* លោក អ៊ុំ សំអាន ព្រមបញ្ជូនតំណាងរបស់ខ្លួនមកកម្ពុជា ដើម្បីផ្ទៀងផ្ទាត់ដីនៅចន្លោះបង្គោលព្រំដែនលេខ៥២ ដល់៥៩ ក្នុងខេត្តបាត់ដំបង
* រយៈពេល២ខែ មន្ត្រីឧទ្យានុរក្ស បង្ក្រាបបទល្មើសធនធានធម្មជាតិ បាន៥០ករណី នៅក្នុងឧទ្យានជាតិគិរីរម្យ
* ការស្រាវជ្រាវរបស់ Reuters រកឃើញថា «ព្យុះកម្ដៅ» កំពុងឆាបឆេះផែនដី ខណៈរលកកម្ដៅយក្សធំបំផុតក្នុងប្រវត្តិសាស្ត្របានគ្របដណ្តប់ ៨៥% នៃពិភពលោក
* ភាគីកម្ពុជា ពន្យល់គណៈកម្មាធិការផ្សះផ្សា៖ បញ្ហាដីគោក និងសមុទ្រ ជារឿងពីរដាច់ដោយឡែកពីគ្នាអស់ ២៥ឆ្នាំមកហើយ ដោយថៃមិនអាចយកលេសផ្អាកព្រំដែនគោក មកភ្ជាប់ចំណងរារាំងកិច្ចការព្រំដែនសមុទ្រឡើយ
* អគ្គនាយករងក្រសួងរ៉ែ និងថាមពល ដែលបាញ់ចំកូនខ្លួនឯង ត្រូវតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ
* ប្រមុខការទូតកម្ពុជា ពន្យល់ពីសារៈសំខាន់នៃការដំឡើងកម្រិតការទូតកម្ពុជា-ថៃ ពីត្រឹម «លេខាធិការទី២» មកកម្រិត «អនុប្រធានបេសកកម្ម» ដើម្បីដោះស្រាយវិវាទតាមផ្លូវការទូត មិនមែនផ្លូវយោធា
* ប្រមុខការទូតកម្ពុជា៖ កម្ពុជា មិនបាច់ដើរតួរងគ្រោះទេ ព្រោះកម្ពុជា បានទទួលរងគ្រោះរួចទៅហើយ, កម្ពុជា នៅតែបន្តលាតត្រដាងការពិតទៅកាន់ឆាកអន្តរជាតិ
* ប្រមុខការទូតកម្ពុជា៖ សំណើ៤ចំណុច របស់កម្ពុជា ត្រូវបានគណៈកម្មាធិការផ្សះផ្សា ឯកភាពបញ្ចូលក្នុងកញ្ចប់វិធានការកសាងទំនុកចិត្ត ដើម្បីដោះស្រាយវិវាទព្រំដែនសមុទ្រជាមួយថៃ
* អគ្គនាយក Fresh News និងគណៈប្រតិភូមកពីបណ្តាប្រទេសផ្សេងៗអញ្ជើញទស្សនាទីក្រុង Krasnoyarsk ប្រទេសរុស្ស៊ី ដែលបង្ហាញពីវប្បធម៌ និងបេតិកភណ្ឌតំបន់ស៊ីបេរី !
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតរដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៉ី ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* អគ្គនាយកដ្ឋានពន្ធដារ រំលឹកការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៦ ដែលនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខនេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសំណេះសំណាលប្រកបដោយសេចក្ដីអាណិតស្រលាញ់ និងកក់ក្តៅ ជាមួយកុមារកំព្រារ និងសិស្សានុសិស្សនៃវិទ្យាល័យអប់រំពិសេសនៅរាជធានីភ្នំពេញ
* ឥណ្ឌូណេស៊ី ដាក់ពង្រាយកងកម្លាំងសន្តិសុខជាង ៩០០០នាក់ ដើម្បីត្រៀមទប់ទល់បាតុកម្ម ក្នុងឱកាសខួបកាន់អំណាច២ឆ្នាំ របស់ប្រធានាធិបតី Prabowo
* ក្រសួងសេដ្ឋកិច្ច ប្រកាសព្យួរទុកការអនុវត្តអាករលើតម្លៃបន្ថែមចំពោះសេវាសាកយានយន្តអគ្គិសនី រហូតដល់ដំណាច់ឆ្នាំ២០២៨
* កូរ៉េខាងត្បូងប្ដេជ្ញាឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ក្រោយកូរ៉េខាងជើងគំរាមដាក់ចេញវិធានការថ្មីតាមបណ្ដោយព្រំដែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

