សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ប្រគល់ផ្ទះចំនួន ២ខ្នង ជូនគ្រួសាររងហានិភ័យនៅស្រុកបាភ្នំ
14-08-2026 16:28
(ព្រៃវែង)៖ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ បានរៀបចំពិធីប្រគល់ផ្ទះចំនួន ២ ខ្នង ដែលមានទំហំ ៤ម x ៦ម ធ្វើអំពីឈើ ដំបូលប្រក់ក្បឿងជ័រ និងជញ្ជាំងជ័រ ជូនដល់គ្រួសាររងហានិភ័យចំនួន ២ គ្រួសារ នៅភូមិផ្លូវរលួស ឃុំជើងភ្នំ និងភូមិស្ពឺលិច ឃុំស្ពឺ(ក) ក្នុងស្រុកបាភ្នំ ខេត្តព្រៃវែង។ ពិធីនេះត្រូវបានដឹកនាំដោយលោក សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត ព្រមទាំងមានការចូលរួមពីគណៈកម្មាធិការសាខា ប្រតិភូអមដំណើរ មន្ទីរ អង្គភាព ក្រុមប្រតិបត្តិសាខា ក្រុមការងារអនុសាខាស្រុក ក្រុមកាកបាទក្រហមឃុំ អ្នកស្ម័គ្រចិត្តភូមិ ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា។
ក្នុងឱកាសនោះ លោក សួន សុម៉ាលីន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់លោកអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសសាខាខេត្ត និងជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ដោយមិនប្រកាន់ពណ៌សម្បុរ ពូជសាសន៍ ឬនិន្នាការនយោបាយអ្វីឡើយ ស្របតាមពាក្យស្លោក «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។
បន្ថែមពីនេះ លោកប្រធានគណៈកម្មាធិការក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការថែរក្សាសុខភាព ដោយប្រកាន់ខ្ជាប់នូវចំណុចបីល្អគឺ រស់នៅស្អាត ផឹកស្អាត ហូបស្អាត និងគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន។ ជាពិសេស លោកបានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងផ្សេងៗ និងការប្រែប្រួលអាកាសធាតុ។ លោកបានបញ្ជាក់ថា ថវិកាសម្រាប់សាងសង់ផ្ទះ និងបង្គន់អនាម័យ ព្រមទាំងសម្ភារៈគ្រឿងផ្ទះ គឺបានមកពីមូលនិធិសាខាកាកបាទក្រហមកម្ពុជាខេត្ត ដែលទទួលបានពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន ក្នុងការចូលរួមចំណែកការងារមនុស្សធម៌ ដើម្បីជួយសម្រាលទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលងាយរងគ្រោះ។
ក្រៅពីការប្រគល់ផ្ទះ និងបង្គន់អនាម័យ គ្រួសារនីមួយៗក៏ទទួលបាននូវសម្ភារៈបន្ថែមរួមមាន៖ អង្ករ ២៥ គីឡូក្រាម ឃីត ១ កញ្ចប់ (មុង ភួយ សារុង ក្រមា) មី ១ កេស ត្រីខ ១ យួរ និងថវិកាចំនួន ១០០,០០០ រៀល។ អនុសាខាស្រុកបាភ្នំ ក៏បានចូលរួមឧបត្ថម្ភបន្ថែមនូវអង្ករ ២៥ គីឡូក្រាម មី ១ កេស និងថវិកា ១០០,០០០ រៀល ផងដែរ។ សាខាខេត្តក៏បានឧបត្ថម្ភថវិកាដល់លោកយាយ លោកតា ដែលបានចូលរួមក្នុងកម្មវិធីផងដែរ។ កាយវិការមនុស្សធម៌នេះបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់កាកបាទក្រហមកម្ពុជា ក្នុងការជួយសម្រាលបន្ទុកជីវភាព និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋងាយរងគ្រោះ៕




















