* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញដល់ប្រទេសកាហ្សាក់ស្ថាន និងចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អ្នកតំណាងរាស្រ្ត ចម ប្រសិទ្ធ ជំរុញការកែច្នៃផលិតផលខេត្តកែប ទៅកាន់ទីផ្សារអន្តរជាតិ

20-08-2026 15:51

(កែប)៖ លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ អ្នកតំណាងរាស្ត្រ​ប្រចាំមណ្ឌលខេត្តកែប និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃកម្ពុជា បានជំរុញឱ្យមានការយកចិត្តទុកដាក់លើការកែច្នៃ វេចខ្ចប់ និងបង្កើនគុណភាពផលិតផល ដែលមានសក្តានុពលរបស់ខេត្តកែប ជាពិសេសផលិតផលជលផល ដើម្បីបង្កើនតម្លៃបន្ថែម និងពង្រីកលទ្ធភាពនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

ការថ្លែងបែបនេះ​ ខណៈលោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប និងលោកស្រី ម៉ារាកេតា កុល្ស ហាយកូវ៉ា (Markéta Kolc Hájková) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឆែក ប្រចាំកម្ពុជា អញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ឆែក ដែលរៀបចំនៅសាលប្រជុំស្តង់ដាសាលាខេត្តកែប នារសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ បានថ្លែងថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសាធារណរដ្ឋឆែក មិនគួរផ្តោតតែលើការផ្លាស់ប្តូរវប្បធម៌ប៉ុណ្ណោះទេ ប៉ុន្តែគួរពង្រីកទៅដល់វិស័យពាណិជ្ជកម្ម ការវិនិយោគ និងការផ្លាស់ប្តូរផលិតផលរវាងប្រទេសទាំងពីរ។ ចំពោះផលិតផល ដែលមានសក្តានុពលរបស់ខេត្តកែប គួរត្រូវបានជំរុញ ឱ្យមានការកែច្នៃ និងវេចខ្ចប់ឱ្យបានល្អ ព្រមទាំងបង្កើនគុណភាពស្របតាមតម្រូវការទីផ្សារ ដើម្បីអាចប្រកួតប្រជែង និងចូលទៅកាន់ទីផ្សារអន្តរជាតិ។

ដោយឡែកផលិតផលក្តាមសេះ​ របស់ខេត្តកែប ដែលមានកេរ្តិ៍ឈ្មោះ និងសក្តានុពលខ្ពស់ ដោយចាត់ទុកថា ការបង្កើតសហគ្រាស ឬរោងចក្រកែច្នៃផលិតផលក្តាម អាចជួយបង្កើនតម្លៃផលិតផល បង្កើតការងារជូនប្រជាពលរដ្ឋ និងបង្កើនប្រាក់ចំណូលក្នុងមូលដ្ឋាន ព្រមទាំងបង្កើតឱកាសសម្រាប់ការនាំចេញទៅកាន់ទីផ្សារបរទេស។

លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ក៏បានបង្ហាញក្តីសង្ឃឹមថា ទំនាក់ទំនងដ៏ល្អ រវាងកម្ពុជា និងសាធារណរដ្ឋឆែក នឹងក្លាយជាមូលដ្ឋាន សម្រាប់ការពង្រីកកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម ព្រមទាំងទាក់ទាញអ្នកវិនិយោគឆែក ឱ្យមកសិក្សាស្វែងយល់ និងស្វែងរកឱកាសវិនិយោគនៅខេត្តកែបយើងនេះ។

លោកបណ្ឌិត សោម ពិសិដ្ឋ បានលើកឡើងថា ខេត្តកែបមានសក្តានុពលលើវិស័យទេសចរណ៍ កសិកម្ម និងជលផល ហើយបានបង្ហាញក្តីសង្ឃឹមថា កិច្ចសហប្រតិបត្តិការជាមួយភាគីឆែក នឹងអាចពង្រីកទៅលើវិស័យទេសចរណ៍បៃតង ការការពារបរិស្ថាន បច្ចេកវិទ្យា កសិកម្ម និងការអប់រំ។

លោកស្រី ម៉ារាកេតា កុល្ស ហាយកូវ៉ា បានបញ្ជាក់ពីការត្រៀមខ្លួនរបស់ស្ថានទូតសាធារណរដ្ឋឆែក ក្នុងការគាំទ្រ និងចូលរួមធ្វើឱ្យគំនិតផ្តួចផ្តើមនានា ក្លាយទៅជាសកម្មភាព និងសមិទ្ធផលជាក់ស្តែង ព្រមទាំងបន្តពង្រឹងទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ។

គួររំលឹកថា ការជំរុញឱ្យមានការកែច្នៃ និងបង្កើនគុណភាពផលិតផលក្នុងខេត្តកែប ត្រូវបានចាត់ទុកថា ជាកត្តាសំខាន់មួយក្នុងការបង្កើនតម្លៃផលិតផលក្នុងស្រុក បង្កើតការងារ និងបើកឱកាសថ្មីៗ សម្រាប់ការនាំផលិតផលខេត្តកែប ទៅកាន់ទីផ្សារអន្តរជាតិ ស្របតាមការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសាធារណរដ្ឋឆែក៕