស់យើង៕