ក្រុមការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ បន្តបើកយុទ្ធនាការចុះស្តារប្រឡាយ និងប្រព័ន្ធលូ ជាអាទិភាព បានចូលមកដល់ភូមិសាស្ត្រខណ្ឌបឹងកេងកង

18-08-2026 12:20

(ភ្នំពេញ)៖ ក្រុមការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ បានបន្តបើកយុទ្ធនាការចុះស្តារប្រឡាយ និងប្រព័ន្ធលូ ជាអាទិភាពនៅក្នុងភូមិសាស្ត្រខណ្ឌបឹងកេងកង ដែលជាខណ្ឌទី៥ នៅកណ្តាលក្រុងចុងក្រោយគេ ក្រោយពីធ្វើសកម្មភាពស្តារប្រព័ន្ធលូនៅភូមិសាស្ត្រខណ្ឌដូនពេញ, ខណ្ឌចំការមន, ខណ្ឌ៧មករា និងខណ្ឌទួលគោក ត្រូវបានបញ្ចប់ និងក្រោយពីបានស្តារប្រព័ន្ធប្រឡាយ លូជាច្រើនខ្សែ និងស្ថាបនាស្ថានីយ៍បូមទឹកជាបន្តបន្ទាប់ នៅខណ្ឌជាយរាជធានីភ្នំពេញ។

ការងារទាំងនេះ ធ្វើឡើងក្រោមការយកចិត្តទុកដាក់ និងណែនាំចង្អុលបង្ហាញពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងផែនការរំដោះជំនន់ទឹកភ្លៀង ដើម្បីបញ្ចៀសការ ជន់លិចផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងរដូវវស្សានេះ។

ជាក់ស្ដែង នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦នេះ ក្រុមការងារដឹកនាំផ្ទាល់ ដោយលោក ឯក ឃុនដឿន អភិបាលរង តំណាងលោក ឃួង ស្រេង អភិបាលរាជនីភ្នំពេញ និងលោក សុខ សម្បត្តិ អភិបាលខណ្ឌបឹងកេងកង បានចុះស្តារប្រឡាយ និងប្រព័ន្ធលូជាអាទិភាព នៅក្នុងភូមិសាស្ត្រខណ្ឌបឹងកេងកងចំនួនជាង១០ខ្សែបន្តទៀត។

លោក ឯក ឃុនដឿន បានឱ្យដឹងថា៖ ការស្តារប្រឡាយ និងប្រព័ន្ធលូក្នុងខណ្ឌបឹងកេងកងនេះ រួមមាន៖
១៖ ស្តារលូសងខាងផ្លូវលេខ៦៣ ចាប់ពីផ្លូវលេខ២៤៥ដល់ផ្លូវលេខ២១៧ មានប្រវែង ២៤៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១។
២៖ ស្តារលូសងខាងផ្លូវលេខ២៤៥ ចាប់ពីផ្លូវលេខ៦៣ដល់ផ្លូវលេខ៩៥ មានប្រវែង៥៦៧ម៉ែត្រ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១និងសង្កាត់បឹងកេងកងទី៣។
៣៖ ស្តារលូសងខាងផ្លូវលេខ៣៩២ ចាប់ពីផ្លូវលេខ៦៣ដល់ផ្លូវព្រះមុនីវង្សមានប្រវែង៤៩២ម៉ែត្រ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១។
៤៖ ស្តារលូសងខាងផ្លូវលេខ៣៦០ ចាប់ពីផ្លូវលេខ៦៣ដល់ផ្លូវលេខ៧១មានប្រវែង១៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១។
៥៖ ស្តារលូសងខាងផ្លូវលេខ៧១ ចាប់ពីផ្លូវលេខ៣៦០ដល់ផ្លូវលេខ៣៤៥ មានប្រវែង៩៣០ម៉ែត្រ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១។
៦៖ ​ស្តារលូសងខាងផ្លូវលេខ១៦៣ ចាប់ពីផ្លូវលេខ២៧៤ដល់ផ្លូវលេខ២៤៥មានប្រវែង២៥៨០ម៉ែត្រ ស្ថិតក្នុងសង្កាត់អូឡាំពិកនិងសង្លាត់បឹងកេងកងទី៣។
៧៖ ស្តារលូសងខាងផ្លូវលេខ៣៩៨ចាប់ពីផ្លូវលេខ៦៣ដល់ផ្លូវលេខ៧១ មានប្រវែង៣២៨ម៉ែត្រ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១។
៨៖ ស្តារលូសងខាងផ្លូវលេខ៤០០ចាប់ពីផ្លូវលេខ៦៣ដល់ផ្លូវលេខ៧១មានប្រវែង៣២៨ម៉ែត្រ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១។
៩៖ ស្តារលូសងខាងផ្លូវលេខ២០៥ចាប់ពីផ្លូវលេខ ៤៣០ដល់ផ្លូវលេខ២៧៤ មានប្រវែង២៤០០ម៉ែត្រ ស្ថិតក្នុងសង្កាត់ទំនប់ទឹកនិងសង្កាត់ទួលស្វាយព្រៃទី១។
១០៖ ស្តារលូសងខាងផ្លូវលេខ២០៧ចាប់ពីផ្លូវលេខ ២៧១ដល់ផ្លូវលេខ៤៣៤ មានប្រវែង៥៥៤ម៉ែត្រ ស្ថិតក្នុងសង្កាត់ទំនប់ទឹក។
១១៖ ស្តារលូសងខាងផ្លូវថ្មី (លេខ២៧១ ដល់ផ្លូវលេខ៤៣៤មានប្រវែង៥៥៤ម៉ែត្រ ស្ថិតក្នុងសង្កាត់ទំនប់ទឹក។
១២៖ ស្តារលូសងខាងផ្លូវព្រះមុនីវង្ស
១៣៖ ស្តារលូសងខាងផ្លូវលេខ៣៨០។