វិភាគអន្តរជាតិ៖ ហោប៉ៅរបបដឹកនាំលោក គីម ជុងអ៊ុន ប៉ោងធំជាងមុន

13-08-2026 20:27

(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ត្រូវបានគេរាយការណ៍ថាមានលុយក្នុងហោប៉ៅច្រើនជាងពេលណាៗទាំងអស់ អំឡុងការកាន់អំណាចអស់រយៈពេលជាង១៥ឆ្នាំមកនេះ។ បើតាមការវិភាគរបស់ Bloomberg Economics ដោយផ្អែកតួលេខពាណិជ្ជកម្ម និងព័ត៌មានស៊ើបការណ៍សម្ងាត់ ព្រមទាំងការសិក្សាស្រាវជ្រាវអំពីប្រភពចំណូលសំខាន់ៗ របបដឹកនាំលោក គីម ជុងអ៊ុន រកចំណូលបានប្រហែល ២២ពាន់លានដុល្លារពីបរទេសចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៥។

នេះជាចំណូលដ៏ច្រើនសន្ធឹកសន្ធាប់មួយដែលកូរ៉េខាងជើងចាប់ផ្ដើមរកបានភ្លាមៗ បន្ទាប់ពីសហរដ្ឋអាមេរិកបានបញ្ចុះបញ្ចូលឱ្យចិន និងរុស្ស៉ីចូលរួមក្នុងការអនុវត្តការដាក់ទណ្ឌកម្ម​ UN ក្នុងគោលបំណងកាត់ផ្ដាច់ប្រភពចំណូលកុំឱ្យលោក គីម យកទៅចំណាយលើការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរ និងអាវុធ។ ប៉ុន្តែចាប់តាំងពីទណ្ឌកម្ម និងការរឹតត្បិតត្រូវបានដាក់ចេញ លោក គីម នៅតែអាចបន្តពង្រឹង និងអភិវឌ្ឍកម្មវិធីអាវុធ និងនុយក្លេអ៊ែរកាន់តែទំនើបខ្លាំងឡើង នៅក្រោមការជំរុញទំនាក់ទំនងជាមួយប្រទេសជាដៃគូសំខាន់ៗ និងបង្កើនប្រភពចំណូលរបស់លោក។ លោក គីម កំពុងដឹកនាំកូរ៉េខាងជើងដោយមិនពឹងផ្អែកខ្លាំងលើជំនួយពីបរទេស ដូចកាលពីជំនាន់ជីតា និងឪពុករបស់លោកនោះឡើយ។ អគារខ្ពស់ៗក្នុងទីក្រុងព្យុងយ៉ាងចាប់ផ្ដើមលេចចេញរូបរាងជាហូរហែរ ហើយនៅលើដងផ្លូវដែលធ្លាប់តែស្ងប់ស្ងាត់ ចាប់ផ្ដើមមានវត្តមានរថយន្តផលិតដោយចិនជាលក្ខណៈឯកជន រីឯលោក គីមបានសម្ញែងអាវុធទំនើបៗ ក្នុងនោះរួមទាំងនាវាចម្បាំងទំនើប ២គ្រឿង។

លោក Andrei Lankov ជាអ្នកជំនាញខាងសិក្សាពីកូរ៉េ និងជានាយកស្ថាប័ន Korea Risk Group បាននិយាយថាកូរ៉េខាងជើងកំពុងស្ថិតក្នុងគោលជំហរឹងមាំខ្លាំង ជាងពេលណាៗទាំងអស់ ក្នុងរយៈពេល៣៥ឆ្នាំចុងក្រោយនេះ។ លោកបន្ថែមថាចំណូលដែលបានមកពីការលក់អាវុធឱ្យរុស្ស៉ី ប្រៀបដូចជាកូរ៉េខាងជើងត្រូវឆ្នោតមហាសំណាង​ ខណៈការគាំទ្រជាថ្មីរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ប្រៀបបានទៅនឹងប្រាក់សោធនិវត្តន៍មិនចេះរីងស្ងួត។

