* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ អ្នកសារព័ត៌មានត្រូវចេះគិតថា «អ្វីគួរសួរ និងអ្វីគួរផ្សព្វផ្សាយជាសាធារណៈ»

19-08-2026 17:30

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជំរុញឱ្យអ្នកសារព័ត៌មាន និងអ្នកប្រកបវិជ្ជាជីវៈសារព័ត៌មាន បង្កើនការគិតពិចារណា និងការវិនិច្ឆ័យប្រកបដោយវិជ្ជាជីវៈ មុននឹងសួរសំណួរ ឬយកខ្លឹមសារព័ត៌មានពីការសម្ភាសទៅផ្សព្វផ្សាយជាសាធារណៈ ដោយត្រូវផ្តោតលើភាពត្រឹមត្រូវ បរិបទ សិទ្ធិរបស់បុគ្គល និងផលប្រយោជន៍សាធារណៈ។

ការជំរុញនេះធ្វើឡើងក្នុងឱកាសលោករដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាល និងតម្រង់ទិសការងារផ្សព្វផ្សាយជាមួយអង្គភាពសារព័ត៌មាន និងអ្នកអនុវត្តសកម្មភាពការងារក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ នៅសាលមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន នៃទីស្តីការក្រសួង។

ក្នុងឱកាសនោះ រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកជាសំណួរទៅកាន់អ្នកសារព័ត៌មានថា៖ «នៅពេលដែលអ្នកកាន់ក្បាលមេក្រូ សូមនឹកថា តើរាល់សំណួរទាំងឡាយដែលផុសចេញពីចិត្តអ្នកទាំងអស់គ្នា តើគួរតែសួរទាំងអស់គ្រប់សំណួរទាំងអស់ ឬអត់? តើរាល់ចម្លើយដែលបងប្អូនទទួលបានពីអ្នកដែលផ្តល់បទសម្ភាសន៍ តើសុទ្ធតែអាចផ្សព្វផ្សាយដែរ ឬទេ?»។

សំណួររបស់លោករដ្ឋមន្ត្រីនេះ គឺជាការរំលឹកឱ្យអ្នកសារព័ត៌មានពិចារណាឱ្យបានហ្មត់ចត់អំពីគោលបំណងនៃការសួរ និងខ្លឹមសារដែលទទួលបានពីប្រភព មុននឹងសម្រេចផ្សព្វផ្សាយ។ ការធ្វើសារព័ត៌មានមិនមែនផ្តោតតែទៅលើការស្វែងរកព័ត៌មានដែលអាចទាក់ទាញការចាប់អារម្មណ៍របស់សាធារណជនប៉ុណ្ណោះទេ ប៉ុន្តែត្រូវគិតគូរដល់ភាពត្រឹមត្រូវបរិបទ សិទ្ធិ និងផលប៉ះពាល់ដែលអាចកើតមានពីការផ្សព្វផ្សាយព័ត៌មាននីមួយៗផងដែរ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ការសួរសំណួរមិនមានន័យថា សំណួរទាំងអស់ត្រូវតែសួរនោះទេ ហើយការទទួលបានចម្លើយពីអ្នកផ្តល់បទសម្ភាសន៍ ក៏មិនមានន័យថា ចម្លើយទាំងអស់ត្រូវតែផ្សព្វផ្សាយជាសាធារណៈនោះដែរ។ ដូច្នេះ អ្នកសារព័ត៌មានត្រូវប្រើប្រាស់ការវិនិច្ឆ័យវិជ្ជាជីវៈ ដើម្បីកំណត់ថា តើព័ត៌មានណាមានភាពពាក់ព័ន្ធ មានប្រយោជន៍ និងមានតម្លៃសម្រាប់សាធារណជន ព្រមទាំងសមស្របនឹងក្រមសីលធម៌វិជ្ជាជីវៈ។

