កម្លាំងគណៈបញ្ជាការឯកភាពខេត្ដបន្ទាយមានជ័យ បន្ដប្រតិបត្ដិការចុះរដ្ឋបាល ៩ទីតាំង នៅភូមិសាស្ដ្រក្រុងប៉ោយប៉ែត តែមិនពាក់ព័ន្ធបទល្មើស Online Scams

17-08-2026 21:02

(បន្ទាយមានជ័យ)៖ កម្លាំងគណៈបញ្ជាការឯកភាពខេត្ដបន្ទាយមានជ័យ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦នេះ បានបន្ដប្រតិបត្ដិការចុះធ្វើរដ្ឋបាលចំនួន៩ទីតាំង នៅភូមិសាស្ដ្រក្រុងប៉ោយប៉ែត តែមិនមានទីតាំងណាមួយពាក់ព័ន្ធបទល្មើស Online Scams នោះឡើយ ដោយភាគច្រើនជនបរទេសបានចាកចេញពីអគារអស់ហើយ។

ប្រតិបត្ដិការនេះ បានធ្វើឡើងដោយ២ក្រុមផ្សេងគ្នា ដោយក្រុមទី១ ដឹកនាំដោយលោក ប្រាក់ ប៉ូលី អភិបាលរងខេត្ដបន្ទាយមានជ័យ និងក្រុមទី២ ដឹកនាំដោយលោក លៀម សុដា អភិបាលរងខេត្ដបន្ទាយមានជ័យ។

ប្រតិបត្ដិការនេះ ក៏បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោក អ៊ុំ រាត្រី អភិបាលខេត្ដបន្ទាយមានជ័យ ក្រោមការសម្របសម្រួលរបស់លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ដបន្ទាយមានជ័យ។

សម្រាប់ក្រុមការងារទី១ របាយការណ៍របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា
នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ លោក ប្រាក់ ប៉ូលី បានដឹកនាំក្រុមការងារចម្រុះ ចុះត្រួតពិនិត្យរដ្ឋបាលតាមអគារស្នាក់នៅចំនួន ៤ទីតាំង ដោយមានការចូលរួមសហការពីម្ចាស់ទីតាំង។

ក្នុងនោះ ក្រុមការងារបានត្រួតពិនិត្យឃើញថា ជនបរទេសបានចាកចេញអស់ និងពុំមានសញ្ញាណនៃការប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ដូចខាងក្រោម៖

* ទីតាំងទី១៖ អគារកម្ពស់ ៦ជាន់ មាន ៨៦បន្ទប់ ជាបន្ទប់ស្នាក់នៅ (ហល១) ស្ថិតនៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត។ ក្រុមការងារពុំបានរកឃើញជនបរទេស និងពុំមានសម្ភារសង្ស័យឡើយ។

* ទីតាំងទី២៖ អគារកម្ពស់ ៧ជាន់ មាន ៣១បន្ទប់ ជាបន្ទប់ស្នាក់នៅ ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ។ ក្រុមការងារពុំបានរកឃើញជនបរទេស និងពុំមានសម្ភារសង្ស័យឡើយ។

* ទីតាំងទី៣៖ អគារកម្ពស់ ៥ជាន់ មាន ៣៩បន្ទប់ ជាបន្ទប់ស្នាក់នៅ ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ។ ក្រុមការងារពុំបានរកឃើញជនបរទេស និងពុំមានសម្ភារសង្ស័យឡើយ។

* ទីតាំងទី៤៖ អគារកម្ពស់ ១៤ជាន់ មាន ៩៩បន្ទប់ (ហល៣) ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ។ ក្រុមការងារពុំបានរកឃើញជនបរទេស និងពុំមានសម្ភារសង្ស័យឡើយ។

សម្រាប់ក្រុមការងារទី២ របាយការណ៍រដ្ឋបាលខេត្ត បានបញ្ជាក់ថា នៅថ្ងៃចន្ទ ទី១៧ ខែសីហា ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក លៀម សុដា បានចុះធ្វើរដ្ឋបាលត្រួតពិនិត្យទីតាំងចំនួន ៥កន្លែង ក្នុងភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត។

ប្រតិបត្តិការនេះមានគោលបំណងទប់ស្កាត់បទល្មើសនានា ជាពិសេសការផ្ដល់ទីតាំងស្នាក់នៅប្រមូលផ្ដុំដោយខុសច្បាប់របស់ជនបរទេស ដែលប្រព្រឹត្តការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ក្នុងចំណោមទីតាំងទាំង៥ ដែលបានត្រួតពិនិត្យ ក្រុមការងារបានរកឃើញជនជាតិចិនចំនួន ២នាក់ កំពុងស្នាក់នៅក្នុងបន្ទប់ជួលមួយកន្លែង ដែលមានឯកសារត្រឹមត្រូវ ប៉ុន្តែម្ចាស់ទីតាំងពុំបានរាយការណ៍ពីការស្នាក់នៅរបស់ជនបរទេសទាំងនោះចូលក្នុងប្រព័ន្ធ FCPS ឡើយ។

ចំពោះករណីនេះ ជំនាញបានអនុវត្តនីតិវិធីពិន័យម្ចាស់ទីតាំងតាមមាត្រាទី១៨ និងបានណែនាំឲ្យភ្ជាប់ប្រព័ន្ធ FCPS ឲ្យបានត្រឹមត្រូវ។ ចំណែកឯទីតាំងផ្សេងទៀត មិនមានជនបរទេសស្នាក់នៅ ឬរកឃើញបទល្មើសអ្វីឡើយ។

ជាលទ្ធផល ក្រុមការងារបានធ្វើការណែនាំដល់ម្ចាស់ទីតាំងទាំងអស់ ឲ្យសហការ និងរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ក្នុងករណីជួលទីតាំងឲ្យជនបរទេសស្នាក់នៅប្រមូលផ្ដុំ។

ម្ចាស់ទីតាំងត្រូវគោរពច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា អនុក្រឹត្យលេខ ០៣ ស្ដីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានាជាធរមាន ដើម្បីធានាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងទប់ស្កាត់រាល់បទល្មើសគ្រប់ប្រភេទក្នុងមូលដ្ឋាន។