* វិភាគអន្តរជាតិ៖ អារ៉ាប៊ីសាអូឌីតមិនអាចជឿទុកចិត្តសហរដ្ឋអាមេរិក តែក៏គ្មានជម្រើសផ្សេង
* ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសក្រើនរំលឹកវិធានការបង្ការ និងទប់ស្កាត់ការកើនឡើងនៃជំងឺផ្តាសាយ
* អ្នកឆ្លងជំងឺអេបូឡានៅកុងហ្គោ កើនឡើងលើស ៩,០០០ នាក់ និងស្លាប់ជាង ៤,៣០០ នាក់
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្រ្តីទី១ នៃកម្ពុជា អញ្ជើញទស្សនាទីក្រុងប្រវត្តិសាស្ត្រចាស់ ក្នុងរដ្ឋធានីបាគូ ប្រទេសអាស៊ែបៃហ្សង់
* អ្នកឧកញ៉ា គិត ម៉េង ដឹកនាំប្រតិភូជួបពិភាក្សាជាមួយទីភ្នាក់ងារជំរុញវិនិយោគអាស៊ែបៃហ្សង់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការធុរកិច្ច
* សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញសំណេះសំណាលជាមួយសិស្សនិទ្ទេស A និងការប្រឡងសញ្ញាបត្របច្ចេកទេស វិជ្ជាជីវៈកម្រិត៣ នៅថ្ងៃទី២៨ ខែតុលា
* រដ្ឋាភិបាលកម្ពុជា ប្តេជ្ញាបង្ក្រាបបទល្មើស Online Scams ដល់ឫសគល់ ខណៈតំបន់អភិវឌ្ឍន៍ Long Bay ក្នុងខេត្តកោះកុង ត្រូវបិទចោលទាំងស្រុង, បុគ្គល Deng Pibing បានចាកចេញពីកម្ពុជា តាំងពីចុងខែឧសភា
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ពាក់ព័ន្ធនឹងការអញ្ជើញរបស់សម្ដេច
* សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតជូនពរ សម្តេចមហាមន្ត្រី គុយ សុផល ក្នុងឱកាសខួបចម្រើនជន្មាយុ
* ពលរដ្ឋជាង១១ម៉ឺននាក់ ជិះរថយន្ដក្រុងសាធារណៈមិនគិតលុយទៅស្រុកកំណើត ដែលផ្ដល់ដោយរាជរដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេល៥ថ្ងៃ នៃបុណ្យភ្ជុំបិណ្ឌ, ជួយសន្សំថវិកាប្រមាណ២លានដុល្លារអាមេរិក
* លោក គីម ជុងអ៊ុន សម្ញែងមីស៊ីលបាញ់ដល់សហរដ្ឋអាមេរិក ខណៈលោក ត្រាំ ឱ្យសញ្ញាពីលទ្ធភាពជួបគ្នាជាថ្មី
* ជនបរទេសជាង ១០០នាក់ ជាប់គាំងនៅតំបន់រងគ្រោះដោយទឹកជំនន់ថ្មី ក្នុងប្រទេសនេប៉ាល់
* អ្នកវិភាគចៅចាក់ស្មុក៖ លិខិតឆ្លើយតបរបស់ អ៊ុំ សំអាន មកសម្តេចធិបតីបញ្ជាក់ថា អ៊ុំ សំអាន គ្មានភាពក្លាហានចូលកម្ពុជា តាមការអញ្ជើញដើម្បីសួរដេញដោលដាក់ភស្តុតាងលើខ្សែព្រំដែនចន្លោះបង្គោលព្រំដែន ៥២-៥៩ ទេ
* កម្ពុជា និងអាស៊ែបៃហ្សង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងលុបបំបាត់ការយកពន្ធត្រួតគ្នា(DTA) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
* ចិន ប្រកាសដាក់ទណ្ឌកម្មលើរដ្ឋមន្ត្រីប៉ារ៉ាហ្កាយ និងបេលីស ជុំវិញទំនាក់ទំនងជាមួយតៃវ៉ាន់
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាលជាមួយអាចារ្យ អាចារិនី

19-08-2026 10:26

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ៦កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញ​សំណេះសំណាលជាមួយអាចារ្យ អាចារិនីទូទាំងប្រទេសលើកទី១១ ចំនួនជាង១ពាន់នាក់។ ពិធី​សំណេះសំណាលនេះ ធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាលជាមួយអាចារ្យ អាចារិនី៖

