ចំណូលមូលនិធិគន្ធបុប្ផាកម្ពុជា ធ្លាក់ចុះ៧% ក្នុងឆមាសទី១​ ឆ្នាំ២០២៦

13-08-2026 19:37

(ភ្នំពេញ)៖ ក្នុងឆមាសទី១ ឆ្នាំ២០២៦នេះ មូលនិធិគន្ធបុប្ផាកម្ពុជា មានចំណូលសរុបចំនួនប្រមាណ ១៩.៨៧ លានដុល្លារអាម៉េរិក ឬថយចុះប្រមាណ ៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។

ការថយចុះនេះ បណ្ដាលមកពីកត្តាចម្បងៗមួយចំនួន រួមមានការធ្លាក់ចុះនៃទេសចរបរទេស និងការធ្លាក់ចុះនៃការបរិច្ចាគពីសប្បុរសជន ដែលអាចបណ្ដាលមកពីកម្មវិបាកនៃជម្លោះព្រំដែនកម្ពុជា-ថៃ កាលពីចុងឆ្នាំ២០២៥ ព្រមទាំងពីវិបត្តិសកល។

នេះបើយោងតាមរបាយការណ៍ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាបរធនបាល នៃមូលនិធិគន្ធបុប្ផាកម្ពុជា អាណត្តិទី៣ លើកទី៦ ក្រោមការចូលរួមពីលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា អាណត្តិទី៣លើកទី៦ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦។

លោកស្រី ប៉ែន សុបភា អនុប្រធានប្រតិបតិ្តនៃក្រុមប្រឹក្សាបរធនបាល នៃមូលនិធិគន្ធបុប្ផាកម្ពុជា បានរាយការណ៍ដោយសង្ខេបជូនអង្គប្រជុំ ដោយបានបញ្ជាក់ថា «ក្នុងឆមាសទី១ ឆ្នាំ២០២៦, មូលនិធិគន្ធបុប្ផាកម្ពុជា មានចំណូលសរុបចំនួនប្រមាណ ១៩.៨៧ លានដុល្លារអាម៉េរិក ឬថយចុះប្រមាណ ៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។ ការថយចុះនេះ បណ្ដាលមកពីកត្តាចម្បងៗមួយចំនួន រួមមានការធ្លាក់ចុះនៃ ទេសចរបរទេស និងការធ្លាក់ចុះនៃការបរិច្ចាគពីសប្បុរសជន ដែលអាចបណ្ដាលមកពីកម្មវិបាកនៃជម្លោះព្រំដែនកម្ពុជា-ថៃ កាលពីចុងឆ្នាំ២០២៥ ព្រមទាំងពីវិបត្តិសកល»

លោកបណ្ឌិត ចន ណារិទ្ធ នាយកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានបញ្ជាក់ជូនអង្គប្រជុំថា «ទោះបីជាចំណូលសរុបប្រចាំឆមាសទី១ ឆ្នាំ២០២៦ មានការធ្លាក់ចុះបន្តិចក៏ដោយ, ក៏ចំណូលដែលទទួលបានពីការបរិច្ចាគក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលដឹកនាំដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា កាលពីអំឡុងខែមិថុនា ឆ្នាំ២០២៦ មានការកើនឡើងគួរឱ្យកត់សម្គាល់ជាងការរំពឹងទុក បើធៀបនឹងយុទ្ធនាការឆ្នាំ២០២៥ ពោលគឺបានកើនឡើងពី៦ លានដុល្លារអាម៉េរិក ក្នុងយុទ្ធនាការឆ្នាំ២០២៥ ដល់ ៦,៣៨ លានដុល្លារអាម៉េរិក ក្នុងយុទ្ធនាការឆ្នាំ២០២៦ ដោយក្នុងនោះសប្បុរសជនចូលរួមបរិច្ចាគក្នុងយុទ្ធនាការដ៏ធំ និងសំខាន់នេះ ក៏មានការកើនឡើងផងដែរ គឺកើនឡើងពីចំនួនប្រមាណ ៣០ម៉ឺននាក់ ក្នុងឆ្នាំ២០២៥ ដល់ប្រមាណ ៣៥ ម៉ឺននាក់ ក្នុងឆ្នាំ២០២៦»

