រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ប្រាសាទព្រះវិហារក្រោមគ្រាប់ផ្លោងស្លាកស្នាមនៃសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃលើបេតិកភណ្ឌពិភពលោក
17-08-2026 20:17
(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦នេះ បានលើកឡើងថា ប្រាសាទព្រះវិហារ បានឈរជាសាក្សីនៃអរិយធម៌ខ្មែរអស់រយៈពេលជិតមួយសហស្សវត្សរ៍ និងត្រូវបានពិភពលោកទទួលស្គាល់ជាសម្បត្តិបេតិកភណ្ឌដែលមានតម្លៃលេចធ្លោជាសកល។ ប៉ុន្តែ នៅក្នុងសង្គ្រាមឈ្លានពានទឹកដីកម្ពុជាពីសំណាក់យោធាថៃនៅឆ្នាំ២០២៥ សំណង់ដែលបានឆ្លងកាត់ពេលវេលារាប់សតវត្សរ៍មួយនេះ មិនអាចគេចផុតពីគ្រាប់ផ្លោង និងផលវិបាកនៃប្រតិបត្តិការយោធាបានឡើយ។
ការខូចខាតនៅប្រាសាទព្រះវិហារ មិនមែនគ្រាន់តែជាការអះអាងរបស់កម្ពុជានោះទេ។ របាយការណ៍របស់អង្គភាពជំនាញបានកត់ត្រាអំពីភាពធ្ងន់ធ្ងរនៃការខូចខាត៖ ធាតុស្ថាបត្យកម្មត្រូវបានបំផ្លាញ ឬផ្លាស់ទីយ៉ាងធ្ងន់ធ្ងរដោយការបាញ់ផ្ទាល់ ចម្លាក់លម្អ និងសិលាចារឹកត្រូវបានខូចខាត ឬបាត់បង់ ហើយឥទ្ធិពលនៃការផ្ទុះបានប៉ះពាល់ទាំងលើតួប្រាសាទ និងជ្រោះថ្មជុំវិញ ដែលបង្កការគំរាមកំហែងដល់បូរណភាព ភាពពិតប្រាកដ និងតម្លៃលេចធ្លោជាសកលរបស់សម្បត្តិបេតិកភណ្ឌពិភពលោកមួយនេះ។
នេះជាការពិតដែលមិនអាចលុបបំបាត់ដោយវោហាសាស្ត្រណាមួយបានទេ។ នៅពេលថ្មប្រាសាទបាក់បែក ចម្លាក់ត្រូវខូចខាត សិលាចារឹកបាត់បង់ និងសំណល់គ្រាប់យុទ្ធភណ្ឌនៅតែត្រូវបានរកឃើញក្នុងតំបន់បេតិកភណ្ឌ ភស្តុតាងនៅលើដីនិយាយខ្លាំងជាងការអះអាងណាមួយ។
*តួលេខដែលប្រាប់រឿងរ៉ាវនៃការខូចខាត
ទំហំនៃការខូចខាត និងផលវិបាកនៃជម្លោះត្រូវបានបង្ហាញកាន់តែច្បាស់តាមរយៈប្រតិបត្តិការសង្គ្រោះបន្ទាន់ដែលកម្ពុជាបានអនុវត្តដោយមានកិច្ចសហការជាមួយដៃគូអន្តរជាតិ។
ផ្ទៃដីប្រមាណ ៤០ ហិកតា ក្នុងតំបន់ប្រាសាទព្រះវិហារ និងតំបន់ជុំវិញ ត្រូវបានបោសសម្អាតសំណល់ជាតិផ្ទុះពីសង្គ្រាម។ ក្នុងប្រតិបត្តិការនោះ គេបានរកឃើញ និងបោសសម្អាត គ្រាប់បែកចង្កោមចំនួន ៩៧ គ្រាប់ គ្រាប់មិនទាន់ផ្ទុះចំនួន ៨៤ គ្រាប់ និងបំណែកគ្រាប់កាំភ្លើងធំចំនួន ១៧ ៩៣៧ បំណែក។