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីរីករាយ បានចូលរួមក្នុង «ពិធីសំណេះ​សំណាល​​ជាមួយអាចារ្យ-អាចារិនីទូទាំងប្រទេសលើកទី១១» ដែលជាការជួបជុំ ដើម្បីអបអរ​សាទរ​នូវសមិទ្ធផល សម្រេចបានក្នុងឆ្នាំ២០២៥, ម៉្យាង និង ម៉្យាងទៀត, ដើម្បីវាយតម្លៃសមិទ្ធ​កម្ម, ស្វែងយល់ស៊ីជម អំពីបញ្ហាប្រឈម, និង ពិភាក្សាដាក់ចេញនូវទិសដៅកែលម្អ, កំណត់​វិធាន​ការដោះស្រាយ, និង រៀបចំផែនការអភិវឌ្ឍវិស័យព្រះពុទ្ធសាសនានៅកម្ពុជា ឱ្យក្លាយទៅ​ជា​កម្លាំងសីលធម៌សង្គមខ្មែរ ដ៏ពិតប្រាកដ និង ជាសសរស្តម្ភ នៃសុខដុមជំនឿសាសនា​នៅកម្ពុជា។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការរៀបចំឱ្យមានពិធីសំណេះសំណាលជាមួយអាចារ្យ-អាចារិនីទូទាំងប្រទេសជារៀងរាល់ ឆ្នាំនេះ កំពុងឆ្លុះបញ្ចាំងយ៉ាងប្រត្យក្សអំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលចំពោះតម្ល និង តួនាទីរបស់អាចារ្យ-អាចារិនីនៅក្នុងសង្គមខ្មែរ ស្របតាមទិសស្លោក «អាចារ្យល្អ វប្បធម៌រីក ចម្រើន សហគមន៍រុងរឿង»។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អាចារ្យ-អាចារិនី គឺជាអ្នកថែរក្សាប្រពៃណី និងទំនៀមទម្លាប់ ជាអ្នកពង្រឹងសាមគ្គីភាពនៅមូលដ្ឋាន ជាអ្នកអប់រំកុមារ និងយុវជន ជាអ្នក​សាប​ព្រោះបណ្តុះគុណធម៌ សីលធម៌ និងសុជីវធម៌ និងជាតំណរភ្ជាប់រវាងព្រះពុទ្ធសាសនា គ្រួសារ សហគមន៍ សង្គមរបស់ជនជាតិខ្មែរ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្ដែងនូវការកោតសរសើរ និងថ្លែងអំណរគុណ​ចំពោះ​អាចារ្យ-អាចារិនី ទាំងអស់នៅទូទាំងប្រទេស ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុង​ការលើកកម្ពស់វិស័យព្រះពុទ្ធសាសនានៅកម្ពុជា ព្រមទាំងប្រឹងប្រែងថែរក្សាប្រពៃណី ទំនៀម​ទម្លាប់ និងវប្បធម៌ដ៏ល្អផូរផង់របស់ជនជាតិខ្មែរ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត វាយតម្លៃខ្ពស់ចំពោះក្រសួងធម្មការ និងសាសនា ដែល​បានខិតខំបំពេញតួនាទីភារកិច្ច ប្រកបដោយស្មារតីបុរេសកម្ម, អន្តរសកម្ម និងការទទួលខុស​ត្រូវខ្ពស់ ក្នុងការដឹកនាំសម្របសម្រួល និងជំរុញការអភិវឌ្ឍវិស័យព្រះពុទ្ធសាសនា និងថែរក្សា​សុខដុម ជំនឿសាសនានៅកម្ពុជា ជាពិសេសការដាក់ចេញនូវប្រធានបទ «តួនាទីព្រះពុទ្ធ​សាស​នា​ក្នុង យុគសម័យឌីជីថល» ដើម្បីជំរុញការប្រើប្រាស់បណ្តាញសង្គម សម្រាប់ការរៀន ការបង្រៀន និងការផ្សព្វផ្សាយព្រះធម៌។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់អាចារ្យ-អាចារិនីទូទាំងប្រទេស បន្ត​បេស​កកម្ម ដ៏ឧត្ដុង្គឧត្តមរបស់ខ្លួន ដោយប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ និងស្មារតីទទួលខុស​ត្រូវ​ខ្ពស់ ព្រមទាំងបន្តចូលរួមថែរក្សា ការពារ និង ផ្សព្វផ្សាយព្រះពុទ្ធសាសនា ប្រពៃណី ទំនៀម​ទម្លាប់ និងវប្បធម៌ជាតិ ពីមួយជំនាន់ទៅមួយជំនាន់ ដើម្បីចូលរួមចំណែកកសាងសង្គមកម្ពុជា ប្រកបដោយសាមគ្គីភាព សុខដុមរមនា និង វិបុលភាព។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានរំលឹកថា សម្តេចធ្លាប់ជជែកជាមួយរដ្ឋមន្ត្រីក្រសួងវប្បធម៌ ឱ្យអប់រំអ្នកផ្តល់សេវាសំអាងការ ប្រើប្រាស់សម្លៀកបំពាក់ឱ្យត្រូវក្បួនខ្នាតរបស់ខ្មែរ កុំយករបស់គេដោយគ្រាន់តែឃើញស្អាត ឃើញទំនង។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អ្នកខ្លះរវល់រឿង Like Share ឃើញគេដួលម៉ូតូ អត់ជួយលើក។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បី Like Share ត្រូវបង់តម្លៃអត្តសញ្ញាណរបស់ជាតិដែរទេ?

