* មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា និងវៀតណាម រំលេចពីចំណងមិត្តភាពកងទ័ពទាំងពីរ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
* កងទ័ពកម្ពុជា វៀតណាម និងឡាវ ធ្វើសមយុទ្ធសង្គ្រោះគ្រោះមហន្តរាយ
* លោក សួន សេរីរដ្ឋា៖ កម្ពុជាមានសិទ្ធិពេញលេញក្នុងការទាមទារយុត្តិធម៌ និងអធិបតេយ្យភាពទឹកដីស្របតាមច្បាប់អន្តរជាតិ
* ម៉ាឡេស៉ី នឹងផ្អាកដំណើរការសាលារៀន ឬសកម្មភាពនៅខាងក្រៅ ទៅតាមកម្រិតប្រែប្រួលនៃគុណភាពខ្យល់
* Financial Times ៖ សហរដ្ឋអាមេរិកលើកឡើងពីគំនិតបញ្ចេញទ្រព្យសម្បត្តិមួយចំនួនរបស់រុស្ស៉ី ដើម្បីស្ដារកិច្ចចរចាសន្តិភាពអ៊ុយក្រែន
* អ្នកជំនាញដឹកជញ្ជូន៖ ថ្លៃដឹកជញ្ជូននៅកម្ពុជាបានកើនឡើង២ទៅ៤ដង ទាមទារឱ្យកម្ពុជា បត់បែនយុទ្ធសាស្ត្រនាំចេញ ដើម្បីរក្សាភាពប្រកួតប្រជែង
* មន្រ្តីជាន់ខ្ពស់កម្ពុជា ច្រានចោលការចោទប្រកាន់របស់ថៃរឿងជម្លោះព្រំដែនក្នុងកិច្ចប្រជុំនៅទីក្រុងហ្សឺណែវ ដោយទាហានថៃជាអ្នកបាញ់ប្រហារមុន ទេីបភាពតានតឹងកេីតឡេីង
* ថ្ងៃនេះ ជាខួប១៤ឆ្នាំនៃការយាងសោយទិវង្គត របស់សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ជាពេលវេលាពលរដ្ឋខ្មែរសែនសោកសៅ និងសោកសង្រេងបំផុត
* នាយករដ្ឋមន្ត្រីអាស៊ែបៃហ្សង់៖ ដំណើរទស្សនកិច្ចសម្តេចមហាបវរធិបតី ជាការបើកផ្លូវបន្ថែមទៀត ជំរុញទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅរវាងកម្ពុជា-អាស៊ែបៃហ្សង់
* វិភាគអន្តរជាតិ៖ ហ៊ូទី ពីក្រុមអាចក់អាចែមក្លាយជាការគំរាមកំហែងដ៏ធំរបស់អារ៉ាប៊ីសាអូឌីត
* កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់
* សម្តេចមហាបវរធិបតី និងប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ រំពឹងថា កម្ពុជា-អាស៊ែបៃហ្សង់ នឹងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ
* ក្រសួងការងារព្រមានពលរដ្ឋកុំឱ្យចាញ់បោកការអូសទាញទៅធ្វើការនៅរុស្ស៊ី ខណៈកម្ពុជា-រុស្ស៊ីមិនទាន់មានកិច្ចព្រមព្រៀងនៅឡើយ
* ផ្សែងភ្លើងឆេះព្រៃពីឥណ្ឌូណេស៊ី ធ្វើឱ្យខ្យល់ពុលនៅសិង្ហបុរីហក់ឡើងខ្ពស់បំផុត ខណៈទីម័រខាងកើតបិទសាលារៀន
* ទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ៖ កម្ពុជាប្តេជ្ញាទប់ស្កាត់បទល្មេីស Online Scams មិនឱ្យវិលត្រឡប់ជាដាច់ខាត ក្រោយទទួលលទ្ធផលលេីការបង្ក្រាបជាបន្តបន្ទាប់
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

មន្ត្រីជាន់ខ្ពស់ CDC ណែនាំឱ្យយុវជនដែលមានចំណេះដឹង ជំនាញ និងបទពិសោធន៍អន្តរជាតិ នឹងក្លាយជាកម្លាំងស្នូលក្នុងការជំរុញនវានុវត្តន៍ បង្កើនផលិតភាព ពង្រឹងសមត្ថភាពប្រកួតប្រជែង និងទាក់ទាញការវិនិយោគ

14-08-2026 21:58

(ភ្នំពេញ)៖ នារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបពិភាក្សាជាមួយនិស្សិតកម្ពុជាចំនួន ៤០រូប ដែលបានប្រឡងជាប់អាហារូបករណ៍ទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាធារណរដ្ឋកូរ៉េ។

