ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ (JICA) និងរដ្ឋបាលរាជធានីភ្នំពេញ កំពុងអនុវត្តគម្រោង៤បន្ថែមទៀត ដើម្បីធ្វើឲ្យរាជធានីភ្នំពេញ មានការអភិវឌ្ឍន៍ប្រកបដោយចីរភាព

20-08-2026 17:35

(ភ្នំពេញ)៖ ដើម្បីរួមចំណែកធ្វើឲ្យរាជធានីភ្នំពេញ មានការអភិវឌ្ឍប្រកបដោយចីរភាព ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) កំពុងអនុវត្តគម្រោង៤ បន្ថែមទៀត ក្នុងការជួយដល់រាជធានីភ្នំពេញ។ នេះបើតាមការលើកឡើងរបស់លោក សានុយ កាហ៊្សុម៉ាសា (Mr. SANUI Kazumasa) ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) ខណៈជួបសម្តែងការគួរសម ជាមួយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ នៅសាលារាជធានីភ្នំពេញ។

លោក សានុយ កាហ៊្សុម៉ាសា បានថ្លែងថា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន JICA ក្នុងរយៈពេលជាង៣០ឆ្នាំនេះ បានសហការយ៉ាងស្អិតរមួត ជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីរួមចំណែកធ្វើឲ្យរាជធានីភ្នំពេញមានការអភិវឌ្ឍ។ ជាក់ស្តែងនៅពេលនេះ JICA បានប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការអនុវត្តគម្រោងជំនួយ ចំនួន៤បន្ថែមទៀត ដល់រាជធានីភ្នំពេញ។ គម្រោងទាំង៤នេះ រួមមាន៖

១៖ គម្រោងអភិវឌ្ឍន៍យន្តការគ្រប់គ្រងដឹកជញ្ជូនចម្រុះក្នុងរាជធានីភ្នំពេញ ដែលគម្រោងនេះ ទើបតែបានបញ្ចប់សេចក្តីព្រាងផែនការមេ ហើយគ្រោងនឹងដាក់ចូលក្នុងកិច្ចប្រជុំ គណៈកម្មាធិការសម្របសម្រួលគម្រោងដើម្បីពិនិត្យ និងពិភាក្សាលម្អិតចុងក្រោយ នៅអំឡុងខែកញ្ញាខាងមុខនេះ។
២៖ គម្រោងរៀបចំផែនការមេសម្រាប់ការគ្រប់គ្រងសំណល់រឹងទីក្រុង ដែលជាគម្រោងសហការរវាងរដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងបរិស្ថាន និងបានចាប់ផ្ដើមអនុវត្តតាំងពីខែកុម្ភៈឆ្នាំ ២០២៦មក។
៣៖ គម្រោងអភិវឌ្ឍន៍សមត្ថភាពជូនរដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសាធារណការ និងដឹកជញ្ជូន លើការគ្រប់គ្រងប្រព័ន្ធលូទឹកកខ្វក់ (ជំហានទី២) ។
៤៖ គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ដែលគម្រោងនេះ គ្រោងនឹងបញ្ចុះបឋមសិលា នៅដើមឆ្នាំ២០២៨ខាងមុខនេះ។

ជុំវិញគម្រោងខាងលើនេះ អង្គការ JICA ក៏បានស្នើសុំឲ្យរដ្ឋបាលរាជធានីភ្នំពេញ ចាត់មន្ត្រីជំនាញ ដើម្បីចូលរួមប្រជុំរៀងរាល់១ត្រីមាសម្តង ដើម្បីពិភាក្សាអំពីបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយក្នុងការអនុវត្តគម្រោង ធ្វើយ៉ាងណាឱ្យទទួលបានជោគជ័យ និងផ្លែផ្កាតាមការគ្រោងទុក។

ក្នុងឱកាសនោះ លោក ឃួង ស្រេង បានលើកឡើងពីការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យរបស់រាជធានីភ្នំពេញ ដែលការអភិវឌ្ឍរីកចម្រើនទាំងនេះ គឺមិនអាចផ្តាច់បានពីការចូលរួមគាំទ្រពីដៃគូរអភិវឌ្ឍន៍នានា រួមទាំងអង្គការ JICA ផងដែរ។

