មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍បើកសិក្ខាសាលាស្តីពី «ការពង្រឹងគុណភាព និងសង្គតិភាពទិន្នន័យទេសចរណ៍» នៅខេត្តស្វាយរៀង
14-08-2026 15:58
(ស្វាយរៀង)៖ លោក នាង ម៉ៅ រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំបើក «សិក្ខាសាលាស្តីពីការពង្រឹងគុណភាព និងសង្គតិភាពទិន្នន័យទេសចរណ៍» (Workshop on Tourism Data Quality and Consistency) នៅខេត្តស្វាយរៀង។
សិក្ខាសាលានេះ បានរៀបចំឡើងនៅសាលប្រជុំសណ្ឋាគារទន្លេវៃគោ ក្រុងស្វាយរៀង មានការចូលរួមពីលោក សេង សិលា អភិបាលរងខេត្ត តំណាងលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងថ្នាក់ដឹកនាំក្រសួង ទេសចរណ៍, លោក លោកស្រី អភិបាលរងខេត្តចំនួន២៥ រាជធានី-ខេត្ត ទទួលបន្ទុកវិស័យទេសចរណ៍, លោក លោកស្រី តំណាងក្រសួង-ស្ថាប័ន, លោក វ៉ាន់ សារ៉ាត់ ប្រធានមន្ទីរទេសចរណ៍ខេត្តស្វាយរៀង, តំណាងមន្ទីរអង្គភាពជុំវិញខេត្តស្វាយរៀង, តំណាងសមាគមទេសចរណ៍, វិស័យឯកជន ក្មួយៗ សិស្សនិស្សិតជាច្រើននាក់ផងដែរ។
លោក សេង សិលា អភិបាលរងខេត្ត បានថ្លែងថា ការគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ក្នុងខេត្តមានអាជីវកម្មទេសចរណ៍ជាច្រើនប្រភេទកំពុងបើកដំណើរការជាធម្មតារួមមាន៖ អាជីវកម្មសណ្ឋាគារ ផ្ទះសំណាក់ មាន១៣៧កន្លែង, ភោជនីយដ្ឋាន អាហារដ្ឋាន មាន១៣១កន្លែង, សេវាកម្មម៉ាស្សា ស្ប៉ា កីឡាទេសចរណ៍ និងអាជីវកម្មសេវាកម្មកម្សាន្តទេសចរណ៍មនុស្សពេញវ័យ (រង្គសាល ឌីស្កូតែក ខារ៉ាអូខេ ក្លឹបកម្សាន្ត) មានចំនួន ១០៩កន្លែង ដែលសរុបទាំងអស់មានចំនួន ៣៧៧កន្លែង មានបុគ្គលិកបម្រើការសរុប ៣.៦៣៩នាក់ ស្រី២.១៥៨នាក់។ ក្នុងនោះបុគ្គលិកបម្រើការសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងអាជីវកម្មសេវាកម្សាន្តទេសចរណ៍មនុស្សពេញវ័យចំនួន ៩០៦នាក់ ស្រី ៦៣៥នាក់ ផងដែរ។
អភិបាលរងខេត្តបានបន្ថែមថា ក្នុងនាមរដ្ឋបាលខេត្ត សូមគាំទ្រយ៉ាងពេញទំហឹងចំពោះក្រសួងទេសចរណ៍ ដែលបានរៀបចំសិក្ខាសាលានេះឡើងដោយផ្តោតលើគោលបំណងលើកកម្ពស់សមត្ថភាពមន្ត្រីជំនាញស្ថិតិថ្នាក់ក្រោមជាតិ ទូទាំង២៥រាជធានី-ខេត្ត លើការងារប្រមូល រៀបចំ និងចងក្រងទិន្នន័យ និងគម្រោងបង្កើតប្រព័ន្ធមូលទិន្នន័យទេសចរណ៍ឌីជីថល (Tourism Digital Database) ឱ្យមានប្រសិទ្ធភាព គុណភាព និងទាន់ពេលវេលា។ ទន្ទឹមនេះ រដ្ឋបាលខេត្តស្វាយរៀង នឹងផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងទេសចរណ៍ និងបណ្តារដ្ឋបាលរាជធានី-ខេត្តទាំងអស់ ក្នុងការគាំទ្រដល់ការអនុវត្តការងារនេះ ដែលនឹងរួមចំណែកយ៉ាងសំខាន់ដល់ភាពជោគជ័យ ក្រោយសិក្ខាសាលានេះ ជាពិសេសការកសាងប្រព័ន្ធប្រមូលទិន្នន័យទេសចរណ៍ឌីជីថលរបស់យើងប្រកបដោយនវានុវត្តន៍។
ក្នុងឱកាសនោះ លោក នាង ម៉ៅ បានថ្លែងថា សិក្ខាសាលាដ៏មានសារៈសំខាន់នេះ រៀបចំឡើងក្នុងគោលបំណងចែករំលែកចំណេះដឹងអំពីបទដ្ឋាន និងដំណើរការនៃការប្រមូល ចងក្រងជាមួយនឹងសង្គតិភាពទិន្នន័យ ភាពស៊ីចង្វាក់នៃប្រព័ន្ធស្ថិតិទេសចរណ៍ និងពង្រីកការយល់ដឹងស្តីពីទិន្នន័យធំ (Big Data) វិទ្យាសាស្ត្រទិន្នន័យ (Data Science) ទិន្នន័យទីតាំងចល័ត (MPD: Mobile Positioning Data) ក៏ដូចជាការថែរក្សាទិន្នន័យឌីជីថល ដើម្បីពង្រឹងសមត្ថភាពមន្ត្រីជំនាញក្នុងការប្រមូល រៀបចំ ចងក្រង និងវិភាគទិន្នន័យ ដោយគោរពទៅតាមបទដ្ឋាន និងវិធីសាស្ត្រចងក្រងច្បាស់លាស់។
បន្ថែមលើសពីនេះ លោក នាង ម៉ៅ បានអំពាវនាវអង្គសិក្ខាសាលាទាំងមូល ចូលរួមជាមួយក្រសួងទេសចរណ៍នូវយុទ្ធនាការក្រោមទិសស្លោកចំនួន ៣រួមមាន៖
*ទី១៖ ទិសស្លោករបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា៖ «ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍»
*ទី២៖ ទិសស្លោករបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ «ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព»
*ទី៣៖ ទិសស្លោករបស់មហាគ្រួសារវិស័យទេសចរណ៍៖ «បុគ្គលម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់»
*ទី៤៖ សូមចូលរួមជាមួយមហាគ្រួសារវិស័យទេសចរណ៍ ក្នុងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅក្នុងរដូវកាលបៃតង៕


