លោក ឯក ឃុនដឿន បានបញ្ជាក់ទៀតថា ក្រុមការងារនេះ ប្រើប្រាស់រថយន្តបូម សំអាតលូ ចំនួន១៣គ្រឿង ដោយបែងចែងជាក្រុម ធ្វើសកម្មភាពព្រមៗគ្នាតែម្តង។

តាមការណែនាំពី លោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ គឺបានឱ្យអាជ្ញាធរខណ្ឌទាំង៥ នៅកណ្តាលរាជធានី សហការជាមួយមន្ទីរសាធារការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ធ្វើសកម្មភាពបូមស្តារអណ្តូងលូ និងសម្អាតដីភក់តាមប្រព័ន្ធលូ ត្រៀមបញ្ចៀសការជន់លិចលង់មុនរដូវភ្លៀងធ្លាក់មកដល់។ គិតមកដល់ពេលនេះ កិច្ចការស្តារប្រព័ន្ធលូនៅក្នុងខណ្ឌ ចំនួន៤ហើយ ដែលបានបញ្ចប់រួចរាល់ក្នុងនោះ រួមមាន៖ ខណ្ឌដូនពេញ ខណ្ឌចំការមន ខណ្ឌ៧មករា និងខណ្ឌទួលគោក។

ក្នុងឱកាសនោះដែរ លោក ឯក ឃុនដឿន អភិបាលរងរាជធានី​ បានបញ្ជាក់ថា ដោយមានការយកចិត្តទុកដាក់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីបញ្ជៀសជំនន់ទឹកភ្លៀងពីរាជធានីភ្នំពេញ លោកបានទម្លាក់កញ្ចប់ពិសេសមួយ សម្រាប់កសាងប្រព័ន្ធបង្វែរទឹកនៅភាគខាងលិច៕

ក្នុងឱកាសនោះដែរ លោក ឯក ឃុនដឿន ក៏បានណែនាំឱ្យអាជ្ញាធរខណ្ឌ សង្កាត់ និងមេភូមិ ត្រូវចុះពិនិត្យមើលទីតាំង ដែលប្រឈមការលិចលង់ខ្លាំង ដើម្បីឱ្យក្រុមការងារបានចុះស្តារឱ្យចំគោលដៅ និងធានាបានថា មិនមានការលិចលង់ដោយជំនន់ទឹកភ្លៀង នៅរដូវវស្សានេះទៀត។

បន្ថែមពីនេះ លោកក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលររដ្ឋ ត្រូវវេចខ្ចប់ ទុកដាក់សំរាម ឱ្យបានត្រឹមត្រូវ ដើម្បីរក្សាបាន អនាម័យ និងបរិស្ថានស្អាត ព្រមទាំងអាចបញ្ចៀសការលិចលង់ និងជួយលើកកម្ពស់សោភណ្ឌភាពរាជធានីភ្នំពេញយើងផងដែរ៕