លោកឧកញ៉ា ថោង សារ៉ាត់ ចេញលិខិតបំភ្លឺពាក់ព័ន្ធនឹងការតវ៉ារបស់ប្រជាពលរដ្ឋជាង៣០នាក់លើបញ្ហាដីធ្លី នៅក្រុងតាខ្មៅ ខេត្តកណ្តាល
20-08-2026 12:32
(កណ្តាល)៖ ក្រោយពីមានប្រជាពលរដ្ឋជាង៣០នាក់ តវ៉ារឿងដីធ្លីនៅក្រុងតាខ្មៅ ខេត្តកណ្តាល លោកឧកញ៉ា ថោង សារ៉ាត់ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ បានចេញលិខិតបំភ្លឺពាក់ព័ន្ធនឹងការតវ៉ានេះ។
ខាងក្រោមនេះគឺជាខ្លឹមសារទាំងស្រុងដែលលោកឧកញ៉ា ថោង សារ៉ាត់ ចេញបំភ្លឺ និងច្រានចោលចំពោះការតវ៉ារបស់ប្រជាពលរដ្ឋជាង៣០នាក់៖
សូមគោរពជូនលោកអភិបាល នៃគណៈអភិបាលក្រុងតាខ្មៅ
កម្មវត្ថុ ៖ សំណើគោលនយោបាយរបស់ក្រុមហ៊ុនយើងខ្ញុំ ដើម្បីចូលរួមដោះស្រាយវិវាទពាក់ព័ន្ធនឹងការអះអាងសិទ្ធិលើដីនៅភូមិលេខ១ លេខ២ និងលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។
យោង ៖ លិខិតលេខ ២៣០/២៦ ល.អ.ជ. ចុះថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ របស់សាលាក្រុងតាខ្មៅ។
សេចក្តីដូចបានជម្រាបក្នុងកម្មវត្ថុ និងយោងខាងលើ ខ្ញុំមានកិត្តិយសសូមជម្រាប លោកអភិបាល មេត្តាជ្រាបថា៖
ក្នុងរយៈពេលកន្លងមក មានបងប្អូនប្រជាពលរដ្ឋមួយចំនួនបានដាក់ពាក្យស្នើសុំអន្តរាគមន៍មករដ្ឋបាលក្រុងតាខ្មៅ
ពាក់ព័ន្ធនឹងការអះអាងថា ក្រុមហ៊ុនយើងខ្ញុំបានឈូសឆាយ ឬរំលោភបំពានលើដីដែលពួកគាត់អះអាងថាជាកម្មសិទ្ធិរបស់ខ្លួន។
ចំពោះការចោទប្រកាន់ខាងលើ ក្រុមហ៊ុនយើងខ្ញុំ និងរូបខ្ញុំផ្ទាល់ សូមបដិសេធយ៉ាងច្បាស់លាស់ថា ក្រុមហ៊ុនពុំបានធ្វើការលក់ដីជូនបងប្អូនប្រជាពលរដ្ឋទាំងនោះ ហើយក៏ពុំបានទទួលប្រាក់ពីការទិញ-លក់ដីពីពួកគាត់ឡើយ។
លោកអភិបាលក្រុង និងសហការីជាទីគោរពរាប់អាន!