ជាការពិតណាស់ កូរ៉េខាងជើងមិនបានបញ្ចេញរបាយការណ៍សេដ្ឋកិច្ចផ្លូវការនោះទេ ហើយគួបផ្សំការធ្វើពាណិជ្ជកម្មរបស់កូរ៉េខាងជើងជាមួយប្រទេសជាដៃគូ ត្រូវធ្វើឡើងជាសម្ងាត់ វាមានន័យថាចំណូល ២២ពាន់លានដុល្លារ ដែលរបបដឹកនាំលោក គីម រកបាន គឺជាការប៉ាន់ស្មានមួយប៉ុណ្ណោះ។ ដំណើរការនៃការធ្វើពាណិជ្ជកម្មអន្តរជាតិរបស់កូរ៉េខាងជើងមិនអាចទូទាត់តាមប្រព័ន្ធធនាគារអន្តរជាតិនោះទេដ្បិតដោយសារជាប់ទណ្ឌកម្ម UN។ ម្យ៉ាងការទូទាត់ខ្លះមិនត្រូវបានធ្វើឡើងជាលុយសុទ្ធនោះទេ តែជាការដោះដូរទៅនឹងទំនិញផ្សេងៗ និងការផ្ទេរបច្ចេកវិទ្យា។

តែទោះបីត្រឹមតែជាការប៉ាន់ស្មានក៏ដោយ វាបានបង្ហាញយ៉ាងច្បាស់ហើយថាទណ្ឌកម្មមិនអាចខ្ទប់ដង្ហើមរបបដឹកនាំលោក គីម បាននោះទេ។ ផ្ទុយទៅវិញ កូរ៉េខាងជើងថែមទាំងអាចបង្កើនប្រភពចំណូលរបស់ខ្លួនពីការក្លែងបន្លំរូបិយបណ្ណ និងការរត់ពន្ធត្រឹមថ្នាំជក់ ទៅជាការធ្វើពាណិជ្ជកម្មដែលអាចរកចំណូលបានកាន់តែជាច្រើនជាងមុន។ កំណើនសេដ្ឋកិច្ចរបស់លោក គីមជារឿងដ៏ភ្ញាក់ផ្អើលមួយ។ កាលពីជាង ៧ឆ្នាំមុន លោក គីម បានចាកចេញពីកិច្ចប្រជុំកំពូលក្នុងទីក្រុងហាណូយ ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទាំងបាតដៃទទេរ បន្ទាប់ពីបរាជ័យមិនអាចស្វែងរកបានកិច្ចព្រមព្រៀងមួយដើម្បីបន្ធូរបន្ថយទណ្ឌកម្ម UN​ ជាថ្នូរទៅនឹងការធ្វើសម្បទានពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែររបស់លោក។ ប៉ុន្មានឆ្នាំក្រោយមកទៀត កូរ៉េខាងជើងបានជួបរឿងជូរចត់ជាបន្តបន្ទាប់។ ការធ្លាក់ចុះយ៉ាងគំហុកនៃការប្រមូលផលដំណាំ បានបង្កទៅជាវិបត្តិគ្រោះទុរភិក្សនៅក្នុងស្រុក ខណៈការបិទខ្ទប់ព្រំដែនដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ១៩ បានកាត់ផ្ដាច់ស្ទើរតែទាំងស្រុងការធ្វើពាណិជ្ជម្មជាមួយចិន និងធ្វើឱ្យរបបដឹកនាំលោក គីម កាន់តែឯកោ។ អំឡុងថ្លែងសុន្ទរកថាមួយក្នុងឆ្នាំ២០២០ មេដឹកនាំកូរ៉េខាងជើងរូបនេះបានសម្រក់ទឹកភ្នែក និងបានធ្វើការសូមទោសដ៏កម្រមួយទៅកាន់ប្រជាជនកូរ៉េខាងជើង ចំពោះបរាជ័យក្នុងដោះស្រាយបញ្ហាសេដ្ឋកិច្ច។

