កសិករផលិតខ្នាតតូច និងជាអាជីវករលក់នៅផ្សារផលិតផលខ្មែរ ខេត្តកំពង់ចាម មានជីវភាពប្រសើរឡើង ក្រោយទទួលបានការគាំទ្រផ្នែកទីផ្សារពីគម្រោងអេមស៍
15-08-2026 20:18
(កំពង់ចាម)៖ កសិករផលិតខ្នាតតូច ដែលទទួលបានការគាំទ្រពីគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច(អេមស៍) របស់ក្រសួងពាណិជ្ជកម្ម បានអះអាងថា ជីវភាព និងមុខរបររបស់ពួកគាត់មានភាពប្រសើរឡើង ខណៈការលក់ផលិតផលកសិកម្ម និងផលិតផលក្នុងស្រុកកាន់តែមានទីផ្សារ ជាពិសេសនៅពេលដែលពួកគាត់ទទួលបានឱបានចូលរួមលក់ដូរនៅ «ផ្សារផលិតផលខ្មែរ» ដែលរៀបចំដោយក្រុមការងារគម្រោងអេមស៍ នៃមន្ទីរពាណិជ្ជកម្មខេត្ត កំពង់ចាម នៅរៀងរាល់ចុងសប្តាហ៍។
ការអះអាងនេះ បានធ្វើឡើងនៅក្នុងការសម្ពោធបើក «យុទ្ធនាការផលិតផលជាតិ #MadeInCambodia» ដែលត្រូវបានរៀបចំរួមគ្នាជាមួយ «ផ្សារផលិតផលខ្មែរ» ក្នុងខេត្តកំពង់ចាម កាលពីព្រឹកមិញនេះ ក្នុងគោលបំណង ពង្រីកទីផ្សារក្នុងស្រុក បង្កើតឱកាសឱ្យអ្នកផលិត សហគ្រាសមីក្រូធុនតូច និងមធ្យម បានដាក់បង្ហាញ និងលក់ផលិតផលដោយផ្ទាល់សំដៅលើកកម្ពស់មោទនភាពជាតិ «បណ្តុះទំលាប់ខ្មែរជួយខ្មែរ» និងបង្កើនទំនុកចិត្តលើគុណភាពផលិតផលជាតិ ព្រមទាំងតភ្ជាប់បណ្តាញអាជីវកម្ម និងជាវេទិកាជួបជុំផលិតករ និងអ្នកចែកចាយក្នុងតំបន់។ យុទ្ធនាការនេះប្រព្រឹត្តិណ៍ទៅរយៈពេលពីថ្ងៃ គឺចាប់ពីថ្ងៃទី១៥ ដល់ ១៦ ខែសីហា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោកជំទាវ តោ ពិឡា រដ្ឋ លេខាធិការក្រសួងពាណិជ្ជកម្ម ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ចមនិម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។
លោក ឈាង បូរិន ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម និងជាប្រធានគ្រប់គ្រងគម្រោងអេមស៍ ថ្នាក់ខេត្ត បានបង្ហាញ សុទិដ្ឋិនិយមចំពោះលទ្ធផល ដែលទទួលបានពីការអនុវត្តគម្រោង ដោយបញ្ជាក់ថា កសិករចំនួន ៧,៨៩៨គ្រួសារ បាន ទទួលការគាំទ្រពីគម្រោង ជាពិសេសតាមរយៈការសម្របសម្រួលរវាងវិស័យឯកជន ក្រុមអ្នកផលិត និងភាគីពាក់ព័ន្ធ ដើម្បីពង្រឹង និងអភិវឌ្ឍខ្សែច្រវាក់តម្លៃ និងទីផ្សារកសិកម្ម។
លោក ឈាង បូរិន បានបន្ដថា៖ «តាមរយៈការគាំទ្ររបស់គម្រោងអេមស៍ ជីវភាពរបស់ប្រជាពលរដ្ឋដែលជាកសិករខ្នាតតូច និងជាអាជីវករ មានភាពប្រសើរឡើងជាងមុន ព្រោះពួកគាត់ទទួលបានឱកាសភ្ជាប់ទៅកាន់ទីផ្សារកាន់ តែច្រើន និងមានការសម្របសម្រួលជាមួយអ្នកទិញ និងវិស័យឯកជន។ កត្តានេះបានជួយកាត់បន្ថយការព្រួយបារម្ភរបស់កសិករអំពីទីផ្សារ និងជំរុញឱ្យពួកគាត់មានទំនុកចិត្តក្នុងការបង្កើនការផលិត»។
លោកបានបន្ថែមថា ការរៀបចំយុទ្ធនាការផលិតផលជាតិ និងផ្សារផលិតផលខ្មែរ រួមគ្នានៅចុងសប្តាហ៍នេះ គឺជាការបង្កើតឱកាសដ៏សំខាន់សម្រាប់កសិករខ្នាតតូច ក្នុងការនាំយកផលិតផលក្នុងស្រុកមកបង្ហាញ និងលក់ដោយផ្ទាល់ទៅកាន់អ្នកប្រើប្រាស់។ តាមរយៈនេះ កសិករអាចស្វែងយល់ពីតម្រូវការទីផ្សារ ខណៈអ្នកប្រើប្រាស់ក៏អាចទទួលបាន ផលិតផលក្នុងស្រុកដែលមានប្រភពច្បាស់លាស់។
អ្នកស្រី សយ សាវិន ជាកសិករផលិត និងជាអាជីវករលក់បន្លែនៅផ្សារផលិតផលខ្មែរ បានលើកឡើងថា ការចូលរួមក្នុង គម្រោងអេមស៍ បានផ្តល់ឱកាសឱ្យលោកស្រីមានកន្លែងលក់ផលិតផលជាក់លាក់ និងអាចជួបអតិថិជនដោយផ្ទាល់។
លោកស្រីបាននិយាយថា៖ «ពីមុនយើងមានការព្រួយបារម្ភអំពីទីផ្សារ ពេលផលិតផលបានហើយមិនដឹងថាត្រូវយកទៅ លក់នៅទីណា ឬលក់ឱ្យអ្នកណា។ ប៉ុន្តែ បន្ទាប់ពីបានចូលរួមក្នុងផ្សារផលិតផលខ្មែរ វាបានជួយឱ្យយើងមានឱកាសបង្ហាញផលិតផល និងលក់ដោយផ្ទាល់ទៅអតិថិជន។ ការលក់មានភាពល្អប្រសើរជាងមុន ហើយវាជួយឱ្យគ្រួសារយើងមានចំណូលបន្ថែម»។
អ្នកស្រី សយ សារិន បានបន្តថា អ្វីដែលអ្នកស្រីចង់បានបន្តទៀត គឺការពង្រីកទីផ្សារ និងការផ្សព្វផ្សាយផលិតផលក្នុងស្រុកឱ្យកាន់តែទូលំទូលាយ ដើម្បីឱ្យអ្នកប្រើប្រាស់បានស្គាល់ និងគាំទ្រផលិតផលរបស់កសិករ និងសហគ្រាសក្នុងស្រុកកាន់តែច្រើន។
ចំណែកអ្នកស្រី សួន ធីតា ដែលជាកសិករផលិត និងជាអ្នកប្រមូលទិញបន្លែពីកសិករដទៃ មកលក់បន្តនៅផ្សារផលិតផលខ្មែរដែរនោះ បានឱ្យដឹងថា ការមានទីតាំងលក់ជាប្រចាំ ការមានយុទ្ធនាការផ្សព្វផ្សាយឱ្យបានកាន់តែ ទូលំទូលាយ និងការទទួលបានការគាំទ្រផ្នែកទីផ្សារ បានជួយឱ្យអាជីវកម្មរបស់អ្នកស្រីមានភាពងាយស្រួលជាងមុន និងអាចទាក់ទាញអតិថិជនបានកាន់តែច្រើន។
អ្នកស្រីបាននិយាយថា៖ «ការចូលរួមក្នុងគម្រោងអេមស៍ គឺជាឱកាសល្អសម្រាប់កសិករ និងអាជីវករតូចៗ ដូចជាពួកយើង ព្រោះយើងមិនមានលទ្ធភាពចំណាយច្រើនក្នុងការស្វែងរកទីផ្សារនោះទេ ហើយផ្សារផលិតផលខ្មែរ បានអនុញ្ញាត ឱ្យយើងអាចនាំផលិតផលរបស់ខ្លួនមកលក់ជូនអតិថិជនដោយផ្ទាល់ និងអាចបន្តទំនាក់ទំនងជាមួយគ្នាតទៅមុខទៀត។ យើងមានអតិថិជនស្គាល់ផលិតផលកាន់តែច្រើន ហើយចំណូលពីការលក់ក៏មានភាពប្រសើរឡើង»។
អ្នកស្រី សួន ធីតា បានបញ្ជាក់បន្ថែមថា ការគាំទ្រដល់ទីផ្សារផលិតផលក្នុងស្រុក គួរតែបន្តធ្វើជាប្រចាំ ដើម្បីផ្តល់ឱកាស ដល់កសិករ និងអាជីវករខ្នាតតូចអាចលក់ផលិតផលបានដោយផ្ទាល់ និងមានចំណូលកាន់តែប្រសើរ។
តាមរយៈការរៀបចំផ្សារផលិតផលខ្មែរ គម្រោងអេមស៍ ក៏បានរួមចំណែកបង្កើតកន្លែងជួបជុំរវាងអ្នកផលិត អ្នកលក់ និងអ្នកប្រើប្រាស់ ដែលអាចជួយបង្កើនការយល់ដឹងអំពីផលិតផលក្នុងស្រុក និងជំរុញការប្រើប្រាស់ផលិតផលកសិកម្ម ដែលផលិតដោយប្រជាកសិករកម្ពុជា។
គួរបញ្ជាក់ថា គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (អេមស៍) គឺជាគម្រោងអនុវត្តដោយ ក្រសួងពាណិជ្ជកម្ម នៅក្នុងខេត្តគោលដៅចំនួន ១៨ ដែលជាគំនិតផ្តួចផ្តើមរួមគ្នារបស់រាជរដ្ឋាភិបាលកម្ពុជា និងមូលនិធិអន្តរជាតិសម្រាប់ ការអភិវឌ្ឍកសិកម្ម (IFAD) ក្នុងគោលបំណង ជំរុញកំណើនទីផ្សារប្រកបដោយបរិយាបន្ន សម្រាប់ផលិតផលកសិកម្ម ដែលមានតម្លៃខ្ពស់ និងការអភិវឌ្ឍចង្កោមអាជីវកម្មតាមជនបទ ដែលអ្នកផលិតជាក្រុមកសិករខ្នាតតូច ក្នុងនោះកសិករ ក្រីក្រ ក៏អាចទទួលបានផលប្រយោជន៍រួមគ្នា៕