កាលពីមុនឆ្នាំ២០០៨ និងក្រោយឆ្នាំ២០០៨ ការិយាល័យលក់ដីឡូត៍ ក៏ដូចជាការលក់ផ្ទះល្វែង និងវីឡារបស់ក្រុមហ៊ុន មានទីស្នាក់ការនៅចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ តាមនីតិវិធី និងប្រព័ន្ធគ្រប់គ្រងរបស់ក្រុមហ៊ុន រាល់ប្រតិបត្តិការទិញ-លក់ ត្រូវមានកិច្ចសន្យាទិញ-លក់ និងវិក្កយបត្រប្រគល់-ទទួលប្រាក់ជាភស្តុតាងច្បាស់លាស់។ បន្ទាប់ពីអតិថិជនបានបង់ប្រាក់គ្រប់ចំនួន ទើបក្រុមហ៊ុនអនុវត្តនីតិវិធីផ្ទេរសិទ្ធិជូនតាមការកំណត់។ដើម្បីធានានូវភាពច្បាស់លាស់ និងនិរន្តរភាពនៃការគ្រប់គ្រងក្រុមហ៊ុនបានបង្កើតប្រព័ន្ធទិន្នន័យសម្រាប់គ្រប់គ្រងព័ត៌មានអតិថិជន។ ដូច្នេះ រាល់អតិថិជនដែលបានទិញ-លក់ជាមួយក្រុមហ៊ុនត្រឹមត្រូវ ត្រូវមានកំណត់ត្រានៅក្នុងប្រព័ន្ធរបស់ក្រុមហ៊ុន។
ក៏ប៉ុន្តែ បច្ចុប្បន្នមានបងប្អូនប្រជាពលរដ្ឋមួយចំនួនបានមកអះអាងសិទ្ធិលើដីរបស់ក្រុមហ៊ុនដែលស្ថិតនៅភូមិលេខ២ និងភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ចំពោះឯកសារដែលពួកគាត់យកមកអះអាងសិទ្ធិក្រុមហ៊ុនពិនិត្យឃើញថា ពុំមានកិច្ចសន្យាទិញ-លក់ជាមួយក្រុមហ៊ុន និងពុំមានវិក្កយបត្រប្រគល់-ទទួលប្រាក់ពីក្រុមហ៊ុនឡើយ។ចំណុចដែលគួរឲ្យកត់សម្គាល់ គឺដីកម្មសិទ្ធិរបស់ក្រុមហ៊ុនមានទីតាំងលាតសន្ធឹងលើភូមិលេខ១ ភូមិលេខ២ និងភូមិលេខ៣។ ប៉ុន្តែនៅលើឯកសារដែលបងប្អូនប្រជាពលរដ្ឋយកមកបង្ហាញថា មានការចុះហត្ថលេខា និងវាយត្រាផ្ទេរសិទ្ធិលើដីទាំងនេះ បែរជាមានលោកមេភូមិលេខ១ ជាអ្នកចុះហត្ថលេខាទទួលស្គាល់លើឯកសារដែលពាក់ព័ន្ធនឹងដីនៅទាំងបីភូមិ គឺភូមិលេខ១ ភូមិលេខ២ និងភូមិលេខ៣។ ចំណុចនេះ គឺជាភាពមិនប្រក្រតីមួយដែលគួរត្រូវបានពិនិត្យ និងផ្ទៀងផ្ទាត់ដោយយកចិត្តទុកដាក់ ដើម្បីឲ្យការដោះស្រាយមានភាពត្រឹមត្រូវ និងមានមូលដ្ឋានច្បាស់លាស់។ជាមួយគ្នានេះ ក្រុមហ៊ុនយើងខ្ញុំសូមគោរពស្នើឲ្យមានការផ្ទៀងផ្ទាត់ជាក់ស្តែង តើបងប្អូនប្រជាពលរដ្ឋដែល
អះអាងសិទ្ធិទាំងនោះ បានមកបំពេញនីតិវិធីទិញ-លក់ជាមួយក្រុមហ៊ុនដែរឬទេ? តើមានកិច្ចសន្យាទិញ-លក់ និងវិក្កយបត្រប្រគល់-ទទួលប្រាក់ពីក្រុមហ៊ុនដែរឬទេ? ក្រុមហ៊ុនយើងខ្ញុំយល់ថា ការផ្ទៀងផ្ទាត់លើឯកសារដើម និងទិន្នន័យក្នុងប្រព័ន្ធរបស់ក្រុមហ៊ុន គឺជាមូលដ្ឋានសំខាន់បំផុត ដើម្បីបែងចែកឲ្យបានច្បាស់ថា តើករណីណាជាប្រតិបត្តិការរបស់ក្រុមហ៊ុន និងករណីណាដែលអាចពាក់ព័ន្ធនឹងការទិញ-លក់ជាមួយបុគ្គលទីបី។
លោកអភិបាលក្រុង និងសហការីជាទីគោរពរាប់អាន!
