ទស្សនកិច្ចមេដឹកនាំមីយ៉ាន់ម៉ា មកកម្ពុជា ជាទស្សនកិច្ចទ្វេភាគីធម្មតា ឬមានអ្វីផ្សេង?

19-08-2026 18:05

(ភ្នំពេញ)៖ បើយោងតាមពត៌មាននានា ប្រធានាធិបតីមីយ៉ាន់ម៉ា លោកមីន អ៊ុងឡាំង (Min Aung Hlaing) គ្រោងនឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា នាដើមខែកញ្ញា ឆ្នាំ២០២៦។ បើយើងមើលមួយភ្លែត វាអាចគ្រាន់តែជាទស្សនកិច្ចធម្មតាមួយរវាងប្រទេសជាសមាជិកអាស៊ានទាំងពីរ។ ប៉ុន្តែបើមើលឱ្យហួសពីពិធីការទូត ការចាប់ដៃ និងរូបថតផ្លូវការ ទស្សនកិច្ចនេះហាក់មានអត្ថន័យនយោបាយជ្រៅជាងអ្វីដែលមើលឃើញពីរូបភាពខាងក្រៅ។

ហាក់មានអត្ថន័យនយោបាយជ្រៅ ត្រូវបានលោកបណ្ឌិត ខែក វីរៈ អ្នកជំនាញភូមិសាស្រ្តនយោបាយ មើលឃើញថា ដ្បិតនៅពីក្រោយដំណើរមកកាន់ភ្នំពេញមានស្រទាប់នយោបាយយ៉ាងហោចណាស់ចំនួនបី ដែលយើងគួពិចារណា៖ ទីមួយ ការពង្រឹងទំនាក់ទំនងកម្ពុជា–មីយ៉ាន់ម៉ា ទីពីរ ការព្យាយាមរបស់មីយ៉ាន់ម៉ាក្នុងការវិលត្រឡប់ចូលលំហការទូតរបស់អាស៊ាន និងទីបី ការស្វែងរកកន្លែងឈរថ្មីរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ានៅលើឆាកអន្តរជាតិ។

សម្រាប់លោកបណ្ឌិត ខែក វីរៈ អ្នកជំនាញភូមិសាស្រ្តនយោបាយ ចាប់តាំងពីវិបត្តិនយោបាយឆ្នាំ២០២១មក មីយ៉ាន់ម៉ាបានក្លាយជាសំណួរដ៏ពិបាកមួយសម្រាប់អាស៊ាន។ គោលការណ៍ឯកភាពគ្នា៥ចំណុច ឬ Five-Point Consensus ដែលអាស៊ានបានដាក់ចេញក្នុងឆ្នាំ២០២១ ហាក់មិនទាន់អាចបង្កើតច្រកចេញនយោបាយដែលអាចបញ្ឈប់ជម្លោះបាននៅឡើយ។ អស់រយៈពេលជាច្រើនឆ្នាំ មេដឹកនាំនយោបាយកម្រិតខ្ពស់របស់មីយ៉ាន់ម៉ាត្រូវបានអង្គការតំបន់មួយនេះកម្រិតការចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន។ ប៉ុន្តែឆ្នាំ២០២៦ ហាក់កំពុងបង្ហាញសញ្ញាថា ទ្វារការទូតដែលធ្លាប់បិទជិតនោះ កំពុងរបើកបន្តិចម្ដងៗ។

១. ពីភាពឯកោ ទៅការចូលរួមឡើងវិញ
អ្វីដែលគួរឱ្យកត់សម្គាល់ មិនមែនមានតែដំណើរមកកាន់ភ្នំពេញនោះទេ។ អ្វីដែលគួរមើល គឺខ្សែដំណើរការទូតរបស់លោក Min Aung Hlaing ក្នុងឆ្នាំ២០២៦ទាំងមូល ព្រោះថាក្រោយការផ្លាស់ប្តូរតួនាទីពីមេដឹកនាំយោធាទៅជាប្រធានាធិបតី លោកបានបង្កើនសកម្មភាពការទូតទៅបរទេសយ៉ាងគួរឱ្យកត់សម្គាល់ ដោយមានទាំងចិន ឡាវ ថៃ និងរុស្ស៊ី។ ទស្សនកិច្ចទៅឡាវ ក្នុងខែកក្កដា ក៏ជាការធ្វើដំណើរលើកដំបូងរបស់លោកទៅប្រទេសសមាជិកអាស៊ានក្នុងឋានៈថ្មីជាប្រធានាធិបតី។

