អ្នកស្រាវជ្រាវសេដ្ឋកិច្ច បារម្ភពីកម្ចីក្រៅប្រព័ន្ធតាមអនឡាញកើនឡើងខ្លាំង និងចាត់ទុកថាជា Online Scams (Video inside)
18-08-2026 17:27
(ភ្នំពេញ)៖ លោកស្រីបណ្ឌិត ព្រុំ ទេវី អ្នកស្រាវជ្រាវសេដ្ឋកិច្ចមួយរូប បានសម្តែងក្តីព្រួយបារម្ភជាខ្លាំង ចំពោះវត្តមានកម្ចីក្រៅប្រព័ន្ធតាមប្រព័ន្ធបច្ចេកវិទ្យា ឬអនឡាញកើនឡើងខ្លាំង និងចាត់ទុកថាវាជាបទល្មើសឆបោកតាមប្រព័ន្ធប្រព័ន្ធបច្ចេកវិទ្យា ឬ Online Scams។
ក្តីបារម្ភរបស់អ្នកស្រាវជ្រាវរូបនេះ បន្ទាប់ពីកីឡាករបាល់ទះជម្រើសជាតិកម្ពុជា លោក ប៊ន ណារិទ្ធ បង្ហោះសារបកអាក្រាតម្ចាស់កម្ចីតាមអនឡាញ ដោយសារម្ចាស់កម្ចីរូបនោះបង្ហោះរូប របស់លោកបរិហារកេរ្តិ៍ជាសាធារណៈ និងបំភ្លៃការណ៍ពិតពាក់ព័ន្ធនឹងរឿងកម្ចីក្រៅប្រព័ន្ធ។
នៅលើហ្វេសប៊ុករបស់ខ្លួន លោក ប៊ន ណារិទ្ធ បានបញ្ជាក់ថា «ខ្ញុំពិតជាបានខ្ចីលុយគាត់ពិតមែន តែខ្ញុំខ្ចីចំនួន ២០០ដុល្លារ ការប្រាក់ ១ថ្ងៃ ១០ដុល្លារ។ ឥឡូវគាត់បង្ហោះសារថា ខ្ញុំខ្ចីជិត ១០ ០០០ម៉ឺនដុល្លារ កេងចំណេញក្នុងស្ថានភាពខ្ញុំកំពុងលំបាកខ្លាំង។ គាត់ច្បាស់រឿងច្បាប់ អ៊ីចឹងគាត់បង្ហោះចេតនាកេងប្រវ័ញ្ចបន្ថែម ក្នុងស្ថានភាពបែបនេះ។ ខ្ញុំសង្ឃឹមថានឹងមានបងប្អូនផ្នែកច្បាប់ជួយខ្ញុំ។ ខ្ញុំមិនបានថាមិនសងគាត់នោះទេ។ ខ្ញុំក៏បានសុំពេលគាត់ដែរ ប៉ុន្តែពួកគាត់មិនទុកពេល ហើយដាក់សម្ពាធ និងពន្លើសប្រាក់កម្ចីបន្ថែមទៀត»។
បន្ទាប់ពីបង្ហោះសារបែបនេះ លោក ប៊ន ណារិទ្ធ បានចេញលិខិតជូនដំណឹងជាសាធារណៈបំភ្លឺការណ៍ តាមរយៈមេធាវី។ ប្រការនេះ ម្ចាស់បំណុលក្រៅប្រព័ន្ធ ដែលលោកភ្ជាប់ខ្លឹមសារមានឈ្មោះ យិន ហេង ហៅចំប៉ីខ្មៅ និង អូនតា (Theak Satta) ក៏បានសុំទោសជាសាធារណៈ ដើម្បីបញ្ចប់រឿង។
ទោះជាយ៉ាងណា ក៏មានអ្នកជំពាក់កម្ចីក្រៅប្រព័ន្ធពីម្ចាស់បំណុលខាងលើដូចគ្នា និងអះអាងថា កំពុងលង់ខ្លួន។ លោកស្រីដែលមានឈ្មោះ ធីតា បានប្រាប់ Fresh News តាមហ្វេសប៊ុកដែរថា លោកស្រីបានខ្ចី ១៥០ដុល្លារ (ម្ចាស់បំណុលដកការប្រាក់ភ្លាម បានប្រគល់តែ ១៤២.៥ដុល្លារ) ក្នុងអត្រាការប្រាក់ ១ថ្ងៃ ៧,៥ដុល្លារ។ លោកស្រីបានបង់ការប្រាក់ ១ឆ្នាំ អស់ខ្ទង់ ១ ៧០០ដុល្លារ ហើយឥលូវលុយដើមក៏មិនទាន់សងអស់ និងនៅជំពាក់ការប្រាក់សរុប ១ ០៥៣ដុល្លារទៀត។
