វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ នាំជំនាញកសិកម្មទៅដល់សហគមន៍ជួយប្រជាពលរដ្ឋជិត៧០០នាក់ បង្កើតមុខរបរ
14-08-2026 10:37
(សៀមរាប)៖ វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ បានចូលរួមអនុវត្តការអន្តរាគមន៍ពិសេសរបស់រាជរដ្ឋាភិបាល តាមរយៈការចុះបណ្តុះបណ្តាលជំនាញកសិកម្មនៅតាមសហគមន៍ ដល់គ្រួសារ និងបងប្អូនរបស់អតីតពលករដែលបានត្រឡប់មកពីប្រទេសថៃវិញ ដោយជួយប្រជាពលរដ្ឋចំនួ ៦៦០នាក់បង្កើតមុខរបរ និងបង្កើនប្រាក់ចំណូល។
តាមរបាយការណ៍របស់វិទ្យាស្ថាន ការបណ្តុះបណ្តាលត្រូវបានផ្តោតលើជំនាញកសិកម្មដែលអាចអនុវត្តបាននៅតាមគ្រួសារ និងសហគមន៍ ដោយរួមមាន ការចិញ្ចឹមមាន់ ការដាំដំណាំបន្លែ និងការចិញ្ចឹមជ្រូក។ ក្នុងនោះ វគ្គបណ្តុះបណ្តាលស្តីពី ការចិញ្ចឹមមាន់ មានសិក្ខាកាមសរុប ៥០៣នាក់ ក្នុងនោះស្ត្រី ៤២៧នាក់ ខណៈវគ្គ ដំណាំបន្លែ មានសិក្ខាកាម ១០៦នាក់ ក្នុងនោះស្ត្រី ៨០នាក់។ ចំពោះវគ្គ ការចិញ្ចឹមជ្រូក របាយការណ៍បានបញ្ជាក់ថា មានសិក្ខាកាមចូលរួម ៥១នាក់ ក្នុងនោះស្ត្រី ៤៣នាក់។
ការចុះបណ្តុះបណ្តាលជំនាញនៅតាមសហគមន៍នេះ មានសារៈសំខាន់ក្នុងការផ្តល់ចំណេះដឹង និងជំនាញជាក់ស្តែងដល់ប្រជាពលរដ្ឋ ជាពិសេសគ្រួសារ ដែលមានសមាជិកជាអតីតពលករត្រឡប់មកពីប្រទេសថៃ ដើម្បីអាចយកចំណេះដឹងទៅអនុវត្តក្នុងការផលិតកសិកម្មនៅក្នុងមូលដ្ឋាន និងបង្កើតជាមុខរបរប្រចាំគ្រួសារ។
ជាមួយគ្នានេះ ការបណ្តុះបណ្តាលជំនាញកសិកម្ម តាមសហគមន៍ ក៏ជាផ្នែកមួយនៃការពង្រឹងសមត្ថភាពប្រជាពលរដ្ឋឱ្យអាចប្រើប្រាស់ធនធានដែលមានស្រាប់នៅក្នុងមូលដ្ឋាន ដើម្បីបង្កើនផលិតភាព និងបង្កើតប្រភពចំណូលបន្ថែម ជំនួសឱ្យការពឹងផ្អែកតែលើការងារនៅក្រៅប្រទេស។
ការចូលរួមរបស់ វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ក្នុងការនាំយកការបណ្តុះបណ្តាលទៅដល់មូលដ្ឋាន និងសហគមន៍ បានបង្ហាញពីការបត់បែននៃការអប់រំបច្ចេកទេស និងវិជ្ជាជីវៈ ដោយមិនត្រឹមតែផ្តល់ការបណ្តុះបណ្តាលនៅក្នុងទីតាំងវិទ្យាស្ថានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំជំនាញទៅដល់ប្រជាពលរដ្ឋ ដែលត្រូវការជំនាញសម្រាប់ប្រកបមុខរបរនៅក្នុងមូលដ្ឋានផងដែរ៕












