* លោក ពូទីន ស្នើរៀបចំកិច្ចប្រជុំកំពូលជាមួយលោក ត្រាំ និងលោក ស៉ី ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមអ៊ុយក្រែន
* លោក ដូណាល់ ត្រាំ៖ បារាំងកំពុងឆាបឆេះ និងត្រូវបានបំបែកបំបាក់ដោយអន្តោប្រវេសន៍
* រដ្ឋធានីប៉េកាំងរបស់ចិន ត្រូវបានរំពឹងថានឹងក្លាយជាសង្គមសម្បូរមនុស្សចាស់នៅឆ្នាំ២០៣៥
* លោក ត្រាំ គាំទ្រលោក Netanyahu ក្នុងការបោះឆ្នោតសកលរបស់អ៉ីស្រាអែល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្តតបលោក អ៊ុំ សំអាន ដោយផ្តល់ជម្រើសបន្ថែមសម្រាប់ការជជែកបញ្ជាក់ព្រំដែន
* សូមត្រៀមឆ្លើយតបភាពប្រឈម! រដូវវស្សាបិទបញ្ចប់ បាតុភូតអែលនីញ៉ូគ្រប់ដណ្តប់ដល់ខែកុម្ភៈ ឆ្នាំ២០២៧, សូមចូលរួមថែរក្សាទឹក
* ក្រុមហ៊ុនអាកាសចរណ៍ SCAT Airlines សហការជាមួយ Selfie Travel បើកជើងហោះហើរត្រង់ពីកាហ្សាក់ស្ថានមកកម្ពុជាឡើងវិញ
* កម្ពុជា និងថៃ ឈានដល់ការឯកភាពលើវិធានការកសាងទំនុកចិត្ត ក្នុងកិច្ចប្រជុំផ្សះផ្សានៅទីក្រុងឡាអេ
* គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ បញ្ចប់កិច្ចប្រជុំលើកទី២ ជាមួយភាគីកម្ពុជា និងថៃ, ជុំទី៣ នឹងធ្វើនៅថ្ងៃ២៤-២៧ វិច្ឆិកាខាងមុខ ប្រទេសម៉ាឡេស៊ី
* លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី
* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោកបណ្ឌិត យង់ ពៅ លើកឡើងពីយុទ្ធសាស្ត្រពង្រឹងមជ្ឈភាពអាស៊ានក្នុងបរិបទពិភពលោកប្រែប្រួល

13-08-2026 14:25

(ភ្នំពេញ)៖ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់អំពីសារៈសំខាន់នៃ «មជ្ឈភាពអាស៊ាន» នៅក្នុងបរិបទភូមិសាស្ត្រនយោបាយពិភពលោកដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ មជ្ឈភាពអាស៊ានមិនមែនជាឋានៈដែលទទួលបានម្តងហើយស្ថិតស្ថេរជារៀងរហូតនោះទេ ប៉ុន្តែជាសមត្ថភាពដែលត្រូវបញ្ជាក់ឡើងវិញរាល់ថ្ងៃតាមរយៈឯកភាព ភាពជឿជាក់ និងប្រសិទ្ធភាព។

លោកបណ្ឌិត យង់ ពៅ បានបន្តថា ក្នុងបរិបទភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ហានិភ័យធំបំផុតសម្រាប់អាស៊ាន មិនមែនត្រឹមតែការប្រកួតប្រជែងរវាងមហាអំណាចប៉ុណ្ណោះទេ ប៉ុន្តែគឺការដែលការប្រកួតប្រជែងនោះចូលមកបម្លែងភាពខុសគ្នាផ្ទៃក្នុងរបស់អាស៊ានឱ្យក្លាយជាបន្ទាត់បែកបាក់។

ក្នុងស្ថានភាពដែលការប្រកួតប្រជែងរវាងមហាអំណាចកាន់តែខ្លាំង និងវិបត្តិជាច្រើនកើតឡើងព្រមគ្នា លោកបណ្ឌិត យង់ ពៅ បានលើកឡើងនូវចំណុចសំខាន់ៗចំនួន៥ ដើម្បីពង្រឹងមជ្ឈភាពរបស់អាស៊ាន រួមមាន៖