បើយើងពិនិត្យមើលអំពីដំណើរទស្សនកិច្ចទាំងនេះតាមខ្សែតែមួយ យើងពិតជាអាចមើលឃើញរូបភាពនយោបាយមួយកំពុងលេចឡើងនោះគឺ ពីភាពឯកោទៅការចូលរួមឡើងវិញ។ ក្នុងន័យនេះ ភ្នំពេញមិនមែនគ្រាន់តែជាគោលដៅបន្ទាប់នៅលើផែនទីការទូតនោះទេ។ វាអាចជាចំណុចមួយក្នុងយុទ្ធសាស្ត្រពង្រីកលំហការទូតរបស់មីយ៉ាន់ម៉ា ទាំងក្នុងអាស៊ាន និងក្រៅតំបន់។ សម្រាប់មីយ៉ាន់ម៉ា ការដែលមេដឹកនាំរបស់ខ្លួនត្រូវបានទទួលនៅក្នុងរដ្ឋធានី នៃប្រទេសអាស៊ានមួយ មានតម្លៃលើសពីពិធីការធម្មតា។ រូបភាពនៃការចាប់ដៃអាចក្លាយជាសារនយោបាយ ហើយការបើកទ្វារទទួលអាចត្រូវបានបកស្រាយថា ជាការបើកទ្វារការទូត។ ពិតណាស់សារដែលក្រុងណៃពីដោ (Naypyidaw) ចង់បញ្ជូនទៅខាងក្រៅអាចមានលក្ខណៈសាមញ្ញ ប៉ុន្តែមានទម្ងន់ថា មីយ៉ាន់ម៉ាមិននៅឯកោទៀតឡើយ។

២. ហេតុអ្វីបានជាកម្ពុជាហាក់មានទំងន់?
មែនហើយ កម្ពុជាហាក់មានទីតាំងពិសេសមួយក្នុងរឿងមីយ៉ាន់ម៉ា។ នៅពេលកម្ពុជាធ្វើជាប្រធានអាស៊ានក្នុងឆ្នាំ២០២២ កម្ពុជាបានព្យាយាមប្រើការចូលរួម ការសន្ទនា និងការរក្សាច្រកទំនាក់ទំនងជាមួយ Naypyidaw ជាជាងបិទទ្វារទាំងស្រុង។ គេសម្គាល់ឃើញថា ការខិតខំនៅពេលនោះហាក់មិនបានបញ្ចប់វិបត្តិមីយ៉ាន់ម៉ាទេ ប៉ុន្តែសកម្មភាពនោះក៏មានអត្ថន័យខ្ពស់។ តាមរយៈបទពិសោធន៍កម្ពុជា ក្នុងវិបត្តិនយោបាយដែលភាគីនីមួយៗឈរឆ្ងាយពីគ្នា ការរក្សាទ្វារមួយឱ្យនៅបើក អាចមានតម្លៃជាងការបិទទ្វារទាំងអស់។ លើសពីនេះ កម្ពុជាខ្លួនឯងធ្លាប់ឆ្លងកាត់សង្គ្រាមស៊ីវិល ការបែកបាក់នយោបាយ ការចរចា និងដំណើរការផ្សះផ្សាជាតិដ៏វែងឆ្ងាយ។ បទពិសោធន៍នេះមិនមានន័យថា «រូបមន្តកម្ពុជា» អាចយកទៅដាក់លើមីយ៉ាន់ម៉ាបានទេ ព្រោះបរិបទប្រទេសទាំងពីរខុសគ្នា។ ប៉ុន្តែវាអាចផ្តល់មេរៀនមួយថា ជម្លោះផ្ទៃក្នុងដែលមានឫសគល់ជ្រៅ ពិបាកបញ្ចប់ដោយកម្លាំងយោធាតែមួយមុខណាស់។ នៅចុងផ្លូវ អ្នកដែលប្រឈមមុខគ្នានៅលើសមរភូមិ តែងតែត្រូវការតុចរចាមួយ។

នៅកម្រិតទ្វេភាគី កម្ពុជា និងមីយ៉ាន់ម៉ាក៏មានមូលដ្ឋានសម្រាប់ពង្រីកទំនាក់ទំនងលើពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ការផ្លាស់ប្តូររវាងប្រជាជន និងទំនាក់ទំនងប្រវត្តិសាស្ត្រ។ ដូច្នេះហើយ នៅលើផ្ទៃខាងក្រៅនៃទស្សនកិច្ចនេះអាចជាទស្សនកិច្ចពង្រឹងមិត្តភាពរវាងរដ្ឋទាំងពីរ។ ប៉ុន្តែក្នុងនយោបាយអន្តរជាតិ ពេលខ្លះ រូបភាពមួយសន្លឹកអាចនិយាយបានច្រើនជាងសេចក្តីប្រកាសរួមជាច្រើនទំព័រ។

