សាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី ផ្សព្វផ្សាយគោលការណ៍គ្រឹះចលនាអន្តរជាតិ និងសារៈសំខាន់នៃវិជ្ជាសង្គ្រោះបឋម ជូនដល់មន្ទីរអង្គភាពជុំវិញខេត្ត
14-08-2026 16:04
(រតនគិរី)៖ សាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី បានរៀបចំពិធីផ្សព្វផ្សាយស្តីពីគោលការណ៍គ្រឹះនៃចលនាអន្តរជាតិ កាកបាទក្រហម អឌ្ឍចន្ទក្រហម ច្បាប់មនុស្សធម៌អន្តរជាតិ និងសារៈសំខាន់នៃវិជ្ជាសង្គ្រោះបឋម ជូនដល់ក្រុមកាកបាទក្រហម មន្ទីរ អង្គភាពជុំវិញខេត្តចំនួន ៧២នាក់។ ពិធីនេះបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំអគារ (A) សាលាខេត្ត ក្រោមអធិបតីភាពលោកស្រី ឃីម សុខឃាង ញ៉ែម សំអឿន អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា។
ការផ្សព្វផ្សាយនេះមានគោលបំណងលើកកម្ពស់ការយល់ដឹងពីចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម ច្បាប់មនុស្សធម៌អន្តរជាតិ និងតម្លៃមនុស្សធម៌។ ខ្លឹមសារសំខាន់ៗដែលបានលើកយកមកបង្ហាញរួមមាន ប្រវត្តិនៃគំនិតមនុស្សធម៌ សមាសភាគ និងបេសកកម្មរបស់ចលនា លក្ខណៈវិនិច្ឆ័យ ១០ យ៉ាងនៃការទទួលស្គាល់សមាគមជាតិ គោលការណ៍គ្រឹះទាំង ៧ ប្រការរបស់ចលនា ការប្រើប្រាស់ និងការពារបដិរូបកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ព្រះរាជក្រឹត្យស្តីពីការប្រើប្រាស់ និងការពារបដិរូប ក៏ដូចជាប្រវត្តិកំណើត និងបេសកកម្មរបស់កាកបាទក្រហមកម្ពុជា ព្រមទាំងសារៈសំខាន់នៃវិជ្ជាសង្គ្រោះបឋម។
ថ្លែងក្នុងឱកាសនោះ លោកស្រី ឃីម សុខឃាង ញ៉ែម សំអឿន បានគូសបញ្ជាក់ថា កាកបាទក្រហមកម្ពុជា គឺជាអង្គការមនុស្សធម៌ឈានមុខគេ និងជាជំនួយការរបស់រាជរដ្ឋាភិបាលក្នុងកិច្ចការមនុស្សធម៌ ដែលមូលនិធិបានមកពី ការចូលរួមទាំងស្រុងពីសំណាក់សប្បុរសជន កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការជុំវិញខេត្ត។ លោកស្រីបានបន្ថែមថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន បានខិតខំប្រឹងប្រែងអស់កម្លាំងកាយចិត្ត លះបង់ពេលវេលាដ៏មានតម្លៃ ដើម្បីបម្រើបុព្វហេតុមនុស្សធម៌ ជួយសម្រាលទុក្ខលំបាករបស់ប្រជាជនងាយរងគ្រោះដោយគ្រោះមហន្តរាយនានា តាមរយៈការប្រមូលផ្តុំកម្លាំងអ្នកស្ម័គ្រចិត្ត និងការកៀរគរមូលនិធិ។
ឆ្លៀតក្នុងឱកាសនេះ លោកស្រីក៏បានអំពាវនាវដល់សាធារណជន ក្រុមហ៊ុន អាជីវករ មន្ត្រីរាជការ មន្ទីរស្ថាប័ន អង្គការជាតិ និងអន្តរជាតិទាំងអស់ បន្តចូលរួមឧបត្ថម្ភគាំទ្រដល់សកម្មភាពមនុស្សធម៌ តាមរយៈថវិកា ឬសម្ភារៈ ដើម្បីរួមចំណែកសម្រាលទុក្ខលំបាកដល់ជនងាយរងគ្រោះ និងលើកកម្ពស់សុខុមាលភាពសហគមន៍។ មានតែកម្លាំងមនុស្សធម៌នេះទេដែលអាចជួយដល់អ្នកដែលត្រូវការជំនួយសង្គ្រោះបានទាន់ពេលវេលា៕




