ចំណុចទី១៖​ ដែលអាស៊ានត្រូវពង្រឹង គឺ «ឯកភាពយុទ្ធសាស្ត្រ»។ ឯកភាពមិនមានន័យថាសមាជិកទាំងអស់ត្រូវមានគោលនយោបាយដូចគ្នាចំពោះគ្រប់មហាអំណាចទេ។ ឯកភាពមានន័យថា ទោះមានទំនាក់ទំនងខាងក្រៅខុសគ្នាក៏ដោយ សមាជិកទាំងអស់ត្រូវយល់ព្រមលើខ្សែបន្ទាត់គោលរួម៖ មិនអនុញ្ញាតឱ្យអាស៊ីអាគ្នេយ៍ក្លាយជាសមរភូមិនៃការប្រឈមមុខរបស់អ្នកដទៃ, មិនប្រើការគំរាមកំហែង ឬកម្លាំងដើម្បីដោះស្រាយវិវាទ, គោរពអធិបតេយ្យភាពនិងច្បាប់អន្តរជាតិ, និងរក្សាផ្លូវការទូតបើកចំហ ទោះក្នុងពេលមានវិបត្តិក៏ដោយ។

ចំណុចទី២៖ គឺ «ស្វ័យភាពយុទ្ធសាស្ត្រ»។ ស្វ័យភាពមិនមែនជាអព្យាក្រឹតភាពចំពោះគោលការណ៍ ហើយក៏មិនមែនជាការរក្សាចម្ងាយស្មើគ្នាពីគ្រប់ប្រទេសដែរ។ វាមានន័យថា អាស៊ាន និងរដ្ឋសមាជិកអាចធ្វើសេចក្តីសម្រេចដោយផ្អែកលើផលប្រយោជន៍ជាតិនិងតំបន់ ច្បាប់អន្តរជាតិ និងការវាយតម្លៃដោយខ្លួនឯង មិនមែនដោយសម្ពាធឱ្យជ្រើសរើសប្លុក។ អាស៊ានគួរធ្វើការជាមួយសហរដ្ឋអាម៉េរិក ចិន ជប៉ុន សាធារណរដ្ឋកូរ៉េ ឥណ្ឌា សហភាពអឺរ៉ុប អូស្ត្រាលី និងដៃគូដទៃទៀត ដោយផ្អែកលើផលប្រយោជន៍ទៅវិញទៅមក និងដោយមិនប្រែក្លាយកិច្ចសហប្រតិបត្តិការមួយទៅជាឧបករណ៍ប្រឆាំងភាគីទីបី។

ចំណុចទី៣៖ គឺ «ច្បាប់ និងការទូតជាជម្រើសទីមួយ»។ ក្នុងតំបន់ដែលមានវិវាទសមុទ្រ បញ្ហាព្រំដែន ការប្រកួតប្រជែងធនធាន និងការកើនឡើងនៃសមត្ថភាពយោធា ការគ្រប់គ្រងវិបត្តិអាចមានសារៈសំខាន់ជាងការដោះស្រាយវិវាទផង។ អាស៊ានត្រូវបន្តពង្រឹងបទដ្ឋាននៃការមិនប្រើកម្លាំង ការដោះស្រាយដោយសន្តិវិធី ការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិដែលពាក់ព័ន្ធ។ សម្រាប់បញ្ហាដែលមិនអាចដោះស្រាយភ្លាមៗ យ៉ាងហោចណាស់យើងត្រូវអាចទប់ស្កាត់មិនឱ្យវាវិវត្តទៅជាការប្រឈមមុខដែលមិនអាចគ្រប់គ្រងបាន។

ចំណុចទី៤៖ គឺ «មជ្ឈភាពត្រូវមានសមត្ថភាពផ្តល់លទ្ធផល»។ ការការពារមជ្ឈភាពមិនអាចធ្វើបានតាមរយៈសេចក្តីថ្លែងការណ៍តែប៉ុណ្ណោះទេ។ ប្រសិនបើប្រជាជនមើលឃើញថា អាស៊ានមិនអាចជួយដោះស្រាយវិបត្តិ មិនអាចការពារផលប្រយោជន៍សេដ្ឋកិច្ច ឬមិនអាចឆ្លើយតបបញ្ហាឆ្លងដែនបាន នោះគំនិតអំពីមជ្ឈភាពនឹងបាត់បង់មូលដ្ឋានសង្គមរបស់ខ្លួន។ ដូច្នេះ ការកែលម្អសមត្ថភាពស្ថាប័ន ល្បឿននៃការសម្រេចចិត្ត ការអនុវត្តកិច្ចព្រមព្រៀង និងការសម្របសម្រួលអន្តរវិស័យ គឺជាផ្នែកនៃយុទ្ធសាស្ត្រមជ្ឈភាពដូចគ្នា។

