សន្និសីទធនាគារនៅកម្ពុជាលើកទី៥ ដាក់ចេញអាទិភាព ៣ ចំណុច ដើម្បីស្ថិរភាព ទំនុកចិត្ត និងកំណើនប្រកបដោយចីរភាព
21-08-2026 17:20
(ភ្នំពេញ)៖ សមាគមធនាគារនៅកម្ពុជា (ABC) បានរៀបចំសន្និសីទធនាគារនៅកម្ពុជាឆ្នាំ២០២៦ រយៈពេល ២ ថ្ងៃ កាលពីថ្ងៃទី១៩ និង២០ ខែសីហា នៅសណ្ឋាគារ សុខា ភ្នំពេញ ក្រោមមូលបទ «ការរក្សាស្ថិរភាព ការពង្រឹងសុចរិតភាពហិរញ្ញវត្ថុ ទំនុកចិត្ត និងភាពជឿជាក់លើប្រព័ន្ធធនាគារ» ដោយបានប្រមូលផ្ដុំអ្នកចូលរួមសរុបប្រមាណជាង ៨៦០ នាក់ រួមមានតំណាងនិយ័តករ រដ្ឋាភិបាល គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដៃគូអភិវឌ្ឍន៍ តំណាងធនាគារក្នុងតំបន់អាស៊ាន និងក្រុមហ៊ុនបច្ចេកវិទ្យា ដើម្បីពិភាក្សា និងកំណត់អាទិភាពសម្រាប់វដ្តកំណើនថ្មីរបស់វិស័យធនាគារនៅកម្ពុជា។
លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា (ABC) មានប្រសាសន៍ថា ទោះបីវិស័យអចលនទ្រព្យកំពុងស្ថិតក្នុងដំណាក់កាលប្រែប្រួល មានសម្ពាធលើគុណភាពទ្រព្យសកម្ម និងហានិភ័យចំពោះសុវត្ថិភាពសាយប័រកាន់តែស្មុគស្មាញក៏ដោយ ក៏វិស័យធនាគារកម្ពុជានៅតែមានភាពធន់ និងរឹងមាំ។ លោកបានកត់សម្គាល់ទៀតថា វដ្តនៃកំណើនថ្មីបន្ទាប់គឺពឹងផ្អែកលើបុរេសកម្មនៃការគ្រប់គ្រងហានិភ័យ ការធ្វើសំវិធានធនប្រកបដោយការប្រុងប្រយ័ត្ន ការផ្ដល់ឥណទានប្រកបដោយការទទួលខុសត្រូវ និងកិច្ចសហការយ៉ាងជិតស្និទ្ធរវាងនិយ័តករ និងដៃគូក្នុងវិស័យនេះ។
តាមរយៈការធ្វើបទបង្ហាញចំនួន ២ កិច្ចពិភាក្សាចំនួន ៧ និងការធ្វើបទបង្ហាញពីដៃគូរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) អ្នកចូលរួមបានពិភាក្សាអំពីការផ្លាស់ប្ដូររបស់វិស័យនេះពីភាពធន់ទៅរកកំណើនប្រកបដោយការទទួលខុសត្រូវ។ ថ្ងៃទីមួយនៃសន្និសីទ បានផ្ដោតលើការកែសម្រួលគុណភាពទ្រព្យសកម្ម ការដោះស្រាយទ្រព្យសកម្មដែលមានបញ្ហា (Distressed assets) សុចរិតភាពផ្នែកហិរញ្ញវត្ថុ ការការពារអ្នកប្រើប្រាស់ និងប្រព័ន្ធទូទាត់ប្រាក់ដែលមានសុវត្ថិភាព។ ថ្ងៃទីពីរ បានផ្ដោតលើហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs) ពាណិជ្ជកម្ម វិស័យកសិកម្ម ប្រតិបត្តិការហិរញ្ញវត្ថុប្រកបដោយចីរភាព ជំនាញ ព្រមទាំងភាពជាអ្នកដឹកនាំដែលចាំបាច់ដើម្បីសម្រេចបាននូវអាទិភាពរបស់វិស័យនេះសម្រាប់ឆ្នាំ ២០២៧។
