យុវជនដែលបំពេញកាតព្វកិច្ចយោធា នឹងទទួលបានប្រាក់ឧបត្ថម្ភ ៤០ម៉ឺនរៀលក្នុង១ខែ ដោយបូករួមជាមួយនឹងរបបផ្សេងៗទៀត

13-08-2026 16:11

(ភ្នំពេញ)៖ យុវជនដែលបំពេញកាតព្វកិច្ចយោធា នឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន៤០ម៉ឺនរៀលក្នុងមួយខែ ដោយបូករួមជាមួយនឹងរបបផ្សេងៗទៀត។ នេះបើតាម ក្នុងអនុក្រឹត្យស្ដីពីការអនុវត្តច្បាប់ស្ដីពីកាតព្វកិច្ចយោធា ដែលចុះហត្ថលេខាដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦

ក្នុងជំពូកទី៥ ប្រាក់ឧបត្ថម្ភ គោលរបបផ្សេងៗ និងការលើកទឹកចិត្ត ផ្នែកទី១ ប្រាក់ឧបត្ថម្ភ និងគោលរបបផ្សេងៗ ចំពោះយោធិនកំពុងបំពេញកាតព្វកិច្ចយោធា ត្រង់មាត្រា១៦ បានកំណត់បែបនេះថា៖

យោធិនកំពុងបំពេញកាតព្វកិច្ចយោធា ត្រូវទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ និងគោលរបបផ្សេងៗដូចខាងក្រោម៖

ក៖ ប្រាក់ឧបត្ថម្ភប្រចាំខែក្នុងម្នាក់ចំនួន ៤០០,០០០ (បួនសែន)រៀល
ខ៖ គោលរបបផ្សេងៗ ត្រូវទទួលបានដូចយោធិនអាជីពរួមមាន៖
* ប្រាក់ម្ហូបប្រចាំថ្ងៃ
* ប្រាក់អាហារបំប៉នបន្ថែមពេលហ្វឹកហាត់
* ប្រាក់បំណាច់ឧបត្ថម្ភគ្រួសារ និងកូន
* របបអង្ករប្រចាំថ្ងៃ
* របបឯកសណ្ឋានប្រយុទ្ធ និងបរិក្ខារចាំបាច់មួយចំនួន។

ដោយឡែក សម្រាប់មាត្រា១៧ ក៏បានកំណត់ទៀតថា យោធិនមានជំងឺ ឬរងរបួស ឬគ្រោះថ្នាក់ផ្សេងៗ ត្រូវទទួលបានការសង្គ្រោះ ការព្យាបាល និងការថែទាំពីក្រសួងការពារជាតិ។

ច្បាប់ស្តីពីកាតព្វកិច្ចយោធា ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦។ ច្បាប់នេះតម្រូវឱ្យយុវជនខ្មែរជាបុរស ដែលមានអាយុចាប់ពី ១៨ ដល់ ២៥ឆ្នាំ ត្រូវចូលហ្វឹកហាត់កងទ័ពរយៈពេល ២៤ខែ និងត្រូវក្លាយជាទ័ពបម្រុងរហូតដល់អាយុ ៤៥ឆ្នាំ។ ចំពោះពលរដ្ឋខ្មែរជាស្ត្រីវិញ គឺផ្អែកតាមគោលការណ៍ស្ម័គ្រចិត្ត ចំណែកបុរសនឹងធ្វើឡើងតាមរយៈការចាប់ឆ្នោត៕