ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចិត្របុរី បើកវេទិកាសាធារណៈ និងជំរុញការផ្តល់សេវាអត្តសញ្ញាណប័ណ្ណចល័តជូនពលរដ្ឋ

14-08-2026 16:32

(ក្រចេះ)៖ លោកបណ្ឌិត សុខ ចាន់ភក្ដី រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចិត្របុរី តំណាងលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យ និងលើកទឹកចិត្តរដ្ឋបាលស្រុកក្នុងការផ្តល់សេវាធ្វើអត្តសញ្ញាណប័ណ្ណចល័តជូនប្រជាពលរដ្ឋនៅបរិវេណវត្តអន្ទង់វៀន ភូមិអន្ទង់វៀន ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតក៏បានអញ្ជើញជាអធិបតីដឹកនាំវេទិកាសាធារណៈ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។

វេទិកានេះក៏មានការអញ្ជើញចូលរួម ប្រធាន អនុក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំ លោកអភិបាលស្រុក ប្រធាន អនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ មេឃុំ ក្រុមប្រឹក្សាឃុំ មន្រ្តីរាជការ គ្រូពេទ្យ លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋប្រមាណ ២៧៩នាក់ ស្រ្តី​ ១៣៤នាក់ ក្នុងនោះបញ្ហាប្រឈមចំនួន៦ ត្រូវបានដោះស្រាយរួចរាល់ និងរង់ចាំដោះស្រាយបន្តតាមនីតិវិធី៕