ស្ថានទូតឥណ្ឌា ប្រារព្ធពិធីបុណ្យឯករាជ្យជាតិលើកទី៨០ នៃសាធារណរដ្ឋឥណ្ឌា នៅរាជធានីភ្នំពេញ
18-08-2026 09:44
(ភ្នំពេញ)៖ ស្ថានទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីប្រារព្ធខួបលើកទី៨០ នៃទិវាឯករាជ្យជាតិរបស់សាធារណរដ្ឋឥណ្ឌា ប្រកបដោយបរិយាកាសអធិកអធម និងឱឡារិក ដោយមានការរៀបចំពិធីផ្លូវការនាពេលព្រឹក នៅបរិវេណស្ថានទូត នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ និងពិធីលៀងសាយភោជន៍ផ្លូវការ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦។
នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ កម្មវិធីបានចាប់ផ្តើមដោយការច្រៀងចម្រៀងជាតិឥណ្ឌា «Vande Mataram» បន្ទាប់មកមានពិធីបង្ហូតទង់ជាតិដោយលោក Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា និងការច្រៀងបទចម្រៀងគោរពទង់ជាតិ។ បន្ទាប់មក លោកឯកអគ្គរដ្ឋទូត បានអានសារលិខិត និងសុន្ទរកថារបស់លោកស្រីប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌា ជូនចំពោះប្រជាជាតិ ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ។
កម្មវិធីនេះក៏មានការសម្តែងសិល្បៈវប្បធម៌យ៉ាងរស់រវើក រួមមាន ការសម្តែងរបាំប្រពៃណី ការច្រៀងចម្រៀងស្នេហាជាតិ និងការសូត្រកំណាព្យ ដោយសមាគមឥណ្ឌានៅកម្ពុជា និងមន្ត្រីនៃស្ថានទូត។ ទន្ទឹមនឹងនេះ ក៏មានការប្រគល់វិញ្ញាបនបត្រសរសើរជូនដល់ជ័យលាភីនៃការប្រកួតសំណួរចំណេះដឹងស្តីពីប្រទេសឥណ្ឌា «Bharat Ko Janiye Quiz» នៅកម្ពុជា ព្រមទាំងការប្រគល់រង្វាន់ជូនដល់កុមារា កុមារី ដែលបានចូលរួមក្នុងការប្រកួតគូររូបភាពក្រោមប្រធានបទ «ឥណ្ឌាក្លាយជាប្រទេសអភិវឌ្ឍន៍ - Viksit Bharat» ក្នុងព្រឹត្តិការណ៍បុណ្យឥណ្ឌា កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ និងការផ្តល់រង្វាន់លើកទឹកចិត្តជូនដល់ជ័យលាភីនៃការប្រកួតប្រជែងផ្សេងៗទៀត ដែលបានរៀបចំឡើងក្នុងឱកាសឆ្ពោះទៅកាន់ការប្រារព្ធទិវាឯករាជ្យជាតិនេះផងដែរ។
នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ពិធីលៀងសាយភោជន៍ផ្លូវការមួយត្រូវបានរៀបចំឡើងនៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ដើម្បីអបអរសាទរខួបលើកទី៨០ នៃទិវាឯករាជ្យជាតិរបស់សាធារណរដ្ឋឥណ្ឌា។ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតី និងជាភ្ញៀវកិត្តិយស។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ រដ្ឋមន្ត្រី មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ឯកអគ្គរាជទូត/ឯកអគ្គរដ្ឋទូត សមាជិកអង្គទូត សមាគមឧកញ៉ាកម្ពុជា ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ និងសមាជិកសមាគមឥណ្ឌានៅកម្ពុជាមកពីគ្រប់វិស័យ។