អង្គប្រជុំបានពិនិត្យលម្អិតលើរបាយការណ៍វឌ្ឍនភាពប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងដើម្បីផ្ដល់ការណែនាំតម្រង់ទិសបន្ថែម លើផែនការសកម្មភាពក្នុងឆមាសទី២ ឆ្នាំ២០២៦ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ព្រមទាំងពិនិត្យលើរបាយការណ៍លទ្ធផល របស់មន្ទីរពេទ្យគន្ធបុប្ផាផងដែរ។
តាមរយៈរបាយការណ៍លទ្ធផល ឆមាសទី១ ឆ្នាំ២០២៦ របស់មន្ទីរពេទ្យគន្ធបុប្ផា, ទារក កុមារ និងស្ត្រីមានផ្ទៃពោះ ចំនួនជាង ៦៩៤ ៧៥៣ ករណី ទទួលបានសេវាពិនិត្យ និងព្យាបាល ក៏ដូចជាសេវាសម្ភព ដែលក្នុងនោះ រួមមាន៖
*ការពិនិត្យ និងព្យាបាលនៅផ្នែកពិគ្រោះជំងឺក្រៅ ចំនួន ៥១២ ៤៦៧ ករណី។
*ដាក់ឱ្យសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យសម្រាប់ជំងឺធ្ងន់ធ្ងរ ចំនួន ១១៣ ៥៣៨ នាក់។
*ព្យាបាលកុមារឆ្លងជំងឺគ្រុនឈាម ចំនួន ៥ ៨៦៣ នាក់។
*កុមារមានជំងឺបេះដូងពីកំណើតដែលត្រូវវះកាត់ ចំនួន ៦២៦ នាក់។
*ផ្ដល់សេវាពិនិត្យ និងតាមដានផ្ទៃពោះ ចំនួន ៥២ ៥១៣ ករណី។
*ផ្ដល់សេវាសម្រាលកូនចំនួន ៩ ៧៤៦ នាក់។

ជាមួយនឹងលទ្ធផលខាងលើ, មន្ទីរពេទ្យគន្ធបុប្ផាបានចំណាយថវិកាសរុបចំនួនជាង ២១,៧៩ លានដុល្លារអាម៉េរិក ក្នុងផ្តល់សេវាពិនិត្យ និងព្យាលជំងឺទារក និងកុមារ ព្រមទាំងសេវាសម្ភពជូនស្ត្រីមានផ្ទៃពោះ ដោយឥតគិតថ្លៃ និងប្រកបដោយគុណភាព។

លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាអនុប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានវាយតម្លៃខ្ពស់លើវឌ្ឍនភាពការងារ របស់អង្គភាពប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា និងលទ្ធផលការងាររបស់មន្ទីរពេទ្យគន្ធបុប្ផា។

សាស្ត្រាចារ្យក៏បានណែនាំគណៈគ្រប់គ្រងមន្ទីរពេទ្យគន្ធបុប្ផា ឱ្យបន្តរក្សាកម្រិតគុណភាពសេវាពិនិត្យ និងព្យាបាល ព្រមទាំងបាលផ្ដល់ការគាំទ្រផងដែរ លើការគិតគូរទាំងអំពីយន្តការអភិបាលកិច្ចរបស់មន្ទីរពេទ្យគន្ធបុប្ផា និងយន្តការគាំទ្រហិរញ្ញវត្ថុ រវាងមូលនិធិគន្ធបុប្ផាកម្ពុជា និងមូលនិធិគន្ធបុប្ផាស្វីស ក្នុងរយៈពេលមធ្យម និងវែងខាងមុខ៕