សិស្សជាង៤១ម៉ឺននាក់ ទទួលបានវិញ្ញាបនបត្របាក់ឌុប QR Code ស្តង់ដា តាមរយៈ Verify.gov.kh

17-08-2026 20:12

(ភ្នំពេញ)៖ លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ នៃក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ឲ្យដឹងថា សិស្សដែលបានប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ជាង៤១ម៉ឺននាក់ ទទួលបានវិញ្ញាបនបត្របាក់ឌុប QR Code ស្តង់ដា តាមរយៈថ្នាល Verify.gov.kh។

ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកស្រី គឹម សេដ្ឋានី អញ្ជើញចូលរួម ក្នុងសិក្ខាសាលាស្តីពី «កិច្ចសហប្រតិបត្តិការ លើការដាក់ឱ្យប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ Verify.gov៖ ការចែករំលែកបទពិសោធ និងកសាងសមត្ថភាពរួមគ្នា» នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦។

លោកស្រី គឹម សេដ្ឋានី បានបញ្ជាក់យ៉ាងដូច្នេះថា «តាមរយៈថ្នាល verify.gov.kh សិស្សានុសិស្សដែលបានប្រឡងជាប់បាក់ឌុប សរុបជាង៤១៨,០០០នាក់ (ចាប់ពីសម័យ ប្រឡងឆ្នាំ២០២២ រហូតដល់ឆ្នាំ២០២៥) ត្រូវបានផ្តល់ជូននូវវិញ្ញាបនបត្រដែលមាន Standard QR Code ប្រកបដោយសុវត្ថិភាព និងភាពត្រឹមត្រូវខ្ពស់បំផុត»។

លោកស្រី គឹម សេដ្ឋានី បានបន្ថែមទៀតថា ថ្នាលនេះ បានបំបែកគំរូការងារបែបប្រពៃណី ដោយផ្តល់នូវអត្ថប្រយោជន៍ជាយុទ្ធសាស្ត្រយ៉ាងធំធេង រួមមាន៖

១៖ មិនតម្រូវធ្វើនីត្យានុកូលកម្ម (ការបញ្ជាក់សញ្ញាបត្រ)៖ កន្លងមក សិស្សានុសិស្ស និងអាណា ព្យាបាលត្រូវចំណាយពេលថវិកា និងកម្លាំងកាយ ក្នុងការបញ្ជាក់សញ្ញាបត្រនៅលើក្រដាស។

ឥឡូវនេះ គ្រប់គ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន ព្រមទាំងសិស្សានុសិស្ស អាចផ្ទៀងផ្ទាត់ ភ្លាមៗតាមរយៈការស្កេន QR Code តែមួយប៉ុណ្ណោះ និងប្រើប្រាស់វិញ្ញាបនបត្រ និងសញ្ញាបត្រ ពាក់ព័ន្ធនឹងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ៥ ធ្នូ ២០២២ តទៅ ដែលមានដាក់ QR Code ស្តង់ដា តាមរយៈថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ដោយពុំចាំបាច់តម្រូវឱ្យមានការធ្វើនីត្យានុកូលកម្ម លើឯកសារថតចម្លងនៃវិញ្ញាបនបត្រ និងសញ្ញាបត្រ ដែលពាក់ព័ន្ធនឹងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងទម្រង់ជាក្រដាស។

២៖ ការការពារភាពត្រឹមត្រូវ និងទប់ស្កាត់ការក្លែងបន្លំ៖ បច្ចេកវិទ្យាឌីជីថលនៅលើថ្នាលនេះ ធានាថា ឯកសារមិនអាចកែបន្លំបានឡើយ។ នេះជាការកសាងទំនុកចិត្តពេញលេញជូនដល់ គ្រឹះស្ថានឧត្តមសិក្សា និយោជក និងគ្រឹះស្ថានអន្តរជាតិនានា។

៣៖ ការឆ្លើយតបនឹងបរិស្ថាន និងការសន្សំសំចៃ៖ ការកាត់បន្ថយការប្រើប្រាស់ក្រដាស និងការ បោះពុម្ព មិនត្រឹមតែជួយកាត់បន្ថយការចំណាយថវិការដ្ឋ និងគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង រួមចំណែកដល់ការការពារបរិស្ថានទៀតផង។

ទន្ទឹមគ្នានេះ លោកស្រី បានថ្លែងថា «បច្ចេកវិទ្យា គឺជាស្ពាន ឯជំនឿចិត្តគឺជាគ្រឹះ», ការដាក់ឱ្យប្រើប្រាស់ថ្នាល verily.gov.kh មិនត្រឹមតែជាការផ្លាស់ប្តូរទម្រង់បែបបទ រដ្ឋបាលប៉ុណ្ណោះទេ ប៉ុន្តែជាជំហានដ៏សំខាន់ក្នុងការ បង្កើត ប្រព័ន្ធអប់រំឌីជីថល មួយដែលប្រកបដោយបរិយាបន្ន និងសមធម៌។

លោកស្រី គឹម សេដ្ឋានី បានបន្ថែមទៀតថា បច្ចេកវិទ្យានេះ វាកំពុងផ្តល់ឱកាសស្មើៗគ្នា ដល់យុវជនកម្ពុជាគ្រប់រូប មិនថានៅទីប្រជុំជន ឬតំបន់ដាច់ស្រយាល ក្នុងការទទួលបាននូវឯកសារផ្លូវការ ដែលមានតម្លៃ ភាពងាយស្រួល និងសុវត្ថិភាពខ្ពស់បំផុត។

ក្រសួងអប់រំ យុវជន និងកីឡា មានទស្សនវិស័យ បន្តពង្រីកការប្រើប្រាស់ថ្នាលនេះ ទៅលើឯកសារពាក់ព័ន្ធផ្សេងៗទៀត ក្នុងវិស័យអប់រំ ដើម្បីឱ្យប្រព័ន្ធទិន្នន័យអប់រំទាំងមូល មានភាពទាក់ទងគ្នា និងដើរស្របគ្នានឹងបម្រែបម្រួល ឌីជីថលសកល។

បើតាមលោកស្រី គឹម សេដ្ឋានី, កិច្ចសហការរវាងក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចាប់ផ្តើមជាផ្លូវការ នៅដើមឆ្នាំ២០២៣ ដែលបានរួមគ្នាកសាងសមិទ្ធផល ប្រវត្តិសាស្ត្រដ៏ជាក់ស្តែងមួយ សម្រាប់វិស័យអប់រំនៅកម្ពុជា ដោយដាក់ឱ្យប្រើ «វិញ្ញាបនបត្រ និងសញ្ញាបត្រ ដែលពាក់ព័ន្ធនឹងការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ៥ ធ្នូ ២០២២ តទៅ ដែលមានដាក់ QR Code ស្តង់ដា ដែលមានតម្លៃគតិយុត្ត ស្មើនឹងវិញ្ញាបនបត្រ និងសញ្ញាបត្រ ដែលពាក់ព័ន្ធនឹងការ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។

កិច្ចសហការនេះ ធ្វើឡើងក្នុងគោលបំណង ផ្តល់ភាពងាយស្រួល ដល់សិស្សានុសិស្សយកទៅប្រើប្រាស់ និងជំរុញការធ្វើបរិវត្តកម្មឌីជីថល សេវាសាធារណៈ ស្របតាមគោលនយោបាយ រដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥៕