អាជ្ញាធរខេត្តតាកែវ បើកការដ្ឋានសាងសង់វេទិកាអុំទូកនៅបឹងតាកែវ ជំរុញវិស័យទេសចរណ៍

14-08-2026 16:02

(តាកែវ)៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ នៅព្រឹកថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមធ្វើពិធីក្រុងពលីសែនព្រេនម្ចាស់ទឹកម្ចាស់ដី ដើម្បីបើកការដ្ឋានសាងសង់ជាផ្លូវការនូវវេទិកាអុំទូកនៅបឹងតាកែវ ដែលស្ថិតនៅក្នុងសង្កាត់រកាក្នុង ក្រុងដូនកែវ។ ពិធីនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់អាជ្ញាធរខេត្ត ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ក្នុងខេត្ត។

រហូតមកដល់ពេលនេះ អាជ្ញាធរខេត្តតាកែវបានបើកការដ្ឋានសាងសង់សណ្ឋាគារ និងប្រាសាទចំកណ្ដាលបឹងតាកែវរួចហើយ។ ការបើកការដ្ឋានសាងសង់វេទិកាអុំទូកបន្ថែមនៅថ្ងៃនេះ គឺជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ដ៏ធំមួយ ដែលនៅសល់តែគម្រោងកសាងផ្លូវក្រវាត់បឹងតាកែវ និងសួនច្បារប៉ុណ្ណោះ ដែលនឹងត្រូវបានបើកការដ្ឋានជាផ្លូវការក្នុងពេលឆាប់ៗខាងមុខនេះ។

អភិបាលខេត្ត វ៉ី សំណាង បានសម្តែងក្តីរំពឹងយ៉ាងមុតមាំថា នៅពេលដែលប្រាសាទ សណ្ឋាគារ សួនច្បារ វេទិកាអុំទូក និងផ្លូវក្រវាត់បឹងបានកសាងរួចរាល់ ខេត្តតាកែវ ជាពិសេសក្រុងដូនកែវ នឹងក្លាយជាគោលដៅដ៏ទាក់ទាញ សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឲ្យចូលមកកម្សាន្តកាន់តែច្រើនឡើងជាក់ជាពុំខាន ដែលនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងតំបន់៕