* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញដល់ប្រទេសកាហ្សាក់ស្ថាន និងចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុបនៃសាធារណរដ្ឋក្រូអាស៊ី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល ២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចនៅតួកគីយ៉េ បន្តដំណើរទស្សនកិច្ចនៅកាហ្សាក់ស្ថាន
* មន្ត្រីគយ សហការជាមួយមន្ត្រីនគរបាល រឹបអូសបាន ហេរ៉ូអ៉ីនជិត ៦គីឡូក្រាម ពីអ្នកដំណើរបរទេសម្នាក់ដែលត្រៀមចាកចេញពីកម្ពុជា
* ប្រធានាធិបតីតួកគីយ៉េ សង្ឃឹមថា ជម្លោះព្រំដែនកម្ពុជា-ថៃ ត្រូវបានដោះស្រាយដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ
* លោក ដូណាល់ ត្រាំ៖ សហរដ្ឋអាមេរិកនឹងមិនប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹងអ៉ីរ៉ង់នោះទេ
* កូរ៉េខាងជើងធ្វើតេស្ដប្រព័ន្ធអាវុធ torpedo បំពាក់បច្ចេកវិទ្យា AI
* ប្រធានាធិបតីតួកគីយ៉េ មើលឃើញកម្ពុជា ជាដៃគូសំខាន់នៅអាស៊ាន, កម្ពុជា និងតួកគីយ៉េ ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លាំងក្លា
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជើញបើកសិក្ខាសាលាស្តីពី «កិច្ចសហប្រតិបត្តិការ លើការដាក់ឱ្យប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov», គិតត្រឹមបច្ចុប្បន្ន មានប្រមាណជិត១០លានឯកសារ

17-08-2026 20:25

(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.) នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី «កិច្ចសហប្រតិបត្តិការលើការដាក់ឱ្យប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov៖ ការចែករំលែកបទពិសោធ និងកសាងសមត្ថភាពរួមគ្នា» ដែលមានការអញ្ជើញចូលរួមពីគណៈប្រតិភូនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំ ក.ប.ទ. ថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ គ្រឹះស្ថានអប់រំ និងមន្ត្រីរាជការ សរុបប្រមាណ ២០០នាក់ នៅទីស្ដីការ ក.ប.ទ.។

ថ្លែងក្នុងពិធីបើកសិក្ខាសាលានេះ រដ្ឋមន្ត្រី ជា វ៉ាន់ដេត បានលើកឡើងពីសារៈសំខាន់នៃ ថ្នាល Verify ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហាប្រឈមធំៗនៃការក្លែងបន្លំឯកសារ ផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ ផ្តល់ទំនុកចិត្ត ចំណេញពេលវេលា និងកាត់បន្ថយចំណាយនានា និងទទួលបានជោគជ័យក្នុងការតភ្ជាប់រវាងក្រសួង ស្ថាប័នរដ្ឋ គ្រឹះស្ថានអប់រំ និងវិស័យឯកជន ដែលដំបូងគឺផ្តើមចេញពីការដាក់ឱ្យប្រើប្រាស់លើឯកសារសញ្ញាបត្រ វិញ្ញាបនប័ត្រក្នុងវិស័យអប់រំ និងបណ្តុះបណ្តាល ដូចជាវិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ សញ្ញាបត្រឧត្តមសិក្សានៃគ្រឹះស្ថានអប់រំរដ្ឋ និងឯកជន និងវិញ្ញាបនបត្រឯកទេសនានា ដែលជួយឱ្យសិស្ស និស្សិត និងប្រជាពលរដ្ឋអាចប្រើប្រាស់ជាផ្លូវការដោយមិនតម្រូវឱ្យមានការធ្វើនីត្យានុកូលកម្មលើឯកសារថតចម្លងក្នុងទម្រង់ជាក្រដាស និងអាចផ្ទៀងផ្ទាត់សញ្ញាបត្រ វិញ្ញាបនបត្ររបស់ខ្លួនបានយ៉ាងងាយស្រួល ឆាប់រហ័ស និងមានសុវត្ថិភាពបំផុត។

សមិទ្ធផលទាំងនេះ មិនត្រឹមតែផ្លាស់ប្តូរទម្លាប់នៃការប្រើប្រាស់ឯកសារក្រដាសមកជាទម្រង់ឌីជីថលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើតបណ្តាញទំនុកចិត្តឌីជីថលដ៏រឹងមាំមួយនៅកម្ពុជា ហើយឯកសារសាធារណៈដែលមានដាក់បញ្ចូល QR Code ស្តង់ដា បានក្លាយជាទ្រព្យសម្បត្តិឌីជីថល ដែលអាចរក្សាទុកក្នុងកាបូបលុយឌីជីថលរបស់ថ្នាល verify និងអាចប្រើប្រាស់ជាទម្រង់ឌីជីថលជាផ្លូវការនិងយ៉ាងទូលំទូលាយ។

