ព្រះមហាក្សត្រ សព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានថវិកា ១០ម៉ឺនដុល្លារ ជូនកាកបាទក្រហមកម្ពុជា (Video inside)
14-08-2026 12:16
(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យប្រោសព្រះរាជទាន លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចូលក្រាបថ្វាយបង្គំគាល់ និងទទួល ព្រះរាជទ្រព្យ ដែលជាព្រះរាជូបត្ថម្ភដ៏ថ្លៃថ្លារបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅព្រះមហាប្រាសាទខេមរិន្ទ ព្រះបរមរាជវាំង ព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦។ នាឱកាសនោះសម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានយាងចូលរួមដង្ហែថ្វាយក្នុង ព្រះរាជសកម្មភាពដ៏ឧត្តុងឧត្តមនេះផងដែរ។
ក្នុងឱកាសដ៏ល្អប្រសើរនោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានថ្វាយកន្ត្រកផ្កាដ៏ស្រស់ល្អ ជានិមិត្តរូបនៃមនោសញ្ចេតនាគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ និងការចម្រើននូវសិរីសួស្តីជ័យមង្គល ព្រះបរមសុខ ព្រះជន្មវស្សា យឺនយូរ ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ ក្នុងថ្ងៃដ៏វិសេសវិសាលនេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណា ចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យដ៏ឧត្តុង្គ ឧត្តមថ្លៃថ្លាបំផុត ចំនួន ១០០.០០០$ (មួយរយពាន់ដុល្លារសហរដ្ឋអាម៉េរិក) ដែលជាព្រះរាជទ្រព្យផ្ទាល់របស់ព្រះអង្គ ដែលបានមកពីការសន្សែសន្សំអស់រយៈពេលជាង ៤០ឆ្នាំ កន្លងមក ដោយចាប់តាំងព្រះអង្គបានបំពេញព្រះរាជតួនាទី ដ៏ថ្លៃថ្លា ជាគ្រូបង្ហាត់សិល្បៈ ជាឯកអគ្គរាជទូតកម្ពុជាប្រចាំអង្គការយូណេស្កូនៅសាធារណរដ្ឋបារាំង និងអំឡុងពេល ព្រះអង្គគង់ប្រថាប់ ក្នុងព្រះបរមសិរីរាជ្យសម្បត្តិជា ព្រះមហាក្សត្រ រហូតដល់បច្ចុប្បន្ន។
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទានព្រះរាជទ្រព្យចំនួន ១០០.០០០$ (មួយរយពាន់ដុល្លារសហរដ្ឋអាម៉េរិក) នេះ ប្រទានដល់ កាកបាទក្រហមកម្ពុជា ដែលទទួលដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទ ក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្រាប់ជាព្រះរាជូបត្ថម្ភដ៏ឧត្តុង្គឧត្តមដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា។
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យមានព្រះរាជឱង្ការអំពីប្រវត្តិនៃព្រះរាជទ្រព្យដ៏ឧត្តុងឧត្តមបំផុតនេះ ជាព្រះរាជទ្រព្យដែលព្រះអង្គសព្វព្រះរាជហឬទ័យទុកដាក់បំផុត ចាប់តាំងពីព្រះអង្គ ជាគ្រូបង្ហាត់សិល្បៈ ជាឯកអគ្គរាជ ទូតកម្ពុជាប្រចាំអង្គការយូណេស្កូនៅសាធារណរដ្ឋបារាំង និងចាប់តាំងពី ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គគង់ប្រថាប់ក្នុងព្រះបរម សិរីរាជសម្បត្តិ។ ក្នុងរយៈពេលជាង២២ព្រះវស្សា ដែលព្រះអង្គគង់ប្រថាប់ជា ព្រះមហាក្សត្រ ដោយមានការយកចិត្ត ទុកដាក់ខ្ពស់បំផុតពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា មានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងបន្តរហូតដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ហេតុនេះហើយ ទើបព្រះអង្គសព្វព្រះរាជហឬទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យដែលព្រះអង្គ បានសន្សែសន្សំរហូតមកដល់រយៈពេល ៤០ឆ្នាំមកនេះ ប្រទានដល់កាកបាទក្រហមកម្ពុជា ដើម្បីកាកបាទក្រហមកម្ពុជា បានយកទៅប្រើប្រាស់ ដើម្បីបម្រើឲ្យសេចក្តីត្រូវការរបស់ប្រជារាស្ត្រ ជាបងប្អូន កូនចៅរបស់ព្រះអង្គ។
ក្នុងឱកាសដ៏វិសេសវិសាលនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទ ក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមថ្លែង អំណរព្រះរាជគុណដ៏ខ្ពង់ខ្ពស់ជាទីបំផុត ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ បំផុត ព្រះអង្គបានបំពេញព្រះរាជកិច្ចប្រកបដោយព្រះព្រហ្មវិហារធម៌ ប្រោសព្រះរាជទានព្រះរាជទ្រព្យជួយគាំទ្រយ៉ាង ខ្ជាប់ខ្ជួនដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាគ្រប់ពេលវេលា។ ជាពិសេសព្រះអង្គតែងតែបានប្រោស ព្រះរាជទានព្រះរាជទ្រព្យ ជារៀងរាល់ខែ ដល់កាកបាទក្រហមកម្ពុជា ដែលជាព្រះរាជូបត្ថម្ភដ៏ថ្លៃថ្លាសម្រាប់ទ្រទ្រង់ សកម្មភាពមនុស្សធម៌ ជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ នៅទូទាំងព្រះរាជាណាចក្រ កម្ពុជា។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានទូលថ្វាយ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ថានឹងនាំយកព្រះរាជទ្រព្យ ដែលជាព្រះរាជហឬទ័យដ៏ ប្រសើរថ្លៃថ្លារបស់ព្រះអង្គ ដែលបានមកពីការសន្សែសន្សំ ក្នុងរយៈពេល៤០ឆ្នាំមកនេះ ចាប់តាំងពីព្រះអង្គជា គ្រូបង្ហាត់ សិល្បៈ ជាឯកអគ្គរាជទូតកម្ពុជាប្រចាំអង្គការយូណេស្កូនៅសាធារណរដ្ឋបារាំង និងការគង់ប្រថាប់ជា ព្រះមហាក្សត្រ ទៅជួយប្រជារាស្រ្ត ជាជនភៀសសឹក ជាអតីតយុទ្ធជន និងប្រជារាស្ត្រងាយរងគ្រោះបំផុត ដែលត្រូវការជំនួយជាចាំបាច់។
ក្នុងឱកាសដ៏វិសេសវិសាលនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិនានាក្នុងលោក ទេវតារក្សាព្រះមហាស្វេតច្ឆត្រ ព្រះបារមីនៃ ព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ-ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេស ព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះមេត្តាប្រោសព្រះរាជទានព្រះពរជ័យ បវរមហា ប្រសើរថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះរាជសុខភាព ល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា និងមានព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ជាមហាម្លប់ដ៏ ត្រជាក់ដល់ប្រជារាស្ត្រ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ជាកូន ចៅ ចៅទួត របស់ព្រះអង្គជ្រកកោនតរៀងទៅ៕











