* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញដល់ប្រទេសកាហ្សាក់ស្ថាន និងចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុបនៃសាធារណរដ្ឋក្រូអាស៊ី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល ២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចនៅតួកគីយ៉េ បន្តដំណើរទស្សនកិច្ចនៅកាហ្សាក់ស្ថាន
* មន្ត្រីគយ សហការជាមួយមន្ត្រីនគរបាល រឹបអូសបាន ហេរ៉ូអ៉ីនជិត ៦គីឡូក្រាម ពីអ្នកដំណើរបរទេសម្នាក់ដែលត្រៀមចាកចេញពីកម្ពុជា
* ប្រធានាធិបតីតួកគីយ៉េ សង្ឃឹមថា ជម្លោះព្រំដែនកម្ពុជា-ថៃ ត្រូវបានដោះស្រាយដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ
* លោក ដូណាល់ ត្រាំ៖ សហរដ្ឋអាមេរិកនឹងមិនប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹងអ៉ីរ៉ង់នោះទេ
* កូរ៉េខាងជើងធ្វើតេស្ដប្រព័ន្ធអាវុធ torpedo បំពាក់បច្ចេកវិទ្យា AI
* ប្រធានាធិបតីតួកគីយ៉េ មើលឃើញកម្ពុជា ជាដៃគូសំខាន់នៅអាស៊ាន, កម្ពុជា និងតួកគីយ៉េ ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លាំងក្លា
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

គណៈគ្រូពេទ្យខេត្តព្រះវិហារ រៀបចំទិវាអភិវឌ្ឍវិជ្ជាជីវៈវេជ្ជសាស្ត្របន្តលើកទី៧ ជំរុញគ្រូពេទ្យខេត្ត ពង្រឹងចំណេះដឹង ជំនាញ និងក្រមសីលធម៌វិជ្ជាជីវៈ

15-08-2026 13:35

(ព្រះវិហារ)៖ គណៈគ្រូពេទ្យខេត្តព្រះវិហារ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ បានរៀបចំ «ទិវាអភិវឌ្ឍវិជ្ជាជីវៈវេជ្ជសាស្ត្របន្តខេត្តព្រះវិហារ លើកទី៧» ដើម្បីរួមចំណែកពង្រឹងចំណេះដឹង ជំនាញ និងសមត្ថភាពវិជ្ជាជីវៈរបស់សហភាតរៈជាគ្រូពេទ្យ ព្រមទាំងលើកកម្ពស់ការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ។

ពិធីនេះប្រព្រឹត្តទៅក្រោមវត្តមានលោកសាស្ត្រាចារ្យ វ៉ាន់ មិច ហិរញ្ញិក គណៈគ្រូពេទ្យជាតិ តំណាងលោក ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ និងលោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ លោកវេជ្ជបណ្ឌិត ជូ ប៉ូនីណា ប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្ត និងជាប្រធានមន្ទីរពេទ្យបង្អែកខេត្ត ១៦ មករា ព្រមទាំងសមាជិក សមាជិកាគណៈគ្រូពេទ្យខេត្តព្រះវិហារ ជាច្រើនរូបទៀត និងមានសហភាតរៈជាគ្រូពេទ្យមកពីបណ្តាខេត្តនានាចូលរួមតាមប្រព័ន្ធនិម្មិត (Zoom) ផងដែរ។

ក្នុងឱកាសនោះលោកវេជ្ជបណ្ឌិត គួង ឡូ បានផ្តល់អនុសាសន៍ និងសំណូមពរដល់ក្រុមបឹក្សាគណៈគ្រូពេទ្យខេត្តព្រះវិហារ សូមធ្វើផែនការយុទ្ធសាស្ត្រ ក៏ដូចជាផែនការសកម្មភាព នៅក្នុងការពង្រឹងសមត្ថភាពរបស់សហភាតរៈរបស់គ្រូពេទ្យនៅក្នុងខេត្តព្រះវិហារ ទាំងចំណេះដឹង ជំនាញ និងក្រមសីលធម៌វិជ្ជាជីវៈ ជាពិសេសគឺសហភាតារៈដែលជាគ្រូពេទ្យបម្រើការងារសេវាឯកជន ដែលមានឱកាសតិចតួចនៅក្នុងវគ្គបណ្តុះបណ្តាល សូមឱ្យគណៈវិជ្ជាជីវៈរបស់ខេត្ត ធ្វើផែនការយុទ្ធសាស្ត្រ និងសកម្មភាព ដើម្បីអភិវឌ្ឍចំណេះដឹងទៅដល់ទាំងសេវាឯកជនជាពិសេស និងសេវាសហភាតរៈធ្វើការនៅសេវារដ្ឋ។