ទន្ទឹមនឹងនេះ តួប្រាសាទទាំងមូលត្រូវបានចងក្រងឯកសារអំពីស្ថានភាពរបស់វា។ ការពង្រឹងស្ថិរភាពរចនាសម្ព័ន្ធត្រូវបានអនុវត្តនៅ ២០ ទីតាំងសំខាន់ៗ ហើយថ្ម និងបំណែកស្ថាបត្យកម្មមានចម្លាក់ ជាង ៦០ ០០០ បំណែក ត្រូវបានកំណត់អត្តសញ្ញាណ និងប្រមូលរក្សាទុក។
តួលេខទាំងនេះមិនមែនជាស្ថិតិស្ងួតៗនោះទេ។ នៅពីក្រោយបំណែកថ្មនីមួយៗ គឺជាផ្នែកមួយនៃស្ថាបត្យកម្ម សិល្បៈ ប្រវត្តិសាស្ត្រ និងការចងចាំរបស់មនុស្សជាតិ។ ថ្មដែលបាក់អាចត្រូវបានប្រមូល។ សំណង់ដែលខូចអាចត្រូវបានពង្រឹង។ ប៉ុន្តែតម្លៃប្រវត្តិសាស្ត្រដែលត្រូវបានបំផ្លាញ មិនអាចផលិតឡើងវិញដូចវត្ថុថ្មីក្នុងរោងចក្របានឡើយ។
*បេតិកភណ្ឌមិនមែនជាគោលដៅនៃសង្គ្រាម
ប្រាសាទព្រះវិហារមិនមែនគ្រាន់តែជាប្រាសាទរបស់កម្ពុជាទេ។ ការចុះបញ្ជីប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក មានន័យថា តម្លៃរបស់វាឆ្លងផុតព្រំដែនជាតិ និងជាកេរដំណែលដែលមានសារៈសំខាន់ចំពោះមនុស្សជាតិទាំងមូល។ ហេតុនេះ ការខូចខាតដល់ប្រាសាទព្រះវិហារ មិនមែនជាការបាត់បង់របស់កម្ពុជាតែម្នាក់ឯងទេ ប៉ុន្តែជាការបាត់បង់ចំពោះបេតិកភណ្ឌរួមរបស់មនុស្សជាតិ។
ការការពារសម្បត្តិវប្បធម៌នៅក្នុងពេលមានជម្លោះប្រដាប់អាវុធ មិនមែនជាជម្រើសនយោបាយទេ។ វាជាកាតព្វកិច្ចដែលត្រូវបានទទួលស្គាល់នៅក្រោមច្បាប់អន្តរជាតិ ជាពិសេសគោលការណ៍នៃច្បាប់មនុស្សធម៌អន្តរជាតិដែលទាមទារឱ្យភាគីជម្លោះគោរព និងការពារសម្បត្តិវប្បធម៌ពីផលប៉ះពាល់នៃប្រតិបត្តិការយោធា។
សម្បត្តិវប្បធម៌ដែលមានតម្លៃពិសេសសម្រាប់មនុស្សជាតិ ត្រូវការការប្រុងប្រយ័ត្ន និងការការពារខ្ពស់។ ដូច្នេះ នៅពេលតំបន់បេតិកភណ្ឌពិភពលោកត្រូវរងការខូចខាតដោយប្រតិបត្តិការយោធា សំណួរមិនមែនមានត្រឹមថា «អ្វីខ្លះបានបាក់បែក?» ប៉ុណ្ណោះទេ។ សំណួរដែលសហគមន៍អន្តរជាតិត្រូវសួរផងដែរគឺ៖ តើហេតុអ្វីបានជាបេតិកភណ្ឌពិភពលោកមួយនេះត្រូវបានទុកឱ្យប្រឈមនឹងគ្រាប់ផ្លោង? តើវិធានការប្រុងប្រយ័ត្នដែលច្បាប់អន្តរជាតិតម្រូវត្រូវបានអនុវត្តដែរឬទេ? ហើយតើអ្នកណាត្រូវទទួលខុសត្រូវចំពោះការខូចខាតដែលបានកើតឡើង?
