* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញដល់ប្រទេសកាហ្សាក់ស្ថាន និងចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុបនៃសាធារណរដ្ឋក្រូអាស៊ី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល ២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចនៅតួកគីយ៉េ បន្តដំណើរទស្សនកិច្ចនៅកាហ្សាក់ស្ថាន
* មន្ត្រីគយ សហការជាមួយមន្ត្រីនគរបាល រឹបអូសបាន ហេរ៉ូអ៉ីនជិត ៦គីឡូក្រាម ពីអ្នកដំណើរបរទេសម្នាក់ដែលត្រៀមចាកចេញពីកម្ពុជា
* ប្រធានាធិបតីតួកគីយ៉េ សង្ឃឹមថា ជម្លោះព្រំដែនកម្ពុជា-ថៃ ត្រូវបានដោះស្រាយដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ
* លោក ដូណាល់ ត្រាំ៖ សហរដ្ឋអាមេរិកនឹងមិនប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹងអ៉ីរ៉ង់នោះទេ
* កូរ៉េខាងជើងធ្វើតេស្ដប្រព័ន្ធអាវុធ torpedo បំពាក់បច្ចេកវិទ្យា AI
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ក្រុមចោរកាប់ប្លន់យកម៉ូតូ ៤នាក់ បណ្តាលឱ្យស្ត្រីម្នាក់រងរបួសធ្ងន់នៅមុខវត្តចំប៉ា ត្រូវបានកម្លាំងនគរបាលស្រុកត្រាំកក់ តាមចាប់ខ្លួនដល់ភ្នំពេញ និងកំពង់ស្ពឺ

16-08-2026 14:29

(តាកែវ)៖ កម្លាំងនគរបាលស្រុកត្រាំកក់ សហការជាមួយសមត្ថកិច្ចរាជធានីភ្នំពេញ និងនគរបាលស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ បានស្រាវជ្រាវបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ពាក់ព័ន្ធករណីកាប់ប្លន់យកម៉ូតូ ដែលបានកើតឡើងនៅស្រុកត្រាំកក់ ខេត្តតាកែវ កាលពីថ្ងៃទី១០ ឆ្លងចូលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ បណ្តាលឱ្យស្ត្រីម្នាក់រងរបួសធ្ងន់។

យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានឱ្យដឹងថា កាលពីវេលាម៉ោងប្រមាណ ៤៖២០នាទីទៀបភ្លឺ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ នៅចំណុចផ្លូវកៅស៊ូលេខ១៣២ ចន្លោះគីឡូម៉ែត្រលេខ៣-៤ ស្ថិតក្នុងភូមិមហាសេនា ឃុំតាភេម ស្រុកត្រាំកក់ មានជនសង្ស័យមួយក្រុមមានគ្នា៤នាក់ ជិះម៉ូតូ២គ្រឿង គឺម៉ាក Scoopy ពណ៌ខ្មៅ និងម៉ូតូ C125 ពណ៌ខ្មៅ ប្រដាប់ដោយកាំបិតក្រង៉ុក បានធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូម៉ាក Beat ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1AC-8891 ពីជនរងគ្រោះ។

ជនរងគ្រោះឈ្មោះ ស៊ុន ម៉េងសួរ ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិស្លែងកោង ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ ខណៈកំពុងជិះម៉ូតូឌុបម្តាយឈ្មោះ ខែន និមល អាយុ ៤៦ឆ្នាំ ដឹកត្រីងៀតយកទៅលក់នៅផ្សារអង្គរកាប។

ក្នុងពេលធ្វើសកម្មភាព ជនសង្ស័យបានប្រើកាំបិតកាប់ប្លន់ បណ្តាលឱ្យឈ្មោះ ខែន និមល រងរបួសធ្ងន់ និងត្រូវបានបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ។ ចំណែកក្រុមជនសង្ស័យបានយកម៉ូតូជនរងគ្រោះ ហើយជិះគេចខ្លួនទៅទិសខាងលិច។

