រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច បិទវគ្គបណ្តុះបណ្តាល និងប្រគល់វិញ្ញាបនបត្រជូនមន្ត្រីរាជការមានពិការភាពភ្នែក ១៦៦រូប
19-08-2026 16:02
(ភ្នំពេញ)៖ លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញបិទវគ្គបណ្តុះបណ្តាលស្តីពី «ចំណេះដឹងមូលដ្ឋានសម្រាប់មន្ត្រី» និងប្រគល់វិញ្ញាបនបត្រ ជូនដល់មន្ត្រីរាជការជនមានពិការភាពចំនួន ១៦៦រូប។
នៅក្នុងឱកាសនោះ លោក ចាប តូ អនុរដ្ឋលេខាធិការ បានរាយការណ៍អំពីសមិទ្ធផល និងដំណើរការនៃវគ្គបណ្តុះបណ្តាល ដែលបានផ្តើមឡើងក្រោមការចង្អុលបង្ហាញផ្ទាល់របស់លោក ជា សុមេធី ក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពការងាររដ្ឋបាលប្រចាំថ្ងៃ ជំនាញសរសេរលិខិតផ្លូវការ ការគ្រប់គ្រងការិយាល័យ និងការលើកកម្ពស់ស្មារតីសីលធម៌វិជ្ជាជីវៈដល់មន្ត្រីរាជការដែលមានពិការភាព។
ដំណើរការ និងរយៈពេលសិក្សា៖ វគ្គសិក្សានេះបានចាប់ផ្តើមដំណើរការតាំងពីថ្ងៃទី២០ ខែមករា ដល់ថ្ងៃទី៣០ ខែមេឃា ឆ្នាំ២០២៦ តាមប្រព័ន្ធអនឡាញ Microsoft Teams ដោយសិក្សា ៣ថ្ងៃក្នុងមួយសប្តាហ៍ (ច័ន្ទ, អង្គារ, សុក្រ) ពីម៉ោង ២:០០ ដល់ ៥:០០ល្ងាច។ សិក្ខាកាមបានខិតខំរៀនសូត្រសរុបជាង ១២០ ម៉ោង លើមុខវិជ្ជាស្នូលចំនួន៦ (រួមមាន៖ ចំណេះដឹងមូលដ្ឋានមន្ត្រី, ការគ្រប់គ្រងការិយាល័យ, ការតាក់តែងលិខិតបទដ្ឋាន, ការតាក់តែងកំណត់ហេតុ, ការតាក់តែងរបាយការណ៍ និងការរៀបរៀងសន្ទរកថា/ការគ្រប់គ្រង)។
សមាសភាពសិក្ខាកាម៖ មានសិក្ខាកាមចូលរួមសរុប ១៧៥រូប (ស្រី ៨៦រូប) រួមមានមន្ត្រីមានពិការភាពភ្នែក ខ្សោយគំហើញ ពិការកាយសម្បទា និងមន្រ្តីមិនមានពិការភា ក្រោមឱវាទក្រសួង មន្ទីរ ស.អ.យ. ទាំង ២៥ រាជធានី-ខេត្ត និងបុគ្គលិកស្ម័គ្រចិត្តនៃសមាគមតន្រ្តីសំនៀងជនពិការ។
លទ្ធផលវាយតម្លៃ៖ នៅក្នុងវគ្គប្រឡងបញ្ចប់នាដើមខែសីហា ឆ្នាំ២០២៦ សិក្ខាកាមចំនួន ១៦៦រូប បានឆ្លងកាត់ការប្រឡងដោយជោគជ័យ ១០០% និងទទួលបានវិញ្ញាបនបត្របញ្ចប់វគ្គសិក្សា។
វគ្គបណ្តុះបណ្តាលនេះទទួលបានការសម្របសម្រួល និងបង្រៀនដោយផ្ទាល់ពីលោកសាស្ត្រាចារ្យ អ៊ុំ វិចិត្រ សាស្ត្រាចារ្យនៃសាលាភូមិន្ទរដ្ឋបាល (ERA) ដែលបានចំណាយពេលវេលាដ៏មានតម្លៃដើម្បីធ្វើបទបង្ហាញ និងចែករំលែកចំណេះដឹង បទពិសោធន៍ ដោយឈរលើស្មារតីសប្បុរសធម៌ និងឥតគិតថ្លៃ។
លោក ជា សុមេធី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខយ៉ាងជ្រាលជ្រៅពីសំណាក់សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនចំពោះអង្គពិធី និងបងប្អូនជនមានពិការភាពទាំងអស់។
លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពស្វាហាប់របស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកការងារពិការភាពគឺជាការងារអាទិភាពមួយ នៅក្នុងកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដោយបានកំណត់សកម្មភាពអាទិភាពសម្រាប់ជនមានពិការភាព ជាពិសេសជនមានពិការភាពភ្នែក តាមរយៈការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ដោយផ្តោតជាសំខាន់លើការជ្រើសរើសជនពិការចូលបម្រើការងារនៅក្នុងក្រសួង ស្ថាប័នរដ្ឋ និងឯកជន តាមអត្រាកំណត់ និងការអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ដើម្បីធានាថាជនមានពិការភាពគ្រប់រូប ទទួលបានសេវាសាធារណៈ សេវាសុខាភិបាល ការអប់រំ បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងទទួលបានយុត្តិធម៌ដោយសមធម៌ និងការធ្វើបរិយាបន្នពិការភាពទៅក្នុងគ្រប់វិស័យ ដោយផ្អែកលើសិទ្ធិមនុស្សជាមូលដ្ឋាន។
ជារួមការយកចិត្តទុកដាក់គិតគូរ និងការវិនិយោគលើវិស័យពិការភាព និងជនមានពិការភាព គឺជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍមូលធនមនុស្ស និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ដើម្បីធ្វើឱ្យសម្រេចបានជោគជ័យក្នុងការអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ជាពិសេសយុទ្ធសាស្ត្រជាតិកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
លោករដ្ឋមន្ត្រី បានផ្តល់នូវអនុសាសន៍ណែនាំសំខាន់ៗចំពោះសិក្ខាកាមទាំងអស់៖ សូមយកចំណេះដឹង ជំនាញ និងបទពិសោធន៍ដែលទទួលបានពីវគ្គបណ្ដុះបណ្ដាលនេះ ទៅអនុវត្តឱ្យកើតជាផលប្រយោជន៍ជាក់ស្តែងក្នុងភារកិច្ចការងាររដ្ឋបាលប្រចាំថ្ងៃ ឱ្យមានប្រសិទ្ធភាព និងគុណភាពខ្ពស់ ប្រកបដោយស្មារតីទទួលខុសត្រូវ ក្រមសីលធម៌ និងវិជ្ជាជីវៈ។ សូមបន្តខិតខំស្វ័យសិក្សា និងអភិវឌ្ឍសមត្ថភាពខ្លួនឯងជានិច្ចព្រោះ «ពិការភាពរាងកាយ មិនមែនជាឧបសគ្គនៃបញ្ញាញាណ និងការរីកចម្រើននោះឡើយ»៕




























