ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អំពាវនាវដល់សាធារណជន បង្កើនការប្រុងប្រយ័ត្នខ្ពស់ ពីការឆបោកក្រោមរូបភាព «មើលវីដេអូដើម្បីទទួលបានប្រាក់» (Video inside)

14-08-2026 11:50

(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦នេះ បានចេញសេចក្តីជូនដំណឹងបន្ទាន់មួយ ដើម្បីអំពាវនាវដល់សាធារណជនទាំងអស់ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះការផ្សព្វផ្សាយតាមបណ្តាញសង្គមនានា ដែលអះអាងថា អាចទទួលបានប្រាក់ដោយគ្រាន់តែមើលវីដេអូ ឬបំពេញតាមការណែនាំ។

យោងតាមសេចក្តីជូនដំណឹង ជនខិលខូចបានប្រើប្រាស់ការផ្សព្វផ្សាយទាំងនេះ ដើម្បីទាក់ទាញអ្នកប្រើប្រាស់ឱ្យចុចលើតំណភ្ជាប់ ចូលរួមក្រុម ទាក់ទងទៅគណនីណាមួយ ឬអនុវត្តតាមការណែនាំផ្សេងៗ ដោយតម្រូវឱ្យបញ្ចូលព័ត៌មានគណនីធនាគារ។ បន្ទាប់មក ជនខិលខូចនឹងណែនាំឱ្យជនរងគ្រោះទាញយក ឬដំឡើងកម្មវិធីមេរោគ (Malware) ដែលអាចមានសិទ្ធិគ្រប់គ្រងមុខងារមួយចំនួននៅលើទូរសព្ទ ឬកុំព្យូទ័ររបស់អ្នកប្រើប្រាស់។

កម្មវិធីមេរោគទាំងនេះ អាចលួចព័ត៌មានផ្ទាល់ខ្លួន ព័ត៌មានគណនីធនាគារ លេខកូដ OTP លេខសម្ងាត់ (PIN) និងពាក្យសម្ងាត់ (Password)។ ជនខិលខូចអាចប្រើប្រាស់ព័ត៌មាន ឬសិទ្ធិទាំងនោះ ដើម្បីលួចប្រាក់ ឬធ្វើប្រតិបត្តិការហិរញ្ញវត្ថុដោយគ្មានការអនុញ្ញាតពីម្ចាស់គណនី ដែលបណ្តាលឱ្យជនរងគ្រោះ បាត់បង់ប្រាក់ដោយមិនដឹងខ្លួន។

ដើម្បីការពារខ្លួនពីហានិភ័យនេះ ក្រសួងបានណែនាំឱ្យសាធារណជនមានការប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយនៅលើបណ្តាញសង្គម ត្រូវអាន និងពិនិត្យសិទ្ធិដែលកម្មវិធីស្នើសុំ ឱ្យបានច្បាស់លាស់មុនពេលចុច «យល់ព្រម» «អនុញ្ញាត»។ លើសពីនេះ មិនត្រូវចុចលើតំណភ្ជាប់ ឬទាញយក និងដំឡើងកម្មវិធីពីប្រភពមិនច្បាស់លាស់ កុំភ្ជាប់គណនីធនាគារជាមួយកម្មវិធីដែលមិនគួរឱ្យទុកចិត្ត និងកុំផ្តល់ព័ត៌មានសម្ងាត់ដូចជា PIN, OTP ឬ Password តាមការស្នើសុំរបស់កម្មវិធី ឬជនមិនស្គាល់។

ក្នុងករណីដែលលោកអ្នកបានទាញយក ឬដំឡើងកម្មវិធីគួរឱ្យសង្ស័យ ក្រសួងបានណែនាំឱ្យទាក់ទងធនាគារភ្លាមៗដើម្បីបិទ ឬបង្កកគណនី រាយការណ៍ទៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា លុបកម្មវិធីចេញពីឧបករណ៍ភ្លាមៗ និងរក្សាទុកភស្តុតាងទាំងអស់។

សេចក្តីជូនដំណឹងនេះ មានគោលបំណងជំរុញឱ្យសាធារណជនបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងចៀសវាងការអនុវត្តតាមការណែនាំ ឬការទាញយកកម្មវិធីពីប្រភពដែលមិនអាចផ្ទៀងផ្ទាត់បាន៕