អំឡុងពេលពិធីបើកសិក្ខាសាលានេះ លោក ជា សេរីវឌ្ឍ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.រ.ឌ. ក៏បានអញ្ជើញថ្លែងចំណាប់អារម្មណ៍ស្ដីពី ថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល ដោយផ្ដោតសំខាន់លើកិច្ចសហប្រតិបត្តិការនៃការដាក់ឱ្យប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov នៅតាមគ្រឹះស្ថានអប់រំ ក្រសួង ស្ថាប័ន និងនៅប្រទេសជាដៃគូក្នុងតំបន់និងអន្តរជាតិ ព្រមទាំងសមិទ្ធផលធំៗដែលថ្នាលនេះទទួលបានលើឆាកអន្តរជាតិរួមមាន ពានរង្វាន់សេវាសាធារណៈអង្គការសហប្រជាជាតិ ឆ្នាំ២០២៦ ពានរង្វាន់ឌីជីថលអាស៊ាន ឆ្នាំ២០២៤ និងពាន់រង្វាន់ ITU ជាដើម។ គិតត្រឹមបច្ចុប្បន្ន មានឯកសារឌីជីថលផ្លូវការប្រមាណជិត ១០លានឯកសារ បានប្រើប្រាស់ថ្នាល Verify របស់រាជរដ្ឋាភិបាលកម្ពុជា ដែលអភិវឌ្ឍដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដើម្បីធានាភាពត្រឹមត្រូវ និងទប់ស្កាត់ការក្លែងបន្លំឯកសារ។

ជាមួយគ្នានេះ តំណាងថ្នាក់ដឹកនាំគណៈប្រតិភូនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ លោក Agustinus Bruno Halle នាយកខុទ្ទកាល័យ ទទួលបន្ទុកផ្នែកឌីជីថលូបនីយកម្ម និងសន្តិសុខសាយប័រ នៃក្រសួងដឹកជញ្ជូន និងសារគមនាគមន៍ បានអញ្ជើញថ្លែងចំណាប់អារម្មណ៍ពីដំណើរការនិងវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តការយ៉ាងស្អិតរមួតរវាងក្រសួងដឹកជញ្ជូន និងសារគមនាគមន៍ នៃទីម័រឡេស្តេ និង ក.ប.ទ. និង គ.រ.ឌ. នៃកម្ពុជា និងបានប្តេជ្ញាចិត្តលើកកម្ពស់និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើការដាក់ឱ្យប្រើប្រាស់ថ្នាល verify.gov.tl លើឯកសារឌីជីថលផ្សេងៗទៀតក្រៅពីឯកសារក្នុងវិស័យដឹកជញ្ជូន ដូចជាការចុះបញ្ជីអត្រានុកូលដ្ឋាន វិញ្ញាបនបត្រសិក្សា អាជ្ញាបណ្ណអាជីវកម្ម និងសេវាសាធារណៈចាំបាច់ផ្សេងទៀត ជាដើមផងដែរ។

លើសពីនេះទៅទៀត ក៏មានការអញ្ជើញថ្លែងចំណាប់អារម្មណ៍និងចែករំលែកបទពិសោធនៃការដាក់ឱ្យប្រើប្រាស់ថ្នាល verify.gov.kh ក្នុងវិស័យសំខាន់ៗដូចជា វិស័យឌីជីថល អប់រំ សុខាភិបាល និងសាធារណការ និងដឹកជញ្ជូន ពីឯកឧត្តម និងលោកជំទាវ ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងគ្រឹះស្ថានអប់រំ នៃព្រះរាជាណាចក្រកម្ពុជា ដូចជា៖ (១) លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ នៃក្រសួងអប់រំ យុវជន និងកីឡា (២) លោក នឹម សុធា អនុរដ្ឋលេខាធិការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន (៣) លោកវេជ្ជបណ្ឌិត ម៉ឹង វណ្ណារុំ អនុរដ្ឋលេខាធិការ នៃក្រសួងសុខាភិបាល និង (៤) លោកសាស្ត្រាចារ្យបណ្ឌិត ហោ ប៉េង សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ដែលបានបង្ហាញពីភាពគួរឱ្យកត់សម្គាល់ខ្ពស់នៃដំណើរបរិវត្តកម្មរដ្ឋាភិបាលឌីជីថលនិងការផ្ដល់សេវាសាធារណៈនៅព្រះរាជាណាចក្រកម្ពុជា និងការពង្រីកវិសាលភាពនៃថ្នាល verify.gov នៅលើឆាកអន្តរជាតិ។

គួរបញ្ជាក់ផងដែរថា សិក្ខាសាលាស្តីពី «កិច្ចសហប្រតិបត្តិការលើការដាក់ឱ្យប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ Verify.gov៖ ការចែករំលែកបទពិសោធ និងកសាងសមត្ថភាពរួមគ្នា» ត្រូវបានរៀបចំឡើងដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ក្នុងគោលបំណងចែករំលែកបទពិសោធ និងភាពជោគជ័យក្នុងការអភិវឌ្ឍថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov.kh ដែលបាននិងកំពុងប្រើប្រាស់យ៉ាងទូលំទូលាយទាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ដេ៕