ចំពោះករណីនេះ លោកស្រីបណ្ឌិត ព្រុំ ទេវី បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ នេះថា នេះហើយជាភាពពមិនសូវដឹងច្រើនរបស់អ្នកខ្ចីលុយ។ រាជរដ្ឋាភិបាល បានកំណត់ថាការប្រាក់មួយឆ្នាំមិនឲ្យលើសពី ១៨ភាគរយទេ មានន័យថា ១.៥ភាគរយ ក្នុងមួយខែ។ កម្ចីក្រៅប្រព័ន្ធនេះ ឈ្មួញគេច្រើនតែបំបែកមកចេញជាថ្ងៃ ហើយអ៊ីចឹងទៅអ្នកខ្ចីស្ដាប់មិនបាន យល់មិនសូវដល់ ចេះតែព្រមជាមួយគេ។ អ៊ីចឹងហើយ គឺជាចំណុចដែលគេងាយបោកប្រាស់។
លោកស្រីបណ្ឌិត ព្រុំ ទេវី បានបន្តថា ឥណទានមិនផ្លូវការ មានតាំងពីយូរមកហើយ ដែលមានពាក្យថា បុល គឺខ្ចីមួយ សងពីរ។ រឿងនេះ វាកើតមានតាំងពីមិនទាន់មានធនាគារពាណិជ្ជម្ល៉េះ។ កាលនោះ ប្រជាជនខ្មែរយើង អត់មានអី ក៏ទៅរកខ្ចីចិន។ ឧទាហរណ៍ថា ខែស្ទូង និងខែភ្ជុំ ស្រូវមិនទាន់ទុំ។ ពីដើមដូនតាយើងធ្វើស្រែតែម្ដងទេក្នុងមួយឆ្នាំ អត់មានស្រូវប្រាំងអីដូចឥឡូវទេ ហើយគាត់ខ្សត់។
លោកស្រីបានបញ្ជាក់ថា «ពាក្យថា បុល គឺថាខ្ចីមួយសងពីរ។ អាហ្នឹងមិនធម្មតាទេណា។ ការប្រាក់ធ្ងន់ទៅណា។ សព្វថ្ងៃនេះនៅផ្សារមានអារបៀបមួយទៀត។ ប្អូនអាចទៅអង្គុយនៅផ្សារបានឃើញហើយ។ ពាក្យហ្នឹងមិនសូវបានយកមកគិតទេ។ គេហៅលុយរាប់ លុយឆក់។ រាប់ហ្នឹង គឺការប្រាក់ក៏មិនធម្មតាដែរ។ អ្នកនៅផ្សារ គឺគេចេះគ្រប់គ្នា។ នេះហើយដែលចេះតែត្អូញថា ពិបាកៗណាស់ តែអ្នកដែលគេឆ្លាតក្នុងមុខជំនួញហ្នឹង គឺគេកើបលុយស្រួល»។
លោកបានបន្ថែមថា «រាជរដ្ឋាភិបាលចាត់វិធានការក៏ដោយ ក៏វាមិនស្រួលដូចយើងគិតដែរ។ អ៊ីចឹងនិយាយថា អាឥណទានមិនផ្លូវការ គឺរីកដុះដាលណាស់ ហើយអាហ្នឹងហេតុអីបានជាវារីកដុះដាល? វារីកដុះដាល ដោយស្វ័យប្រវត្តិ។ ដោយសារអី? ដោយសារប្រជាជនខ្មែរយើង អ្នកដែលមានជីវភាពកម្រិតក្រោមបំផុត គាត់គ្មានទ្រព្យសម្រាប់យកទៅបញ្ចាំទេ។ អ៊ីចឹង គាត់មិនអាចទៅខ្ចីធនាគារ ឬក៏អីបានដែរទេ។ អ៊ីចឹង មានតែអ្នកមានទ្រព្យទេ ដែលអាចខ្ចីនូវធនាគាពាណិជ្ជ ហើយគាត់យកទ្រព្យបញ្ចាំទៅ ហើយធនាគារពាណិជ្ជ គេមានគោលការណ៍គេច្បាស់លាស់ ការប្រាក់ គឺគេគោរពទៅតាមអ្វីដែលជាបទបញ្ញត្តិរបស់រាជរដ្ឋាភិបាលយើង»។
លោកស្រីបណ្ឌិត ព្រុំ ទេវី ក៏បានឲ្យដឹងថា ឥណទានមិនផ្លូវការ ជាទូទៅការប្រាក់ខ្ពស់ ពីព្រោះអ្នកខ្ចីអត់មានទ្រព្យបញ្ចាំ។ មានពាក្យមួយថា «high risks, high returns» គឺមានន័យថា អ្នកឱ្យខ្ចីនឹងគេទទួលយកហានិភ័យខ្ពស់។ គេហ៊ានទទួលយកហានិភ័យខ្ពស់ ក៏ប៉ុន្តែបើសិនជាគេចំណេញក៏គេចំណេញខ្លាំងដែរ។ ទស្សនៈនេះ គឺមានច្រើនណាស់ មានការអនុវត្តច្រើននៅក្នុងប្រទេសយើង។ ករណីដែលកើតឡើងខាងលើនោះ គឺឆបោកទាំងស្រុងហើយ។
