សេចក្តីជូនដំណឹងដល់អ្នកដាក់ប្រាក់/ម្ចាស់បំណុលទាំងអស់របស់ធនាគារ ហេង ហ្វឹង (ខេមបូឌា) ម.ក
19-08-2026 20:23
(ភ្នំពេញ)៖ ក្រុមហ៊ុនបេកឃើរ ធីលលី (ខេមបូឌា) ឯ.ក ត្រូវបានតែងតាំងជាអ្នកជម្រះបញ្ជីតែមួយគត់នៃធនាគារ ហេង ហ្វឹង (ខេមបូឌា) ម.ក ហៅកាត់ថា «ធនាគារ»។ ការតែងតាំងនេះ ធ្វើឡើងក្រោយពេលធានាគារ ហេង ហ្វឹង ត្រូវបានធានាគារជាតិនៃកម្ពុជាបញ្ចប់ប្រតិបត្តិការ។ ការតែងតាំងនេះ ស្របតាមប្រកាសលេខ ធ39 026.453 ប្រ.ក. ចុះថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ ដែលចេញដោយធនាគារជាតិនៃកម្ពុជា។
បន្ទាប់ពីការតែងតាំងនេះ អ្នកជម្រះបញ្ជីបានទទួលយកសិទ្ឋិ និងអំណាចពេញលេញ ក្នុងការគ្រប់គ្រងទ្រព្យសកម្ម ប្រតិបត្តិការ បញ្ជីគណនេយ្យ ឯកសារ ប្រព័ន្ឋ និងកិច្ចការទាំងអស់របស់ធនាគារ។
ក្រុមហ៊ុនបេកឃើរ ធីលលី (ខេមបូឌា) ជម្រាបជូនម្ចាស់បំណុលទាំងអស់ជ្រាប និងអនុវត្តតាមសេចក្តីជូនដំណឹងដូចខាងក្រោម៖
១៖ ចាប់ពីថ្ងៃចាប់ផ្តើមនៃការជម្រះបញ្ជី ធនាគារបានបញ្ឈប់ជាបន្ទាន់នូវសេវាកម្មធនាគារធម្មតាទាំងអស់ លើកលែងតែការបន្តប្រមូល និងទទួលការសងប្រាក់ពីអ្នកខ្ចីប្រាក់ដែលមានស្រាប់ ពាក់ព័ន្ឋនឹងប្រាក់កម្ចី និងឥណទានហិរញ្ញប្បទានដែលនៅសល់មិនទាន់ទូទាត់។ មិនត្រូវមានការធ្វើ ឬបន្តសកម្មភាពអាជីវកម្ម ឬប្រតិបត្តិការណាមួយផ្សេងទៀតឡើយ លុះត្រាតែមានការអនុញ្ញាតជាលាយលក្ខណ៍អក្សរជាមុនពីអ្នកជម្រះបញ្ជី ឬតំណាងដែលមានសិទ្ធិអនុញ្ញាតរបស់ខ្លួន។
២៖ រាល់បំណុលដែលបានកើតឡើងដោយត្រឹមត្រូវក្នុងអំឡុងពេលនៃការជម្រះបញ្ជីស្របតាមការអនុញ្ញាតជាលាយលក្ខណ៍អក្សរជាមុនរបស់អ្នកជម្រះបញ្ជី នឹងត្រូវបានត្រួតពិនិត្យ នឹងដោះស្រាយដោយឡែកពីការទាមទារមុនការជម្រះបញ្ជី ដោយអនុលោមតាមលក្ខខណ្ឌនៃការអនុញ្ញាតនោះ និងច្បាប់កម្ពុជាដែលពាក់ព័ន្ឋ។
៣៖ រាល់ចំនួនទឹកប្រាក់ដែលជំពាក់ធនាគារ នៅតែជាបំណុលដល់កំណត់ត្រូវសងស្របតាមកិច្ចព្រមព្រៀង វិក្កយបត្រ ឬការរៀបចំពាក់ព័ន្ឋផ្សេងទៀត។
៤៖ រាល់ការទាមទារបំណុល និងចំនួនទឹកប្រាក់នៅជំពាក់ទាំងឡាយ ដែលត្រូវបានអះអាងថា ជាបំណុលរបស់ធនាគារ នឹងត្រូវស្ថិតក្រោមការផ្ទៀងផ្ទាត់ ការវាយតម្លៃ និងការសម្រេចដោយអ្នកជម្រះបញ្ជី ហើយនឹងត្រូវដោះស្រាយ ស្របតាមលំដាប់អាទិភាពដែលកំណត់ដោយច្បាប់ ការណែនាំរបស់ធនាគារជាតិនៃកម្ពុជា និង/ឬ តុលាការមានសមត្ថកិច្ច ព្រមទាំងអាស្រ័យលើលទ្ធផលនៃការរំលាយជាសាច់ប្រាក់នូវទ្រព្យសកម្មរបស់ធនាគារ។
អ្នកជម្រះបញ្ជីអាចស្នើសុំព័ត៌មាន ការបំភ្លឺ ឬឯកសារគាំទ្របន្ថែម ហើយរក្សាសិទ្ឋិក្នុងការផ្ទៀងផ្ទាត់ ទទួលស្គាល់ ឬបដិសេធការទាមទារណាមួយទាំងមូល ឬមួយផ្នែក ស្របតាមច្បាប់ជាធរមាននៃព្រះរាជាណាចក្រកម្ពុជា។
៥៖ ម្ចាស់បំណុលទាំងអស់ ត្រូវដាក់ស្នើភស្តុតាងបញ្ជាក់លើការទាមទារ ដែលបានបំពេញត្រឹមត្រូវ រួមជាមួយឯកសារគាំទ្រពាក់ព័ន្ធទៅកាន់ការិយាល័យអ្នកជម្រះបញ្ជី ក្នុងរយៈពេល ៣០ថ្ងៃ គិតចាប់ពីកាលបរិច្ឆេទនៃសេចក្តីជូនដំណឹងនេះ។ ម្ចាស់បំណុលដែលខកខានមិនបានដាក់ស្ទើភស្តុតាងបញ្ជាក់លើការទាមទារ ក្នុងរយៈពេលកំណត់ ៣០ថ្ងៃ នឹងមិនមាន សិទ្ធិទទួលបានការបែងចែកទ្រព្យសកម្មដែលនៅសល់របស់ក្រុមហ៊ុនឡើយ៕