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការអប់រំផ្នែកសីលធម៌ គឺជារឿងសំខាន់ណាស់សម្រាប់សង្គម។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សីលធម៌ និងគុណធម៌ មានតម្លៃធំណាស់សម្រាប់ការរស់នៅ និងប្រកបវិជ្ជាជីវៈផ្សេងៗក្នុងសង្គម។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅថ្ងៃម្សិលមិញសម្តេច បានជួបជាមួយអ្នកវិភាគសង្គមចាស់វស្សាមួយរូប។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វប្បធម៌សន្ទនា ជាវប្បធម៌ដែលបក្សប្រជាជនកម្ពុជាប្រកាន់យកតាំងពីដើមមក តែត្រូវមានភាពស្មោះត្រង់។ កុំសន្ទនានៅភ្នំពេញ ដល់បារាំងជេរ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការតែងតាំងលោកស្រី កឹម មនោវិទ្យា ជាប្រេសិតពិសេស ព្រោះគាត់មានសមត្ថភាព និងមានទំនាក់ទំនងក្រៅប្រទេសច្រើន ដែលជាពេលវេលាកម្ពុជាត្រូវការចាំបាច់។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍រាល់អ្នកមានបំណងចូលរួមជួយជាតិ ទោះបីមិនចូលបក្សប្រជាជនកម្ពុជាក៏ដោយ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មានអ្ន​កប្រឆាំងជាច្រើនឆាតទៅជជែកជាមួយសម្តេច តែមិនឱ្យបញ្ចេញព្រោះខ្លាចគេជេរថា «ក្បត់ជាតិ»។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចាត់ទុកការតែងតាំងលោកស្រី កឹម មនោវិទ្យា ជាប្រេសិតពិសេស ជាស្មារតីរួបរួម និងរួមគ្នាជួយជាតិ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ហៅលោក អ៊ុក វណ្ណដេ ជាសេដ្ឋីអត់ទ្រព្យ។ នៅថ្ងៃទី១៨ ខែសីហា សម្តេច បានហៅលោកមកជួបផ្ទាល់។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រឿងសាលាដូង មិនពាក់ព័ន្ធឧកញ៉ា ជឹង សុភាព នោះទេ ហើយសម្តេចសម្រេចមិនឱ្យរុះរើនោះឡើយ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសផ្តល់ថវិកា៥លានរៀល និងអង្ករ ១តោន ដល់សាលាដូង។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងធម្មការ និងសាសនា ត្រូវពង្រឹងការដឹក​នាំការអភិវឌ្ឍវិស័យព្រះពុទ្ធសាសនា ប្រកបដោយប្រសិទ្ធភាព ភាពស័ក្តិសិទ្ធ និងស្របតាម​ការ​វិវត្តនៃសង្គម ព្រមទាំងសិក្សាដាក់ចេញនូវគោលនយោបាយ យុទ្ធសាស្ត្រ និងវិធានការសម្រាប់​អភិវឌ្ឍវិស័យព្រះពុទ្ធសាសនានៅកម្ពុជា ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងប្រាកដនិយម ឱ្យក្លាយជាកម្លាំងសីលធម៌សង្គមខ្មែរដ៏ពិតប្រាកដ និងសសរស្តម្ភនៃសុខដុមជំនឿសាសនា ជារៀងរហូត។ ទន្ទឹមនេះ ក្រសួងធម្មការ និងសាសនា ត្រូវជំរុញការបង្កើតសមាគមអាចារ្យខ្មែរ សម្រាប់តម្រង់ទិស, រក្សាអត្តសញ្ញាណជាតិ និងអភិរក្សមរតកវប្បធម៌ខ្មែរ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំក្រសួងធម្មការ និងសាសនា ត្រូវជំរុញយុទ្ធនា​ការបើក​វគ្គបណ្តុះបណ្តាលស្តីពីតួនាទី ភារកិច្ច និង ក្រមសីលធម៌អាចារ្យខ្មែរ ដល់អាចារ្យ-អា​ចា​រិ​នី ឱ្យបានទូលំទូលាយ ដើម្បីបន្តដោះស្រាយ «វិបត្តិអាចារ្យខ្មែរ», បំបិទ «គម្លាតជំនាន់» ដែល​អាចបង្កជាវិបត្តិអាចារ្យនាពេលខាងមុខ, អភិរក្ស និង លើកកម្ពស់តម្លៃវប្បធម៌ ប្រពៃណី និង ទំនៀម​ទម្លាប់ខ្មែរ ក៏ដូចជាបំពេញតម្រូវការរបស់ប្រជាពុទ្ធបរិស័ទនៅទូទាំងប្រទេស។ ជាមួយ​នេះ ក្រសួងធម្មការ និងសាសនា ត្រូវបង្កើនចំនួន និងសមត្ថភាពរបស់ឧទ្ទេសាចារ្យ, ព្រមទាំង កែលម្អឯកសារសិក្សា និង មុខវិជ្ជាបង្រៀន ដើម្បីធានាគុណភាព ប្រសិទ្ធភាព និង ភាពគ្រប់​ជ្រុង​ជ្រោយ នៃការបណ្តុះបណ្តាល សំដៅបំពេញតម្រូវការពិតប្រាកដ នៃការរៀបចំពិធី​កម្ម​សាសនា និងពិធីមង្គលនានានៅក្នុងប្រទេស។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងធម្មការ និងសាសនា ត្រូវពង្រឹងកិច្ច​សហការ​ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ រៀបចំវគ្គបណ្តុះបណ្តាល តម្រង់ទិសដល់ប្រតិបត្តិករ ដើម្បីឱ្យការរៀបចំពិធីកម្មសាសនា និង ពិធី- មង្គលផ្សេងៗ ស្របតាមប្រពៃណី និង ទំនៀម​ទម្លាប់ខ្មែរ។ ក្នុងពិធីកម្មសាសនានានា, អាចារ្យ-អាចារិនី សូមយកឱកាសនោះ ដើម្បីអប់រំសីល​ធម៌ សុជីវធម៌ និងកតញ្ញុតាធម៌ ដល់ប្រជាពលរដ្ឋ ជាពិសេសយុវជន និងកុមារ ព្រមទាំង ណែនាំឱ្យយុវជនចៀសឆ្ងាយពីអំពើអបាយមុខនានា។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងធម្មការ និងសាសនា ត្រូវបន្តសហការ​ជិត​ស្និទ្ធជាមួយភាគីពាក់ព័ន្ធ ដើម្បីលើកកម្ពស់សុខដុមជំនឿសាសនានៅកម្ពុជា តាមរយៈការ​គោ​រពការយោគយល់ ការសន្ទនា និងកិច្ចសហការរវាងសាសនា ដោយផ្តោតលើការរួមគ្នាលើក​កម្ពស់​សីលធម៌ សាមគ្គីភាព សន្តិភាព និង សុខដុមរមនាក្នុងសង្គម ដើម្បីឱ្យគ្រប់សាសនា​ក្លាយ​ជាកម្លាំងវិជ្ជមាន ក្នុងការរួមចំណែកកាន់តែសកម្មដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំថា ក្នុងពិធីបុណ្យបែបព្រះពុទ្ធសាសនា, ទាំងមង្គល និងអវមង្គល និងពិធីកម្មតាមបែប ប្រពៃណីទំនៀមទម្លាប់បុរាណក្តី សុទ្ធសឹងតែបង្កប់ទៅដោយគោលគំនិត គតិបណ្ឌិត និង ទស្សនវិជ្ជា អប់រំ ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ចប់ការថ្លែងសុន្ទរកថាសំណេះសំណាលនៅវេលាម៉ោង ១០៖១៧នាទីព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦, សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់តាមរយៈបណ្តាញទូរទស្សន៍ Fresh News៕