ក៏ប៉ុន្តែអ្វីៗប្រែទៅជាល្អប្រសើរឡើងបន្តិចម្ដងៗក្នុងឆ្នាំ២០២២ ជាពេលដែលលោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន បញ្ជាឱ្យកងទ័ពរុស្ស៉ីវាយឈ្លានពានចូលអ៊ុយក្រែនដែលនេះបានហុចឱកាសដ៏ធំមួយឱ្យលោក គីម។ ខណៈប្រឈមនឹងការខ្វះខាតគ្រាប់កាំភ្លើងធំ រុស្ស៉ីបានងាកទៅរកទីក្រុងព្យុងយ៉ាងដើម្បីទិញគ្រាប់កាំភ្លើងធំ។ ភ្លាមៗនោះស្ដុកគ្រាប់កាំភ្លើងធំរបស់កូរ៉េខាងជើងបានក្លាយជាប្រភពចំណូលដ៏មានតម្លៃមួយដែលលោក គីម អាចប្រែក្លាយវាទៅជាលុយសុទ្ធ ការដោះដូរជាមួយស្បៀងអាហារ និងការផ្ទេរបច្ចេកវិទ្យាយោធាទំនើបៗ មួយចំនួនពីរុស្ស៉ី។ គិតត្រឹមចុងឆ្នាំ២០២៥ កូរ៉េខាងជើងបានផ្គត់ផ្គង់ ៥០ភាគរយនៃតម្រូវការរបស់រុស្ស៉ីលើគ្រាប់កាំភ្លើងធំប្រភេទ ១២២មីលីម៉ែត្រ និង១៥២មីលីម៉ែត្រ។ នេះបើតាមការវាយតម្លៃរបស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អ៊ុយក្រែន។ មិនតែប៉ុណ្ណោះ ការវាយតម្លៃរបស់កូរ៉េខាងត្បូង និងមជ្ឈមណ្ឌលសម្រាប់យុទ្ធសាស្ត្រ និងការសិក្សាអន្តរជាតិ មានមូលដ្ឋានក្នុងទីក្រុងវ៉ាស៊ីនតោនបានឱ្យដឹងថាក្រៅតែពីការផ្គត់ផ្គង់អាវុធ កូរ៉េខាងជើងក៏បានបញ្ជូនទាហានចន្លោះពី ១៦០០០ ដល់២២០០០នាក់ ទៅជួយជាកម្លាំងដល់កងទ័ពរុស្ស៉ីផងដែរ ជាថ្នូរទៅនឹងប្រាក់ខែ ២០០០ដុល្លារក្នុងទាហានម្នាក់។

ទាហានកូរ៉េខាងជើងរាប់ពាន់នាក់ត្រូវបានសម្លាប់នៅឯសមរភូមិក្នុងសង្រ្គាមអ៊ុយក្រែន ក្នុងនោះរួមទាំងទាហានជាច្រើនដែលសុខចិត្តសម្លាប់ខ្លួនឯងជំនួសឱ្យការក្លាយជាឈ្លើយសឹក។ កូរ៉េខាងជើងត្រូវបានរាយការណ៍ថានឹងទទួលបានប្រាក់បន្ថែមពីរុស្ស៉ីសម្រាប់ទាហានរបស់ខ្លួនម្នាក់ដែលបានស្លាប់។ «កិច្ចសហប្រតិបត្តិការយោធារវាងកូរ៉េខាងជើង និងរុស្ស៉ី មិនមែនត្រឹមតែជាបញ្ហាការទូត ឬសន្តិសុខទៀតនោះទេ តែវាបានក្លាយជាប្រភពចំណូលដ៏សំខាន់ដែលគាំទ្រដល់សេដ្ឋកិច្ចកូរ៉េខាងជើង»។ នេះជាការគូសបញ្ជាក់របស់លោក Kang Daesik ជាអ្នកតំណាងរាស្ត្រកូរ៉េខាងត្បូងម្នាក់ជាសមាជិកគណៈកម្មាធិការកិច្ចការការពារជាតិ និងដែលទទួលបានការសង្ខេបពីចារកម្មកូរ៉េខាងត្បូងជុំវិញការចូលរួមរបស់កូរ៉េខាងជើង ក្នុងសង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន។

