នាវាល្បាតរបស់កងទ័ពជើងទឹកព្រឹតថេន (ចក្រភពអង់គ្លេស) HMS Tamar បានធ្វើដំណើរទស្សនកិច្ចលើកដំបូងជាប្រវត្តិសាស្រ្តមកកាន់មូលដ្ឋានកងទ័ពជើងទឹករាម ដែលជាព្រឹត្តិការណ៍ដ៏សំខាន់ថ្មីមួយក្នុងកិច្ចសហប្រតិបត្តិការការពារជាតិរវាងព្រឹតថេន និងកម្ពុជា

20-08-2026 11:03

(ភ្នំពេញ)៖ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ នាវាល្បាតសមុទ្ររបស់កងទ័ពជើងទឹកព្រឹតថេន (ចក្រភពអង់គ្លេស) HMS Tamar បានមកដល់ប្រទេសកម្ពុជាសម្រាប់ដំណើរទស្សនកិច្ចមួយដែលបង្ហាញពីជំហានបន្ទាប់នៅក្នុងទំនាក់ទំនងការពារជាតិដែលកំពុងរីកចម្រើនរវាងព្រឹតថេន និងកម្ពុជា។

ការដាក់ពង្រាយនេះបង្ហាញពីកិច្ចសហប្រតិបត្តិការផ្លូវសមុទ្រជាក់ស្តែង ការផ្លាស់ប្តូរយោធាវិជ្ជាជីវៈ និងការចូលរួមជាមួយសហគមន៍ ដែលពង្រឹងការប្តេជ្ញាចិត្តរបស់ព្រឹតថេនចំពោះតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកដ៏សេរី និងបើកចំហរ និងសណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់។

ដំណើរទស្សនកិច្ចនេះរួមមានការចូលចតជាប្រវត្តិសាស្ត្រនៅមូលដ្ឋានទ័ពជើងទឹករាម ដែលជាលើកដំបូងសម្រាប់នាវារបស់កងទ័ពជើងទឹកព្រឹតថេនមកកាន់ទីតាំងនេះ។

ក្នុងនាមជានាវាចម្បាំងអន្តរជាតិមួយក្នុងចំណោមចំនួនតិចតួចដែលបានមកទស្សនកិច្ចមូលដ្ឋានទ័ពជើងទឹករាម ចាប់តាំងពីការបើកដំណើរការឡើងវិញនៅខែមេសា ឆ្នាំ ២០២៥ មក វត្តមានរបស់ HMS Tamar ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការបើកចំហ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ ព្រមទាំងបង្កើតឱកាសថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងកងទ័ពជើងទឹកព្រឹតថេន និងកងយោធពលខេមរភូមិន្ទ។

ដំណើរទស្សនកិច្ចនេះក៏ទទួលស្គាល់សិទ្ធិអធិបតេយ្យភាពរបស់កម្ពុជាក្នុងការបន្តទំនាក់ទំនងការពារជាតិចម្រុះ និងមានតុល្យភាពជាមួយដៃគូនៅទូទាំងតំបន់ និងលើសពីនេះ។

លោក Dominic Williams ឯកអគ្គរាជទូតព្រឹតថេនប្រចាំនៅកម្ពុជា បានមាន ប្រសាសន៍ថា៖ «ខ្ញុំមានសេចក្តីសោមនស្សរីករាយក្នុងការស្វាគមន៍មេបញ្ជាការ Tom Lindsey និងក្រុមនាវិកនៃនាវា HMS Tamar មកកាន់ប្រទេសកម្ពុជា។ កងទ័ពជើងទឹកព្រឹតថេនមានប្រវត្តិសាស្ត្រដ៏រុងរឿង ហើយនាវិករបស់ខ្លួនស្ថិតក្នុងចំណោមនាវិកដ៏ល្អបំផុតនៅលើពិភពលោក។ ខ្ញុំមានសេចក្តីសោមនស្សរីករាយដែលពួកគេបានមកដល់ព្រះរាជាណាចក្រកម្ពុជា ដើម្បីចែករំលែកជំនាញ និងបដិសណ្ឋារកិច្ចកងទ័ពជើងទឹកដែលជាប្រពៃណីរបស់ពួកគេជាមួយមិត្តភក្តិកម្ពុជារបស់យើង»។