លោកវេបណ្ឌិត គួង ឡូ ក៏បានណែនាំឱ្យសមាជិក សមាជិកា គណៈគ្រូពេទ្យទាំងអស់ ខិតខំអភិវឌ្ឍចំណេះដឹង ជំនាញ និងសមត្ថភាពរបស់ខ្លួនជាប្រចាំ មិនត្រូវបញ្ឈប់ការសិក្សា ឬនៅជាប់នឹងចំណេះដឹងចាស់ៗឡើយ។ការបន្តអភិវឌ្ឍអាចធ្វើឡើងតាមរយៈការចូលរួមក្នុងទិវាអភិវឌ្ឍចំណេះដឹងផ្នែកវេជ្ជសាស្ត្រ ការបណ្តុះបណ្តាលតាមប្រព័ន្ធ Zoom ការសិក្សាស្រាវជ្រាវដោយខ្លួនឯង និងការអានឯកសារវេជ្ជសាស្ត្រតាមប្រភពវិទ្យាសាស្ត្រដែលមានភាពជឿទុកចិត្ត។

ជាមួយគ្នានេះលោក គួង ឡូ បានបញ្ជាក់ថា៖​ «ចំណេះដឹង និងជំនាញវិជ្ជាជីវៈ ត្រូវដើរទន្ទឹមគ្នាជាមួយក្រមសីលធម៌វិជ្ជាជីវៈ»។ ទោះបីគ្រូពេទ្យមានចំណេះដឹង និងជំនាញខ្ពស់យ៉ាងណាក៏ដោយ ប្រសិនបើខ្វះក្រមសីលធម៌វិជ្ជាជីវៈ នោះចំណេះដឹង និងជំនាញទាំងនោះមិនអាចត្រូវបានប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព ដើម្បីបម្រើសុខភាព និងផលប្រយោជន៍របស់ប្រជាពលរដ្ឋបានល្អប្រសើរឡើយ»។

ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ ក៏បានសំណូមពរដល់គណៈគ្រូពេទ្យខេត្ត ឱ្យរៀបចំផែនការយុទ្ធសាស្ត្រជាក់លាក់ ក្នុងការពង្រឹងសមត្ថភាពវិជ្ជាជីវៈរបស់សហភាតរៈជាសមាជិកទាំងអស់ ព្រមទាំងបន្តពង្រឹងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈឱ្យកាន់តែប្រសើរ។​ ជាពិសេស គណៈគ្រូពេទ្យខេត្តគួរយកគោលការណ៍ និងបទពិសោធន៍ពីការអនុវត្តរបស់ក្រសួងសុខាភិបាល ក្នុងការពង្រឹងគុណភាពសេវាសាធារណៈ ទាំងផ្នែកក្រមសីលធម៌វិជ្ជាជីវៈ និងការលើកកម្ពស់ចំណេះដឹង ជំនាញរបស់សហភាតរៈ។

ដោយឡែកលោកសាស្ត្រាចារ្យ វ៉ាន់ មិច បានសង្កត់ធ្ងន់ថា​ ការយកចិត្តទុកដាក់លើការបណ្តុះបណ្តាលបន្ត គួរត្រូវបានពង្រីកដល់គ្រូពេទ្យដែលបំពេញការងារនៅក្នុងវិស័យឯកជនផងដែរ ព្រោះគ្រូពេទ្យមួយចំនួនដែលបម្រើការងារតែផ្នែកឯកជន អាចមានឱកាសតិចជាងក្នុងការទទួលបានការបណ្តុះបណ្តាលបន្ត បើប្រៀបធៀបនឹងគ្រូពេទ្យដែលបំពេញការងារទាំងក្នុងសេវាសាធារណៈ និងឯកជន។

លោកសាស្ត្រាចារ្យបានចាត់ទុក ទិវាអភិវឌ្ឍវិជ្ជាជីវៈវេជ្ជសាស្ត្របន្តលើកទី៧នេះ ថាជាវេទិកាដ៏មានសារៈសំខាន់សម្រាប់ការចែករំលែកចំណេះដឹង បទពិសោធន៍ និងការអភិវឌ្ឍសមត្ថភាពរបស់គ្រូពេទ្យ ព្រមទាំងជំរុញឱ្យអ្នកប្រកបវិជ្ជាជីវៈវេជ្ជសាស្ត្រទាំងអស់បន្តរក្សា និងលើកកម្ពស់ក្រមសីលធម៌ ដើម្បីធានាការផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាព សុវត្ថិភាព និងទំនុកចិត្តពីប្រជាពលរដ្ឋ៕