* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញដល់ប្រទេសកាហ្សាក់ស្ថាន និងចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុបនៃសាធារណរដ្ឋក្រូអាស៊ី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល ២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចនៅតួកគីយ៉េ បន្តដំណើរទស្សនកិច្ចនៅកាហ្សាក់ស្ថាន
* មន្ត្រីគយ សហការជាមួយមន្ត្រីនគរបាល រឹបអូសបាន ហេរ៉ូអ៉ីនជិត ៦គីឡូក្រាម ពីអ្នកដំណើរបរទេសម្នាក់ដែលត្រៀមចាកចេញពីកម្ពុជា
* ប្រធានាធិបតីតួកគីយ៉េ សង្ឃឹមថា ជម្លោះព្រំដែនកម្ពុជា-ថៃ ត្រូវបានដោះស្រាយដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ
* លោក ដូណាល់ ត្រាំ៖ សហរដ្ឋអាមេរិកនឹងមិនប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹងអ៉ីរ៉ង់នោះទេ
* កូរ៉េខាងជើងធ្វើតេស្ដប្រព័ន្ធអាវុធ torpedo បំពាក់បច្ចេកវិទ្យា AI
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ក្រសួងសង្គមកិច្ច ចេញសេចក្តីណែនាំស្តីពី «កិច្ចការពារ និងអន្តរាគមន៍ ចំពោះទារក និងកុមារដែលត្រូវគេបោះបង់ចោល», ឪពុកម្តាយ បោះបង់កូនចោលត្រូវជាប់ពន្ធនាគារពី ១ឆ្នាំ ទៅ ៥ឆ្នាំ (Video inside)

21-08-2026 12:05

(ភ្នំពេញ)៖ ថ្មីៗនេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានកត់សម្គាល់ឃើញថា មានឪពុកម្តាយ ឬអ្នកអាណាព្យាបាលមួយចំនួនតូចបានបោះបង់ទារក ឬកុមារនៅតាមមន្ទីរពេទ្យ ឬទីសាធារណៈ ហើយមានការចែកផ្សាយជាបន្តបន្ទាប់នៅក្នុងបណ្តាញសង្គម។

ក្រសួងសង្គមកិច្ច សូមចាត់ទុកអំពើនេះជាអំពើអមនុស្សធម៌ ឃោរឃៅ និងព្រៃផ្សៃ ដែលផ្ទុយនឹងច្បាប់ សេចក្តីថ្លៃថ្នូរ វប្បធម៌ ក្រមសីលធម៌ គោលនយោបាយកិច្ចការពារកុមារ អនុសញ្ញាស្តីពីសិទ្ធិកុមារ និងលិខិតូបករណ៍អន្តរជាតិដទៃទៀត។

ទន្ទឹមគ្នានេះ ក្រសួងសង្គមកិច្ច ពិនិត្យឃើញថា អំពើល្មើសខាងលើនេះ គឺមានចែងនៅក្នុងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០០៩ ដែលឪពុកម្តាយ ឬអ្នកអាណាព្យាបាល ត្រូវទទួលខុសត្រូវ ចំពោះមុខច្បាប់ដូចមានខាងក្រោម៖

* មាត្រា ៣២១៖ បទបោះបង់អនីតិជន «អំពើរបស់បុគ្គលមានអំណាចថែរក្សា ដែលបោះបង់អនីតិជនអាយុតិចជាង ១៥ឆ្នាំ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ២ ០០០ ០០០រៀល ទៅ ១០ ០០០ ០០០រៀល ប្រសិនបើអំពើបោះបង់នោះបណ្តាលឱ្យអន្តរាយដល់សុខភាព ឬសន្តិសុខរបស់អនីតិជននោះ»។

* មាត្រា ៣៣០៖ បទញុះញង់ឱ្យបោះបង់ទារក «អំពើនៅក្នុងគោលដៅចង់បានកម្រៃ ញុះញង់ដោយផ្ទាល់ដល់ឪពុកម្តាយ ឬដល់ឪពុក ឬម្តាយឱ្យបោះបង់ចោលទារកដែលកើតមកហើយ ឬដែលនឹងកើត ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ខែ ទៅ ៦ខែ និងពិន័យជាប្រាក់ពី ១០០ ០០០រៀល ទៅ ១ ០០០ ០០០រៀល»។

ពាក់ព័ន្ធករណីខាងលើនេះ កន្លងទៅក្រសួងធ្លាប់បានធ្វើការណែនាំជាច្រើនដងរួចមកហើយ ប៉ុន្តែដើម្បីជាការក្រើនរំលឹកក្នុងការអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។

ក្រសួងសូមធ្វើការណែនាំដល់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានី-ខេត្ត ត្រូវបន្តពង្រឹងកិច្ចសហការ និងជំរុញការអនុវត្តតួនាទី ភារកិច្ចរបស់អង្គភាព រួមទាំងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ លើការអនុវត្តនីតិវិធី និងលិខិតបទដ្ឋានគតិយុត្តនានា ទាក់ទងនឹងកិច្ចការពារទារក ឬកុមារពីការបោះបង់ចោល ជាពិសេសប្រកាសលេខ ២២៨០ ស.អ.យ ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០១១ «ស្តីពីនីតិវិធីអនុវត្តគោលនយោបាយស្តីពីការថែទាំជំនួសចំពោះកុមារ» និងប្រកាសអន្តរក្រសួង រវាងក្រសួងមហាផ្ទៃ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លេខ ០៧៤ប្រក ចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ ស្តីពីការដាក់ឱ្យប្រើប្រាស់សៀវភៅណែនាំស្តីពីនីតិវិធីប្រតិបត្តិកិច្ចការពារកុមារសម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ។

ក្រសួងសូមសំណូមពរដល់ស្ថាប័នមានសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវសហការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវតួនាទី ភារកិច្ចរបស់ខ្លួនដូចមានកំណត់ក្នុងច្បាប់ នីតិវិធី និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ដើម្បីរួមគ្នាការពារកុមារ និងផ្តល់សេវាសមស្របជូនពួកគេ។

ក្រសួងសូមអំពាវនាវដល់ឪពុកម្តាយ ឬអ្នកអាណាព្យាបាល និងសាធារណជនទាំងអស់ សូមចូលរួមចិញ្ចឹមបីបាច់ និងថែរក្សាការពារទារក ឬកុមារជាកូនៗរបស់ខ្លួន ដើម្បីឱ្យពួកគេធំលូតលាស់ និងអភិវឌ្ឍន៍ក្នុងបរិយាកាសគ្រួសារប្រកបដោយក្តីស្រឡាញ់ និងភាពកក់ក្តៅ ព្រមទាំងទទួលបានឧត្តមប្រយោជន៍ពេញលេញ។

ក្នុងករណីមានការលំបាក ឬមានបញ្ហាណាមួយក្នុងការចិញ្ចឹមបីបាច់ថែទាំទារក ឬកុមារ ក្រសួង សូមលើកទឹកចិត្តដល់ឪពុកម្តាយ ឬអ្នកអាណាព្យាបាល ត្រូវទំនាក់ទំនងជាមួយអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីទទួលបានការគាំទ្រសេវាសង្គមសមស្របដែលផ្តល់ដោយក្រសួង ស្ថាប័ន និងអង្គភាពរបស់រាជរដ្ឋាភិបាល ព្រមទាំងអង្គការមិនមែនរដ្ឋាភិបាលជាដៃគូ ជៀសវាងការមិនអើពើ ឬការបោះបង់ពួកគេ៕