ដុតបំផ្លាញគ្រឿងញៀនជាង ១,៣០០គីឡូក្រាម នៅខេត្តព្រះវិហារ

20-08-2026 16:19

(ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ បានរៀបចំពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៦ ក្រោមប្រធានបទ «រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀន ក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត» ព្រមទាំងដុតបំផ្លាញគ្រឿងញៀន និងសារធាតុញៀនគ្រប់ប្រភេទសរុបទម្ងន់ជាង ១,៣០០គីឡូក្រាម ដែលបង្ក្រាប និងរឹបអូសបានក្នុងភូមិសាស្ត្រខេត្តព្រះវិហារកន្លងមក។

ពិធីនេះបានប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តព្រះវិហារ ក្រោមវត្តមានលោក ឡេង ប៊ុនណា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោក ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

ក្នុងឱកាសនេះលោក ឡេង ប៊ុនណា បានគូសបញ្ជាក់ពីសារៈសំខាន់នៃការចូលរួមរបស់គ្រប់ភាគីក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខណៈបញ្ហាគ្រឿងញៀននៅតែជាបញ្ហាប្រឈមដែលទាមទារឱ្យមានការឆ្លើយតប ប្រកបដោយប្រសិទ្ធភាព និងការសហការជាប់ជាប្រចាំ។

លោក ឡេង ប៊ុនណា បានសង្កត់ធ្ងន់លើការពង្រឹងកិច្ចសហការរវាងអាជ្ញាធរដែនដី កងកម្លាំងមានសមត្ថកិច្ច ស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋ ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបការជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀន។ ជាពិសេសត្រូវបន្តផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋ និងយុវជនឱ្យយល់ដឹងកាន់តែច្បាស់ពីផលប៉ះពាល់នៃគ្រឿងញៀន និងចូលរួមផ្តល់ព័ត៌មានដល់សមត្ថកិច្ច ដើម្បីឱ្យការបង្ក្រាបបទល្មើសឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

ដោយឡែកលោក គីម រិទ្ធី បានលើកឡើងថា រដ្ឋបាលខេត្តព្រះវិហារ បានយកចិត្តទុកដាក់ខ្ពស់ចំពោះការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយបានជំរុញឱ្យអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ បន្តចុះបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន នៅតាមមូលដ្ឋានឱ្យបានទាន់ពេលវេលា។

លោកអភិបាលខេត្តព្រះវិហារ បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងមានសមត្ថកិច្ច បន្តពង្រឹងការអនុវត្តវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀនឱ្យកាន់តែសកម្ម ព្រមទាំងជំរុញការចូលរួមពីប្រជាពលរដ្ឋ និងសហគមន៍ ដើម្បីទប់ស្កាត់កុំឱ្យបញ្ហាគ្រឿងញៀនរីករាលដាល និងប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។

លោក គីម រិទ្ធី ក៏បានសង្កត់ធ្ងន់ថា ការប្រយុទ្ធប្រឆាំងគ្រឿងញៀនមិនមែនជាភារកិច្ចរបស់សមត្ថកិច្ចតែម្នាក់ឯងនោះទេ ប៉ុន្តែជាកាតព្វកិច្ចរួមរបស់សង្គមទាំងមូល ដែលត្រូវការការចូលរួមពីគ្រប់វិស័យ និងគ្រប់ស្រទាប់ប្រជាពលរដ្ឋ ដើម្បីកសាងសហគមន៍មានសុវត្ថិភាព និងបរិស្ថានសង្គមដែលគ្មានគ្រឿងញៀន។

ការរៀបចំពិធីដុតបំផ្លាញគ្រឿងញៀននេះ គឺជាសក្ខីភាពបង្ហាញពីការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងរបស់កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរខេត្ត ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន ព្រមទាំងបង្ហាញពីការមិនអត់ឱនចំពោះការជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀនគ្រប់រូបភាព៕