កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យជួញដូរគ្រឿងញៀនម្នាក់ទៅតុលាការ

19-08-2026 15:04

(បន្ទាយមានជ័យ)៖ កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបញ្ជូនជនសង្ស័យម្នាក់ទៅកាន់សាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង០២:០០នាទី រសៀល ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ដោយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកអនុសេនីយ៍ឯក តិល តៃលីវ។

ការបង្រ្កាបនេះបានកើតឡើងនៅចំណុចផ្សារអគារថ្មី ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ ជុង ជាតិ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបររើសអេតចាយ បច្ចុប្បន្នរស់នៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

ក្នុងប្រតិបត្តិការនេះ កម្លាំងអាវុធហត្ថបានដកហូតវត្ថុតាងរួមមាន៖ គ្រឿងញៀនប្រភេទម្សៅក្រាមពណ៌សថ្លា (ICE) ចំនួន០៥កូនថង់កិប ទម្ងន់១,៣៥ក្រាម ទូរស័ព្ទដៃចំនួន០១គ្រឿង កូនកាបូបចំនួន០១ រួមនឹងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន។

ក្រោយការសួរនាំ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានទិញគ្រឿងញៀនមករក្សាទុកសម្រាប់លក់ និងប្រើប្រាស់ដោយខ្លួនឯងពិតប្រាកដមែន។ លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស បានបញ្ជាក់ថា ការបង្ក្រាបករណីនេះ គឺទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។ បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