បញ្ចប់មុខតំណែងលោក កែវ វ៉ាន់នី ពីនាយករងទីចាត់ការផែនការ និងវិនិយោគខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធភាពមិនប្រក្រតីរឿងបង្គោលសូឡាតម្លៃ៨លានរៀល និងដំណើរការរៀបចំ និងអនុវត្តគម្រោងមូលនិធិឃុំ
14-08-2026 16:20
(កំពង់ឆ្នាំង)៖ នាយករងទីចាត់ការផែនការ និងវិនិយោគខេត្តកំពង់ឆ្នាំងម្នាក់ ឈ្មោះ កែវ វ៉ាន់នី ត្រូវបានបញ្ចប់មុខតំណែង ឲ្យមកជាមន្ដ្រីការិយាល័យគ្រប់គ្រងបុគ្គលិក នៃទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្តកំពង់ឆ្នាំង។
នេះបើយោងតាមដីកាបញ្ចប់មុខតំណែងដែលចុះហត្ថលេខាដោយលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦។
ការបញ្ចប់មុខតំណែងលោក កែវ វ៉ាន់នី ពាក់ព័ន្ធភាពមិនប្រក្រតីនៃដំណើរការរៀបចំ និងអនុវត្តគម្រោងមូលនិធិឃុំ នៃខេត្តកំពង់ឆ្នាំង ជាពិសេសរឿងដែលកំពុងផ្ទុះខ្លាំងតាមបណ្តាញសង្គមរឿងបង្គោលសូឡាតម្លៃ ៨លានរៀលនៅឃុំទឹកហូត ស្រុករលាប្អៀរ។
កាលពីថ្ងៃទី១២ ខែសីហា នាយកទីចាត់ការទាំងពីររូប ក៏ត្រូវបានបញ្ចប់តំណែងផងដែរ រួមមាន៖
*ទី១៖ លោក ហង្ស ពិសី បញ្ចប់តំណែងពីនាយកទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត មកជាមន្ត្រីការិយាល័យគ្រប់គ្រងបុគ្គលិក នៃទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្តកំពង់ឆ្នាំង
*ទី២៖ លោក វ៉ាន់ ថេន បញ្ចប់តំណែងពីនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត មកជាមន្ត្រីការិយាល័យគ្រប់គ្រងបុគ្គលិក នៃទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្តកំពង់ឆ្នាំង៕






