មេសិទ្ធិមនុស្សកម្ពុជា ប្រាប់ទូតកាណាដា ពីស្ថានភាពជាក់ស្តែងនៅតាមតំបន់ព្រំដែន ដែលថៃរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ ពិសេសសិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ

18-08-2026 16:12

(ភ្នំពេញ)៖ ទេសរដ្ឋមន្រី្ត កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ Christian Des Roches ឯកអគ្គរាជទូតកាណាដា។ ជំនួបនេះបានធ្វើឡើងនាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំរបស់គ.ស.ម.ក.។

កិច្ចជំនួបនេះមានគោលបំណងបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាង គ.ស.ម.ក. និងប្រទេសកាណាដា លើវិស័យសិទ្ធិមនុស្ស។

ក្រោយពីសម្ដែងការស្វាគមន៍ចំពោះលោក Christian Des Roches និងសហការី ទេសរដ្ឋមន្ត្រី កែវ រ៉េមី បានលើកឡើងអំពីសកម្មភាពផ្សេងៗរបស់ភាគីថៃ និងស្ថានភាពជាក់ស្តែងនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ ដែលបានរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ ជាពិសេសច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិរួមមាន៖

*ការរើសអើងចំពោះពលករទេសន្តរប្រវេសន៍កម្ពុជាដែលធ្វើការ និងរស់នៅក្នុងប្រទេសថៃ រួមទាំងការគំរាមកំហែង និងប្រើប្រាស់អំពើហិង្សាក្នុងទម្រង់ផ្សេងៗ។

*ការចាប់រំលោភបូកយ៉ាងព្រៃផ្សៃចំពោះពលការិនីខ្មែរចំណាកស្រុកម្នាក់ ពីសំណាក់យោធាថៃ នៅពេលត្រឡប់ពីប្រទេសថៃ មកប្រទេសកម្ពុជាវិញ។

*ការវាយប្រហារដោយមិនរើសគោលដៅចូលជ្រៅមកលើដែនអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា ដោយប្រើប្រាស់អាវុធធុនធ្ងន់ គ្រាប់បែកចង្កោម ផ្សែងពុល និងយន្តហោះចម្បាំងប្រភេទ F-16, Gripen និងT-50 បណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិឯកជន និងសាធារណៈរួមទាំងប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក និងបង្កឱ្យមានជនភៀសសឹកជាង ៦៤ម៉ឺននាក់។

*ការព្យាយាមបង្កើតតថភាពថ្មីនៅនឹងកន្លែង (faitaccompli) តាមរយៈការឈូសបំផ្លាញផ្ទះប្រជាពលរដ្ឋ និងការកសាងហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ក្នុងតំបន់ឈ្លានពាន និងបន្តកាន់កាប់ដោយខុសច្បាប់ និងការលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋកម្ពុជាពីសំណាក់កងទ័ពថៃ

*ទោះបីជាមានកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដោយក៏រហូតមកដល់ពេលបច្ចុប្បន្ននេះជនភៀសសឹកជិត ២០ ០០០នាក់ មិនអាចវិលត្រឡប់ទៅលំនៅឋានរបស់ខ្លួនបាននោះទេដោយសារការកាន់កាប់ទឹកដីប្រទេសកម្ពុជា ដោយខុសច្បាប់របស់យោធាថៃ ការដាក់ពង្រាយបន្លាលួស និងទូរកុងតឺន័រ ក៏ដូចជាការបំផ្លាញផ្ទះសម្បែងរបស់ប្រជាពលរដ្ឋកម្ពុជា។

ជាមួយគ្នានេះដែរ ទេសរដ្ឋមន្ត្រី កែវ រ៉េមី បានលើកឡើងពីការលើកកម្ពស់ និងការការពារសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នានៅប្រទេសកម្ពុជា ដោយទទួលបានការណែនាំពីសម្តេចតេជោ ហ៊ុន សែន កុំឱ្យរើសអើងអ្នកស្រឡាញ់ភេទដូចគ្នា និងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការប្រយ័ត្នប្រយែងប្រើប្រាស់ពាក្យពេចន៍ដែលនាំឱ្យមានការរើសអើងអ្នកស្រឡាញ់ភេទដូចគ្នា ព្រមទាំងការចូលរួមរបស់ប្រទេសកម្ពុជា ជាមួយនឹងប្រទេសបារាំង ក្នុងសេចក្តីព្រាងសេចក្តីសម្រេចចិត្តស្តីពី «ការធ្វើឱ្យលែងមានទោសជាសកលនៃការស្រឡាញ់ភេទដូចគ្នា (Towards Universal Decriminalization of Homosexuality)»

ទន្ទឹមនេះទេសរដ្ឋមន្ត្រី កែវ រ៉េមី បានគូសបញ្ជាក់ពីស្ថានភាពសិទ្ធិមនុស្សនៅក្នុងពន្ធនាគារមានលក្ខណៈល្អប្រសើរ និងការដាក់ប្រអប់បណ្តឹងរបស់គ.ស.ម.ក.នៅតាមពន្ធនាគារ និងមណ្ឌលអប់រំកែប្រែ។

ក្នុងឱកាសនោះ លោក Christian Des Roches បានថ្លែងអំណរគុណចំពោះទេសរដ្ឋមន្ត្រី ចំពោះកិច្ចស្វាគមន៍ដ៏កក់ក្តៅ និងបានចែករំលែកព័ត៌មានដ៏មានសារៈសំខាន់ព្រមទាំងបានទទួលស្គាល់ការរីកចម្រើនរបស់ប្រទេសកម្ពុជាផងដែរ។

ជាមួយគ្នានេះលោកបានគូសបញ្ជាក់ពីគោលបំណង
ក្នុងការជំរុញ និងការនាំយកអ្នកវិនិយោគកាណាដាមកកាន់កម្ពុជា។

បន្ថែមពីនេះលោកឯកអគ្គរាជទូត ក៏បានលើកឡើងពីការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាសេរីភាពបញ្ចេញមតិ និងសេរីភាពសារព័ត៌មានផងដែរ។ លោកសង្ឃឹមថាកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងប្រទេសកាណាដា នឹងកាន់តែរឹងមាំ៕