រហូតមកដល់ពេលនេះ ក្រុមហ៊ុនយើងខ្ញុំនៅមិនទាន់អាចដឹងបានច្បាស់ថា តើនៅមានបងប្អូនប្រជាពលរដ្ឋប៉ុន្មាននាក់ទៀតដែលអាចនឹងមកអះអាងសិទ្ធិលើដីរបស់ក្រុមហ៊ុនក្នុងលក្ខណៈដូចគ្នានេះ។ ដោយហេតុនេះ ក្រុមហ៊ុនយើងខ្ញុំមានការព្រួយបារម្ភថា ប្រសិនបើមិនអាចកំណត់ និងផ្ទៀងផ្ទាត់ករណីទាំងអស់ឲ្យបានច្បាស់លាស់ជាមុនទេ ការដោះស្រាយអាចនឹងមិនទាន់មានចំណុចបញ្ចប់ច្បាស់លាស់។ដោយស្មារតីគោរពច្បាប់ គោរពអាជ្ញាធរ និងមានបំណងចូលរួមដោះស្រាយបញ្ហាជាមួយបងប្អូនប្រជាពលរដ្ឋដោយសន្តិវិធី និងយុត្តិធម៌ ក្រុមហ៊ុនយើងខ្ញុំសូមលើកជូននូវគោលការណ៍ដោះស្រាយជាក់លាក់ដូចខាងក្រោម៖
I. ដីក្រុមហ៊ុនស្ថិតក្នុងភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល
ក. ករណីអ្នកអះអាងសិទ្ធិដែលមានឯកសារត្រឹមត្រូវ (១/កិច្ចន្យាទិញ-លក់ ២/វិក្កយបត្រប្រគល់-ទទួលប្រាក់ និង៣/លិខិតផ្ទេរសិទ្ធិ) ក្រុមហ៊ុននឹងផ្ដល់សំណងវិញតាមតម្លៃទីផ្សារបច្ចុប្បន្ន ដែលមានតម្លៃយោងតាមប្រភេទដីដូចខាងក្រោម៖
១/ ប្រភេទឡូត៍ H ទំហំ 5m x 23m ក្រុមហ៊ុនជូនវិញ 7,000$/ឡូត៍។
២/ ប្រភេទឡូត៍ TT ទំហំស្តង់ដារ 5m x 20m ក្រុមហ៊ុនជូនវិញ 6,000$/ឡូត៍។
៣/ ប្រភេទឡូត៍ SE ទំហំ 4m x 12m ក្រុមហ៊ុនជូនវិញ 2,500$/ឡូត៍។
ខ. ករណីអ្នកអះអាងសិទ្ធិមិនមានឯកសារត្រឹមត្រូវ (១/គ្មានកិច្ចសន្យាទិញ-លក់ ២/គ្មានវិក្កយបត្រប្រគល់-ទទួលនិង៣/លិខិតផ្ទេរសិទ្ធិមិនប្រក្រតី) ក្រុមហ៊ុនជូនប្រាក់ក្នុងនាមយោគយល់៖
១/ ប្រភេទឡូត៍ H ទំហំ 5m x 23m ក្រុមហ៊ុនជូន 2,000$/ឡូត៍។
២/ ប្រភេទឡូត៍ TT ទំហំស្តង់ដារ 5m x 20m ក្រុមហ៊ុនជូន 1,500$/ឡូត៍។
៣/ ប្រភេទឡូត៍ SE ទំហំ 4m x 12m ក្រុមហ៊ុនជូន 1,000$/ឡូត៍។
II. ដីក្រុមហ៊ុនស្ថិតនៅភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល
ក. ករណីអ្នកអះអាងសិទ្ធិដែលមានឯកសារត្រឹមត្រូវ (១/កិច្ចន្យាទិញ-លក់ ២/វិក្កយបត្រប្រគល់-ទទួលប្រាក់ និង៣/លិខិតផ្ទេរសិទ្ធិ) ក្រុមហ៊ុននឹងផ្ដល់សំណងវិញតាមតម្លៃទីផ្សារបច្ចុប្បន្ន ដែលមានតម្លៃយោងតាមប្រភេទដីឡូត៍S+U+I+Z+W+NN ទំហំ 4m x 8m និង 4m x 10m ក្រុមហ៊ុនជូនវិញ 1,500$/ឡូត៍។
ខ. ករណីអ្នកអះអាងសិទ្ធិមិនមានឯកសារត្រឹមត្រូវ (១/គ្មានកិច្ចសន្យាទិញ-លក់ ២/គ្មានវិក្កយបត្រប្រគល់-ទទួលប្រាក់ និង៣/លិខិតផ្ទេរសិទ្ធិមិនប្រក្រតី) ក្រុមហ៊ុនជូនប្រាក់ក្នុងនាមយោគយល់ប្រភេទឡូត៍ S+U+I+Z+W+NNទំហំ 4m x 8m និង 4m x 10m ក្រុមហ៊ុនជូន 400$/ឡូត៍។
លោកអភិបាលក្រុង និងសហការីជាទីគោរពរាប់អាន!