លោកស្រីបានឲ្យដឹងទៀតថា «អាហ្នឹងគឺថាថ្មីខ្លាំងណាស់។ យើងអាចចាប់ (អ្នករកស៊ីបែបនេះ) អីយ៉ាងម៉េចខ្ញុំក៏មិនដឹងដែរ។ បញ្ហាវាលំបាក ដូចថាអ្នកដែលគាត់មានចំណេះដឹងទាប ហើយគាត់មិនសូវដឹងហ្នឹង គឺថាពួកមិនល្អតែងតែឆក់ឱកាស ដើម្បីធ្វើបាបប្រជាជនខ្មែរយើង។ ខ្ញុំមានយោបល់តែប៉ុណ្ណឹងទេ។ វាថ្មីត្រង់ថា មានគេបង់លុយ (តាមការផ្ទេរប្រាក់) អ៊ីចឹង វាមានភស្តុតាងតាមធនាគារ។ មានន័យថាអ្នកខ្ចី និងអ្នកឲ្យគេខ្ចីនឹងមាន Bank account មានគណនីធនាគារ ដែលងាយផ្ទៀងផ្ទាត់ទៅ ចូលលុយចេញលុយអី យើងអាចដឹងបាន។ បើអ្នកនៅផ្សារ ឬក៏ពីដើម គឺគាត់ប្រើតែលុយសុទ្ធ អ៊ីចឹងពិបាកផ្ទៀងផ្ទាត់»។
គួរជម្រាបថា មាត្រា ៥៨៥ នៃក្រមរដ្ឋប្បវេណីចែងថា បើអត្រាការប្រាក់លើសពីការកម្រិត កិច្ចសន្យានៃភាគដែលលើសត្រូវទុកជាមោឃៈ។ អ្នកខ្ចីមានករណីយកិច្ចសងតែការប្រាក់ដែលគណនាតាមអត្រា ដែលបានកម្រិតប៉ុណ្ណោះ ពោលគឺត្រឹម ១.៥% ក្នុងមួយខែ ឬ ១៨% ក្នុងមួយឆ្នាំ។ លើសពីនេះ គ្រឹះស្ថានដែលផ្តល់កម្ចីត្រូវតែមានអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតពីធនាគារជាតិនៃកម្ពុជា ឬនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប) នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។ ប្រសិនបើគ្មានអាជ្ញាបណ្ណទេ នោះការប្រកបអាជីវកម្មនេះក៏ជាអំពើខុសច្បាប់ផងដែរ។
កម្ចីតាមកម្មវិធីអនឡាញគ្មានអាជ្ញាបណ្ណ ត្រូវបានក្រសួងមហាផ្ទៃចាត់ទុកជាកម្ចីក្រៅប្រព័ន្ធខុសច្បាប់ និងជាអន្ទាក់បំណុល។ ចំពោះកិច្ចសន្យាខ្ចីប្រាក់ណា ដែលមានវត្ថុបំណង ឬលក្ខខណ្ឌផ្ទុយនឹងច្បាប់សាធារណៈ ឬ បទបញ្ជាហាមឃាត់របស់ ធនាគារជាតិនៃកម្ពុជា គឺគ្មានសុពលភាពផ្លូវច្បាប់ឡើយ (ក្លាយជាមោឃៈ គឺចា់ត់ទុកថាគ្មានតាំងពីដើមមក)។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់បានប្រកាសណែនាំដល់ពលរដ្ឋថា ប្រសិនបើជួបប្រទះកម្ចីអនឡាញខុសច្បាប់ដែលមានការគំរាមកំហែង គឺ «កុំសង» ហើយរាយការណ៍ទៅសមត្ថកិច្ច។ គេក៏អាចប្តឹងទៅកាន់អគ្គស្នងការដ្ឋាននគរបាលជាតិ ឬសមត្ថកិច្ចពាក់ព័ន្ធ ប្រសិនបើមានការគំរាមកំហែង ឬហែកកេរ្តិ៍លើបណ្តាញសង្គម៕