អង្គការ JICA បានជួយលើកិច្ចការស្តារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដូចជា បណ្តាញប្រឡាយលូ ប្រព័ន្ធគ្រប់គ្រងទឹកកខ្វក់ ការគ្រប់គ្រងសំណល់រឹង ការគ្រប់គ្រង់ធនធានទឹក ការផ្គត់ផ្គង់ទឹកស្អាត អគ្គីសនី ថាមពល អប់រំ ច្បាប់ កសិកម្ម និងលំហូរចរាចរណ៍នៅ ព្រមទាំងការកសាងធនធានមនុស្ស ជូនរាជធានីភ្នំពេញ តាមរយៈវគ្គបណ្តុះបណ្តាលជាច្រើន ទាំងរយៈពេលខ្លី និងរយៈពេលវែង ដែលបានធ្វើឲ្យរាជធានីភ្នំពេញមានការអភិវឌ្ឍប្រកបដោយចីរភាព។

លោកអភិបាលរាជធានី បានបន្តទៀតថា ទីលានចាក់សំរាមនៅខណ្ឌដង្កោ បានពេញហើយ មិនអាចបន្តចាក់បន្ថែមទេ។ បញ្ហានេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំបង្វែរទៅចាក់ទីលានថ្មីនៅតំបន់ទួលព្រិច ក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល។ ទីលានចាក់សំរាមថ្មីនេះ មានទំហំ១៤០ហិកតា ដោយគ្រោងនឹងបើកឱ្យប្រើប្រាស់ នៅដើមនៅឆ្នាំក្រោយ។

លោក ឃួង ស្រេង ក្នុងឱកាសនោះ ក៏បានស្នើសុំឲ្យអង្គការ JICA ពិចារណាបញ្ចូលការងារជួសជុលថែទាំទំនប់ការពារទឹកជំនន់នៅស្ទឹងព្រែកត្នោត (ទំនប់៧មករា) ចូលទៅគម្រោងការពារទឹកជំនន់ និងប្រព័ន្ធប្រឡាយបង្ហូរទឹក ភាគខាងលិចឈាងខាងត្បូងរាជធានីភ្នំពេញផង។

ជាមួយគ្នានេះដែរ លោកអភិបាលរាជធានី បានអញ្ជើញលោកប្រធានអង្គការ JICA និងក្រុមការងារ ដើម្បីចុះពិនិត្យដោយផ្ទាល់នូវស្ថានភាពជាក់ស្តែងជាមួយគ្នា នៅទីតាំងទំនប់ការពារទឹកជំនន់សណ្តរព្រែកត្នោត (ទំនប់៧មករា) និងទីលានចាក់សំរាមថ្មីទួលព្រិច នៅពេលសមស្របណាមួយនាពេលខាងមុខ។

ក្នុងឱកាសនៃជំនួបនេះផងដែរ លោក ឃួង ស្រេង ក៏បានស្នើសុំទៅអង្គការ JICA ជួយផ្ដល់នូវរូបភាពផ្កាយរណប និងផែនទី Digital របស់រាជធានីភ្នំពេញ ដែលបានថតរួច ដើម្បីរដ្ឋបាលរាជធានីភ្នំពេញ មានមូលដ្ឋានយកមកប្រើប្រាស់ក្នុងការសិក្សាប្លង់មេប្រើប្រាស់ដីធ្លី ឆ្នាំ២០៣៥-២០៥០ ឱ្យបានសមស្របតាមទិដ្ឋភាពជាក់ស្តែង។

ជាការឆ្លើយតប លោក សានុយ កាហ៊្សុម៉ាសា បានឯកភាពទទួលយកនូវសំណូមពរទាំងអស់នេះ និងសន្យាពិភាក្សាជាមួយទៅស្ថានទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជាបន្តទៀត៕