លោក ហ្សារ៉ាដ ជេន អ្នកគ្រប់គ្រងក្រុមហ៊ុន ម៉ាស្ទ័រកាត ប្រចាំប្រទេសកម្ពុជា វៀតណាម និងឡាវ បានមានប្រសាសន៍ថា៖ «នៅក្នុងបរិបទនៃភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល និងភាពស្មុគស្មាញនៃប្រព័ន្ធឌីជីថល វិស័យធនាគារកំពុងប្រឈមមុខនឹងភារកិច្ចសំខាន់ពីរទន្ទឹមគ្នាគឺ ការជំរុញកំណើនសេដ្ឋកិច្ច និងការរក្សាស្ថិរភាពព្រមទាំងទំនុកចិត្ត។ ក្នុងខណៈដែលប្រទេសកម្ពុជាកំពុងឈានចូលវដ្តនៃកំណើនសេដ្ឋកិច្ចថ្មី ការពង្រឹងសុចរិតភាពហិរញ្ញវត្ថុ ភាពធន់នៃប្រព័ន្ធឌីជីថល និងទំនុកចិត្តរបស់អតិថិជន គឺជារឿងចាំបាច់ដើម្បីធានាថា ប្រជាពលរដ្ឋ និងអាជីវកម្មនានាអាចចូលរួមក្នុងសេដ្ឋកិច្ចឌីជីថលដោយសុវត្ថិភាព។ ក្រុមហ៊ុន ម៉ាស្ទ័រកាត នៅតែបន្តប្ដេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីលើកកម្ពស់ប្រព័ន្ធទូទាត់ប្រាក់ដែលមានសុវត្ថិភាព ទប់ស្កាត់ហានិភ័យនៃការឆបោក និងការវាយប្រហារសាយប័រ ព្រមទាំងចូលរួមជ្រោមជ្រែងវិស័យធនាគារឱ្យកាន់តែមានភាពធន់ ប្រកបដោយនវានុវត្តន៍ និងមានជំហររឹងមាំសម្រាប់កំណើនសេដ្ឋកិច្ចរយៈពេលវែង»។
យុទ្ធសាស្ត្រជាអាទិភាពចំនួន ៣ ដែលទទួលបានពីសន្និសីទ រួមមាន៖
* ភាពធន់នៃវិស័យធនាគារ និងការផ្ដល់ឥណទានប្រកបដោយការទទួលខុសត្រូវ៖ ពង្រឹងការកំណត់ហានិភ័យឱ្យបានទាន់ពេលវេលា ការធ្វើសំវិធានធន និងការរៀបចំរចនាឥណទានឡើងវិញដោយប្រុងប្រយ័ត្ន ការវាយតម្លៃទ្រព្យសកម្មតាមស្ថានភាពជាក់ស្ដែង ការដោះស្រាយឥណទានមិនដំណើរការ (NPL) និងភាពធន់ផ្នែកដើមទុន និងសន្ទនីយភាព។
* សុចរិតភាពហិរញ្ញវត្ថុ ទំនុកចិត្តសាធារណៈ និងហិរញ្ញវត្ថុឌីជីថលដែលមានសុវត្ថិភាព៖ ពង្រឹងការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម (AML/CFT) ការទប់ស្កាត់ការក្លែងបន្លំ ការការពារអ្នកប្រើប្រាស់ អភិបាលកិច្ច សុវត្ថិភាពសាយប័រ ភាពធន់នៃប្រតិបត្តិការ។
* ហិរញ្ញប្បទានផ្នែកផលិតកម្ម និងនិរន្តរភាព៖ ពង្រីកការផ្ដល់ហិរញ្ញវត្ថុដែលសមស្របតាមតម្រូវការជាក់ស្ដែង សម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs) ដែលមានសក្ដានុពល វិស័យពាណិជ្ជកម្ម កសិកម្ម និងការកែច្នៃផលិតផលកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ និងការវិនិយោគបៃតង ដោយប្រើប្រាស់ទិន្នន័យលំហូរសាច់ប្រាក់ ហិរញ្ញប្បទានខ្សែសង្វាក់ផ្គត់ផ្គង់ ការបែងចែកហានិភ័យ និងផលិតផលដែលស្របតាមស្តង់ដារចំណាត់ថ្នាក់៕