ធនាគារកណ្ដាលកូរ៉េខាងត្បូងកាលពីខែកក្កដាកន្លងទៅ បានវាយតម្លៃថាសេដ្ឋកិច្ចរបស់កូរ៉េខាងជើងមានកំណើន ៣,៥ភាគរយក្នុងឆ្នាំ២០២៥។ នេះជាការកំណើនសេដ្ឋកិច្ច៣ឆ្នាំជាប់ៗគ្នា បើទោះជាកំណើននេះស្ថិតក្នុងកម្រិតទាបជាងកាលពីឆ្នាំ២០២៤ក៏ដោយ។ ការកើនឡើងចំណូលរបស់របបលោក គីម ហាក់ចាប់ផ្ដើមផ្ដល់ផលប្រយោជន៍ទៅកាន់ប្រជាជនកូរ៉េខាងជើងរស់នៅតាមផ្នែកខ្លះនៃប្រទេស បើទោះកូរ៉េខាងជើងនៅតែជាប់ឈ្មោះជាប្រទេសក្រីក្របំផុតនៅលើពិភពលោកក៏ដោយ។

ការធ្វើពាណិជ្ជកម្មរបស់កូរ៉េខាងជើងជាមួយចិនបានកើនឡើងកាលពីខែមិថុនាកន្លងទៅ (ឆ្នាំ២០២៦) ដល់កម្រិតខ្ពស់បំផុតមួយចាប់តាំងពីព្យុងយ៉ាងជាប់ទណ្ឌកម្មមក។ កូរ៉េខាងជើងបាននាំចូលសម្ភារៈកីឡា និងសម្រាប់ការកម្សាន្តក្នុងទំហំទឹកប្រាក់ ១,២លានដុល្លារពីចិន។ បើតាមទិន្នន័យពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋ លំនៅដ្ឋានថ្មីៗបានលេចចេញជារូបរាងនៅទូទាំងប្រទេសជារៀងរាល់ខែ។ លោក Rowan Beard មកពីទីភ្នាក់ងារទេសចរណ៍ Young Pioneer Tours និងដែលបានធ្វើដំណើរកម្សាន្តទៅកាន់កូរ៉េខាងជើងជាច្រើនលើក ចាប់តាំងពីឆ្នាំ២០១២ និងថ្មីចុងក្រោយបំផុតកាលពីខែឧសភា ឆ្នាំ២០២៦ បានឱ្យដឹងថាប្រជាជនកូរ៉េខាងជើងក្នុងរដ្ឋធានីព្យុងយ៉ាង ឥលូវ មានលទ្ធភាពប្រើប្រាស់កម្មវិធីឌីជីថល នៅក្រោមការគ្រប់គ្រងរបស់រដ្ឋអំណាច ដើម្បិទិញចំណីអាហារ ឬកក់រថយន្ដតាក់ស៊ី ហើយការប្រើប្រាស់ទូរស័ព្ទស្មាតហ្វូនក៏មានការកើនឡើងផងដែរ។

«កូរ៉េខាងជើងមិនដែលមើលទៅមានភាពរឹងមាំដូចពេលនេះនោះទេ»។ នេះជាការយល់ឃើញរបស់លោកស្រី Joanna Hosaniak ជាអគ្គនាយករងនៃសម្ព័ន្ធដើម្បីសិទ្ធិមនុស្សកូរ៉េខាងជើងមានមូលដ្ឋានក្នុងទីក្រុងសេអ៊ូល និងដែលបានស្រាវជ្រាវពីកូរ៉េខាងជើងអស់រយៈពេល ២ទសវត្សរ៍មកហើយ។ លោកស្រីក៏បានកត់សម្គាល់ដែរពីការកើនឡើងវត្តមានកប៉ាល់ដឹកទំនិញនៅឯកំពង់ផែ Nampho ជាច្រកផ្លូវសមុទ្រដ៏សំខាន់មួយរបស់កូរ៉េខាងជើង។ តាមលោកស្រី Joanna Hosaniak សូម្បីតែក្នុងឆ្នាំ២០១៦ ដែលការនាំចេញធ្យូងថ្ម របស់កូរ៉េខាងជើងមានភាពមមារញឹក និងមានទំហំ ២២លានតោន ក៏គេមិនសង្កេតឃើញវត្តមានកប៉ាល់ក្នុងចំនួនដ៏ច្រើនដូចពេលឥលូវនេះនោះដែរ។

