* លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី
* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

«ជិះកង់ដើម្បីទេសចរណ៍បៃតងភ្នំដា» បង្ហាញពីការផ្សារភ្ជាប់កីឡា បេតិកភណ្ឌ ធម្មជាតិ និងសហគមន៍ ដើម្បីជំរុញទេសចរណ៍រដូវកាលបៃតង

16-08-2026 20:23

(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍ជិះកង់ចម្ងាយ ១៧៩គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ឆ្ពោះទៅប្រាសាទភ្នំដា ខេត្តតាកែវ ក្រោមប្រធានបទ «ជិះកង់ដើម្បីទេសចរណ៍បៃតងភ្នំដា» ដោយមានការចូលរួមពីថ្នាក់ដឹកនាំ កីឡាករ-កីឡាការិនី អ្នកផលិតមាតិកា Influencers, KOLs សាធារណជន ព្រមទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ។

ថ្លែងក្នុងពិធីនេះ លោក ហួត ហាក់ បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍នេះ គឺជាលើកទី៤ ដែលក្រសួងទេសចរណ៍បានសហការរៀបចំ និងសម្របសម្រួល ក្នុងគោលបំណងផ្សព្វផ្សាយតំបន់គោលដៅទេសចរណ៍វប្បធម៌ បេតិកភណ្ឌ និងធម្មជាតិ ជាពិសេស ប្រាសាទភ្នំដា ដែលជារមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់ខេត្តតាកែវ។

លោករដ្ឋមន្ត្រី បានបន្តថា ការរៀបចំព្រឹត្តិការណ៍នេះ ក៏មានគោលបំណងជំរុញកំណើនភ្ញៀវទេសចរក្នុងរដូវកាលបៃតង ព្រមទាំងរួមចំណែកក្នុងសកម្មភាពសង្គម តាមរយៈការឧបត្ថម្ភសម្ភារៈសិក្សាដល់សិស្សានុសិស្សដែលខ្វះខាតនៅក្នុងមូលដ្ឋាន។

ព្រឹត្តិការណ៍ឆ្នាំនេះ មានអ្នកចូលរួមសរុបប្រមាណ ៥០០នាក់ ក្នុងនោះកីឡាករ-កីឡាការិនី និងមហាជនជាង ៣០០នាក់ បានចូលរួមពីចំណុចចេញដំណើរនៅរាជធានីភ្នំពេញ ខណៈប្រមាណ ២០០នាក់ទៀត បានចូលរួមបន្ថែមនៅតាមគោលដៅនានាក្នុងខេត្តតាកែវ។ ក្នុងចំណោមអ្នកចូលរួមទាំងនោះ មានកីឡាករ-កីឡាការិនីបរទេសចំនួន ១៨នាក់ មកពីប្រទេសបារាំង រុស្ស៊ី អាល្លឺម៉ង់ សិង្ហបុរី ម៉ាឡេស៊ី សហរដ្ឋអាម៉េរិក ចិន និងវៀតណាម។

ដំណើរជិះកង់បានចាប់ផ្តើមពីរង្វង់មូលវិមានឯករាជ្យ រាជធានីភ្នំពេញ ឆ្ពោះទៅខេត្តតាកែវ ដោយឆ្លងកាត់តំបន់ និងគោលដៅទេសចរណ៍សំខាន់ៗ រួមមាន ទន្លេបាទី ភ្នំជីសូរ អង្គតាសោម និងស្រុកអង្គរបុរី មុននឹងទៅដល់គោលដៅចុងក្រោយនៅប្រាសាទភ្នំដា។

លោក ហួត ហាក់ បានគូសរំលេចពីសារៈសំខាន់នៃការផ្សារភ្ជាប់រវាងកីឡា ទេសចរណ៍ និងបរិស្ថាន ដោយបញ្ជាក់ថា ព្រឹត្តិការណ៍ជិះកង់មិនត្រឹមតែជាសកម្មភាពកីឡា និងការហាត់ប្រាណដើម្បីទទួលបានសុខភាពល្អទាំងផ្លូវកាយ និងផ្លូវចិត្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសកម្មភាពទេសចរណ៍ដែលអនុញ្ញាតឱ្យអ្នកចូលរួមបានស្គាល់ដោយផ្ទាល់នូវធម្មជាតិ ប្រពៃណី ទំនៀមទម្លាប់ ជីវភាពរស់នៅរបស់ប្រជាជន និងសហគមន៍នៅតាមដងផ្លូវនៃដំណើរ។

ជាពិសេស នៅពេលទៅដល់ប្រាសាទភ្នំដា ក៏មានការរៀបចំដាំកូនឈើប្រភេទក្ងោកចំនួន ៦០០ដើម តាមបណ្តោយសងខាងផ្លូវឆ្ពោះទៅប្រាសាទភ្នំដា ដែលជាសកម្មភាពជាក់ស្តែងក្នុងការលើកកម្ពស់បរិស្ថានបៃតង និងសោភ័ណភាពតំបន់ទេសចរណ៍។

ជាមួយគ្នានេះ កម្មវិធីក៏បានរៀបចំចែកសម្ភារៈសិក្សាជូនសិស្សានុសិស្សចំនួន ៤៣៧នាក់ និងលោកគ្រូ អ្នកគ្រូចំនួន ៣១នាក់ មកពីសាលាបឋមសិក្សាចំនួន៤ ដែលជាការចូលរួមចំណែកក្នុងសកម្មភាពសង្គម និងការគាំទ្រដល់វិស័យអប់រំនៅមូលដ្ឋាន។

លោករដ្ឋមន្ត្រី ហួត ហាក់ បានសង្កត់ធ្ងន់ថា ការចូលរួមយ៉ាងផុសផុលពីគ្រប់ភាគី បានឆ្លុះបញ្ចាំងពីកម្លាំងសាមគ្គីភាព កិច្ចសហប្រតិបត្តិការល្អ និងការចូលរួមរួមគ្នាក្នុងការជំរុញវិស័យទេសចរណ៍ ដោយប្រែក្លាយកីឡាជិះកង់ទៅជាមធ្យោបាយមួយសម្រាប់ផ្សព្វផ្សាយគោលដៅទេសចរណ៍ បេតិកភណ្ឌ ប្រវត្តិសាស្ត្រ ធម្មជាតិ និងទេសចរណ៍បៃតងរបស់កម្ពុជា។

លោករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះ លោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ មន្ទីរពាក់ព័ន្ធជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ វេទិកាសម្ព័ន្ធសង្គមស៊ីវិល វិស័យឯកជន ក្រុមហ៊ុន សប្បុរសជន និងក្រុមការងារគ្រប់ផ្នែក ដែលបានចូលរួមសហការ គាំទ្រ និងសម្របសម្រួលឱ្យព្រឹត្តិការណ៍ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ៕