៣. ចំណុចរសើបសម្រាប់កម្ពុជា
ការទទួលលោក Min Aung Hlaing នៅភ្នំពេញអាចត្រូវបានបកស្រាយតាមពីររបៀប។ ពីជ្រុងម្ខាង វាអាចត្រូវបានមើលឃើញថា កម្ពុជាកំពុងរក្សាច្រកសន្ទនា និងព្យាយាមទាញមីយ៉ាន់ម៉ាឱ្យចូលមកជិតដំណើរការរបស់អាស៊ាន។ ប៉ុន្តែនៅម្ខាងទៀត អ្នកខ្លះអាចសួរថា តើការទទួលស្វាគមន៍កម្រិតខ្ពស់នេះ អាចជួយបង្កើនភាពស្របច្បាប់នយោបាយដល់រដ្ឋាភិបាលមីយ៉ាន់ម៉ាដែរឬទេ?

នេះជាកន្លែងដែលត្រូវបែងចែកឱ្យច្បាស់រវាង ការសន្ទនា ឬការរក្សាទំនាក់ទំនងការទូត និងការគាំទ្រ ឬការផ្តល់ភាពស្របច្បាប់ជាក់ស្តែង។ ការរក្សាការសន្ទនាមានន័យថា យើងទទួលស្គាល់ការពិតថា បញ្ហាមួយមិនអាចដោះស្រាយបាន បើគ្មានភាគីដែលកាន់កូនសោចូលរួមក្នុងការសន្ទនា។ ចំណែកការគាំទ្រ គឺជារឿងមួយផ្សេងទៀត។

សម្រាប់កម្ពុជា បញ្ហាប្រឈមមិនមែនថាតើត្រូវនិយាយជាមួយមីយ៉ាន់ម៉ាឬទេ? ប៉ុន្តែគឺតើត្រូវនិយាយយ៉ាងដូចម្តេច ហើយនិយាយដើម្បីសម្រេចអ្វី?

ក្នុងនាមជាសមាជិកអាស៊ាន កម្ពុជាពិតជាត្រូវរកតុល្យភាពរវាងគោលការណ៍មិនជ្រៀតជ្រែក ការរក្សាទំនាក់ទំនងរដ្ឋ–រដ្ឋ និងការប្តេជ្ញាចិត្តរួមចំពោះ Five-Point Consensus។ ការមានច្រកសន្ទនាជាមួយរដ្ឋាភិបាលមីយ៉ាន់ម៉ា គឺជារឿងមួយ ការគាំទ្រគ្រប់ទិដ្ឋភាពនៃស្ថានការណ៍នយោបាយនៅទីនោះ គឺជារឿងមួយទៀត។

៤. ទិដ្ឋភាពអាស៊ាន ចំពោះមីយ៉ាន់ម៉ា
តើអាស៊ានកំពុងផ្លាស់ប្តូរវិធីសាស្ត្រ? នេះប្រហែលជាសំណួរធំបំផុតដែលលាក់នៅពីក្រោយទស្សនកិច្ច។ ក្នុងខែកក្កដា ឆ្នាំ២០២៦ រដ្ឋមន្ត្រីការបរទេសអាស៊ានបានជួបដោយផ្ទាល់ជាមួយរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា ដើម្បីពិភាក្សាពីវិបត្តិ និងលទ្ធភាពនៃការចូលរួមឡើងវិញ។ ការវិវត្តនេះកើតឡើងបន្ទាប់ពីមីយ៉ាន់ម៉ា ត្រូវបានកម្រិតការចូលរួមកម្រិតខ្ពស់អស់រយៈពេលជាច្រើនឆ្នាំ។ បើយើងភ្ជាប់ការវិវត្តនេះជាមួយដំណើររបស់លោក Min Aung Hlaing ទៅឡាវ ថៃ និងបន្ទាប់មកកម្ពុជា រូបភាពថ្មីមួយហាក់កំពុងលេចឡើង៖ តើអាស៊ាន ឬយ៉ាងហោចណាស់សមាជិកអាស៊ានមួយចំនួន កំពុងសាកល្បងផ្លាស់ពីការដាក់មីយ៉ាន់ម៉ា ឱ្យនៅឯកោទៅជាការចូលរួមឡើងវិញដោយប្រុងប្រយ័ត្ន (Calibrated Re-engagement) ឬទេ?

