អាជ្ញាធរប្រកាសជូនដំណឹងឲ្យរុះរើសំណង់ខុសច្បាប់ លើទីតាំងប្រវត្តិសាស្ត្រយោធាតេជោគីរីរម្យ និងបញ្ជាក់ច្បាស់ៗថា ការរុះរើមិនប៉ះពាល់ដល់សាលាដូងបង្រៀនកូនក្មេងនោះទេ

18-08-2026 14:57

(កំពង់ស្ពឺ)៖ រដ្ឋបាលឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ បានប្រកាសជូនដំណឹងពីការរុះរើសំណង់អាណាធិបតេយ្យ លើទីតាំងប្រវត្តិសាស្ត្រយោធាតេជោគីរីរម្យ។

តាមសេចក្តីប្រកាសខាងលើ, កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ការិយាល័យឧទ្យានជាតិគីរីរម្យ បានបិទប្រកាសជូនដំណឹងដល់ម្ចាស់ទីតាំង ដែលបានបោះបង្គោលរបងហ៊ុមព័ទ្ធដីព្រៃ ដែលជា ទ្រព្យសម្បត្តិរដ្ឋ និងសំណង់អាណាធិបតេយ្យ បំណងយកធ្វើជាកម្មសិទ្ធិនៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោគីរីរម្យ ឲ្យធ្វើការរុះរើក្នុងរយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃប្រកាសជូនដំណឹង។

ក្នុងចំណោមសំណង់ទាំងនោះ ក៏មានផ្ទះរបស់លោកគ្រូ អ៊ុក វណ្ណដេ ដែលបង្រៀននៅសាលាដូងផងដែរ ដែលបានសាងសង់លើដីប្រវត្តិសាស្ត្រយោធាតេជោ។

ទោះជាយ៉ាងណា ការរុះរើនេះ មិនប៉ះពាល់ដល់សាលាដូងទេ ព្រោះទីតាំងរបស់សាលាមានចម្ងាយឆ្ងាយពីតំបន់ដែលត្រូវរុះរើ។ សាលាដូង គឺជាសាលារៀនឯកជនមួយ ដែលមានទីតាំងនៅជាប់នឹងសាលាបឋមសិក្សាគីរីរម្យ ដែលទទួលបានការគាំទ្រ និងជំនួយឧបត្ថម្ភពីសប្បុរសជនទាំងក្នុង និងក្រៅប្រទេស។

សាលារៀននេះ បង្រៀនក្នុងមួយថ្ងៃពីរពេល គឺពេលព្រឹក និងពេលល្ងាច ដោយផ្តល់ឱកាសដល់សិស្សដែលរៀននៅសាលារដ្ឋពេលព្រឹក អាចមកបន្តការសិក្សាបន្ថែម នៅសាលាដូង ពេលល្ងាច។

បច្ចុប្បន្ន សាលាដូងមានបុគ្គលិកសរុបចំនួន៧នាក់ (ស្រី៣នាក់) និងមាន៦ថ្នាក់ ចាប់ពីថ្នាក់មតេយ្យដល់ថ្នាក់ទី៣ ដោយមានសិស្សសរុបចំនួន១៥៧នាក់ (ស្រី៧២នាក់)៕