*បញ្ហានេះក៏មានវិសាលភាពលើសពីប្រាសាទព្រះវិហារ។
កម្ពុជាបានទាញការយកចិត្តទុកដាក់របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោកទៅលើសកម្មភាពឯកតោភាគីរបស់អាជ្ញាធរស៊ីវិល និងយោធាថៃនៅក្នុងទឹកដីកម្ពុជាតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលបានប៉ះពាល់មិនត្រឹមតែប្រាសាទព្រះវិហារ ប៉ុន្តែថែមទាំង ប្រាសាទខ្នារ ប្រាសាទតាក្របី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងរូបសំណាកព្រះវិស្ណុនៅខាងកើតប្រាសាទព្រះវិហារ ផងដែរ។
សេចក្តីថ្លែងការណ៍បញ្ជាក់ថា សកម្មភាពទាំងនេះរួមមានការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធវប្បធម៌ និងសំណល់បុរាណវិទ្យា ការបង្កការខូចខាតធ្ងន់ធ្ងរដល់ទីតាំងបេតិកភណ្ឌ និងការចុះបញ្ជីប្រាសាទកម្ពុជាមួយចំនួនក្នុងបញ្ជីបុរាណដ្ឋានជាតិរបស់ថៃ។
កម្ពុជាបានព្រមានថា សកម្មភាពទាំងនេះមើលទៅមានបំណងផ្លាស់ប្តូរស្ថានភាពដែលមានស្រាប់នៅលើដី បង្កើតស្ថានភាព fait accompli និងធ្វើឱ្យចុះខ្សោយដល់ការគ្រប់គ្រង ការអភិរក្ស និងការថែរក្សាទីតាំងវប្បធម៌ទាំងនេះរបស់កម្ពុជាដែលមានជាយូរមកហើយ។
បេតិកភណ្ឌមិនអាចត្រូវបានប្រើជាឧបករណ៍សម្រាប់បង្កើតការអះអាងទឹកដី ហើយការគ្រប់គ្រងដោយកម្លាំងមិនអាចបង្កើតសិទ្ធិស្របច្បាប់លើបេតិកភណ្ឌរបស់រដ្ឋមួយផ្សេងទៀតបានឡើយ។
*ភស្តុតាងមិនអាចត្រូវបានលុបបំបាត់ដោយវោហាសាស្ត្រ
ការបកស្រាយ និងហេតុផលដែលយោធាថៃបានលើកឡើងដើម្បីការពារប្រតិបត្តិការរបស់ខ្លួន មិនអាចលុបបំបាត់ភស្តុតាងជាក់ស្តែងនៅលើដីបានឡើយ។
បំណែកស្ថាបត្យកម្មដែលបាក់បែក ស្នាមខូចខាតដោយការផ្ទុះ សំណល់គ្រាប់យុទ្ធភណ្ឌ និងការងារសង្គ្រោះបន្ទាន់ដ៏ធំធេងនៅតំបន់ប្រាសាទ គឺជាភស្តុតាងរូបវន្តដែលត្រូវឆ្លើយតបដោយការពិត និងការទទួលខុសត្រូវ មិនមែនដោយការបដិសេធ ឬការបកស្រាយដើម្បីគេចវេះពីផលវិបាកនៃសកម្មភាពយោធានោះទេ។
គ្រាប់ផ្លោងមិនអាចត្រូវបានបម្លែងទៅជាវោហាសាស្ត្រ។ ថ្មដែលបាក់បែកមិនអាចត្រូវបានបដិសេធដោយសេចក្តីថ្លែងការណ៍។ ហើយសំណល់គ្រាប់យុទ្ធភណ្ឌដែលត្រូវបានរកឃើញនៅលើដី មិនអាចរលាយបាត់ដោយការបដិសេធនោះឡើយ។
ការទទួលខុសត្រូវចំពោះបេតិកភណ្ឌពិភពលោកត្រូវចាប់ផ្តើមពីការទទួលស្គាល់ការពិត និងការធានាថា សកម្មភាពដែលបង្កហានិភ័យដល់បេតិកភណ្ឌនោះនឹងមិនកើតឡើងម្តងទៀត។