មែនទែនទៅ ការផ្លាស់ប្តូរបែបនេះ ប្រសិនបើពិតជាកំពុងកើតឡើង មិនមានន័យថា អាស៊ានបានបោះបង់ Five-Point Consensus ឬទទួលយកស្ថានភាពនយោបាយនៅមីយ៉ាន់ម៉ាទាំងស្រុងឡើយ។ ផ្ទុយទៅវិញ វាអាចបង្ហាញពីការទទួលស្គាល់ការពិតមួយថា បន្ទាប់ពីជាងប្រាំឆ្នាំ ការដាក់មីយ៉ាន់ម៉ាឱ្យនៅក្រៅតុ មិនទាន់អាចនាំមីយ៉ាន់ម៉ាត្រឡប់មករកដំណោះស្រាយនយោបាយបានទេ។ ដូច្នេះហើយ អាស៊ានកំពុងឈរនៅមុខសំណួរដ៏លំបាកមួយដែលត្រូវឆ្លើយតប៖ តើត្រូវបន្តដាក់សម្ពាធពីខាងក្រៅ ឬចូលទៅនិយាយពីខាងក្នុង? នេះមិនមែនជាជម្រើសងាយស្រួលទេ។ ការដាក់សម្ពាធខ្លាំងពេកអាចធ្វើឱ្យច្រកសន្ទនាកាន់តែរួមតូច។ ប៉ុន្តែការចូលរួមដោយគ្មានលក្ខខណ្ឌក៏អាចធ្វើឱ្យការទូតក្លាយជាឧបករណ៍ផ្តល់ភាពស្របច្បាប់ ដោយមិនទទួលបានការផ្លាស់ប្តូរជាក់ស្តែងជាថ្នូរ។

៥. មុខពីរនៃការទូត
ផ្អែកតាមស្ថានភាពបច្ចុប្បន្នបើទោះបីទ្វារការទូតកំពុងបើកក៏ដោយ សំឡេងកាំភ្លើងនៅមីយ៉ាន់ម៉ា មិនទាន់ស្ងប់នៅឡើយ។ ជម្លោះប្រដាប់អាវុធនៅតែបន្ត ហើយដំណើរការនយោបាយដែលនាំទៅរករដ្ឋាភិបាលបច្ចុប្បន្ន ក៏នៅតែប្រឈមការរិះគន់ពីខាងក្រៅ។ លោក Min Aung Hlaing ក៏បានរិះគន់វិធីសាស្ត្ររបស់អាស៊ានចំពោះមីយ៉ាន់ម៉ាផងដែរ។ ដូច្នេះហើយ ការកើនឡើងនៃសកម្មភាពការទូត មិនមានន័យថា គម្លាតនយោបាយរវាងណៃពីដោ (Naypyidaw) និងអាស៊ានបានរលាយបាត់ទៅហើយនោះទេ។

ការណ៍នេះធ្វើឱ្យទស្សនកិច្ចភ្នំពេញមានមុខពីរ៖ វាជាឱកាស ប៉ុន្តែក៏ជាហានិភ័យ។ បើទស្សនកិច្ចបញ្ចប់ត្រឹមពិធីការ កម្រាលព្រំ ការចាប់ដៃ និងរូបថត វាអាចត្រូវបានប្រើជាភស្តុតាងថា រដ្ឋាភិបាលមីយ៉ាន់ម៉ាកំពុងវិលត្រឡប់ទៅរកភាពធម្មតានៃការទូត។ ប៉ុន្តែបើកម្ពុជាអាចប្រើឱកាសនេះដើម្បីជំរុញការសន្ទនា ការកាត់បន្ថយអំពើហិង្សា ជំនួយមនុស្សធម៌ និងការចូលរួមរបស់មីយ៉ាន់ម៉ាជាមួយអាស៊ាន ទស្សនកិច្ចនេះនឹងមានតម្លៃលើសពីពិធីការទ្វេភាគី។ ការទូតមិនគួរត្រូវវាស់ត្រឹមថា ទ្វារត្រូវបានបើក ឬ អត់ទេ ប៉ុន្តែត្រូវវាស់ថា បន្ទាប់ពីទ្វារបើកហើយតើភាគីទាំងពីរដើរទៅណា។