មេដឹកនាំកូរ៉េខាងជើងជាប្រពៃណីតែងតែផ្ដោតជាអាទិភាពលើការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ដែលនេះបានធ្វើឱ្យសមត្ថភាពអាវុធធម្មតាទូទៅផ្សេងទៀតនៅមានកម្រិត ហើយភាគច្រើនជាអាវុធប្រើបច្ចេកវិទ្យាសល់ពីសម័យសូវៀត។ តែប្រពៃណីបែបនេះក៏បានផ្លាស់ប្ដូរផងដែរ។ នៅក្រោមការដឹកនាំរបស់លោក គីម កូរ៉េខាងជើងថ្មីៗនេះបានបញ្ចេញនាវាពិឃាដមានទម្ងន់ ៥០០០តោន ចំនួន២គ្រឿង ហើយក្នុងចំណោមនាវាទាំង ២គ្រឿងនេះទៀតសោត មានមួយគ្រឿងត្រូវបានគេរាយការណ៍ថាមានបំពាក់ប្រព័ន្ធការពារដែនអាកាស Pantsir-M ផលិតដោយរុស្ស៉ីមានតម្លៃប្រហែល ២០លានដុល្លារ។

មន្ត្រីអាមេរិកម្នាក់ប្រាប់សារព័ត៌មាន Bloomberg ថាការផ្ទេរបច្ចេកវិទ្យាយោធាពីរុស្ស៉ីបានជួយឱ្យកូរ៉េខាងជើងកាត់បន្ថយរយៈពេលក្នុងការអភិវឌ្ឍអាវុធបានកាន់តែលឿនជាងមុន។ ដោយឡែក បើតាមលោក Vladyslav Vlasiuk ជាបេសកជនម្នាក់របស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី រុស្ស៉ី និងកូរ៉េខាងជើងក៏បានសហការគ្នាផងដែរ ក្នុងការផលិតដ្រូនប្រយុទ្ធ។ លើសពីនេះ មីស៊ីលបាលិស្ទីគរបស់កូរ៉េខាងជើងដែលរុស្ស៉ីប្រើនៅលើសមរភូមិ មិនមែនត្រឹមតែចម្លងតាមមីស៊ីលរុស្ស៉ី Iskander ប៉ុណ្ណោះទេ តែកូរ៉េខាងជើងកំពុងរៀនសូត្រ និងអភិវឌ្ឍសមត្ថភាពមីស៊ីលរបស់ខ្លួនឱ្យកាន់តែខ្លាំងពីការប្រើប្រាស់ជាក់ស្ដែងនៅលើសមរភូមិ។ ក្នុងន័យនេះវាអាចនឹងបើកឱកាសឱ្យលោក គីម ស្វែងរកប្រភពចំណូលបន្ថែមពីការលក់អាវុធទៅឱ្យអតិថិជនក្រៅពីរុស្ស៉ីនៅពេលអនាគត។

បើតាមក្រុមអ្នកជំនាញ កូរ៉េខាងជើងក្នុងពេលបច្ចុប្បន្ន លែងមើលឃើញពីភាពបន្ទាន់ដើម្បីបើកកិច្ចចរចាជាមួយសហរដ្ឋអាមេរិក ឬកូរ៉េខាងត្បូងទៀតនោះទេ ជាពិសេសនៅពេលជាប់ពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែរ។ ទីក្រុងព្យុងយ៉ាងបានបង្ហាញថាខ្លួនមានសមត្ថភាពរៀនរស់នៅក្រោមទណ្ឌកម្ម ហើយក្នុងបរិបទដែលច្បាប់ និងសណ្ដាប់ធ្នាប់អន្តរជាតិកំពុងចុះខ្សោយ កូរ៉េខាងជើងបានរកឃើញសមមិត្តដូចជារុស្ស៉ីដែលអាចជួយពួកគេទប់ទល់នឹងសម្ពាធពីអន្តរជាតិ៕