ក្រោយទទួលបានពាក្យបណ្តឹង សមត្ថកិច្ចនគរបាលស្រុកត្រាំកក់ បានបើកការស្រាវជ្រាវជាបន្តបន្ទាប់ ក្រោមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តតាកែវ និងការដឹកនាំសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ រហូតកំណត់បានមុខសញ្ញាជនសង្ស័យម្នាក់ឈ្មោះ ម៉េង គឹមលាំង ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិព្រៃរំដេង ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។

នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង៥៖២០នាទីល្ងាច សមត្ថកិច្ចបានសហការជាមួយកម្លាំងនគរបាលរាជធានីភ្នំពេញ ចុះស្រាវជ្រាវ និងឃាត់ខ្លួនឈ្មោះ ម៉េង គឹមលាំង នៅចំណុចបន្ទប់ជួលផ្សារព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមសមត្ថកិច្ច ជនសង្ស័យរូបនេះ គឺជាអ្នកកាន់កាំបិតក្រង៉ុក និងជាអ្នកចូលរួមធ្វើសកម្មភាពផ្ទាល់។

ក្រោយសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានចូលរួមធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូនៅចំណុចកើតហេតុខាងលើ ជាមួយបក្ខពួកចំនួន ៣នាក់ទៀត រួមមាន៖ ឈ្មោះ គង់ ចំរុង ហៅ ប៉េ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិពោធិធំ ឃុំពោធិអង្គ្រង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ ឈ្មោះ ដាវ វ៉ឺត ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិពោធិត្បែង ឃុំនិទាន ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ និង ឈ្មោះ ម៉ៅ សុខឃី ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិស្រែគុយ ឃុំពោធិចំរើន ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។

បន្ទាប់ពីទទួលបានចម្លើយសារភាព នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង៩ព្រឹក សមត្ថកិច្ចបានបន្តឃាត់ខ្លួនឈ្មោះ គង់ ចំរុង ហៅ ប៉េ នៅចំណុចភូមិត្រពាំងកក់ ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។

បន្ទាប់មកនៅវេលាម៉ោង ១២៖១៥នាទីថ្ងៃត្រង់ សមត្ថកិច្ចស្រុកត្រាំកក់ សហការជាមួយកម្លាំងនគរបាលស្រុកបរសេដ្ឋ បានបន្តឃាត់ខ្លួនជនសង្ស័យ ២នាក់ទៀត គឺ ឈ្មោះ ដាវ វ៉ឺត និងឈ្មោះ ម៉ៅ សុខឃី នៅចំណុចភូមិស្រែគុយ ឃុំពោធិចំរើន ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។

ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានដកហូតវត្ថុតាង រួមមាន ម៉ូតូចំនួន ៣គ្រឿង ក្នុងនោះម៉ូតូរបស់ជនសង្ស័យ ២គ្រឿង និងម៉ូតូរបស់ជនរងគ្រោះ ១គ្រឿង ព្រមទាំងឧបករណ៍កាច់សោកម៉ូតូចំនួន ១កំប្លេ ដែលសមត្ថកិច្ចបញ្ជាក់ថាជារបស់ឈ្មោះ ដាវ វ៉ឺត និងទូរសព្ទដៃ១គ្រឿង។ តាមរបាយការណ៍ សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យមួយចំនួនជាមុខសញ្ញាពាក់ព័ន្ធបទល្មើស និងធ្លាប់ជាប់ពន្ធនាគារកន្លងមក ហើយមានជនសង្ស័យម្នាក់មានដីកាបង្គាប់ឱ្យចាប់ខ្លួនពាក់ព័ន្ធករណីទទួលផលចោរកម្មផងដែរ។

បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចនគរបាលស្រុកត្រាំកក់ កំពុងកសាងសំណុំរឿងតាមនីតិវិធី ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមច្បាប់៕