៦. កម្ពុជាអាចជាស្ពាន ប៉ុន្តែមិនមែនជាអ្នកដោះស្រាយតែម្នាក់ឡើយ
ជាការពិតណាស់ កម្ពុជាមិនអាចដោះស្រាយវិបត្តិមីយ៉ាន់ម៉ាតែម្នាក់ឯងបានទេ ហើយក៏មិនគួរដាក់ខ្លួនជំនួសអាស៊ានដែរ។ ប៉ុន្តែកម្ពុជាអាចធ្វើអ្វីមួយដែលការទូតតែងតែត្រូវការនោះគឺ ការបង្កើតលំហឱ្យមនុស្សដែលមិនចង់និយាយគ្នា អាចចាប់ផ្តើមនិយាយគ្នាបាន។ ហេតុនេះ សំណួរសំខាន់មិនមែនថាតើកម្ពុជាគួរទទួលមេដឹកនាំមីយ៉ាន់ម៉ា ឬទេ? ប៉ុន្តែគឺថា បន្ទាប់ពីទទួលហើយ កម្ពុជាអាចប្រើទស្សនកិច្ចនេះដើម្បីសម្រេចអ្វី? បើការចូលរួមអាចបើកទ្វារសម្រាប់សន្ទនា កាត់បន្ថយអំពើហិង្សា បង្កើនលំហជំនួយមនុស្សធម៌ និងនាំមីយ៉ាន់ម៉ា ឱ្យចូលមកជិតក្របខណ្ឌរបស់អាស៊ាន នោះការចូលរួមមានតម្លៃ។ ប៉ុន្តែបើវាបញ្ចប់ត្រឹមរូបថត ការចាប់ដៃ និងពិធីការទូត អ្នកដែលទទួលបានផលនយោបាយច្រើនបំផុត ប្រហែលជាមិនមែនជាកម្ពុជា ឬ អាស៊ាននោះឡើយ។

លោកបណ្ឌិត ខែក វីរៈ អ្នកជំនាញភូមិសាស្រ្តនយោបាយ យល់ឃើញថា ទស្សនកិច្ចរបស់លោក Min Aung Hlaing មកកម្ពុជា ហាក់មិនគួរវាស់វែងត្រឹមចំនួនកិច្ចព្រមព្រៀងដែលនឹងត្រូវចុះហត្ថលេខា ចំនួនជំនួប ឬកម្រិតពិធីការដែលលោកទទួលបាននោះទេ។ តម្លៃនយោបាយពិតប្រាកដរបស់វានឹងបង្ហាញនៅថ្ងៃបន្ទាប់ពីទស្សនកិច្ច។ តើមីយ៉ាន់ម៉ានឹងបង្ហាញភាពបត់បែនបន្ថែមចំពោះអាស៊ានឬទេ? តើការសន្ទនានឹងបើកទូលាយជាងមុនឬទេ? តើជំនួយមនុស្សធម៌អាចទៅដល់អ្នកដែលត្រូវការកាន់តែច្រើនឬទេ? ហើយតើអាស៊ាននឹងបន្តបើកទ្វារការទូត ឬត្រឡប់ទៅរកការកម្រិតការចូលរួមវិញ?

ប្រសិនបើមានការផ្លាស់ប្តូរជាក់ស្តែង ទស្សនកិច្ចភ្នំពេញអាចត្រូវបានចងចាំថា ជាចំណុចតូចមួយនៅលើផ្លូវពី ភាពឯកោ ទៅជាការស្តារឡើងវិញក្នុងអាស៊ាន។ ផ្ទូយទៅវិញបើគ្មានអ្វីផ្លាស់ប្តូរ វាអាចនៅត្រឹមជាជោគជ័យការទូតមួយសម្រាប់លោក Min Aung Hlaing ក្នុងការបង្ហាញថា រដ្ឋាភិបាលរបស់លោកកំពុងវិលត្រឡប់ទៅឆាកតំបន់។ សម្រាប់កម្ពុជា អ្នកជំនាញភូមិសាស្រ្តនយោបាយរូបនេះមើលឃើញថា សិល្បៈនៃការទូតនៅទីនេះ គឺមិនមែនការជ្រើសរើសរវាងការបិទទ្វារ និងការបើកទ្វារទេ ប៉ុន្តែគឺបើកទ្វារដោយដឹងថា តើយើងចង់នាំភ្ញៀវ និងការសន្ទនានោះទៅណា។ នៅទីបំផុត តម្លៃនៃទស្សនកិច្ចនេះ មិនត្រូវវាស់ថា មេដឹកនាំមីយ៉ាន់ម៉ាត្រូវបានស្វាគមន៍យ៉ាងដូចម្តេចនៅភ្នំពេញទេ ប៉ុន្តែត្រូវវាស់ថា បន្ទាប់ពីចាកចេញពីភ្នំពេញ តើមានអ្វីផ្លាស់ប្តូរ?