ក្នុងបរិបទនៃការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថល និងបណ្តាញសង្គម ដែលព័ត៌មានអាចត្រូវបានផលិត ចែករំលែក និងផ្សព្វផ្សាយទៅដល់មនុស្សជាច្រើនក្នុងរយៈពេលដ៏ខ្លី តួនាទីរបស់អ្នកសារព័ត៌មានក្នុងការផ្ទៀងផ្ទាត់ប្រភព ពិនិត្យខ្លឹមសារ និងយល់ដឹងពីបរិបទ កាន់តែមានសារៈសំខាន់។ ការប្រញាប់ផ្សព្វផ្សាយដោយមិនបានពិនិត្យផ្ទៀងផ្ទាត់ឱ្យបានគ្រប់ជ្រុងជ្រោយ អាចនាំឱ្យមានការយល់ច្រឡំ ឬប៉ះពាល់ដល់បុគ្គល ស្ថាប័ន និងសង្គមទាំងមូល។

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានលើកទឹកចិត្តឱ្យអ្នកសារព័ត៌មានបន្តពង្រឹងសមត្ថភាពវិជ្ជាជីវៈ ប្រកាន់ខ្ជាប់ច្បាប់ ក្រមសីលធម៌ និងគោលការណ៍វិជ្ជាជីវៈ ដើម្បីក្លាយជាប្រភពព័ត៌មានដែលសាធារណជនអាចជឿទុកចិត្តបាន និងមានទំនួលខុសត្រូវចំពោះសង្គម។

រដ្ឋមន្ត្រី នេត្រ ភក្ត្រា​ បានបន្ថែមថា ការសម្រេចចិត្តថា «គួរសួរអ្វី» និង «គួរផ្សព្វផ្សាយអ្វី» គឺជាផ្នែកដ៏សំខាន់មួយនៃការអនុវត្តវិជ្ជាជីវៈសារព័ត៌មាន ដែលតម្រូវឱ្យអ្នកសារព័ត៌មានមានការគិតពិចារណា ការវិនិច្ឆ័យ និងស្មារតីទទួលខុសត្រូវជានិច្ច ដើម្បីធានាថា ព័ត៌មានដែលផ្សព្វផ្សាយទៅកាន់សាធារណជន គឺមានភាពត្រឹមត្រូវ មានប្រយោជន៍ និងរួមចំណែកដល់ការកសាងសង្គមដែលមានការយល់ដឹង និងការជឿទុកចិត្តលើសារព័ត៌មាន។

បន្ថែមពីនេះ រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្តថា ក្បាលមេក្រូ និងអត្ថបទព័ត៌មានរបស់អ្នកសារព័ត៌មាន គឺមានតម្លៃខ្លាំងណាស់ ដើម្បីសាបព្រួសសារអប់រំល្អៗ ជូនដល់សាធារណជនឱ្យបានយល់ច្បាស់ពីបញ្ហាដែលកើតឡើង និងទង្វើផ្សេងៗទៀត ព្រមទាំងសកម្មភាពខុសច្បាប់ដែលសង្គមស្អប់ខ្ពើម។ ដូច្នេះ តួនាទីអ្នកសារព័ត៌មានមានសារៈសំខាន់ណាស់ក្នុងការរួមចំណែកដល់ការអភិវឌ្ឍសង្គមប្រកបដោយគុណភាព និងសីលធម៌។

រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានជំរុញឱ្យអ្នកសារព័ត៌មាន និងអ្នករាយការណ៍ព័ត៌មានទាន់ហេតុការណ៍ពេលរាត្រី បន្តប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ និងបង្កើនការទទួលខុសត្រូវខ្ពស់ក្នុងការបំពេញភារកិច្ច ដើម្បីលើកកម្ពស់សណ្តាប់ធ្នាប់ក្នុងវិស័យព័ត៌មាន និងរក្សាទំនុកចិត្តពីសាធារណជន។

លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា អ្នកសារព័ត៌មានត្រូវផ្តល់អាទិភាពលើភាពត្រឹមត្រូវ ភាពពិត និងប្រភពច្បាស់លាស់ ជាជាងការប្រកួតប្រជែងល្បឿនដែលខ្វះការផ្ទៀងផ្ទាត់។ លោកក៏បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការបង្កើនការប្រុងប្រយ័ត្នក្នុងការផលិត និងចែករំលែកព័ត៌មាន ជាពិសេសព័ត៌មានទាន់ហេតុការណ៍ ក្នុងបរិបទដែលប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គមកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស៕