សម្តេចតេជោ ហ៊ុន សែន​​ ផ្ញើសារអបអរសាទរជូន ប្រធានក្រុមប្រឹក្សាតំណាងតំបន់ (ព្រឹទ្ធសភា) ឥណ្ឌូនេស៊ី ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៨១ នៃទិវាបុណ្យឯករាជ្យជាតិ

14-08-2026 16:34

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន​ សែន​ ប្រធានព្រឹទ្ធសភាកម្ពុជា បានផ្ញើសារលិខិតចូលរួមអបអរសាទរជូនចំពោះ លោក​ Sultan Bachtiar NAJAMUDIN ប្រធានក្រុមប្រឹក្សាតំណាងតំបន់ (ព្រឹទ្ធសភា) សាធារណរដ្ឋឥណ្ឌូនេស៊ី ក្នុងឱកាសខួបអនុស្សាវរីយន៍លើកទី៨១ នៃទិវាបុណ្យឯករាជ្យជាតិ នៃសាធារណរដ្ឋឥណ្ឌូនេស៊ី នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦។

តាមរយៈសារលិខិត សម្តេចតេជោ ហ៊ុន សែន បានរៀបរាប់ថា៖ «ក្នុងនាមព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមអបអរសាទរដោយស្មោះសរ និងស័ព្ទសាធុការជូនចំពោះ ឯកឧត្តម ក្រុមប្រឹក្សាតំណាងតំបន់ (ព្រឹទ្ធសភា) និងប្រជាជនជាទីរាប់អាននៃឥណ្ឌូនេស៊ី ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនៃខួបអនុស្សាវរីយ៍ លើកទី៨១ នៃទិវាបុណ្យឯករាជ្យជាតិ នៃសាធារណរដ្ឋឥណ្ឌូនេស៊ី។

ខ្ញុំសូមកោតសរសើរចំពោះកំណើនសេដ្ឋកិច្ច-សង្គម ដែលគួរឱ្យកត់សម្គាល់ ដែលប្រទេសឥណ្ឌូនេស៊ី សម្រេចបានដែលមួយផ្នែកធំជាលទ្ធផលនៃចក្ខុវិស័យ និងកិច្ចខិតខំប្រឹងប្រែងមិនខ្លាច នឿយហត់របស់ថ្នាក់ដឹកនាំនិតីប្រតិបត្តិ និងនីតិប្បញ្ញត្តិ។ ដោយទទួលស្គាល់ឥទ្ធិពលកាន់តែខ្លាំងឡើង របស់ប្រទេសឥណ្ឌូនេស៊ី នៅក្នុងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិ កម្ពុជាត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រទេ វាមួយប្រទេសឥណ្ឌូនេស៊ី ក្រោមចំណងមិត្តភាពប្រពៃណីរបស់យើង និងការប្តេជ្ញាចិត្តរួមគ្នាដើម្បីលើកកម្ពស់សន្តិភាព វិបុលភាព និងស្ថិរភាពនៅក្នុងតំបន់ និងពិភពលោក។

ឯកឧត្តម ចូរយើងបន្តរក្សាចំណងមិត្តភាពដ៏រឹងមាំរបស់យើង និងធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការទាំងក្របខណ្ឌទ្វេភាគី និងអន្តរសភា ដើម្បីផលប្រយោជន៍ទៅវិញទៅមកជាក់ស្តែងរបស់ប្រទេស និងប្រជាជនយើងទាំងពីរ។

ជាថ្មីម្តងទៀត សូមឯកឧត្តម ទទួលនូវសេចក្ដីរាប់អានដ៏ជ្រាលជ្រៅបំផុតពីខ្ញុំ និងសូមប្រសិទ្ធពរ ជូនឯកឧត្តម សូមបន្តទទួលបានសុខភាពល្អ សុភមង្គល និងជោគជ័យក្នុងគ្រប់ភារកិច្ចរបស់ឯកឧត្តម»៕