ចំណុចទី៥៖ គឺ «ការប្រកួតប្រជែងនិទានកថា»។ ក្នុងយុគសម័យឌីជីថល ការយល់ឃើញអាចផ្លាស់ប្តូរលឿនជាងការពិត ហើយព័ត៌មានអំពីសន្តិសុខ បទល្មើសឆ្លងដែន ឬវិវាទអន្តររដ្ឋ អាចត្រូវបានបកស្រាយតាមផលប្រយោជន៍នយោបាយ។ អាស៊ានត្រូវអភិវឌ្ឍវប្បធម៌នៃការផ្ទៀងផ្ទាត់ព័ត៌មាន ការចែករំលែកទិន្នន័យ និងការប្រាស្រ័យទាក់ទងក្នុងពេលវិបត្តិ ដើម្បីកុំឱ្យការចោទប្រកាន់ដែលមិនទាន់ត្រូវបានផ្ទៀងផ្ទាត់ ក្លាយជាមូលហេតុនៃការបាត់បង់ទំនុកចិត្ត ឬការកើនឡើងនៃភាពតានតឹង។ នេះមិនមែនជាការការពារបទល្មើសណាមួយទេ, ផ្ទុយទៅវិញ វាជាការទាមទារឱ្យការប្រយុទ្ធប្រឆាំងបទល្មើសផ្អែកលើភស្តុតាង កិច្ចសហប្រតិបត្តិការផ្លូវច្បាប់ និងការទទួលខុសត្រូវរួម។

លោកបណ្ឌិត បានបញ្ជាក់ថា សម្រាប់កម្ពុជា មជ្ឈភាពអាស៊ានមានតម្លៃយុទ្ធសាស្ត្រយ៉ាងជាក់ស្តែង។ ក្នុងនាមជារដ្ឋតូច កម្ពុជាមានផលប្រយោជន៍ផ្ទាល់ក្នុងការរក្សាតំបន់ដែលច្បាប់មានទម្ងន់ជាងអំណាច ការសន្ទនាមានអាទិភាពជាងការបង្ហាញសាច់ដុំ និងស្ថាប័នពហុភាគីអាចផ្តល់លំហដល់រដ្ឋតូច និងមធ្យម។ កម្ពុជាគួរបន្តគាំទ្រអាស៊ានដែលបើកចំហ មិនបែងចែក និងអាចធ្វើការជាមួយដៃគូទាំងអស់ ខណៈពង្រឹងសមត្ថភាពជាតិរបស់ខ្លួន ដើម្បីចូលរួមក្នុងការកំណត់របៀបវារៈតំបន់ មិនមែនគ្រាន់តែឆ្លើយតបនឹងរបៀបវារៈដែលអ្នកដទៃកំណត់។

សូមជម្រាបថា នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦នេះ លោកបណ្ឌិត យង់ ពៅ បានអញ្ជើញជាអធិបតីភាពបើកវេទិកាភ្នំពេញលើកទី៥ ស្តីពី «មជ្ឈភាពអាស៊ាន ក្នុងបរិបទនៃការប្រកួតប្រជែងយុទ្ធសាស្ត្រ និងភាពមិនប្រាកដប្រជាជាសកល» នៅរាជបណ្ឌិត្យសភាកម្ពុជា ដែលរៀបចំដោយវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា។ វេទិកានេះបានប្រមូលផ្តុំអ្នកជំនាញ អ្នករៀបចំនយោបាយ និងអ្នកសិក្សាស្រាវជ្រាវជាតិ និងអន្តរជាតិឈានមុខមកពីប្រទេសជាច្រើន រួមមាន កម្ពុជា អាល្លឺម៉ង់ មីយ៉ាន់ម៉ា វៀតណាម ឥណ្ឌូនេស៊ី ចិន ហ្វីលីពីន ប៉ាគីស្ថាន និងសាធារណរដ្ឋកូរ៉េ៕