នៅក្នុងសុន្ទរកថា ឯកអគ្គរដ្ឋទូត Bawitlung បានគូសរំលេចអំពីដំណើរវឌ្ឍនភាពរបស់ប្រទេសឥណ្ឌា ក្នុងរយៈពេល ៧៩ឆ្នាំចុងក្រោយនេះ រាប់ចាប់តាំងពីទទួលបានឯករាជ្យនៅឆ្នាំ១៩៤៧ និងសមិទ្ធផលរបស់ប្រទេសក្នុងការក្លាយជាសង្គមមួយដែលមានបរិយាបន្ន និងសមធម៌ ព្រមទាំងសម្រេចបាននូវការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងនវានុវត្តន៍បច្ចេកវិទ្យាយ៉ាងលេចធ្លោ ដែលទាំងអស់នេះឆ្លុះបញ្ចាំងពីស្មារតីដ៏អស្ចារ្យរបស់ប្រជាពលរដ្ឋឥណ្ឌាចំនួន ១.៤០០ លាននាក់។
លោកបានបញ្ជាក់ថា ឥណ្ឌានៅតែបន្តស្ថិតជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនជាងគេបំផុតក្នុងចំណោមសេដ្ឋកិច្ចធំៗនៅលើពិភពលោក ហើយដោយផ្អែកលើប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពដ៏រស់រវើក គោលការណ៍ម៉ាក្រូសេដ្ឋកិច្ចដ៏រឹងមាំ និងការកែទម្រង់ដែលមានទស្សនវិស័យវែងឆ្ងាយ ប្រទេសឥណ្ឌាកំពុងលេចធ្លោឡើងជាថ្នាក់ដឹកនាំសកលផ្នែកបច្ចេកវិទ្យា និងនវានុវត្តន៍ ដោយទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ក្នុងវិស័យជាច្រើន រួមមាន បច្ចេកវិទ្យាព័ត៌មាន (IT) ឱសថសាស្ត្រ បច្ចេកវិទ្យាជីវសាស្ត្រ ការថែទាំសុខភាព អវកាស និងបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech)។ លោកបានបន្ថែមថា ការអភិវឌ្ឍទាំងនេះនឹងនាំឱ្យឥណ្ឌាសម្រេចបាននូវទស្សនវិស័យ «Viksit Bharat 2047» ដែលមានគោលដៅប្រែក្លាយប្រទេសឥណ្ឌាឱ្យទៅជាប្រទេសអភិវឌ្ឍន៍ ក្នុងឱកាសខួបលើកទី១០០ នៃទិវាឯករាជ្យជាតិរបស់ខ្លួន។
លោកឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងឥណ្ឌា និងកម្ពុជា បានបង្ហាញឱ្យឃើញនូវសន្ទុះវិជ្ជមានក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយមានការកើនឡើងនូវទំនាក់ទំនងធុរកិច្ចរវាងសហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរ ដែលផ្តោតលើវិស័យសំខាន់ៗ រួមមាន បច្ចេកវិទ្យាព័ត៌មាន ឱសថសាស្ត្រ សុខាភិបាល កសិកម្ម និងអប់រំ ជាដើម។ លោកក៏បានគូសរំលេចផងដែរអំពីវឌ្ឍនភាពជាវិជ្ជមានក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យកសាងសមត្ថភាព រួមមាន អាហារូបករណ៍របស់ក្រុមប្រឹក្សាឥណ្ឌាសម្រាប់ទំនាក់ទំនងវប្បធម៌ (ICCR) និងកម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងសេដ្ឋកិច្ចឥណ្ឌា (ITEC) ការអភិរក្សបេតិកភណ្ឌ និងគម្រោងផ្តល់ផលរហ័ស (QIPs) ព្រមទាំងបានថ្លែងថា ការបើកដំណើរការការិយាល័យអនុព័ន្ធយោធា និងមជ្ឈមណ្ឌលយោគៈ និងរបាំ នៅស្ថានទូតឥណ្ឌា នឹងសម្រួលដល់ការទំនាក់ទំនងកាន់តែប្រសើរ និងពង្រីកវិសាលភាពកិច្ចសហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធកាន់តែទូលំទូលាយនៅក្នុងប្រទេសកម្ពុជា។
នៅក្នុងឱកាសពិធីលៀងសាយភោជន៍នេះ ក៏មានការរៀបចំពិព័រណ៍ «ស្រុកមួយ ផលិតផលមួយ» (One District One Product - ODOP) ដែលបានបង្ហាញនូវសិប្បកម្ម និងផលិតផលប្រពៃណីដ៏សម្បូរបែបរបស់ប្រទេសឥណ្ឌា។ ភ្ញៀវកិត្តិយសទាំងអស់ក៏បានទស្សនាការសម្តែងរបាំបុរាណឥណ្ឌា និងការបង្ហាញយោគៈដ៏គួរឱ្យចាប់អារម្មណ៍ ដែលឆ្លុះបញ្ចាំងពីបេតិកភណ្ឌវប្បធម៌ដ៏ឧត្តុង្គឧត្តមរបស់ឥណ្ឌា និងការពេញនិយមជាសកលនៃវិទ្យាសាស្ត្រយោគៈ៕