ដីដែលបងប្អូនប្រជាពលរដ្ឋយើងកំពុងអះអាងសិទ្ធិ ហើយទាមទារក្រុមហ៊ុនដោះស្រាយ គឺជាប្រភេទដីមិនទាន់មានការអភិវឌ្ឍន៍នៅឡើយទេ។ មានន័យថា មិនទាន់ចាក់ដី មិនទាន់ធ្វើលូ មិនទាន់ធ្វើផ្លូវ មិនទាន់មានសូឡា មិនទាន់មានដើមឈើ។ ចំពោះមូលហេតុដែលកើតជាបញ្ហាទាំងនេះឡើង ក៏ព្រោះតែដីក្រុមហ៊ុនមានទំហំធំ លាតសន្ធឹងលើផ្ទៃដីតាំងពីភូមិលេខ១ ភូមិលេខ២ និងភូមិ៣ ក្នុងសង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាលយើង។ ទំហំធំបែបនេះ ក្រុមហ៊ុនក៏គ្មានលទ្ធភាពធ្វើរបងហ៊ុមព័ទ្ធដីរបស់ខ្លួនទាំងអស់ដែរ ដែលជាហេតុនាំឲ្យជនខិលខូចមួយចំនួនឆ្លៀតឱកាសលួងលោមបងប្អូន ប្រជាពលរដ្ឋទិញដីនូវតម្លៃថោកៗដោយខុសច្បាប់ មានន័យថា មិនបានមកក្រុមហ៊ុនទិញ-លក់ត្រឹមត្រូវនោះទេ គឺបុគ្គលខិលខូចទាំងនេះលក់ដីក្រុមហ៊ុនឲ្យអតិថិជនក្រៅផ្លូវការ ដោយមានចំណុចដីខ្លះ ក្រុមហ៊ុនជីកដីលើកជាទំនប់ធ្វើជាផ្លូវ។ ចំណុចជីកដីទាំងនេះ បានក្លាយទៅជាផ្លូវ និងប្រឡាយអមសងខាងផ្លូវ ហើយបុគ្គលឆ្លៀតឱកាសបានពន្យល់ទៅអតិថិជនថា នេះគឺជាប្រឡាយរបស់រដ្ឋ តែធាតុពិតពុំមែនជាប្រឡាយរដ្ឋនោះទេ គឺជាដីកម្មសិទ្ធរបស់ក្រុមហ៊ុនយើងខ្ញុំយ៉ាងពិតប្រាកដ។ ក៏ប៉ុន្តែទោះជាយ៉ាងណា ក្រុមហ៊ុនក៏មានការយោគយល់ ហើយអាណិតអាសូរដល់បងប្អូនអតិថិជនទាំងនេះ ទើបថ្ងៃនេះយើងខ្ញុំមិននិយាយអ្នកណាខុសអ្នកណាត្រូវនោះទេ។ ផ្ទុយទៅវិញ ក្រុមហ៊ុនសូមលើកជាដំណោះស្រាយ ក៏ជាគោលការណ៍សម្រាប់ដោះស្រាយបញ្ហាទាំងនេះជាបន្តបន្ទាប់រហូតដល់ចប់ក្នុងស្មារតីជាតិសាសនា ព្រះមហាក្សត្រនៃជនរួមជាតិតែមួយ។
អាស្រ័យហេតុនេះ សូមលោកអភិបាលមេត្តាពិនិត្យលទ្ធភាពដើម្បីជួយសម្របសម្រួលបញ្ហាទាំងនេះក្នុងស្មារតីស្ថាបនាផង។
សូមលោកអភិបាល ព្រមទាំងសហការីទាំងអស់ ទទួលនូវការគោរពរាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ៕







