អាជីវករលក់ដូរនៅផ្សារស្ទឹងមានជ័យ អរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្ដេចធិបតី រៀបចំជួសជុល និងសាងសង់ដំបូល ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធផ្សារឡើងវិញ

21-08-2026 10:48

(ភ្នំពេញ)៖ បងប្អូនអាជីវករលក់ដូរនៅផ្សារស្ទឹងមានជ័យ តាមបណ្ដោយផ្លូវព្រះមុនីរ៉េត ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ជាង១០០នាក់ បានសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានយកចិត្តទុកដាក់គិតគូរពីទុក្ខលំបាកពួកគាត់ ដោយរៀបចំជួសជុល និងសាងសង់ដំបូល ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធផ្សារ ដែលខូចខាតឡើងវិញ ដោយសារអគារចាស់នេះ បានសាងសង់ឡើងអំពីឈើប្រក់ក្បឿង មានសភាពចាស់ទ្រុឌទ្រោមខ្លាំង មានអាយុកាល ៦៦ឆ្នាំ ទៅហើយនោះ។

ជាក់ស្ដែងនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ខណៈអាជ្ញាធរខណ្ឌមានជ័យ និងគណៈកម្មការផ្សារស្ទឹងមានជ័យ រៀបចំពិធីក្រុងពាលី តាមបែបសាសនា ដើម្បីសុំម្ចាស់ទឹកម្ចាស់ដី សុំសេចក្ដីសុខចម្រុងចម្រើន ឱ្យការរុះរើសំណង់ចាស់ចេញ ហើយសាងសង់ដំបូលផ្សារថ្មីឡើងវិញ ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យនោះ ឃើញថា បងប្អូនអាជីវករលក់ដូរក្នុងផ្សារ មានលោកស្រី អ៊ុក ប៉ូលីកា ជាអាជីវករដូរលុយ លោកស្រី ហាក់ ស៊ីយឺន ជាអាជីវករលក់មាស ក៏ដូចជា លោក តាំង ស្រ៊ុន អាជីវករជួសជុលនាឡិកា និងអាជីវករជាច្រើនទៀត បានផ្ដល់កិច្ចសម្ភាសន៍ ដោយលើកឡើងស្រដៀងគ្នាថា៖ ពួកគាត់ទាំងអស់គ្នា ពិតជាអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌមានជ័យ ដែលបានខិតខំខ្នះខ្នែងរៀបចំឱ្យមានការជួសជុល និងសាងសង់ដំបូលផ្សារឡើងវិញ។ សកម្មភាពនេះ ពិតជាបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអាជីវករយើងខ្ញុំ ដែលកន្លងមកពួកគាត់រកស៊ីលក់ដូរនៅក្រោមដំបូលផ្សារនេះ ទាំងការភ័យខ្លាច ព្រោះតែអគារផ្សារនេះចាស់ទ្រុឌទ្រោមខ្លាំងពេក។

គួររំលឹកថា៖ ផ្សារស្ទឹងមានជ័យ បានសាងសង់ឡើងនៅក្នុងឆ្នាំ១៩៦០ សំណង់ធ្វើអំពីឈើប្រក់ក្បឿង ដែលគិតមកត្រឹមបច្ចុប្បន្នមានអាយុកាលជាង ៦៦ឆ្នាំហើយ។ ខណៈដំបូលផ្សារមានសភាពចាស់ទ្រុឌទ្រោមខ្លាំង ដែលបានបង្កការលំបាក និងមានហានិភ័យខ្ពស់ បងប្អូនអាជីវករទាំងអស់បានសំណូមពរមកអាជ្ញាធរឱ្យជួយជួសជុលឡើងវិញ ហើយត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ សម្រេចឱ្យរៀបចំជួសជុល និងសាងសង់ដំបូលផ្សារ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធផ្សារដែលខូចខាតឡើងវិញ ដើម្បីលើកកម្ពស់សោភ័ណភាព អនាម័យ បរិស្ថាន និងសុវត្ថិភាព ព្រមទាំងបង្កលក្ខណៈងាយស្រួលដល់បងប្អូនអាជីវករ ដែលប្រកបអាជីវកម្មបានសមរម្យ និងលែងមានហានិភ័យទៀត។

គួរបញ្ជាក់បន្ថែមថា៖ ផ្សារស្ទឹងមានជ័យ មានតូបលក់ដូរចំនួន១៨៦តូប ហើយអាជីវករដែលលក់ដូរក្រោមដំបូលផ្សារស្ទឹងមានជ័យនេះ មានចំនួន៩៨តូប បើតាមគម្រោងសាងសង់ គឺចាប់ផ្ដើមអនុវត្តនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦នេះ ដោយប្រើប្រាស់ពេលវេលា ចំនួន១១០ថ្ងៃ នឹងសាងសង់រួចរាល់៕