លោកបានបន្តថា៖ «ការចូលចតនៅមូលដ្ឋានទ័ពជើងទឹករាមជាលើកដំបូងនេះ បង្ហាញពីការរីកចម្រើននៃទំនាក់ទំនងកងទ័ពជើងទឹករវាងកម្ពុជា និងព្រឹតថេន។ វាបន្តពីដំណើរទស្សនកិច្ចមុនៗរបស់នាវា HMS Spey មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយក៏ស្របពេលជាមួយការបណ្តុះបណ្តាលនិស្សិតកងទ័ពជើងទឹកកម្ពុជាចំនួន ២ នាក់ ដែលកំពុងសិក្សានៅសាលាបណ្តុះបណ្តាលកងទ័ពជើងទឹក Britannia Royal Navy College ក្នុងទីក្រុង Dartmouth។ ខ្ញុំសូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការស្វាគមន៍នាវា HMS Tamar ហើយទន្ទឹងរង់ចាំទំនាក់ទំនងការពារជាតិកម្ពុជា-ព្រឹតថេន ដែលនឹងបន្តរីកចម្រើននៅក្នុងឆ្នាំខាងមុខ»

ដំណើរទស្សនកិច្ចនេះ គឺជាដំណើរទស្សនកិច្ចលើកទី៣ របស់កងទ័ពជើងទឹកព្រឹតថេន មកកាន់ប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ ២០២៣ មក។ វាបន្តពីការមកចតនៅក្រុងព្រះសីហនុរបស់នាវា HMS Spey ក្នុងឆ្នាំ ២០២៣ និង ២០២៤ ដែលរួមមានការហ្វឹកហ្វឺនរួមគ្នា និងការផ្លាស់ប្តូរបទពិសោធន៍វិជ្ជាជីវៈជាមួយកងទ័ពជើងទឹកកម្ពុជា។ ដំណើរទស្សនកិច្ចទាំងនេះបង្ហាញពីការពង្រីកជាបន្តបន្ទាប់នៃកិច្ចសហប្រតិបត្តិការវិស័យការពារជាតិរវាងព្រឹតថេន និងកម្ពុជា ព្រមទាំងការបន្តប្តេជ្ញាចិត្តរបស់កងទ័ពជើងទឹកព្រឹតថេនក្នុងការចូលរួម និងកសាងទំនាក់ទំនងនៅក្នុងតំបន់។

លោក Tom Lindsey មេបញ្ជាការនាវា HMS Tamar បានមានប្រសាសន៍ថា៖ «សម្រាប់ខ្ញុំ និងនាវិករបស់ខ្ញុំ ការមកទស្សនកិច្ចនៅប្រទេសកម្ពុជាតាមរយៈនាវា HMS Tamar គឺជាកិត្តិយសដ៏ធំធេងមួយ។ ដំណើរទស្សនកិច្ចមកកាន់ប្រទេសដ៏ស្រស់ស្អាតមួយនេះ ដែលជាដំណើរទស្សនកិច្ចលើកទី៣របស់កងទ័ពជើងទឹកព្រឹតថេនមកកាន់កម្ពុជា ចាប់តាំងពីឆ្នាំ២០២៣ មក គឺជាសញ្ញាដ៏សំខាន់មួយនៃភាពរីកចម្រើននៃភាពជាដៃគូរវាងយើង ខណៈដែលយើងរួមគ្នាកសាងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងអាស៊ីអាគ្នេយ៍។

លោកបានបន្តថា៖ «ជាពិសេស យើងទន្ទឹងរង់ចាំធ្វើការជាមួយដៃគូរបស់យើងនៅកងទ័ពជើងទឹកកម្ពុជា តាមរយៈការហ្វឹកហ្វឺនរួមគ្នាលើជំនាញវេជ្ជសាស្ត្រ និងជំនាញនាវាចរណ៍របស់យើង»

ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះ នាវា HMS Tamar និងក្រុមនាវិករបស់នាវា នឹងអនុវត្តសកម្មភាពការទូតផ្នែកការពារជាតិ ការផ្លាស់ប្តូរជំនាញវិជ្ជាជីវៈ និងកម្មវិធីផ្សារភ្ជាប់ជាមួយសហគមន៍ ជាមួយភាគីកម្ពុជា។ កងទ័ពជើងទឹកព្រឹតថេន និងកងទ័ពជើងទឹកកម្ពុជា នឹងចូលរួមក្នុងការហ្វឹកហ្វឺនរួមគ្នាលើការឆ្លើយតបផ្នែកវេជ្ជសាស្ត្រ ការថែទាំអ្នករងរបួស ការគ្រប់គ្រងការខូចខាត និងជំនាញជាក់ស្តែងផ្សេងៗទៀតក្នុងវិស័យនាវាចរណ៍។ សកម្មភាពទាំងនេះនឹងផ្តល់ឱកាសដ៏មានតម្លៃសម្រាប់ការរៀនសូត្រពីគ្នាទៅវិញទៅមក ការអភិវឌ្ឍវិជ្ជាជីវៈ និងការលើកកម្ពស់សមត្ថភាពធ្វើប្រតិបត្តិការរួមគ្នារវាងកងទ័ពទាំងពីរ។