*ថ្មអាចជួសជុលបាន តែប្រវត្តិសាស្ត្រដែលបាត់បង់មិនអាចបង្កើតឡើងវិញ
កម្ពុជាបានចាត់វិធានការសង្គ្រោះបន្ទាន់តាមរយៈអាជ្ញាធរជាតិព្រះវិហារ ដោយសហការជាមួយដៃគូអន្តរជាតិ។ ការបោសសម្អាតសំណល់ជាតិផ្ទុះ ការកត់ត្រាស្ថានភាពតួប្រាសាទ ការពង្រឹងរចនាសម្ព័ន្ធ និងការប្រមូលបំណែកស្ថាបត្យកម្មរាប់ម៉ឺនបំណែក បង្ហាញពីការប្តេជ្ញាចិត្តក្នុងការរក្សាតម្លៃលេចធ្លោជាសកលរបស់ប្រាសាទ ទោះស្ថិតក្នុងកាលៈទេសៈដ៏លំបាកក៏ដោយ។
ប៉ុន្តែ ពិភពលោកមិនគួររង់ចាំឱ្យប្រាសាទត្រូវរងគ្រាប់ផ្លោង រួចទើបប្រមូលបំណែកថ្មឡើងវិញទេ។
ពិភពលោកមិនគួររង់ចាំឱ្យចម្លាក់ត្រូវខូចខាត រួចទើបនិយាយពីការអភិរក្សទេ។ ពិភពលោកក៏មិនគួររង់ចាំឱ្យបេតិកភណ្ឌដែលមិនអាចជំនួសបានត្រូវបាត់បង់ រួចទើបរំឭកពីកាតព្វកិច្ចការពារបេតិកភណ្ឌនោះដែរ។
ការស្ដារ និងជួសជុលថ្មឡើងវិញមិនគ្រប់គ្រាន់ទេ ប្រសិនបើមូលហេតុដែលធ្វើឱ្យថ្មទាំងនោះបាក់បែកមិនត្រូវបានទប់ស្កាត់។
នេះហើយជាមូលហេតុដែលកម្ពុជាបានអំពាវនាវឱ្យគណៈកម្មាធិការបេតិកភណ្ឌពិភពលោកបន្តគាំទ្រការស្ដារ និងការអភិរក្សរយៈពេលវែងនៃប្រាសាទព្រះវិហារ បន្តតាមដានយ៉ាងយកចិត្តទុកដាក់លើស្ថានភាពអភិរក្ស និងជំរុញឱ្យមានលក្ខខណ្ឌដែលធានាការចូលទៅកាន់តំបន់ដោយសុវត្ថិភាព និងគ្មានការរំខាន សម្រាប់អ្នកជំនាញអភិរក្ស ក្រុមឆ្លើយតបបន្ទាន់ និងសហគមន៍មូលដ្ឋាន។
ប្រាសាទព្រះវិហារបានឈរឆ្លងកាត់ពេលវេលារាប់សតវត្សរ៍។ វាបានរស់រានមានជីវិតឆ្លងកាត់ការផ្លាស់ប្តូរនៃអាណាចក្រ ព្រំដែន និងប្រវត្តិសាស្ត្រ។ វាមិនគួរត្រូវបានទុកឱ្យក្លាយជាសាក្សីស្ងៀមស្ងាត់នៃការខូចខាតដោយសកម្មភាពឈ្លានពានប្រដាប់អាវុធនៅសតវត្សទី២១ នេះឡើយ។
ប្រាសាទព្រះវិហារមិនត្រូវការការអាណិតអាសូរបន្ទាប់ពីការបំផ្លាញទេ។ វាត្រូវការការការពារមុនពេលការបំផ្លាញកើតឡើង។
ការពារប្រាសាទព្រះវិហារ មិនមែនគ្រាន់តែជាការពារអតីតកាលរបស់កម្ពុជាទេ។ វាគឺជាការការពារកេរដំណែលរួមរបស់មនុស្សជាតិ ការពារគោលការណ៍នៃច្បាប់ និងការពារសិទ្ធិរបស់មនុស្សជំនាន់ក្រោយក្នុងការទទួលបានបេតិកភណ្ឌដែលមនុស្សជំនាន់នេះមានកាតព្វកិច្ចប្រគល់ជូនពួកគេដោយសន្តិភាព។
ថ្មអាចត្រូវបានជួសជុល។ ប៉ុន្តែប្រវត្តិសាស្ត្រដែលត្រូវបានបំផ្លាញមិនអាចផលិតឡើងវិញបានឡើយ។ ហើយបេតិកភណ្ឌពិភពលោកមិនគួរត្រូវបានទុកឱ្យក្លាយជាជនរងគ្រោះនៃសង្គ្រាមម្តងទៀតទេ៕






