ជាកិច្ចចាប់ផ្តើម លោកអគ្គលេខាធិការ បានអបអរសាទរចំពោះនិស្សិតទាំងអស់ដែលមានសមត្ថភាពប្រឡងជាប់អាហារូបករណ៍ដើម្បីបន្តការសិក្សា និងបានគូសបញ្ជាក់ថា ការអភិវឌ្ឍធនធានមនុស្ស ជាពិសេស ការបង្កើនចំណេះដឹង ជំនាញ បច្ចេកវិទ្យា នវានុវត្តន៍ និងបទពិសោធន៍របស់យុវជន គឺជាកត្តាសំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងការលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា។

លោកអគ្គលេខាធិការក៏បានជម្រាបជូនអំពីសាវតារ តួនាទី និងភារកិច្ចរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការចូលរួមសម្របសម្រួលជាមួយដៃគូអភិវឌ្ឍ និងការជំរុញទាក់ទាញវិនិយោគនៅកម្ពុជា ព្រមទាំងបានបង្ហាញពីសក្តានុពល និងនិន្នាការវិនិយោគបច្ចុប្បន្ន ដែលកំពុងបន្តផ្តោតលើការពង្រឹងមូលដ្ឋានផលិតកម្ម ការបង្កើនតម្លៃបន្ថែម ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងវិស័យដែលមានសក្តានុពល។

មុននឹងបញ្ចប់ លោកអគ្គលេខាធិការ បានផ្តល់អនុសាសន៍ដល់និស្សិតទាំង៤០រូប ដូចខាងក្រោម៖

1. ត្រូវខិតខំរៀនសូត្រ និងក្រេបយកចំណេះដឹង ជំនាញ បច្ចេកវិទ្យា និងបទពិសោធន៍ ពីប្រទេសកូរ៉េ សំដៅអភិវឌ្ឍសមត្ថភាពរបស់ខ្លួន និងយកចំណេះដឹងទាំងនោះមកចូលរួមអភិវឌ្ឍប្រទេសជាតិ ជាពិសេសត្រូវមានមនសិការស្នេហាជាតិខ្ពស់។
2. ធ្វើជាទូតសុឆន្ទៈរបស់កម្ពុជា ដោយប្រកាន់ខ្ជាប់នូវសុភាវធម៌ សុជីវធម៌ និងត្រូវចេះបង្ហាញពីវប្បធម៌ដ៏ផូរផង់របស់ខ្មែរ ព្រមទាំងផ្សព្វផ្សាយអំពីកាលានុវត្តភាព និងសក្តានុពលវិនិយោគរបស់កម្ពុជាទៅកាន់មិត្តភក្តិ ក៏ដូចជាវិនិយោគិននៅទីនោះ។
3. ចេះសម្របខ្លួនទៅនឹងបរិស្ថាន និងសង្គមកូរ៉េ គោរពច្បាប់ បទប្បញ្ញត្តិ វប្បធម៌ និងទំនៀមទម្លាប់របស់ប្រទេសកូរ៉េ និងរក្សាកិត្តិយសរបស់ខ្លួន ក្រុមគ្រួសារ និងប្រទេសជាតិ។
4. រក្សាសាមគ្គីភាព ស្រឡាញ់គ្នា ចេះជួយគ្នាទៅវិញទៅមក ដោយចងចាំសុភាសិតខ្មែរ៖ «នៅផ្ទះម្តាយទីទៃ នៅព្រៃម្តាយតែមួយ»។
5. យកចិត្តទុកដាក់ថែរក្សាសុខភាព ទាំងផ្លូវកាយ និងផ្លូវចិត្ត ដើម្បីអាចសិក្សា ស្រាវជ្រាវ និងទទួលបានជោគជ័យតាមគោលដៅដែលបានកំណត់។

ជាទីបញ្ចប់ លោកអគ្គលេខាធិការ បានគូសបញ្ជាក់ថាការផ្តល់អាហារូបករណ៍ និងការបណ្តុះបណ្តាលធនធានមនុស្ស មិនមែនជាការវិនិយោគលើបុគ្គលម្នាក់ៗតែប៉ុណ្ណោះទេ ប៉ុន្តែជាការវិនិយោគលើអនាគតរបស់ប្រទេសជាតិ។ យុវជនដែលមានចំណេះដឹង ជំនាញ និងបទពិសោធន៍អន្តរជាតិ នឹងក្លាយជាកម្លាំងស្នូលក្នុងការជំរុញនវានុវត្តន៍ បង្កើនផលិតភាព ពង្រឹងសមត្ថភាពប្រកួតប្រជែង និងទាក់ទាញការវិនិយោគប្រកបដោយគុណភាពមកកាន់កម្ពុជា។

អនាគតរបស់កម្ពុជា គឺអាស្រ័យលើធនធានមនុស្សដែលមានចំណេះដឹងខ្ពស់ សមត្ថភាពខ្ពស់ និងមនសិការស្នេហាជាតិខ្ពស់។ ជាចុងក្រោយ ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្ស ឯកឧត្តមអគ្គលេខាធិការ បានផ្តល់ជូននូវថវិកាបន្តិចបន្តួចជូនដល់និស្សិតទាំង៤០រូប ដើម្បីជាការលើកទឹកចិត្តឱ្យខិតខំរៀនសូត្រ៕