* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញដល់ប្រទេសកាហ្សាក់ស្ថាន និងចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រដ្ឋមន្ត្រី ហួត ហាក់៖ ការពង្រឹងសមត្ថភាពមន្ត្រីលើការងារនីតិកម្ម គឺជាការពង្រឹងសមត្ថភាពស្ថាប័ន និងមូលធនមនុស្ស

20-08-2026 11:17

(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា ការពង្រឹងសមត្ថភាពមន្ត្រីលើការងារនីតិកម្ម មិនមែនគ្រាន់តែជាការបង្កើនចំណេះដឹងបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែជាការពង្រឹងសមត្ថភាពស្ថាប័ន និងមូលធនមនុស្ស ដើម្បីចូលរួមពង្រឹងនីតិរដ្ឋ អភិបាលកិច្ច និងធានាឱ្យការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន។

រដ្ឋមន្ត្រី ហួត ហាក់ បានថ្លែងបែបនេះ ក្នុងពិធីបិទ «វគ្គបណ្ដុះបណ្ដាលស្តីពីការពង្រឹងសមត្ថភាពមន្ត្រីលើការងារនីតិកម្មក្នុងវិស័យទេសចរណ៍» ដែលរៀបចំឡើងនៅសាលប្រជុំធំ នៃទីស្តីការក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦។

វគ្គបណ្ដុះបណ្ដាលនេះ មានគោលបំណងផ្តល់ចំណេះដឹងថ្មីៗ និងពង្រឹងសមត្ថភាពមន្ត្រីរាជការក្រសួងទេសចរណ៍ ទាំងថ្នាក់ក្រសួង និងមន្ទីរទេសចរណ៍រាជធានី-ខេត្ត លើមូលដ្ឋានគ្រឹះនៃការតាក់តែងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ជាពិសេសលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យទេសចរណ៍ ឱ្យមានឯកភាព អនុលោមភាព សង្គតិភាព និងសុវត្ថិភាពគតិយុត្ត ទាំងទម្រង់ និងខ្លឹមសារ។

ពិធីនេះ មានការអញ្ជើញចូលរួមពីលោក ស៊ាង ផល្លា អនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងថ្នាក់ដឹកនាំក្រសួងទេសចរណ៍ វាគ្មិនកិត្តិយស និងសិក្ខាកាមប្រមាណ ៣០០នាក់។

ថ្លែងក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ហួត ហាក់ បានគូសបញ្ជាក់ថា ការតាក់តែងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត គឺជាការងារដ៏សំខាន់ ដែលទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល។ ជាពិសេស ក្នុងនីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ឱ្យអនុវត្ត «ក្របខ័ណ្ឌយុទ្ធសាស្ត្រនៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល» ដើម្បីពង្រឹងនីតិរដ្ឋ ប្រសិទ្ធភាព សន្តិសុខគតិយុត្ត និងការគោរពច្បាប់។

លោកបានបន្តថា ការរៀបចំវគ្គបណ្ដុះបណ្ដាលនេះ ក៏ឆ្លើយតបទៅនឹងផែនការការងារអាទិភាពទាំង៤ របស់ក្រសួងទេសចរណ៍ សម្រាប់ការពង្រឹងស្ថាប័នផ្ទៃក្នុង រួមមាន ការកសាងលិខិតបទដ្ឋានគតិយុត្តសម្រាប់បម្រើវិស័យទេសចរណ៍ ការពង្រឹងសមត្ថភាពស្ថាប័ន ការកសាង និងអភិវឌ្ឍធនធានមនុស្សឱ្យក្លាយជាមូលធនមនុស្សក្នុងវិស័យទេសចរណ៍ និងការថែរក្សាបរិយាកាសសុខដុមនីយកម្មនៅក្នុងក្រសួង និងអង្គភាពចំណុះទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រីបានណែនាំដល់សិក្ខាកាមទាំងអស់ ឱ្យបន្តខិតខំបង្កើន និងអភិវឌ្ឍចំណេះដឹង វិជ្ជាជីវៈ និងសមត្ថភាពជាប្រចាំ ព្រមទាំងយកចំណេះដឹងដែលទទួលបានទៅអនុវត្តក្នុងការងារជាក់ស្តែង ប្រកបដោយស្មារតីម្ចាស់ការ និងការទទួលខុសត្រូវខ្ពស់។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានជំរុញឱ្យសិក្ខាកាមបន្តចែករំលែកចំណេះដឹង និងបទពិសោធដែលទទួលបានទៅកាន់សហការីនៅក្នុងអង្គភាពរៀងៗខ្លួន ដើម្បីរួមចំណែកកសាងស្ថាប័នឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាព។

លោក ហួត ហាក់ បានសង្កត់ធ្ងន់ថា៖ «មន្ត្រីម្នាក់ៗត្រូវបន្តរៀនសូត្រ បង្កើនសមត្ថភាព និងប្រែក្លាយចំណេះដឹងដែលទទួលបានទៅជាលទ្ធផលការងារជាក់ស្តែង។ ការមានវប្បធម៌ចែករំលែកចំណេះដឹង និងបទពិសោធ គឺជាកម្លាំងដ៏សំខាន់ក្នុងការកសាងស្ថាប័នឱ្យកាន់តែរឹងមាំ មានប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព»។

សូមជម្រាបថា វគ្គបណ្ដុះបណ្ដាលនេះ ត្រូវបានរៀបចំឡើងចំនួន២វគ្គ ដោយវគ្គទី១ មានសិក្ខាកាមចំនួន១២០នាក់ និងវគ្គទី២ មានសិក្ខាកាមចំនួន១១៤នាក់ តាមរយៈការចូលរួមដោយផ្ទាល់ និងប្រព័ន្ធ Video Conference៕